១. ចង់បានឫស្សី ត្រូវថែទំពាំង ចង់បានស្រូវប្រាំង ត្រូវថែទាំទឹក
ចង់បានផលគោ ឲ្យស្មៅល្ងាចព្រឹក ចង់បានទទឹក យកទឹកស្រោចខ្លួន។
២. ចង់បានចំណេញ រកស៊ីឲ្យមួន ចំណេះពេញខ្លួន ប្រើក្នុងផ្លូវល្អ
ជួញចេញឲ្យញឹក ទឹកចិត្តបវរ ញញឹមសាទរ នឹងភ្ញៀវពន្លឺ។
៣. ចង់ច្រៀងពីរោះ រៀនស្រែកឲ្យឮ ស្រែកពេលទៀបភ្លឺ នៅក្នុងបន្ទប់
ស្រាវជ្រាវបន្ថែម រាល់ពេលថ្ងៃយប់ ហត់នឿយត្រូវឈប់ ស្រង់យកកម្លាំង។
៤. កុំក្រចូលគេង កុំហូបហឹរខ្លាំង ស្រែកថ្នមកម្លាំង ស្របតាមធម្មជាតិ
សិក្សាសំឡេង មនុស្សសត្វឯទៀត កុំបង់មារយាទ ផឹកស៊ីប៉ោឡែ។
៥. ចង់បានសរសើរ ចង់ឲ្យគេស្នេហ៍ ត្រូវស្គាល់គុណម៉ែ ឪពុកនិងគ្រូ
ត្រងត្រាប់ស្ដាប់លោក ធ្ងន់កុំរអ៊ូ ត្រូវចេះអាសូរ អ្នកក្រ អ្នកខ្លៅ។
៦. ចង់ចរឆាប់បាន ទៅដល់គោលដៅ ត្រូវស្ទួយញាតិផៅ ត្រូវផ្គុំគំនិត
កំណត់ឲ្យស្រេច គ្រោងការឲ្យល្អិត ឧស្សាហ៍ប្រៀនប្រិត ធ្វើសកម្មភាព។
៧. ចង់បានហូបឆ្ងាញ់ ស្រលាញ់រៀងរាប បង្កើនគុណភាព គំនិតប្រាជ្ញា
ចេះផ្សែចេះផ្សំ គ្រឿងភោជនាហារ រៀនពីញាតិកា ឧស្សាហ៍ពិសោធន៍។
៨. ចង់រៀនឆាប់ចេះ ឃ្លាតឆ្ងាយពីឆោត រៀនឆ្ងល់រៀនកោត អ្នកប្រាជ្ញទាំងឡាយ
រៀនសួររៀនអាន រៀនត្រួសរៀនត្រាយ រៀនស្ដាប់រៀនកាយ រៀនកត់ត្រាទុក។
១០. ចង់សន្តិភាព ពីនេះទៅមុខ ត្រូវស្មោះក្ដីសុខ វៀរអគតិ
ប្រើព្រហ្មវិហារ ពឹងពាក់សតិ ប្រាជ្ញា សុ ចិ បុ លិ ធម៌ប្រាជ្ញ។
១១. ចង់ឲ្យកូនល្អ បារមីអង់អាច ក្លាហានមិនខ្លាច ឧបសគ្គនានា
ត្រូវជ្រួយដាក់ជី ស្រោចទឹកផងណា ជូនទៅសាលា ឲ្យរៀនបានខ្ពស់។
១១. ចង់ឲ្យពណ្ណរាយ ជាតិបានល្បីឈ្មោះ ត្រូវខំទាំងអស់ កុំបែកសាមគ្គី
ត្រូវស្ទួយវប្បធម៌ ឲ្យសមសោភី ជាតិខ្ពស់គ្មានពីរ ព្រោះពលរដ្ឋស្ទួយ។
១២. កុមារទាំងឡាយ ជាពន្លកត្រួយ ចាស់ត្រូវចេះស្ទួយ រដ្ឋត្រូវឧបត្ថម្ភ
ពូនជ្រំថែទាំ ឲ្យបានសក្ដិសម អភិវឌ្ឍបានចំ ជាតិនឹងចម្រើន៕