មិន​ចាំ​វាសនា (បទ​កាកគតិ)

១.មិន​ចាំ​វាសនា មិន​ចាំ​ព្រហ្មចារ្យ ថា​ឲ្យ​ក្តី​សុខ
មិន​ចាំ​វាសនា តស៊ូ​រត់​មុខ មិន​ចាំ​ម៉ែ​ពុក
ឲ្យ​សុខ​កូន​ឡើយ។

២.មិន​ចាំ​វាសនា មិន​ចាំ​ប្រជា បញ្ជា​ឲ្យ​ឆ្លើយ
ខំ​ធ្វើ​ការ​ល្អ ត្រៀម​ឲ្យ​បាន​ហើយ ដោះ​ទុក្ខ​ឲ្យ​ស្បើយ
មុន​ព្រះ​ចូល​ជួយ។

៣.មិន​ចាំ​វាសនា ទោះ​មិន​សង្ហា ក៏​មិន​គួរ​ព្រួយ
ទោះ​ក្រ​យ៉ាង​ណា ខ្លួន​ពីរ​ខ្លួន​មួយ គួរ​គិត​ខំ​ស្ទួយ
ជ្រោម​ឲ្យ​ផុត​ទុក្ខ។

៤.មិន​ចាំ​វាសនា ទោះ​ល្ងង់​យ៉ាង​ណា គួរ​ត្រាច់​ច្រើន​ស្រុក
គួរ​ខំ​រៀន​សូត្រ ចេះ​ឲ្យ​ច្រើន​មុខ ដណ្ដើម​យក​សុខ
សម្រាប់​មនុស្ស​ជាតិ។

៥.មិន​ចាំ​វាសនា កុំ​ចាំ​គ្រូ​ថា គួរ​ស្ទួយ​មារយាទ
ខំ​ប្រឹង​ឲ្យ​ណាស់ ម្តង​ហើយ​ម្តង​ទៀត ឆ្លាត​ហើយ​ថែម​ឆ្លៀត
ធ្វើ​ទៀត​មិន​ខ្ជិល។

៦.មិន​ចាំ​វាសនា មិន​ចាំ​រាជការ ពេចពិល​រមិល
ប្រឹង​ដុះ​មិន​ណាយ ដូច​ដើម​អំពិល ប្រាជ្ញ​ដុះ​រំកិល
រីក​សាយ​ពេញ​ស្រុក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។