បក្ស​ប្រឆាំង​ប្រារព្ធ​ខួប​ទី​១៩ កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស

គណ​បក្ស​សម​រង្ស៊ី និង​គណ​បក្ស​សិទ្ធ​មនុស្ស បាន​ប្រារព្ធ​ខួប​ទី​១៩ នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ថ្ងៃ​ទី​២៣ តុលា ឆ្នាំ​១៩៩១ នៅ​ការិយាល័យ​កណ្ដាល​គណ​បក្ស​រៀងៗ​ខ្លួន។ គណ​បក្ស​ប្រជា​ជន​កម្ពុជា ដែល​ជា​បក្ស​កាន់​អំណាច​មិន​បាន​ប្រារព្ធ​ខួប​នេះ​ទេ ប៉ុន្តែ​បាន​ព្យាយាម​ពន្យល់​ដោះ​ស្រាយ​ចំពោះ​ពាក្យ​ចោទ​ប្រកាន់​នានា​ ពាក់ព័ន្ធ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ថ្ងៃ​ទី​២៣ តុលា​នេះ។

0:00 / 0:00

ថ្លែង​នៅ​ក្នុង​ពិធី​ប្រារព​ខួប​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស នៅ​ទី​ស្នាក់​ការ​កណ្តាល​គណ​បក្ស​សម​រង្ស៊ី ក្រុង​ភ្នំពេញ តាម​រយៈ​ប្រព័ន្ធ​អេឡិចត្រូនិក ឬ​ហៅ​ថា Video Conference ពី​ប្រទេស​បារាំង លោក សម រង្ស៊ី បាន​បញ្ជាក់​ថា ប្រទេស​ជិត​ខាង​ទាំង​នោះ មាន​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ ដែល​ខ្លួន​ជា​អ្នក​ចុះ​ហត្ថលេខី ប៉ុន្តែ​កំពុង​រំលោភ​លើ​បូរណភាព​ដែន​ដី​ប្រទេស​កម្ពុជា ដែល​ផ្ទុយ​ពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស។

លោក​បន្ត​ថា ចំពោះ​រដ្ឋាភិបាល​ក្នុង​ស្រុក​ខ្លួន​ឯង​វិញ បាន​រំលោភ​លើ​សិទ្ធិ​បញ្ចេញ​មតិ សិទ្ធិ​រស់​នៅ​របស់​ប្រជា​ពល​រដ្ឋ បង្ខំ​ប្រជា​ពល​រដ្ឋ​ឲ្យ​ចាក​ចេញ​ពី​ដីធ្លី លំនៅឋាន ដោយ​ពុំ​ទទួល​ខុស​ត្រូវ រំលោភ​ច្បាប់ យក​ប្រព័ន្ធ​តុលាការ​ដើម្បី​គំរាម​កំហែង​ប្រជា​ពល​រដ្ឋ មិន​ឲ្យ​មាន​ការ​តស៊ូ​មតិ​ដើម្បី​រក​យុត្តិធម៌ និង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ឲ្យ​រីក​ចំរើន​បាន​ឡើយ ៖ «បណ្ដេញ​ចេញ​ពល​រដ្ឋ​ពី​ភូមិ ចាប់​ដាក់​គុក​ដូច​ខ្មែរ​ក្រហម​អ៊ីចឹង ទង្វើ​នេះ​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​ហាម​ឃាត​មិន​ឲ្យ​មាន​ទេ តែ​កម្ពុជា​នៅ​តែ​មាន»

មន្ត្រី​បក្ស​សិទ្ធិ​មនុស្ស​បាន​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ដែរ​ថា គណ​បក្ស​នេះ​ក៏​បាន​ប្រារព្ធ​ខួប​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ​ដែរ នៅ​ក្នុង​ទី​ស្នាក់​ការ​កណ្ដាល​របស់​ខ្លួន ដោយ​មាន​ប្រជា​ពល​រដ្ឋ និង​សកម្មជន​គណ​បក្ស​ចូល​រួម​ដើម្បី​រំលឹក​ថ្ងៃ​ដែល​កម្ពុជា​បាន​ស្គាល់​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ។ លោក ជាម យៀប អ្នក​តំណាង​រាស្ត្រ និង​ជា​មន្ត្រី​ជាន់​ខ្ពស់​គណ​បក្ស​ប្រជា​ជន បាន​បដិសេធ​ចំពោះ​ការ​លើក​ឡើង​របស់​បក្ស​ប្រឆាំង ហើយ​ថា ថ្ងៃ​២៣ តុលា កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស គឺ​ជា​ប្អូន​បង្កើត​ថ្ងៃ​២ ធ្នូ និង​៧​មករា ដែល​រដ្ឋាភិបាល​កម្ពុជា ដែល​កំពុង​ដឹក​នាំ​ដោយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា មិន​បាន​រំលោភ និង​មិន​បាន​បំភ្លេច​ចោល​ឡើយ ៖ «អា​ហ្នឹង​ជា​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា ជា​អ្នក​ផ្ដួច​ផ្ដើម វា​មាន​សារ​សំខាន់​មែន​ពិត ប៉ុន្តែ​គេ​ទុក​នៅ​ក្នុង​ចិត្ត មិន​ចាំ​បាច់​មាន​ថ្ងៃ​ឈប់ ទើប​ហៅ​ថា​គោរព​នោះ​ទេ»

លោក សម រង្ស៊ី បាន​ឲ្យ​ដឹង​ដែរ​ថា ថ្មីៗ​នេះ លោក​បាន​ដាក់​ញត្តិ​ទៅ​បណ្ដា​ប្រទេស​នានា​នៅ​ក្នុង​សហគមន៍​អន្តរ​ជាតិ ដើម្បី​ឲ្យ​គេ​ជួញ​ជំរុញ​ទៅ​បណ្ដា​ប្រទេស​ជា​ម្ចាស់​ហត្ថលេខី ក្នុង​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ឲ្យ​យក​ចិត្ត​ទុក​ដាក់​គោរព​កិច្ច​ព្រមព្រៀង​នេះ​ឲ្យ​បាន​ត្រឹម​ត្រូវ ហើយ​បាន​បញ្ជាក់​ទៀត​ថា ញត្តិ​របស់​លោក​នោះ កំពុង​ទទួល​បាន​ការ​គាំទ្រ​កាន់​តែ​ច្រើន​ឡើងៗ ពី​អ្នក​តំណាង​រាស្ត្រ​នៅ​លើ​ពិភព​លោក៕