ចៅ​ចិត្ត​វិបល្លាស

ដោយ យុន សុគុណ្ណា

១.មក​រៀន​ទីក្រុង លង់​ខ្លួន​ឲ្យ​ផុង ភ្លើង​ពណ៌​ឆើតឆាយ
ឈ្លក់​ទឹកម៉ាស៊ីន ព្រោះតែ​សប្បាយ ចាយវាយ​ខ្ជះខ្ជាយ
មិន​ខំ​សិក្សា។

២.យាយ​បាន​ផ្ដែផ្ដាំ ចៅ​អើយ​ចូរ​ចាំ កុំ​ភ្លេច​ឡើយ​ណា
ត្រូវ​ខិតខំ​រៀន កុំ​ដើរ​ហ៊ឺហា ត្រូវ​រក​ប្រាជ្ញា
ជា​ទ្រព្យ​ប្រពៃ។

៣.យាយ​គ្មាន​អ្វី​ចែក ឲ្យ​ច្រើន​អនេក ទៅ​ដល់​ចៅ​ថ្លៃ
មាន​តែ​វិជ្ជា ល្អ​ពន់ពេក​ក្រៃ ដូច្នេះ​ចៅ​យាយ
ត្រូវ​ចាំ​ឲ្យ​ជាក់។

៤.បែកគ្នា​ពីរ​ឆ្នាំ ចៅ​មិន​បាន​ចាំ បណ្ដាំ​ប្រត្យក្ស
ដែល​យាយ​បាន​ផ្កាំ ចំពោះ​រូប​អ្នក យាយ​ស្ទើរតែ​ធ្លាក់
ថ្លើម​ចេញ​ពី​កាយ។

៥.មិន​គួរ​ចៅប្រុស ប្រព្រឹត្ត​កំហុស ខុស​ឆ្គង​វែងឆ្ងាយ
នៅ​ក្នុង​ជាតិ​នេះ យាយ​សែន​នឹក​ស្ដាយ មិន​គួរ​ជួប​កាយ
ចៅ​ចិត្ត​វិបល្លាស។

៦.ចៅ​បាន​ធ្វើ​ខុស ប្រព្រឹត្ត​កំហុស ខុស​ចំពោះ​ភក្ត្រ
ព្រោះ​តែ​ថ្នាំ​ញៀន ធ្វើឲ្យ​ចៅ​ធ្លាក់ ទៅ​ក្នុង​អន្ទាក់
អន្លង់​លោកិយ។

៧.មាន​គេ​ប្រាប់​ថា ចៅ​គេច​សាលា ជា​រៀងរាល់​ថ្ងៃ
ម្ដេច​ធ្វើ​យ៉ាង​នេះ ដូច្នេះ​ចៅ​យាយ ចៅ​គ្មាន​ប្រណី
ដល់​យាយ​ទេ​ឬ?

៨.ចៅ​អើយ​យាយ​យំ រងទុក្ខ​ក្រៀមក្រំ ថ្នាក់​មាន​ជំងឺ
ព្រោះ​ចៅ​សម្លាញ់ ធ្វើ​ឲ្យ​យាយ​ឈឺ យាយ​មិន​ចង់​លឺ
ពាក្យ​បែបនេះ​ឡើយ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។