១. លោកថាអ្នកមានរក្សាខ្សត់ ចងជាបែបបទទុកទូន្មាន
ឱ្យចេះជួយមនុស្សដែលស្រេកឃ្លាន ធ្វើបុណ្យដាក់ទានសង្គ្រោះគ្នា។
២. លោកថាអ្នកប្រាជ្ញរក្សាខ្លៅ ជួយលុបរណ្ដៅដែលពាលា
ជួយដល់អ្នកឈឺឱ្យឆាប់ជា ជួយអ្នកកំព្រាឱ្យជួបជុំ។
៣. ពីដើមភាគច្រើនជួយដោយស្មោះ ឱ្យមិនស្រណោះផ្លែខ្ចីទុំ
អង្ករឈើព្រៃពន្លៃនំ ស្ករត្នោតទឹកឃ្មុំចែកតគ្នា។
៤. មើលចុះឥឡូវខុសពីមុន បើក្រកើតគ្រុនឈឺមិនជា
មាត់ស្រែកថាជួយចិត្តទាមទារ ឱ្យនេះទៅវាយកនោះវិញ។
៥. ឥឡូវអ្នកមានគេប្ដូរបទ យកអ្នកក្រខ្សត់មកបំពេញ
អ្នកស្រុកភ្នែកសមាត់ទន្ទិញ កើតទុក្ខទោម្នេញពេញអង្គប្រាណ។
៦. មកដល់ពេលនេះខ្ញុំសែនព្រួយ មនុស្សខ្លះធ្វើជួយធ្វើចិត្តបាន
មាត់ជួយតែចិត្តរុករំខាន ខ្លះបង្វែងដានស្មានមិនដល់។
៧. រីឯប្រាជ្ញខ្លះសម័យថ្មី ប្រើពាក្យសម្ដីព្យុះភ្លៀងខ្យល់
ធ្វើឱ្យអ្នកល្ងង់ជ្រួលច្របល់ ព្រោះចង់បានផលចេះតែព្រោក។
៨. មើលចុះពីមុនចែកគ្នារស់ ទោះបីមានគ្រោះគេយល់យោគ
រកបានចែកគ្នាបរិភោគ រួមរស់លើលោកបានសុខសាន្ត។
៩. ឥឡូវពួកគេដណ្ដើមរស់ ឃើញនៅមាត់ជ្រោះគឺមិនបាន
ត្រូវធាក់ទម្លាក់ឱ្យក្ស័យប្រាណ ទុកនាំរំខានខ្លាចខាតលាភ។
១០. អស់លោកអ្នកក្រត្រូវប្រឹងប្រែង កុំដេកចំខែងថ្ងូរដូចព្រាប
ត្រូវតែស្ទុះស្ទាចេញពីឃ្នាប គ្មានទេថោកទាបរឿងការងារ។
១១. ឱ្យតែខំរកច្បាស់ជារស់ រឿងគិតថាគ្រោះទៅជាជា
បើសិនជាក្រចេះស្ទុះស្ទា រឿងដែលវេទនាលែងកើតមាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
