លើ​លោក​នេះ​បើ​មាន​តែ​ការ​បំផ្លើស​អ្នក​នឹង​ខាត

១. បើក​ភ្នែក​កាល​ណា មាត់​ស្រែក​ឡូឡា ថា​តាម​តែ​ចិត្ត
ពោល​ពាក្យ​បំពាន ស្ដី​គ្មាន​ក្រមក្រឹត្យ ហើម​ស្រែក​ថា​ស្វិត
ខ្វិត​ថា​ក្រសាំង។

២. រាល់​ថ្ងៃ​រក​នឹក រាល់​ពេល​ល្ងាច​ព្រឹក ទុក​គ្រាន់​តតាំង
ប្រឹង​ស្រែក​ចំកោង បំប៉ោង​កម្លាំង បង្អាប់​គេ​ខ្លាំង
សម្រាំង​ខ្លួន​ឯង។

៣. ខ្លួន​សុទ្ធ​តែ​ល្អ គេ​ខុស​ដល់​ក ខ្មៅ​វ៉ល់​ដូច​ផ្សែង
ខ្លួន​ត្រូវ​ជា​និច្ច ពាក្យ​ពេចន៍​ថ្លាថ្លែង ពូកែ​សម្ដែង
មុខ​មាត់​ប្រិមប្រិយ។

៤. គេ​សុទ្ធ​តែ​ខុស បង្អាប់​បន្តុះ មេឃ​ទៅ​ជា​ដី
ទោះ​ធ្វើ​យ៉ាង​ណា គ្មាន​បាន​ការ​អ្វី ឃើញ​បួន​ថា​បី
ហា​ស្ដី​លែង​ខ្មាស។

៥. ឯង​សុទ្ធ​តែ​ត្រូវ គ្មាន​រឿង​អាស្រូវ ទាំង​ថ្មី​ទាំង​ចាស់
ហា​ឡើង​ពេល​ណា គឺ​ថា​ល្អ​ណាស់ ពេញ​មិន​ដែល​ខ្វះ
ច្បាស់​មិន​មែន​ព្រួល[1]។

៦. អាក្រក់​ពេក​កូវ ទោះ​ឃើញ​គេ​ត្រូវ មិន​ព្រម​ទទួល
បញ្ចេញ​សូរស័ព្ទ បង្អាប់​កាច់​មួល ឱ្យ​គេ​ក្ដៅ​ឆួល
រមួល​ដើមក។

៧. បង​ប្អូន​ជួយ​មើល៍ ពេល​ហូប​ផ្លែ​ឈើ ចេះ​រើស​ផ្លែ​ល្អ
តែ​បង្អាប់​គេ គ្មាន​ទេ​ពណ៌​ស ទោះ​មួយ​រយ​ខ
កករ​ជានិច្ច។

៨. រឿង​ពាក្យ​រិះគន់ គឺ​ជា​សីល​មន្ត ថ្លៃ​ដូច​គ្រាប់​ពេជ្រ
សិក្សា​ហេតុផល បើ​ខ្វល់​កុំ​គេច ដេញ​ដោល​រំលេច
ពាក្យ​ពេចន៍​ថ្លៃថ្នូរ។

៩. ឃើញ​ខុស​ថា​ខុស មិន​ត្រូវ​បណ្ដុះ ល្បិចកល​ដោះ​ដូរ
បើ​ដើរ​ចំ​ផ្លូវ មិន​ត្រូវ​ស្រែក​ប្រូ បំប៉ោង​សព្ទ​សូរ
កូរកកាយ។

១០. ត្រូវ​ប្រើ​គំនិត រៀន​និយាយ​ពិត ត្រូវ​គិត​ឱ្យ​ឆ្ងាយ
រៀន​ស្ដាប់​រៀន​ស្ដី ប្រុស​ស្រី​ទាំង​ឡាយ ស្គាល់​នាយ​ស្គាល់​អាយ
ដឹង​អ័ព្ទ​ដឹង​ផ្សែង។

១១. បើ​ពុំ​ដូច្នោះ រឿង​រ៉ាវ​ត្រូវ​ខុស មុខ​តែ​សម្ដែង
អ្នក​ស្ដាប់​គេ​យល់ អំពល់​ខ្លួន​ឯង គេ​ចេះ​ថ្លឹងថ្លែង
ខ្លួន​ឯង​អស់​ន័យ៕

[1]​ច្បាស់​លាស់ ត្រូវ​ជានិច្ច