១.ចាកចេញពីស្រុកទៅរោងចក្រ ធ្វើការយកប្រាក់ចង់ផ្លាស់ប្រែ
សន្សំលុយកាក់សល់ខ្លះដែរ ផ្ញើទៅស្រុកស្រែជូនម៉ែពុក។
២.ដំបូងពួកគេខំធ្វើការ ក្នុងចិត្តប្រាថ្នារំដោះទុក្ខ
ស្រីពៅចង់រស់ឱ្យមានមុខ ឃើញគេទ្រលុកល្អម្ល៉េះទេ។
៣.មកក្រុងយូរឆ្នាំបែកប្រាជ្ញា ឃើញគេហ៊ឺហាហើយយេៗ
តើថ្ងៃណាទៅបានដូចគេ ចិត្តពៅមាសមេរេតាមខ្យល់។
៤.ការងាររោងចក្រលែងសូវធ្វើ មមីមមើជ្រួលច្របល់
ដេកមិនសូវលក់ទ្រូងខ្វាយខ្វល់ រសាប់រសល់ខ្វល់ក្នុងចិត្ត។
៥.លុយមានតិចតួចប្រឹងធ្វើខ្លួន លាបឡេក្រមួនខុសក្រមក្រឹត្យ
ចង់មានសង្សារគ្រាន់ផ្ដេកផ្ដិត ប៉ងជួបស្នេហ៍ស្និទ្ធមានដុល្លារ។
៦.មិនយូរប៉ុន្មានបានដូចចិត្ត ឃើញនាងកៀកកិតនឹងតាតា
ដឹកដៃចុះឡើងចូលក្នុងបា សិចស៊ីអស្ចារ្យហួសបើស្ដី។
៧.មើលចុះស្រីពៅខុសពីមុន យកប្រាណធ្វើទុនគ្មានខ្វល់អ្វី
ប្រើទូរស័ព្ទម៉ាកចេញថ្មី លេងពាក្យសម្ដីដូចអ្នកផ្សារ។
៨.ស្រីពៅហាស្ដីមិនបណ្ដាក់ លាហើយរោងចក្រឈប់ត្រូវការ
ធ្វើខ្លួនឱ្យស្អាតរាប់ដុល្លារ ដឹងតែហ៊ឺហាទាន់សម័យ។
៩.សប្បាយខ្លាំងពេកស្រីភ្លេចគិត រោគអេដស៍រួមរឹតហៀបនឹងក្ស័យ
ទម្រាំដឹងខ្លួនគឺដល់ថ្ងៃ រោគអេដស៍ប្រល័យក្ស័យជីវិត។
១០.កូនចៅស្រីៗត្រូវសិក្សា កុំឱ្យតណ្ហាមករួមរឹត
ទោះបីខ្លួនក្រៗមែនពិត ចេះប្រើគំនិតកុំលក់ប្រាណ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
