១. រថយន្តតាក់ស៊ី តៃកុងវក់វី ដណ្ដើមម៉ូយគ្នា
ព្រោះតែរឿងប្រាក់ ញើសស្រាក់គឃារ មានអូសមានគ្រា
យកម៉ូយដាក់ឡាន។
២. ប្រឹងប្រែងប្រមូល ព្រោះតែចំណូល ចង់មានចង់បាន
ពេលខ្លះប្រកែក ខ្លះស្រែករុញច្រាន ខ្លះទៀតខកខាន
មកឡានទទេ។
៣. អ្នកគ្រប់បង់បេន គ្មានខ្វះមួយសេន ចូលដល់វេនគេ
ដណ្តើមបន្ត ភ្នែកសស្រែកជេរ រត់មិនទំនេរ
រិះរេតត្រុន។
៤. ប្រាក់បេនមិនទៀង ស្រេចតែគេច្រៀង ថ្លៃខ្លាំងពេលបុណ្យ
គ្មានអ្វីទៀងទាត់ គឺមាត់កែកុន តៃកុងដាបដុន
កុនស្រឡាំងកាំង។
៥. ថ្ងៃនេះស្ទើរតេន ព្រោះត្រូវបង់បេន ចំណាយលើសាំង
បង់ឲ្យប៉ូលិស គេជិះប្រណាំង ឯងកុំចង់ខ្លាំង
ដាក់ម៉ាំងឥឡូវ។
៦. កុងត្រូលដាក់ឆ្កាង ថែមថ្លៃសាឡាង យ៉ាប់ខ្លាំងពេកកូវ
ចំណាយច្រើនណាស់ មុខក្រាស់ក្រញូវ ដូច្នេះយើងត្រូវ
ថែមម៉ូយស្រង់ដើម។
៧. ដាក់លើដំបូល ក្រែងបានចំណូល ដាក់ស្ទើរលិចថ្លើម
ដំបូលពេញពោរ ស្រែកហោសម្បើម ភ្លៀងទទឹកសើម
ហើមពោះឆ្លេឆ្លា។
៨. ពេលខ្លះគ្រោះថ្នាក់ បែកក្បាលជើងបាក់ ធ្លាក់ខ្លួនពិការ
បាត់បង់ជីវិត ញាតិមិត្តសាច់សា អ្នករស់ខ្លោចផ្សា
អស់ចំការស្រែ។
៩. គេរត់ឡានចាស់ ពិតជាកម្មក្រាស់ គឺខូចគ្មានល្ហែ
គ្មានលុយជួសជុល ពុកជ្រុលអស់កែ ពួកគេនៅតែ
យកវាមកប្រើ។
១០. បេនកិនតៃកុង ពួកគេប្រៀបប្រុង លៃឲ្យគ្រាន់បើ
ពួកគេកែខៃ ឡើងថ្លៃទេតើ អ្នកធ្វើដំណើរ
មុខស្មើចង់យំ។
១១. ដោះស្រាយទប់ល្បិច ជម្រះលកកិច្ច ស្រោចមន្តប្រស់ព្រហ្ម
ត្រូវតែប្រញាប់ ប្រើច្បាប់សង្គម យកច្បាប់ជាធំ
រដ្ឋរាស្ត្ររុងរឿង។
១២. អស់លោកមន្ត្រី កេរ្តិ៍ឈ្មោះល្បាញល្បី ពូកែហើយសឿង
ត្រូវតែចាត់ការ បញ្ហាជាប់កឿង បូកផ្សំថែមគ្រឿង
ដោះរឿងជូនរាស្ត្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
