សម្រែក​ព្រឹក្សា

ដោយ គុជ ប៊ុនរ៉ី

១. មនុស្ស​និង​ធម្មជាតិ គឺ​មិន​អាច​ឃ្លាត ដាច់​ចេញ​ពី​គ្នា
ធម្មជាតិ​នៅ​ស្រស់ ជា​ក្លោះ​រាំងរា ពាំង​ព្យុះ​ព្យោមា
ការពារ​មនុស្ស​លោក។

២. ធម្មជាតិ​ព្រឹក្សា មាន​ផ្លែ​មាន​ផ្កា ក្នុង​ទឹក​លើ​គោក
ក្នុង​ដើម​មាន​ជ័រ មាន​វល្លិ​យោលយោក ដើម​ខ្លះ​ត្រូវ​រោគ
ជ័យជោគ​ពេកពន់។

៣. ផ្លែ​សម្រាប់​ឆី ឫស​ចាក់​ក្នុង​ដី ស្រូប​ទឹក​ជំនន់
ដើម​ឈូស​ជម្រះ ធ្វើ​ផ្ទះ​ល្អ​គន់ ស្លឹក​រែក​ពុន​ធ្ងន់
ស្រូប​ជាតិ​កាបូន។

៤. ជ័រ​ធ្វើ​ចន្លុះ មែក​ងាប់​ធ្វើ​អុស ព្រៃ​សត្វ​ជ្រក​កោន
ស្លឹក​ឈើ​រុះ​មីរ បាន​ជី​រាប់​តោន គិត​មាស​រាប់​អោន
លាន​ផោន​មិន​សាប។

៥. ព្រឹក្សា​គ្មាន​ខ្វល់ ថ្ងៃ​បញ្ចេញ​ខ្យល់ ទាំង​ខ្លួន​ដុនដាប
គេ​កាប់​បំផ្លាញ គ្មាន​សាញ​បុណ្យ​បាប ពេល​ខ្លះ​ភ្លើង​ឆាប
ក្រាប​ខ្លួន​ពិការ។

៦. ពេល​ក្ដៅ​គេ​ជ្រក ជុំ​គ្នា​រិះរក ក្រោម​ម្លប់​ព្រឹក្សា
ពេល​ត្រជាក់​ស្រួល គេ​ផ្ដួល​កាត់​អារ លក់​យក​ដុល្លារ
ស្រវា​គ្មាន​គិត។

៧. ឱ​មនុស្ស​រពឹស គាស់​គល់​ផ្ដាច់​ឫស គ្មាន​ភ័យ​គ្មាន​ភិត
ឲ្យ​តែ​ចង់​បាន ចូល​ឡាន​ទៅ​ជិត សេព​គប់​ម៉ាក​មិត្ត
រឹត​តាម​ចំណង់។

៨. ពេល​ខ្លះ​គេ​ដុត ចុង​ក្រោយ​បំផុត ព្រៃ​រលាយ​បង់
នៅ​សល់​តែ​វាល រោលរាល​ម៉ត់​ផង់ ស្រយុត​ស្រយង់
នៅ​ក្នុង​អង្គប្រាណ។

៩. ព្រៃ​ឈើ​ស្រែក​យំ នៅ​ពេល​រលំ ច្រៀក​លើក​ដាក់​ឡាន
ពួក​អ្នក​កាប់​ឈើ លក់​ធ្វើ​មាន​បាន លុយ​ទាំង​ប៉ុន្មាន
យក​ទៅ​សប្បាយ។

១០. អស់​ព្រៃ​គឺ​ទុក្ខ កម្ដៅ​វាយ​លុក រុក​រាន​រាង​កាយ
អាកាស​ប្រែប្រួល ក្ដៅ​ឆួល​ក្រហាយ បឹងបួ​ប្រែ​ក្លាយ
រីង​រាក់​អស់​ទឹក។

១១. អស់​ឱ​មនុស្ស​លោក ចិត្ត​សែន​ស្មោកគ្រោក គ្មាន​ភ្ញាក់​រឭក
គ្មាន​ជួយ​រែក​ពុន ដឹង​គុណ​ព្រៃ​ព្រឹក្ស ស្បែក​មុខ​ឡើង​ស្ពឹក
រុករាន​រំខាន។

១២. បើ​អ្នក​មិន​ស្ដាប់ ថ្ងៃ​ក្រោយ​គឺ​ស្លាប់ ដួល​មិន​បាច់​ច្រាន
ពិសេស​ខែ​ប្រាំង ក្ដៅ​ខ្លាំង​ហួស​ស្មាន គ្មាន​ទេ​សុខសាន្ត
គ្រប់​ប្រាណ​រង​គ្រោះ៕

កាបូន (ចង់​និយាយ​ពី CO2 គឺ​កាបូន​ឌីអុកស៊ីត) ធាតុ​ដែល​ស្រូប​កម្ដៅ​ពី​ព្រះអាទិត្យ ហើយ​វា​ភ្ងំ​ផែនដី​ឲ្យ​ឡើង​ក្ដៅ ភាសា​បច្ចេកទេស​ហៅ​ថា ជា​ឧស្ម័ន​ផ្ទះ​កញ្ចក់។ ខ្យល់ សំដៅ​លើ​អុកស៊ីហ្សែន។