ក្រមសីលធម៌

ចំណុច​ស្នូល​សំខាន់​នៃ​បេសកកម្ម​របស់​វិទ្យុ​អាស៊ីសេរី គឺ​ការ​ប្រកាន់​ខ្ជាប់​នូវ​បទដ្ឋាន​ដ៏​ខ្ពស់​នៃ​វិជ្ជាជីវៈ​សារព័ត៌មាន។
ដោយ វិទ្យុ អាស៊ីសេរី

អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី ទាំង​អស់ (រួម​ទាំង​អ្នក​ដែល​ប្រមូល អ្នក​ចុះ​ផ្សាយ ឬ​អ្នក​ចែកចាយ​នូវ​សេចក្ដី​រាយការណ៍ ឬ​កម្មវិធី​របស់​វិទ្យុ​អាស៊ីសេរី) ត្រូវ​តែ​ប្រកាន់​​ឥរិយាបទ​ប្រកប​ដោយ​វិជ្ជាជីវៈ និង​ក្រមសីលធម៌ ដើម្បី​លើក​ស្ទួយ​បទដ្ឋាន​វិស័យ​សារព័ត៌មាន ដោយ​អនុលោម​ទៅ​តាម​គោលការណ៍​ជា​មូលដ្ឋាន​ដូច​ត​ទៅ៖

· សេចក្ដី​រាយការណ៍ និង​កម្មវិធី​របស់​វិទ្យុ​អាស៊ីសេរី ត្រូវ​តែ​សុក្រឹត យុត្តិធម៌ និង​មាន​តុល្យភាព។

· អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ត្រូវ​តែ​រក្សា​នូវ​របៀប​និយាយ​ដែល​មាន​លក្ខណៈ​ស្ងប់​ស្ងៀម មិន​លាយ​ឡំ​នឹង​មនោសញ្ចេតនា ព្រម​ទាំង​ជៀសវាង​នូវ​ការ​បង្ក​ជម្លោះ ការ​ឃោសនា ឬ​ការ​ប្រមាថ​លើ​ជន​ណា ក្រុម​ណា ឬ​រដ្ឋាភិបាល​ណា​មួយ។ អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី មិន​ត្រូវ​ប្រដៅ ឬ​មើល​ងាយ​អ្នក​ស្ដាប់​ឡើយ។

· អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី មិន​ត្រូវ​ញុះញង់​អ្នក​ស្ដាប់​ឲ្យ​ប្រព្រឹត្ត​អំពើ​ហិង្សា ឬ​លើក​​ទឹក​​ចិត្ត​ឲ្យ​មាន​ការ​បះបោរ ឬ​ធ្វើ​ចំណាក​ស្រុក​ឡើយ។ អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​ប្រជាធិបតេយ្យ មាន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ដោយ​សេរី និង​ផ្តល់​នូវ​វេទិកា​សំរាប់​មាន​ការ​បញ្ចេញ​មតិ និង​ទស្សនៈ​ពី​គ្រប់​មជ្ឈដ្ឋាន។

· អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី មិន​ត្រូវ​បញ្ចូល​ពាក្យ​ចចាមអារាម និង​ព័ត៌មាន​ដែល​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់​ទៅ​ក្នុង​សេចក្ដី​រាយការណ៍ ឬ​កម្មវិធី​របស់​ខ្លួន​ទេ។

· ប្រសិន​បើ​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី មាន​កំហុស​ក្នុង​ការ​ផ្សាយ​សំឡេង ឬ​ផ្សាយ​លើ​គេហទំព័រ អ្នក​កាសែត​នោះ​ត្រូវ​ទទួល​កំហុស ហើយ​កែ​តម្រូវ​ជា​បន្ទាន់ តាម​មធ្យោបាយ​ ដូច​ដែល​កាល​ពី​ផ្សាយ​កំហុស​នោះ។ បើ​អាច​ធ្វើ​ទៅ​បាន អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ត្រូវ​ស្វះស្វែង និង​រក​ឲ្យ​បាន​នូវ​ប្រភព​ឲ្យ​លើស​ពី​មួយ​សំរាប់​រឿង​នីមួយៗ។

· អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ត្រូវ​តែ​ប្រាប់​ពី​ប្រភព​ឲ្យ​បាន​ពេញលេញ នៅ​ពេល​ដែល​ប្រើប្រាស់​ផ្នែក​ណា​មួយ​នៃ​ព័ត៌មាន​ពី​អង្គភាព​ព័ត៌មាន​ដទៃ ឬ​បទសម្ភាសន៍ សេចក្តី​រាយការណ៍ ឬ​អ្វីៗ​ដទៃ​ទៀត​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដទៃ។

· អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ត្រូវ​រក្សា​នូវ​ឯករាជ្យ​របស់​ខ្លួន​ពី​គណបក្ស​នយោបាយ ក្រុម​ប្រឆាំង អង្គការ​ក្រៅ​ប្រទេស និង​អង្គការ​សាសនា​នានា នៅ​ក្នុង​ប្រទេស​ដែល​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី ផ្សាយ​ទៅ ដោយ​មិន​ត្រូវ​គាំ​ទ្រ​ទស្សនៈ​នយោបាយ​ណា​មួយ​ដែល​អាច​ប៉ះពាល់ ឬ​ធ្វើ​ឲ្យ​គេ​មើល​ឃើញ​ថា ប៉ះពាល់​ដល់​កម្មវិស័យភាព ឬ អព្យាក្រឹត​​ភាព​របស់​វិទ្យុ​អាស៊ីសេរី ជាយថាហេតុ។

· អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ត្រូវ​បញ្ជាក់​អត្តសញ្ញាណ​នៃ​អ្នក​បរិច្ចាគ​ស្នាដៃ​ពី​ខាង​ក្រៅ ដោយ​ប្រកាស​នៅ​ចុង​បញ្ចប់​នៃ​ការ​អត្ថាធិប្បាយ​របស់​អ្នក​នោះ ថា​ការ​បញ្ចេញ​មតិ​របស់​អ្នក​នោះ​មិន​មែន​ជា​ទស្សនៈ ឬ​យោបល់​របស់​វិទ្យុ​អាស៊ីសេរី​ឡើយ។ វិទ្យុ​អាស៊ីសេរី រក្សា​សិទ្ធិ​ក្នុង​ការ​កែសម្រួល​ស្នាដៃ​របស់​អ្នក​បរិច្ចាគ​ពី​ខាង​ក្រៅ និង​ធ្វើការ​សម្រេច​ចិត្ត​ជា​ចុង​ក្រោយ​លើ​អ្វី​ដែល​ត្រូវ​ដាក់​ក្នុង​សេចក្ដី​រាយការណ៍ ឬ​កម្មវិធី។

· អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី មិន​ត្រូវ​ទទួល​យក​អំណោយ ឬ​ក៏​ការ​ធ្វើ​ដំណើរ​ពី​ប្រភព​ព័ត៌មាន ឬ​ពី​នរណា​ដែល​អាច​នៅ​ក្នុង​តំណែង​មួយ​ដែល​អាច​មាន​ឥទ្ធិពល​លើ​សេចក្តី​រាយការណ៍ ឬ​កម្មវិធី​របស់​វិទ្យុ​អាស៊ីសេរី​ឡើយ។

· អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី មិន​ត្រូវ​ទទួល​យក​ការងារ​ខាង​ក្រៅ​ដែល​អាច​ប៉ះពាល់​ដល់​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​វិទ្យុ​អាស៊ីសេរី​ឡើយ។ ជន​ណា​ក៏ដោយ​ដែល​ទទួល​យក​ការ​ទទួល​ខុស​ត្រូវ ឬ​សកម្មភាព​នានា​នៅ​ខាង​ក្រៅ ដោយ​រាប់​បញ្ចូល​ទាំង​ការ​ថ្លែង​សុន្ទរកថា និង​ការ​បង្ហាញ​ខ្លួន​ជា​សាធារណៈ​ផ្សេង​ទៀត ដែល​មាន​ការ​ពាក់ព័ន្ធ​នឹង​សកម្មភាព​របស់​វិទ្យុ​អាស៊ីសេរី ត្រូវ​តែ​សុំ​ការ​អនុញ្ញាត​ជា​មុន​សិន ដូច​ដែល​បាន​ចែង​ក្នុង​គោលការណ៍​ទំនាស់​ផលប្រយោជន៍។

· ក្នុង​ការ​បំពេញ​ការងារ​សម្រាប់​វិទ្យុ​អាស៊ីសេរី អ្នក​យក​ព័ត៌មាន​មិន​ត្រូវ​លាក់​អត្តសញ្ញាណ​ខ្លួន​ឯង ឬ​ថា​ជា​តំណាង​នៃ​អង្គភាព​ដទៃ ឬ​អង្គភាព​ព័ត៌មាន​ដទៃ ស្ថាប័ន​រដ្ឋាភិបាល ឬ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ឡើយ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
Aug 02, 2011 03:14 AM

សូមអោយអ្នកយកព័តិមាន​អ្វីដែលពិតមកផ្សព្វផ្សាយ ដើម្បីជាប្រយោជន៌ ដល់មហាជនទូទៅ សូមកុំចម្រិតយកលុយពីគេ​៕

Anonymous
Aug 23, 2011 04:28 AM

សូមជំរាបសួវិទ្យុអាស៊ីសេរី !
ខ្ញុំបាទមានសំណួរមួយចំនួនដែលទាក់ទងនឹងច្បាប់
មានគ្រួសារមួយគាត់រៀបការជាមួយគ្នាអស់រយះពេលជិតសាមសិបឆ្នាំហើយ ប៉ុន្តែពួកគាត់ទើបតែបានចុះ​សំបុត្រអាពាហ៌ពិពាហ៌កាលពីឆ្នាំ ២០១០​ទេ​។
មួយរយះពេលថ្មីៗនេះពបុរសជាប្តីតែងតែ ដើរចាយវាយ​ផឹកស៊ីយប់​ រករឿងឈ្លោះប្រពន្ធកូន ចង់បណ្តេញប្រពន្ធ​ គាត់ចេញពីផ្ទះ ដោយសំអាងថា គាត់ជាអ្នករកលុយ
ហើយផ្ទះនេះជារបស់គាត់​ តើប្រពន្ធរប់គាត់គួរទទួលបាន
អ្វីខ្លះប្រសិនបើជាឡើងតុលាការ​ ។
សូមអរគុណ​!

Anonymous
Jan 13, 2014 10:37 AM

ព័ត៌មានវិទ្យុអាស៊ីសេរី លើកយកតែបញ្ហានិន្នាការនយោបាយប្រឆាំងសុទ្ធសាធ មិនដែលលើកយកបញ្ហាសេដ្ឋកិច្ចអោយរីកចំរើនទេ សូម្បីតែលើយកបញ្ហាច្បាប់ ក៏ខ្វះចន្លោះ និងមិនការពិតដែរ។

Anonymous
Oct 27, 2013 02:27 AM

ព័ត៌មានវិទ្យុអាស៊ីសេរី មិនបានឆ្លុះបញ្ចាំងពីសង្គមខ្មែរអោយស្មើភាពទាំងអស់ទេ តែឆ្លុះបញ្ចាំងច្រើនលើការប្រឆាំងរដ្ឋាភិបាល ដោយជួយលើកបន្តុបបក្សប្រឆាំង។ ការចេញផ្សាយបទវិភាគ និងទស្សនៈខ្លះ មានលួចបញ្ចូលការញុះញង់ បំបែកបំបាក់ និងរើសអើងនិន្នការនយោបាយ។ សូមធ្វើតាមការតាំងខ្លួនឯងជាអ្នក សុក្រឹត យុត្តិធម៌ និងមានតុល្យភាពផង។

Anonymous
May 07, 2013 04:59 AM

១.តាមសុភាសិតខ្មែរនិយាយថា៖ ត្រីងៀតឆ្លៀតពង
២.តាមភាសាអ្នកនយោបាយថា៖ ជនឱកាសនិយម
៣.តាមភាសាមន្រ្តីរាជការថា៖ គេចេះមើលខ្យល់
៤.តាមភាសាកុម្មុយនិស្ដថា៖ ត្រូវចេះក្ដាប់ឱកាស និងចេះបង្កឱកាស
៥.តាមភាសាកសិករថា៖ ធ្វើស្រែឲ្យទាន់រដូវ
៦.តាមភាសាសង្ឃថា៖ ឆាន់ឲ្យទាន់ពេលឆាន់

Anonymous
Mar 17, 2012 04:03 PM

ជំរាបសួរលោកនាយកនិង​ សហការីផ្សាយវិទ្យុអាសីុសេរី
ខ្ញុំមានបាទ ក៏ដូចជាប្រជាពលរដ្ឋមួយចំនួនដែរ មានបំណងសូមអោយខាងវិទ្យុផ្សព្វផ្សាយអោយបានច្រើនដង ទាក់ទងនឹងផលប៉ះពាល់នៃការឆក់ត្រី ដែលបចុប្បន្ននេះកំពុងតែកើតមានយ៉ាងអាណាធិបតេយ្យស្ទើរតែគ្រប់ខេត្តតាមជនបទ ។​យើងខ្ញុំសង្ឃឹមសំលេងអាសីុសេរី និងធ្វើអោយប្រជាពលរដ្ឋភ្ញាក់រលឹក​ ថែមទាំងបានដាស់សតិដល់មន្រ្តីពាក់ពាន់ថែមទៀត។
សូមអរគុណ ។

Anonymous
Jul 11, 2013 03:59 AM

RFA​​ ផ្សាយអត្ថបទខ្លះមិន​សុក្រឹត យុត្តិធម៌ និង​មាន​តុល្យភាព តាមបាវចនារបស់ខ្លួនទេ។
សូមពិនិត្យឡើងវិញផង។

Anonymous
Oct 23, 2012 02:42 PM

I love RFA because say a bout true news

Anonymous
Mar 04, 2015 09:31 AM

Support RFA ethic.