រដ្ឋ​អើយ​គិត​ផង (បទ​ពាក្យ​ប្រាំពីរ)

១. ពេល​ភ្លៀង​ទឹក​ជន​ឡើង​ហៀរហូរ ប្រជា​ស្រែក​ថ្ងូរ​ព្រោះ​លូ​ស្ទះ ទៅ​ណា​មក​ណា​ពិបាក​ណាស់ ទោះ​ចង់​រូតរះ​ក៏​មិន​បាន។

១. ពេល​ភ្លៀង​ទឹក​ជន​ឡើង​ហៀរហូរ ប្រជា​ស្រែក​ថ្ងូរ​ព្រោះ​លូ​ស្ទះ
ទៅ​ណា​មក​ណា​ពិបាក​ណាស់ ទោះ​ចង់​រូតរះ​ក៏​មិន​បាន។

២. ភ្លៀង​តិចតួច​ផង​លិច​ប៉ុណ្ណឹង ម្នាក់ៗ​ខំ​ប្រឹង​ស្ទើរ​ក្ស័យ​ប្រាណ
បណ្ដើរ​ម៉ូតូ​ស៊ីក្លូ​ឡាន នឹក​ទៅ​ហួស​ស្មាន​នឹង​ពណ៌នា។

៣. រាល់​ឆ្នាំ​លូ​ស្ទះ​ពេល​ខែ​ភ្លៀង កង្កែប​ហ៊ីង​ច្រៀង​តាម​គង្គា
សប្បាយ​ខ្ញៀវខ្ញារ​មហិមា ពពាក់​ពូន​គ្នា​ហែល​ច្រវាត់។

៤. ចំណែក​ខេមរា​ទាំង​ប្រុស​ស្រី ត្អូញត្អែរ​រាល់​ថ្ងៃ​គ្មាន​ដែល​ស្ងាត់
ពួក​គេ​ចង់​ឲ្យ​រដ្ឋ​កម្ចាត់ លុប​ចោល​បំបាត់​ការ​ស្ទះ​លូ។

៥. វេទនា​ខ្លាំង​ណាស់​ភ្លៀង​ម្តងៗ ប្រុស​ស្រី​ប្អូន​បង​តែង​រអ៊ូ
គិត​ទៅ​រដ្ឋ​ហាក់​មិន​គិតគូរ កសាង​ស្ដារ​លូ​ជូន​ប្រជា។

៦. ស្ទើរ​ឲ្យ​គ្នា​ហែល​ទឹក​កខ្វក់ កករ​ស​ល្អក់​សុទ្ធ​រោគា
សូម​រដ្ឋ​ជួយ​គិត​ទាន់​វេលា អាសូរ​គ្នីគ្នា​រាស្ត្រ​តូចតាច។

៧. សង្ឃឹម​អ្នក​ជួយ​ដោយ​រួសរាន់ មិន​មែន​បំភ័ន្ត​ដោយ​អំណាច
ឃោសនា​ជួយ​ស្ដារ​ឲ្យ​រាស្ត្រ​ខ្លាច ជួយ​ដោយ​អង់​អាច​ជូន​រាស្ត្រ​យើង។

៨. រដ្ឋ​អើយ​សូម​អ្នក​គិតគូរ​ផង ក្រែង​រាស្ត្រ​សៅហ្មង​នាំ​កើត​ភ្លើង
កុំ​អាង​ខ្លួន​ឯង​បាន​ឡើង​ទ្រើង រី​ឯ​រាស្ត្រ​យើង​រស់​សោកា។

៩. រដ្ឋ​អើយ​សូម​អ្នក​គិត​មើល​ចុះ បើ​មាន​កំហុស​ស្រាយ​បញ្ហា
ខ្លួន​ខ្ញុំ​មិន​មែន​ចេះ​តែ​ថា ព្រោះ​អី​បញ្ហា​កើត​មាន​ពិត។

១០. ខ្ញុំ​សូម​រៀបរាប់​ប៉ុណ្ណឹង​ចុះ បើ​មាន​ត្រូវ​ខុស​សូម​ពិនិត្យ
ខ្ញុំ​មិន​មែន​ថា​ស្រេច​ក្បាល​ចិត្ត វា​កើត​ជាក់​ពិត​ក្នុង​សង្គម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។