គុណ​ព្រះ​ម៉ែ

ដោយ គង់ ឡាយ, នូវែលហ្សេឡង់ (Auckland, New Zealand)

(បទ​ព្រហ្មគីតិ)

១. កូន​អើយ​ចូរ​ចង​ចាំ បា​បាន​ផ្តាំ​ចារ​ទុក​ឱ្យ
ម៉ែ​ឪ​ចាស់​ណាស់​ហើយ គ្មាន​អ្វី​ឡើយ​ទុក​ជា​កេរ។

២· មាន​តែ​ពាក្យ​សម្ដី គុណ​ម៉ែ​ថ្លៃ​ណាស់​មាស​មេ
ពាក្យ​ចាស់​ពី​បុព្វេ គ្មាន​អ្វី​ស្មើ​គុណ​ម៉ែ​ថ្លៃ។

៣. កាល​កូន​ចាប់​កំណើត បាន​មក​កើត​ឋិត​ក្នុង​ផ្ទៃ
ប្រាំបួន​ខែ​ដប់​ថ្ងៃ កូន​ចាក​ផ្ទៃ​ម៉ែ​ខ្លោច​ផ្សា។

៤. ឆ្លង​ផុត​មហា​សមុទ្រ ស្ទើរ​រលត់​សូន្យ​សង្ខារ
ទម្រាំ​ឃើញ​ជីវា លើក​ហត្ថា​ម៉ែ​រសាយ។

៥. កាល​កូន​នៅ​ពី​តូច ម៉ែ​ពរ​ងូត​សំអាត​កាយ
អាចម៍​នោម​មិន​ជិន​ណាយ ម៉ែ​ដុស​លាង​តែ​នឹង​ដៃ។

៦. កូន​ឈឺ​ម៉ែ​ភ័យ​ខ្លាច ម៉ែ​ឱហាត​ទាំង​យប់​ថ្ងៃ
ថែ​ទាំ​គ្មាន​សំចៃ នោះ​គឺ​ន័យ​ព្រោះ​តែ​បុត្រ។

៧. និស្ស័យ​ម្ដាយ​និង​កូន សាង​ជា​ក្បូន​លើ​សមុទ្រ
ឆ្លង​កាត់​គ្រា​កម្សត់ ម៉ែ​តស៊ូ​ទ្រាំ​បាន​នៅ។

៨. ថែ​កូន​ឱ្យ​ដឹង​ក្ដី កូន​ប្រុស​ស្រី​ចង​ចាំ​នូវ
បណ្ដាំ​ពាក្យ​ម៉ែ​ឪ ចង​ចាំ​ទៅ​ណា​កូន​ណា។

៩. សង​គុណ​បាន​មិន​បាន មិន​ប៉ុន្មាន​ទេ​ពៅ​ណា
ធ្វើ​ឱ្យ​ចិត្ត​មេបា សប្បាយ​ទៅ​នោះ​បាន​ហើយ។

១០. គុណ​ម៉ែ​ធ្ងន់​ពេក​ពន់ គ្មាន​អ្វី​ធ្ងន់​ប្រៀប​បាន​ឡើយ
ដូច​នេះ​កុំ​កន្តើយ សង​គុណ​ទៅ​ទាន់​ព្រះ​រស់។

១១. ចាំ​ដល់​គាត់​ចាក​ឋាន បុណ្យ​ប៉ុន្មាន​មិន​ឃើញ​ដល់
ដៃ​គាត់​ឬ​មិន​ដល់ នៅ​ស្ថាន​ណា​យើង​មិន​ដឹង។

១២. បើ​កូន​កតញ្ញូ នោះ​មិន​យូរ​កូន​នឹង​ដឹង
ចៅៗ​វា​នឹង​ប្រឹង សង​កូន​វិញ​ជា​មិន​ខាន។

១៣. ព្រះ​ពុទ្ធ​ទ្រង់​សម្ដែង កូន​ស្វះស្វែង​មុខ​ជា​បាន
យល់​ដល់​ក្ដី​សន្តាន នៃ​ចិត្ត​ម្ដាយ​ដ៏​បរិសុទ្ធ។

១៤. ទឹក​ភ្នែក​ម៉ែ​ឪ​ហូរ ប្រៀប​ជន់ជោរ​នៃ​សមុទ្រ
កូន​ហែល​មិន​ប្រាកដ ចាក​ផុត​ទុក្ខ​នៃ​ជីវិត។

១៥. ចិញ្ចឹម​កូន​មិន​រាប់​ថ្ងៃ គ្មាន​កម្រៃ​ក៏​មិន​គិត
នឿយ​ហត់​ទុក​ក្នុង​ចិត្ត មិន​ដែល​ថ្ងូរ​ឱ្យ​កូន​ដឹង។

១៦. ដល់​កូន​ធំ​ដឹង​ក្ដី ចង់​បាន​អ្វី​ម៉ែ​ខំ​ប្រឹង
ផ្ដល់​ឱ្យ​មិន​ទាំង​ខឹង គាប់​ចិត្ត​កូន​មាន​នឹង​គេ។

១៧. ដល់​កូន​មាន​គ្រួសារ ពុំ​ប្រាថ្នា​អ្វី​នោះ​ទេ
ចង់​ឱ្យ​កូន​ទាំង​ទ្វេ បាន​សុខសាន្ត​នោះ​បាន​ហើយ។

១៨. បើ​កូន​ចង់​សាង​បុណ្យ ម៉ែ​ឪ​មុន​គេ​នេះ​ហើយ
ចូរ​កូន​កុំ​ភ្លេច​ឡើយ មុន​ទៅ​ធ្វើ​បុណ្យ​ឯ​វត្ត៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។