១. ផឹកយកចិត្តមេ ផឹកប្រពន្ធជេរ ផឹកមេចូលចិត្ត
ផឹកស្រាថោកថ្លៃ ស្រាមិនអាណិត ផឹកស្រាមិនស្និទ្ធ
គុណធម៌សីលធម៌។
២. ផឹកយកចិត្តមេ ផឹកជាមួយគេ ស្រាថ្នាំស្រាស
ស្រាខ្មែរបរទេស ផឹកច្រើននាំក្រ ងប់ផឹកមិនល្អ
កំដរទុរ្ភិក្ស។
៣. ផឹកយកចិត្តមេ ផឹកខុសចិត្តម៉ែ ទោះយប់ល្ងាចព្រឹក
ផឹកច្រើនជំពាក់ ម្ចាស់ការរឭក ផឹកច្រើនប្រមឹក
គង់ភ្លេចគ្រួសារ។
៤. ផឹកយកចិត្តមេ ទោះក្រុងឬស្រែ រដ្ឋឬអង្គការ
ក្រុមហ៊ុនគូកន គង់លែងសង្ហា គង់បាត់ប្រាជ្ញា
ចាញ់ស្រាព្រោះផឹក។
៥. ផឹកយកចិត្តមេ កូនអើយគួររេ គួរឈប់ប្រមឹក
ធ្វើបែបសាមញ្ញ ពុកម៉ែពុករំឭក ឃើញស្រាកុំផឹក
ក្រឈប់រុករាន។
៦. ផឹកយកចិត្តមេ គឺមិនល្អទេ តាំងពីបូរាណ
ផឹកស្រានាំឈ្លោះ ញាតិមិត្តលែងមាន មេគង់បំពាន
ព្រោះស្រាបញ្ជា។
៧. ផឹកយកចិត្តមេ កូនសម្លាញ់ម៉ែ ផឹកឈឺលែងជា
សុខភាពបាត់បង់ លិចលង់វេទនា ជួបកម្មវេរា
បង់ប្រាក់អាត្មា។
៨. ដូច្នេះកូនអើយ ល្មមដល់ពេលហើយ គួរតែស្មារលា
គួរកុំផឹកស្រា លះទៅកុំរា គួររាប់អានគ្នា
ក្រៅវង់ប្រមឹក៕
