លោក យឹម សុវណ្ណ មន្ត្រីអ្នកនាំពាក្យគណបក្សសមរង្ស៊ី បានអះអាងដូច្នេះដោយផ្អែកថា ចលនាបក្សប្រឆាំងកំពុងរីករាលដាលគួរឲ្យភ័យសម្រាប់គណបក្សប្រជាជន ហេតុដូច្នេះហើយបានជាមានព្រឹត្តិការណ៍នេះឡើង ដែលគោលដៅធំគឺចង់ឲ្យលោក សម រង្ស៊ី មិនអាចចូលស្រុកវិញបាន។
លោក យឹម សុវណ្ណ បានអះអាងដូច្នេះ ៖ «ប្រជាប្រិយភាពរបស់គណបក្សសមរង្ស៊ីបានកើនឡើង ហើយគណបក្សសមរង្ស៊ីជាគណបក្សតែមួយគត់ដែលអាចជាគូប្រជែងជាមួយនឹងគណបក្សប្រជាជន ដូច្នេះគេមិនចាំបាច់ដល់២០១២ ឬ ២០១៣ទេ គេទប់ស្កាត់ពីចម្ងាយទៅមុនឲ្យហើយ នៅពេលដែលគេឃើញអ៊ីចឹងគេទប់ស្កាត់តាមរយៈការបំភិតបំភ័យចង់ឲ្យគណបក្សសមរង្ស៊ីអត់មានមេដឹកនាំ ប៉ុន្តែទាំងអស់ហ្នឹងគឺជាការយឺតពេល ហើយជារឿងមួយដែលមិនអាចធ្វើទៅបានទេនៅក្នុងសម័យព័ត៌មានវិទ្យានេះ»។
លោក យឹម សុវណ្ណ មានប្រសាសន៍បែបហីថា បើទោះជាលោក សម រង្ស៊ី មិនអាចចូលស្រុកវិញបាន ក៏នយោបាយក្រុមអ្នកប្រឆាំងនឹងមិនស្រកស្រុតតាមនោះឡើយ។ ពួកគេមានយុទ្ធសាស្រ្តគ្រប់គ្រាន់សម្រាប់ការបោះឆ្នោតឃុំឆ្នាំ២០១២ និងការបោះឆ្នោតសកលឆ្នាំ២០១៣ ខាងមុខនេះ ប៉ុន្តែផ្ទុយទៅវិញលោកចំអកថា គណបក្សប្រជាជនកំពុងតែធ្វើដំណើរទៅរកការខាតដើម។
លោក យឹម សុវណ្ណ មានប្រសាសន៍ដូច្នេះ ៖ «ការលំបាកប៉ុណ្ណឹងគឺមិនអាចប្រៀបធៀបនឹងការលំបាក១៥ឆ្នាំមុនទេ ដូច្នេះការគិតគូររបស់គណបក្សប្រជាជនគឺគិតខុសហើយពីបញ្ហាហ្នឹង ហើយខ្ញុំជឿជាក់ថា នឹងមានដំណោះស្រាយដ៏ឆាប់នៅពេលឆាប់ៗខាងមុខ ដោយគណបក្សប្រជាជនយល់ឃើញថា ការដែលទុកឲ្យលោកប្រធាននៅក្រៅប្រទេសគឺជាការធ្វើអត្តឃាតនយោបាយ គឺជាការដែលបង្ហាញមុខមាត់អាក្រក់របស់ប្រទេសកម្ពុជានៅលើសកលលោកថា ខ្លួនជាអ្នករំលោភសិទ្ធិមនុស្ស ជាអ្នករំលោភសិទ្ធិតំណាងរាស្រ្ដ ជាអ្នកដែលមិនគោរពច្បាប់ ជាអ្នកដែលគ្មានឆន្ទៈនឹងអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយសមធម៌»។
ការចោទថា គណបក្សប្រជាជនប្រើល្បិចនយោបាយដើម្បីបំបាក់ដៃគូរបស់ខ្លួនពីចម្ងាយមុនការបោះឆ្នោតមកដល់ ត្រូវបានមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជន លោក ជាម យៀប បដិសេធថា មន្ត្រីបក្សប្រជាជនគ្មានពេលឯណាដើម្បីប្រើល្បិចនោះទេ។ លោក ជាម យៀប ដែលហៅថា លោក សម រង្ស៊ី រពឹសដៃចង្រៃខ្លួនដែលនាំឲ្យតុលាការផ្តន្ទាទោសដាក់ពន្ធនាគារដល់ទៅពីរឆ្នាំ បានថ្លែងឌឺដងបន្ថែមទៀតឲ្យក្រុមបក្សប្រឆាំងថា គណបក្សនេះគ្មានផ្លូវនឹងងើបឡើងវិញទេបើមេបក្សរបស់ខ្លួនរវល់តែរតាត់រតាយនៅក្រៅស្រុកនោះ។
លោក ជាម យៀប មានប្រសាសន៍ថា ៖ «មេប្រព្រឹត្តបទល្មើសហើយរត់ចោលស្រុកអ៊ីចឹងទៅ គ្នាកំព្រារងា ព្រោះមិនដឹងមេកើយឯណា ហើយមេច្រើនរពឹសដៃចង្រៃខ្លួន។ ខ្ញុំសូមជម្រាបឲ្យខ្លី បើសិនជាគាត់យល់ដឹង គ្រាន់តែគាត់ចុះទៅធ្វើរបាយការណ៍ ថតអីមក ធ្វើរបាយការណ៍ទៅគ្រប់កន្លែង អង្គទូតអីជួយធ្វើអន្តរាគមន៍ទៅ ហ្នឹងវាសមស្រប ហើយបើគាត់អ្នកតំណាងរាស្រ្ដទៅដក ហ្នឹងការចោទប្រកាន់របស់គេវាអត់មានខុសច្បាប់អីទេ។ អ្វីៗដែលគាត់បានបដិសេធ ឬក៏គណបក្សគាត់បដិសេធ គ្រាន់តែជាការបំភ្លៃមួយកុំឲ្យមើលឃើញខុសច្បាប់ខ្លាំងពេកប៉ុណ្ណឹងទេ»។
លោក ជាម យៀប បានរិះគន់គណបក្សប្រឆាំងនៅគ្រានេះថា កំពុងតែចុះខ្សោយ។ លោកបង្ហើបទៀតថា វាប្រាកដណាស់នៅពេលដែលលោក សម រង្ស៊ី ឈានជើងមកដល់កម្ពុជាពេលណានោះ តុលាការច្បាស់ជាអនុវត្តដីកាចាប់ខ្លួនមិនខាន ពីព្រោះថា គេបានកាត់ទោសលោករួចមកហើយ។
បើទោះបីជាគណបក្សប្រជាជនច្រានចោលការផ្តន្ទាទោសដាក់គុកលោក សម រង្ស៊ី ២ឆ្នាំ មិនទាក់ទងទៅនឹងការត្រៀមទុករបស់គណបក្សប្រជាជនសម្រាប់ការបោះឆ្នោតពីរឆ្នាំទៀតខាងមុខនេះទេ ប៉ុន្តែប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន បានរិះគន់ថា ទង្វើរបស់រដ្ឋាភិបាលកំពុងគាបសង្កត់មកលើបក្សប្រឆាំងហើយ។ លោកពោលបន្តថា គណបក្សកាន់អំណាចធ្វើដូច្នេះខាត ពីព្រោះថា ប្រជាជននឹងមើលឃើញមុខមាត់អាក្រក់របស់គណបក្សកាន់អំណាចកាន់តែច្រើនថែមទៀត។ លោកបានបន្លុយថា លោក សម រង្ស៊ី គួរតែត្រឡប់ចូលមកកម្ពុជាវិញ ដើម្បីសង្គ្រុបយកឱកាសនេះ ហើយនិងត្រូវលាតត្រដាងអំពីទង្វើរបស់គណបក្សកាន់អំណាច។
លោក រ៉ុង ឈុន មានប្រសាសន៍ដូច្នេះ ៖ «ខ្ញុំសង្ឃឹមថា ប្រជាពលរដ្ឋគាត់នឹងមើលឃើញច្បាស់ថា អ្នកកាន់អំណាចសព្វថ្ងៃហ្នឹងបែបម៉េច ហើយប្រជាពលរដ្ឋនឹងធ្វើការសម្រេចចិត្ត។ ចំពោះទស្សនៈខ្ញុំ ខ្ញុំចង់ឲ្យគាត់មកឥឡូវហ្នឹង ព្រោះយើងអត់មានខុសអី ហើយតុលាការអយុត្តិធម៌ ដូច្នេះយើងត្រូវតែមានសេចក្ដីក្លាហានបង្ហាញទៅដល់ប្រជារាស្រ្ដថា យើងអត់ខ្លាច ពីព្រោះយើងអត់ខុស ហើយយើងគិតថា នឹងគ្មានបញ្ហាអីកើតឡើងដល់អាយុជីវិតទេ ពីព្រោះយើងមិនមែនមកដោយគ្មានអ្នកឃ្លាំមើលទេ រដ្ឋាភិបាលសព្វថ្ងៃក៏ចង់ទាមទារខ្លួនថា ស្របច្បាប់ដែរ ហើយបើសិនជាមានការប៉ះពាល់ដល់អាយុជីវិតអ្នកនយោបាយដ៏ល្បីម្នាក់ វាមិនមែនជារឿងធម្មតានោះទេ»។
មន្ត្រីអ្នកឃ្លំាមើលដំណើរការបោះឆ្នោត លោក ម៉ា សុផល វិញ បញ្ជាក់ថា ការផ្តន្ទាទោសដាក់គុកលោក សម រង្ស៊ី នឹងនាំឲ្យលោកបាត់បង់សេរីភាពក្នុងការធ្វើនយោបាយរបស់ខ្លួន។ លោកបន្ថែមថា បើសិនជាលោក សម រង្ស៊ី ត្រឡប់ចូលហើយត្រូវគេដាក់គុកមែននោះ ការផ្សព្វផ្សាយនូវគំនិតប្រជាធិបតេយ្យនិងត្រូវកាត់ផ្តាច់មិនខាន។
លោក ម៉ា សុផល ឲ្យដឹងដូច្នេះ ៖ «កាលណាជាប់គុកវាបាត់សិទ្ធិសេរីភាពហើយ បាត់សិទ្ធិសេរីភាពមួយចំនួនក្នុងការដើរហើរ ក្នុងការបញ្ចេញមតិ ក្នុងការធ្វើនយោបាយធ្វើអីទូទៅហើយ»។
ជាមួយគ្នានឹងយោបល់បែបនេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ធន់ សារាយ អត្ថាធិប្បាយថា លោកមិនជឿអំពីរឿងចាប់លោក សម រង្ស៊ី ដាក់គុក នៅពេលដែលលោកមកដល់កម្ពុជានោះទេ។ លោក ធន សារាយ អះអាងថា ពេលនោះច្បាស់ជាមានដំណោះស្រាយមិនខាន ដោយសារតែគណបក្សប្រជាជនមិនចង់ឈ្នះក្រុមអ្នកប្រឆាំងដោយបែបនេះឡើយ។
លោក ធន សារាយ មានប្រសាសន៍ដូច្នេះថា ៖ «សួរថា តើអ្នកឈ្នះគាត់ចង់ឈ្នះដោយភាពមួយមិនសូវល្អមើលឬទេ? ដូចជាការប្រកួតមួយដែលមិនមានការប្រកួតគ្នាដោយពេញទំហឹងទេ? អ៊ីចឹងអ្នកឈ្នះក៏គេចង់ឈ្នះដោយកត្តិយសដែរ។ បើយើងចង់ឈ្នះគ្នាដោយកិត្តិយស ឈ្នះគ្នាដោយល្អ ទាល់តែឲ្យអ្នកប្រកួតមួយទៀតមានការចូលរួមដោយពេញលេញ»។
ការផ្តន្ទាទោសដាក់គុកលោក សម រង្ស៊ី ចំនួន២ឆ្នំាកាលពីពេលថ្មីៗដោយតុលាការខេត្តស្វាយរៀង ដោយចោទលោកអំពីបទញុះញង់ឲ្យមានការរើសអើងពូជសាសន៍និងបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ក្រោយពីលោកនិងប្រជាពលរដ្ឋរងគ្រោះបានដកបង្គោលតម្រុយព្រំដែនខ្មែរ-វៀតណាមបោះចោល ត្រូវបានក្រុមអ្នកឃ្លំាមើលសិទ្ធិមនុស្សអន្តរជាតិរិះគន់ថា រដ្ឋាភិបាលកំពុងខ្ទប់នូវការអនុវត្តសេរីភាពពហុបក្សនៅកម្ពុជាហើយ។
មតិសង្គមស៊ីវិលខ្លះបានបារម្ភអំពីការបាក់ស្រុតរបស់ក្រុមអ្នកប្រឆាំង ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រឆាំងវិញបានអះអាងថា មិនអាចទៅរួចទេ ហើយលោក សម រង្ស៊ី នឹងត្រឡប់ចូលមកកម្ពុជារង់ចាំមើលចំណាត់ការរបស់រដ្ឋាភិបាលថែមទៀត៕
