ម្ដេច​ឆាប់​ភ្លេច

និពន្ធ​ដោយ ផេង សូភ័ណ

១. មក​ដល់​ស្រុក​លិច​ភ្លេច​ស្រុក​កើត ភ្លេច​ភូមិ​កំណើត​ឆើត​ឧត្ដម
ភ្លេច​វាល​ស្រែ​ស្រូវ​ពណ៌​លឿង​ទុំ ភ្លេច​យាយ​តា​អុំ​វត្ត​លោក​សង្ឃ។

២. ភ្លេច​ជ្រក​ក្នុង​ខ្ទម​ភ្លៀង​ស្រិចៗ ភ្លេច​ទាំង​កើត​លិច​រួម​ជើង​ត្បូង
ភ្លេច​បាយ​កញ្ចប់​វេច​ទៅ​ស្ទូង ភ្លេច​ស្រះ​អណ្ដូង​ធ្លាប់​ដង​ងូត។

៣. ភ្លេច​រដូវ​ភ្ជួរ​នៅ​ដើម​ខែ ចំប៉្លង​ស្រងែ​នឹង​លំចង់
ដុះ​តាម​ភ្លឺ​ស្រែ​ទឹក​ថ្លា​យង់ ក្រឹម​ក្រាញ់​ក្ដាម​ពង​នឹក​មិន​ឃើញ។

៤. ភ្លេច​កាល​រើស​ខ្យង​ក្រោយ​រនាស់ ភ្លេច​អស់​ភ្ជួរ​រាស់​ព្រោះ​សំណាប
ដក​ស្ទូង​បោក​បែន​ខ្ទម​ចាំ​ចាប ភ្លេច​ផ្ទះ​រនាប​ក្បែរ​មាត់​ទឹក។

៥. ភ្លេច​ចង្កៀង​ខ្លាញ់​ដាក់​ក្នុង​ចាន ភ្លេច​ពោង​ជើង​ក្រាន​ដោត​មែក​រាំង
ភ្លេច​ប្រហុក​កប់​ម្ជូរ​ក្រសាំង ភ្លេច​ថា​ទំពាំង​ស្នង​ឫស្សី។

៦. ចេះ ABC ភ្លេច​ក​កា ភ្លេច​ទាំង​ពាក្យ​ថា​អភ័យ​ទោស
ជាប់​មាត់ SORRY ទាំង​ស្រី​ប្រុស គិត​ថា​ពីរោះ​ជាង​ពាក្យ​ខ្លួន។

៧. ភ្លេច​អស់​សំពះ​ជម្រាប​សួរ លើក​ដៃ hello ជំនួស​វិញ
ភ្លេច​បាទ​ភ្លេច​ចាស yes yes ពេញ ស្ទាត់​ដូច​ទន្ទេញ​ទាំង​ចាស់​ក្មេង។

៨. ភ្លេច​ពាក្យ​អរគុណ​នោះ​ទទេ ចាំ​តែ​អង់គ្លេស say thank you
ភ្លេច​ជម្រាប​លា​មីង​អុំ​ពូ ចាំ​តែ see you ច្បាស់​ជាង​គេ។

៩. ហឺ! គិត​ទៅ​ភ្លេច​អស់​ហើយ​ពាក្យ​ឯង ពិត​ខ្លាច​ហើយ​ក្រែង​រលាយ​បង់
បាត់​អស់​ព្យញ្ជនៈ​អក្សរ​ផ្ចង់ ស្រះ​ពេញ​តួ​គង់​រលាយ​សូន្យ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។