តើ​សែស្រឡាយ​មេដឹកនាំ​មាន​សិទ្ធិ​ធ្វើ​ជំនួញ​ឬ​ទេ?

ដោយ យាង សុជាមេត្តា
2016-07-09
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ពី​ឆ្វេង៖ លោក​បណ្ឌិត មាស នី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​អ្នក​សម្របសម្រួល លោក យាង សុជាមេត្តា ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​៨ កក្កដា ឆ្នាំ​២០១៦។
ពី​ឆ្វេង៖ លោក​បណ្ឌិត មាស នី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​អ្នក​សម្របសម្រួល លោក យាង សុជាមេត្តា ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​៨ កក្កដា ឆ្នាំ​២០១៦។
RFA

នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​៨ ខែ​កក្កដា ពិភាក្សា​អំពី៖ «តើ​សែស្រឡាយ​មេដឹកនាំ​មាន​សិទ្ធិ​ធ្វើ​ជំនួញ​ឬ​ទេ?»។

វាគ្មិន​ចូល​រួម​ក្នុង​កម្មវិធី​នេះ​រួម​មាន​លោក​បណ្ឌិត មាស នី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​លោក​បណ្ឌិត កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម។

អ្នក​សម្របសម្រួល៖ លោក យាង សុជាមេត្តា

អត្ថបទ​ខាង​ក្រោម ជា​អត្ថបទ​ប្រែ​សម្រួល​ពី​វេទិកា​អ្នក​ស្ដាប់!

លោក យាង សុជាមេត្តា៖ តើ​របាយការណ៍​របស់​អង្គការ គ្លបល វីនេស (Global Witness) ធ្វើ​ឲ្យ​កម្ពុជា ចំណេញ​អី ឬ​ខាត​អី?

លោក​បណ្ឌិត កែម ឡី៖ តាម​ពិត​ទៅ អង្គការ គ្លបល វីនេស (Global Witness) បាន​ចេញ​របាយការណ៍ ៣​សំខាន់ៗ។ របាយការណ៍​ទី​១ ចេញ​នៅ​ឆ្នាំ​២០០៧ ដែល​មាន​កម្រាស់ ៩៤​ទំព័រ។ របាយការណ៍​នេះ​និយាយ​អំពី Family Tree គេ​ហៅ​ថា សែស្រឡាយ​អ្នក​លួច​ជាតិ ទាក់ទង​ច្រើន​នឹង​ក្រុមហ៊ុន​កាប់​ឈើ។ របាយការណ៍​ទី​២ គឺ​២០០៩ ដែល​មាន​កម្រាស់​ប្រហែល ៦០​ទំព័រ។ ជាទូទៅ​របាយការណ៍​នីមួយៗ ខ្ញុំ​តាម​មើល​ឯកសារ​យោង ពីព្រោះ​វា​សំខាន់។ ឯកសារ​យោង​របាយការណ៍​ទី​១ មាន ៤៤០​ឯកសារ​ជា​ប្រភព ហើយ​ឯកសារ​ទី​២ ៤២៩​ប្រភព ហើយ​យើង​តាម​ដាន​លម្អិត ថា​តើ​ប្រភព​នីមួយៗ​គាត់​យក​មក​ពី​ណា? សរសេរ​យ៉ាង​ដូច​ម្ដេច? វិធីសាស្ត្រ​យ៉ាង​ដូច​ម្ដេច? ថ្មីៗ​នេះ​មាន ៤១​ទំព័រ​ទេ ប៉ុន្តែ​មាន​ឯកសារ​យោង​រហូត​ដល់ ៣៧១​ឯកសារ។ នៅ​ក្នុង​ហ្នឹង​មាន​តារាង​នីមួយៗ មាន​ឈ្មោះ​អី? នរណា​កាន់​កាប់? មាន​ភាគហ៊ុន​ប៉ុន្មាន? ឆ្នាំ​ណា? ហើយ​ឯកសារ​យោង​យក​មក​ពី​ណា?

ភាគ​ច្រើន​ក្រុមហ៊ុន​នីមួយៗ​យក​ពី​ការ​ចុះ​បញ្ជី​សាជីវកម្ម​របស់​ក្រសួង​ពាណិជ្ជកម្ម ទៅ​ទៀត។ អ៊ីចឹង​ក្រុមហ៊ុន​នេះ​វា​មិន​មែន​ជា​ក្រុមហ៊ុន​ខ្មោច​ទេ។ ក្រុមហ៊ុន​នេះ​មាន​នៅ​កម្ពុជា ហើយ​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ប៉ុន្តែ​របាយការណ៍​នេះ​គាត់​បាន​ដាក់​ឈ្មោះ​នីមួយៗ។

ខ្ញុំ​មិន​ទាន់​និយាយ​ពី​ភាព​ពិត​នៃ​របាយការណ៍​ទេ ប៉ុន្តែ​វិធីសាស្ត្រ​មួយៗ​ដែល​ជា​លក្ខណៈ​អន្តរជាតិ​អ៊ីចឹង មាន​ការ​សរសេរ មាន​ឯកសារ​យោង​ច្រើន ហើយ​ភាគ​ច្រើន​ក្នុង​ឯកសារ​យោង​ហ្នឹង​មាន​កុងត្រា មាន​លេខ​កូដ​មាន​អី​ទាំងអស់។ ខ្ញុំ​មើល​សំខាន់ គឺ​មិន​មែន​ជា​ឯកសារ​ដែល​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ធម្មតា​ទេ ទី​១។ ទី​២ បើ​ទោះ​បី​ជា​រឿង​ហ្នឹង​អាក្រក់ ឬ​ល្អ​យ៉ាង​ណា ប៉ុន្តែ​វា​មាន​ប្រយោជន៍​សម្រាប់​អ្នក​ជំនួញ​នៅ​ក្នុង​ស្រុក​ក្ដី នៅ​ក្រៅ​ស្រុក​ក្ដី ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ថា តើ​គាត់​បន្ថែម​ទុន​របស់​គាត់​ដើម្បី​ធ្វើ​ការ​សហការ​ជាមួយ​ក្រុមហ៊ុន​ទាំងអស់​ហ្នឹង​ទេ ឬ​មួយ​គាត់​ត្រូវ​ដក​ក្រុមហ៊ុន​គាត់​ចេញ? គាត់​សម្រេច​ថា ធ្វើ​ការ​រក​ស៊ី​នៅ​ស្រុក​ខ្មែរ​បន្ថែម​ទៀត​ទេ ឬ​មួយ​ត្រូវ​ដក​ចេញ? អា​ហ្នឹង​យើង​មាន​ប្រយោជន៍​សម្រាប់​ក្រុមហ៊ុន​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត ពីព្រោះ​ទិន្នន័យ​នេះ​ជា​ទិន្នន័យ​មួយ​ដែល​ល្អ ហើយ​មិន​ងាយ​រក​ទេ។ ខ្ញុំ​មើល​ឃើញ​របាយការណ៍​នេះ​របៀប​ជា Under estimate បាន​ន័យ​ថា វា​ទាប​ជាង​ស្ថានភាព​ជាក់ស្ដែង។ ធម្មតា​ កាល​ណា​យើង​រក​ស៊ី​មិន​ត្រឹមត្រូវ ចេញ​មក​ទាំងអស់​ហើយ។ ខ្ញុំ​ច្រើន​ឧទាហរណ៍​ដូច​ត្រី​ដែល​នៅ​ក្នុង​ទឹក បើ​យើង​ឃើញ​លោត​មក​ត្រី​បួន​ដប់ យើង​មិន​មែន​សន្និដ្ឋាន​ថា ត្រី​ហ្នឹង​មាន​តែ​បួន​ដប់​ហ្នឹង​ទេ ហើយ​បើ​សិន​គណនា​តម្លៃ​នេះ​មាន ២០០​លាន​ដុល្លារ ឬ ៤០០​ដុល្លារ វា​មិន​មែន​ប្រាកដ​ថា​មាន​តែ​ប៉ុណ្ណឹង​ទេ ពីព្រោះ​អា​នេះ​វា​មាន​តែ​នៅ​ក្នុង​បញ្ជី បាន​ន័យ​ថា មាន​នៅ​លើ​តុ ប៉ុន្តែ​នៅ​ក្រោម​តុ​អា​ហ្នឹង​រឿង​មួយ​ផ្សេង។

ទី​២ វា​សំខាន់​ដែរ​សម្រាប់​ជា​សារ​ដល់​ប្រជាពលរដ្ឋ ដូច​នៅ​ថៃ អ៊ីចឹង ក្រុមហ៊ុន ថាក់ស៊ីន បង​ប្អូន ថាក់ស៊ីន (Thaksin Shinawatra) ហ្នឹង​ក៏​ច្រើន​ដែរ នៅ​ពេល​គាត់​ធ្វើ​នាយក​រដ្ឋមន្ត្រី ប៉ុន្តែ​សំខាន់ តើ​ប្រជាពលរដ្ឋ​ថៃ បោះ​ឆ្នោត​ឲ្យ ថាក់ស៊ីន បន្ត ឬ​បោះ​ឆ្នោត​ទម្លាក់? ដូច​គ្នា​នេះ​ដែរ ព័ត៌មាន​អ៊ីចេះៗ សំខាន់​ប្រជាពលរដ្ឋ​គាំទ្រ​ទេ បើ​សិន​ជា​ត្រកូល​មួយ​មាន​ក្រុមហ៊ុន​ច្រើន​រក​ស៊ី​គ្រប់​មុខ ហើយ​នៅ​ក្នុង​តំណែង នៅ​ក្នុង​អំណាច​ទៅ​ទៀត។ បើ​សិន​អ្នក​ហ្នឹង​គិត​ថា អត់​អី​ទេ គាត់​បន្ត​គាំទ្រ​ទៅ​ទៀត អា​ហ្នឹង​គាត់​ត្រូវ​តែ​គាំទ្រ​ទៀត​ហើយ ប៉ុន្តែ​បើ​អ្នក​ផ្សេង​គាត់​ថា ទេ! អត់​កើត​ទេ ក្រុមហ៊ុន​ច្រើន​អ៊ីចឹង កូន​នាយក​រដ្ឋមន្ត្រី​អី​អ៊ីចឹង ឧទាហរណ៍​ទេ គាត់​អាច​អត់​បន្ត​គាំទ្រ អា​ហ្នឹង​ជា​សិទ្ធិ​អំណាច។

មួយ​ទៀត​សំខាន់ របាយការណ៍​នេះ ខ្ញុំ​គិត​ថា រដ្ឋាភិបាល​ក៏​ត្រូវ​តែ​ទទួល​ស្គាល់​ថា វា​មាន​សារសំខាន់​ក្នុង​ការ​ស្វែង​យល់​ក្រុមហ៊ុន​មួយៗ ថា​តើ​ក្រុមហ៊ុន​ហ្នឹង​វា​ពិត​ប្រាកដ ឬ​ទេ? ហើយ​ធ្វើ​ការ​បកស្រាយ​ទៅ​ដល់​ប្រជាពលរដ្ឋ​ក្នុង ១១៤​ក្រុមហ៊ុន​ហ្នឹង ឧទាហរណ៍។ ក្រុមហ៊ុន​ហ្នឹង​មាន​ចែក​ចេញ​ជា​ផ្នែកៗ​ល្អ​ណាស់ មាន​ពាណិជ្ជកម្ម មាន​ហិរញ្ញវត្ថុ មាន​ទេសចរណ៍ ឬ​សំណង់​ជាដើម។ល។ ប្រសិន​បើ​ក្នុង​ករណី​នេះ បើ​និយាយ​ពី​ផល​វិបាក​វិញ កាល​ណា​យើង​នៅ​ក្នុង​តំណែង​នាម​ជា​កូន​នាយក​រដ្ឋមន្ត្រី តំណែង​ជា​យោធា​ជា​អី​អ៊ីចឹង នៅ​ពេល​ដែល​អ្នក​ដទៃ​ចង់​រក​ស៊ី​ប្រកួត​ប្រជែង​ដូច​គ្នា គឺ​ពិបាក​នឹង​ប្រកួត​ប្រជែង​ទី​១។ ទី​២ ពិបាក​ទៅ​ដល់​មន្ត្រី​សាធារណៈ​ដែល​គាត់​ចង់​ចាប់ បង់​ពន្ធ​បង់​អី ឧទាហរណ៍​ថា​គាត់​នៅ​ក្នុង​តំណែង បើ​គាត់​ហ៊ាន​ចាប់​ផ្ដេសផ្ដាស ឲ្យ​បង់​ពន្ធ​ផ្ដេសផ្ដាស បើ​សិន​ជា​ក្រុមហ៊ុន​ហ្នឹង​មិន​បង់​ពន្ធ តែ​បើ​ក្រុមហ៊ុន​ហ្នឹង​បង់​ពន្ធ​មិន​អី​ទេ បើ​ក្រុមហ៊ុន​ហ្នឹង​អត់​បង់​ពន្ធ ហើយ​ចាប់​ផ្ដេសផ្ដាស ធ្លាក់​ពី​តំណែង អ៊ីចឹង​អា​ហ្នឹង​មាន​ការ​លំបាក។ បើ​យើង​និយាយ​ពី​និយម​ន័យ​អន្តរជាតិ បាន​ន័យ​ថា Conflict of interest បាន​ន័យ​ថា ទំនាស់​ផល​ប្រយោជន៍ ហើយ​បើ​យើង​និយាយ​ពី​និយមន័យ​អំពើ​ពុក​រលួយ​របស់​អង្គការ​តម្លាភាព​វិញ គឺ​ជា​ប្រភេទ​អំពើ​ពុក​រលួយ​ដែរ។

របាយការណ៍​នេះ​ខ្ញុំ​មើល​ទៅ​ឃើញ​វា​ទាក់ទិន​គ្នា ភាសា​អង់គ្លេស​ហៅ​ថា Correlation រវាង​របាយការណ៍​ទី​១ ដែល​និយាយ​អំពី​សែស្រឡាយ​អ្នក​លួច​ជាតិ​ហ្នឹង ២០០៧ អា​ហ្នឹង​ទាក់ទង​ទៅ​នឹង​ព្រៃ​ឈើ ទាក់ទង​នឹង​រ៉ែ ហើយ​ក្រុមហ៊ុន​មួយ​ចំនួន​បាន​ដាក់​ចូល​ក្នុង​របាយការណ៍​ហ្នឹង ហើយ​ក្រុមហ៊ុន​ហ្នឹង គឺ​វា​លេច​ឡើង​ពី​ការ​ចាត់​វិធានការ​របស់​រដ្ឋាភិបាល​ដែរ​កន្លង​មក ដូចជា​ដក​អតីត​ប្រធាន​រដ្ឋបាល​ព្រៃ​ឈើ​អី ជាដើម។ ទី​២ ដល់​ពេល​២០០៩ នេះ វា​ទាក់ទង​ទៅ​នឹង Country for sale បាន​ន័យ​ថា ប្រទេស​សម្រាប់​លក់ អា​ហ្នឹង​វា​ទាក់ទង​ទៅ​នឹង​ដី​សម្បទាន​សេដ្ឋកិច្ច ដី​សម្បទាន​រ៉ែ ដូច​បឹងកក់ បុរីកីឡា អី​នេះ។ អ៊ីចឹង​កាល​ណា​ក្រុមហ៊ុន​ឯកជន​ដែល​ជា​សែស្រឡាយ​អ្នក​មាន​អំណាច វា​មិន​មែន​តែ​នាយក​រដ្ឋមន្ត្រី​មួយ​ទេ មាន​រដ្ឋមន្ត្រី​ច្រើន​ទៀត​មាន​អ៊ីចឹង។ អ៊ីចឹង​នៅ​ពេល​ដែល​ដេញ​ថ្លៃ​អគារ​រដ្ឋ​នេះ រដ្ឋាភិបាល តុលាការ​កំពូល​ស្អីៗ​ទាំងអស់​ហ្នឹង សំណួរ​សួរ​ថា តើ​ដេញ​ថ្លៃ​យ៉ាង​ម៉េច? ពីព្រោះ​អ្នក​ជំនួញ​ចង់​បាន​ចំណេញ បើ​សិន​ជា​អត់​បង់​ពន្ធ ទិញ​ថោក គឺ​ត្រូវ​ការ​ចំណេញ​តែ​ម្ដង។ ម្នាក់​អ្នក​ស៊ីញេ ម្នាក់​អ្នក​អនុម័ត ព្រោះ​លក់​អគារ​រដ្ឋ ដោះ​ដូរ​អគារ​រដ្ឋ​ធំៗ មិន​មែន​រដ្ឋមន្ត្រី​សាមញ្ញ​សម្រេច​បាន​ទេ វា​ទាល់​តែ​នាយក​រដ្ឋមន្ត្រី។ ចុះ​បើ​ក្រុមហ៊ុន​ច្រើន​ទាក់ទង​នឹង​សែស្រឡាយ​ក្នុង​ការ​សម្រេច អា​ហ្នឹង​ហើយ​ដែល​គេ​ហៅ​ថា Abuse of power for private game បាន​ន័យ​ថា រំលោភ​អំណាច​ដើម្បី​ផល​ប្រយោជន៍​ឯកជន នៅ​ក្នុង​និយមន័យ​របស់​អង្គការ​តម្លាភាព អា​ហ្នឹង​រឿង​មួយ។

រឿង​មួយ​ទៀត មិន​ចាំបាច់​រឿង​ដេញ​ថ្លៃ​ធំៗ​ទេ ដេញ​ថ្លៃ​តូចៗ ដេញ​ថ្លៃ​ជា Consultant ទីប្រឹក្សា​ដើម្បី​ធ្វើ​កិច្ចការ​មួយៗ អា​លុយ​ជំនួយ​របស់ Development partner របស់​ដៃគូ​អភិវឌ្ឍន៍ ក៏​ក្រសួង​មួយៗ​ហ្នឹង​ព្យាយាម​បង្កើត​ក្រុមហ៊ុន (បុគ្គលិក​ក្រសួង) ដើម្បី​ទៅ​ដេញ​ថ្លៃ បើ​មិន​ហ៊ាន​ដាក់​ឈ្មោះ​ខ្លួន​ឯង ក៏​ដាក់​ឈ្មោះ​ប្អូន​ឲ្យ​មិត្តភ័ក្ដិ​អី​ទៅ​ធ្វើ​ក្រុមហ៊ុន​បួន​ប្រាំ ហើយ​ដល់​ពេល​ដេញ​ថ្លៃ​ម្ដងៗ គឺ​ក្រុមហ៊ុន​ខ្លួន​ឯង​ដដែល​ហ្នឹង​ទី​១។ មួយ​ទៀត​រឿង quotation។ កាលណា​យើង​បង្កើត​ក្រុមហ៊ុន​ហ្នឹង​វា​ទាក់ទង​រឿង​យក quot យក​មក​ប្រៀបធៀប។ ឧទាហរណ៍ quot បី​ដើម្បី​សម្រេច​យក​មួយ អា​ហ្នឹង​វា​ទាក់ទង​នឹង Conflict of interest ហើយ​នៅ​ក្នុង​និយមន័យ​នៃ​អំពើ​ពុក​រលួយ​ទំនាស់​ផល​ប្រយោជន៍​ធំ​ដុំ។

លោក យាង សុជាមេត្តា៖ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ កាល​ពី​ថ្ងៃ​ទី​៧ កក្កដា សារព័ត៌មាន​ក្នុង​ស្រុក​មួយ​បាន​ចុះ​ដក​ស្រង់​សម្ដី​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម គាត់​ឆ្លើយ​តប​នឹង​របាយការណ៍​នេះ​ថា កម្ពុជា ជា​ទីផ្សារ​សេរី អ្នក​មាន​លុយ​អាច​វិនិយោគ​តាម​គេ​ចង់ មិន​ថា​គេ​ជា​នរណា​នោះ​ទេ ទី​១។ ហើយ​ក្នុង​ហ្នឹង​ខាង​ភ្នំពេញ​ប៉ុស្តិ៍ ក៏​បាន​ដក​ស្រង់​សម្ដី​របស់​លោក ហ៊ុន តូ ដែល​លោក​ថា រឿង​រក​ស៊ី​ជា​រឿង​របស់​គេ កុំ​ឲ្យ​តែ​គេ​ធ្វើ​ខុស​ច្បាប់ កុំ​ឲ្យ​តែ​គេ​ទៅ​ប្លន់​អ្នក​ដទៃ។ ហើយ​លោក សុខ ឥសាន ឆ្លើយ​ជាមួយ​វិទ្យុ​អាស៊ីសេរី ថា បើ​អ្នក​ផ្សេង​ធ្វើ​បាន រឿង​អី​សាច់ញាតិ ឬ​កូន​ចៅ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​មិន​បាន? អ៊ីចឹង​ឧទាហរណ៍​ថា បើ​សិន​ជា​អ្វី​ដែល​គាត់​ធ្វើ​ហ្នឹង​ស្រប​ច្បាប់​ត្រឹមត្រូវ​មែន ហេតុ​អី​វា​ជា​បញ្ហា?

លោក​បណ្ឌិត កែម ឡី៖ ឧទាហរណ៍​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ រាយការណ៍​ទៅ​នាយក​រដ្ឋមន្ត្រី​ផ្ទាល់ បើ​សិន​ជា​ជាប់​សែស្រឡាយ រក​ឃើញ​ស្ថានភាព​បែប​នេះ ១០០​ភាគរយ ច្បាស់​ជា​មិន​ហ៊ាន​ទៅ​ស៊ើប​អង្កេត​ទេ បើ​សិន​ជា​ឃើញ​ក៏​មិន​ថា​ដែរ អា​ហ្នឹង​ជា​សត្យានុម័ត​ដែល​មិន​អាច​ប្រកែក​បាន។ មួយ​ទៀត បើ​ទោះ​បី​ជា​យ៉ាង​ម៉េច​ក៏ដោយ មន្ត្រី​រាជការ​ដែល​ជា​អ្នក​រក​ស៊ី​ថ្នាក់​ធំ​អ៊ីចឹង តិច ឬ​ក៏​ច្រើន មាន​អំណាច​នៅ​ក្នុង​ហ្នឹង​ហើយ។ យើង​ត្រូវ​ប្រកាស​ថា ក្រុមហ៊ុន​យើង​មាន​ប៉ុន្មាន មុន​នឹង​យើង​ចូល​ធ្វើ​ការ ក្នុង​អំឡុង​ពេល ប្រាប់​ឲ្យ​ច្បាស់។ នៅ​ពេល​ដែល​យើង​ធ្វើ​ការ​សម្រេច​ចិត្ត វា​ប៉ះពាល់​ដល់​ប្រយោជន៍​ក្រុមហ៊ុន​ហ្នឹង អា​ហ្នឹង​គឺ​រំលោភ​ក្នុង​និយមន័យ​នៃ​អំពើ​ពុក​រលួយ។ អ៊ីចឹង​យើង​ត្រូវ​ឲ្យ​ច្បាស់ បើ​មិន​អ៊ីចឹង​ទេ វា​មាន​ការ​ពាក់ព័ន្ធ។ ខ្ញុំ​ឧទាហរណ៍ គយ​មួយ​ចំនួន​ដែល​ខ្ញុំ​ឧស្សាហ៍​ជួប ច្រើន​ច្រក​ដែរ គាត់​ថា​ឡាន​ដែល​ដឹក​អីវ៉ាន់​មក ជួនកាល​ដប់​ម្ភៃ​ឡាន។ គាត់​ជា​គយ​ហ្នឹង គាត់​មិន​ហ៊ាន​ទាំង​ទៅ​ជិត​ឡាន​គេ​ផង គ្រាន់​តែ​មើល​ឡាន​គេ ហើយ​គេ​យក (លុយ) មក​បង់​ថ្លៃ​បាយ មួយ​ក្បាល​ឡាន ១០០​ដុល្លារៗ ដប់​ម្ភៃ​ឡាន​បាន​មួយ​ពាន់ ពីរ​ពាន់ យក​មក​ចែក​គ្នា​ហូប​បាយ មិន​ហ៊ាន​ទេ។ អា​ហ្នឹង​ហើយ​ដែល​យើង​ត្រូវ​តែ​ពិនិត្យ​មើល។ កាលណា​អ្នក​មាន​អំណាច​មាន​ក្រុមហ៊ុន​វា​ទាក់ទង អា​ហ្នឹង​មួយ។ មួយ​ទៀត រឿង​យោធា​ទៅ​ទៀត។ ឡាន​យោធា​ច្រើន​ណាស់ ឡាន​ដឹក​ដី​ផង ឡាន​យីឌុប​ធំៗ​ផង យើង​ឃើញ​ថា ឡាន​ដឹក​ដី​សុទ្ធតែ​ដឹក​ទំនិញ។ អ៊ីចឹង​កាលណា​នៅ​មាន​អំណាច យើង​ត្រូវ​មាន​បញ្ហា​ទាំងអស់​ហ្នឹង​កើត​ឡើង។ អា​ហ្នឹង​ជា​ឧទាហរណ៍​ខ្លីៗ​សម្រាប់​យើង​ដឹង។

បើ​ក្រុមហ៊ុន​រ៉ែ​ទៀត សំខាន់​ណាស់ ព្រោះ​អី​ភាគ​ច្រើន​យើង​មើល​កុងត្រា​ក្រុមហ៊ុន​រ៉ែ​នៅ​ក្នុង​របាយការណ៍​របស់ អូឌីស៊ី (ODC) របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ ដែល​យើង​តែង​តែ​ស្រង់​អា​ហ្នឹង ភាគ​ច្រើន​ក្រុមហ៊ុន​រ៉ែ​មាន​អាជ្ញាប័ណ្ណ​តែ​រុករក​រ៉ែ រក​ពី​កន្លែង​មួយ​អស់​ហើយ ទៅ​កន្លែង​មួយ​ទៀត ហើយ​អត់​ទាន់​មាន​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​ទេ ប៉ុន្តែ​រ៉ែ​កន្លែង​ហ្នឹង​ខ្ទេចខ្ទី​អស់​ហើយ ប៉ុន្តែ​សុទ្ធតែ​រុក​រក ហើយ​នៅ​ស្រុក​ខ្មែរ​យើង បើ​កាលណា​មាន​ក្រុមហ៊ុន​អ៊ីចឹងៗ គឺ​គេ​ដាក់​អា​ក្រុមហ៊ុន​រុក​រក​ហ្នឹង​អត់​ទាន់​បង់​ពន្ធ​ទេ បាន​រ៉ែ​ក៏ដោយ ក៏​អត់​ទាន់​បង់​ពន្ធ​ដែរ ព្រោះ​វា​ស្ថិត​នៅ​ក្នុង​ក្របខ័ណ្ឌ​រុក​រក សុំ​តែ​អាជ្ញាប័ណ្ណ​រុក​រក បង់​តែ​អាជ្ញាប័ណ្ណ​រុក​រក​ហ្នឹង នៅ​តែ​រុក​រក​រហូត ប៉ុន្តែ​រ៉ែ​យើង​វា​អស់។ អា​ហ្នឹង​ហើយ​ដែល​យើង​ថា បើ​រក​ស៊ី​ត្រឹម​ត្រូវ​មិន​អី​ទេ ចុះ​បើ​មិន​ត្រឹមត្រូវ​ទៅ​វិញ? នៅ​ពេល​នេះ​យើង​មិន​អាច​លាក់​បាំង​បាន​ទេ ដូច​ខ្ញុំ​និយាយ​ថា ទឹក​ថ្លា ពលរដ្ឋ​មើល​ឃើញ​ច្បាស់។

បើ​សិន ២០​ឆ្នាំ​មុន​យើង​អាច​ឆ្លើយ​បដិសេធ យើង​អាច​ថា​មិន​ខ្វល់ ព្រោះ​ពួក​ហ្នឹង​សុទ្ធតែ​ពួក​ផ្ដល់​ព័ត៌មាន​មិន​ពិត ប៉ុន្តែ​ពេល​នេះ ក្រុមហ៊ុន​ទាំងអស់​នេះ បើ​ក្រុមហ៊ុន​ទូរទស្សន៍​វិញ ផ្សាយ​ទូរទស្សន៍​ហើយ​ហ្នឹង ក្រុមហ៊ុន​ទឹក​សុទ្ធ ផ្សាយ​លក់​ទឹក​សុទ្ធ។ ឧទាហរណ៍​ថា យើង​ធ្វើ​ក្រុមហ៊ុន​ទឹក​សុទ្ធ នៅ​ពេល​ដែល​យើង​ឲ្យ​គេ​ប្រកួត​ប្រជែង​ដើម្បី​ផ្គត់ផ្គង់​ស្ថាប័ន​រដ្ឋ ហើយ​កូន​យើង​ទៅ​ប្រកួត​ប្រជែង​ដែរ តើ​នរណា​ដែល​បាន? ក្រុមហ៊ុន​ស្រាបៀ ឧទាហរណ៍​មាន​ក្រុមហ៊ុន​ស្រាបៀ​ឯកជន​ផ្សេង​មក​ប្រកួត​ប្រជែង ហើយ​យើង​មក​ចែក​ផ្សាយ យើង​ទៅ​កុម្ម៉ង់​ឲ្យ​ទិញ​អី​អ៊ីចឹង។ អា​ហ្នឹង​វា​ជា​ប្រព័ន្ធ​ទំនាស់​ផល​ប្រយោជន៍​ជា​ស្វ័យ​ប្រវត្តិ​តែ​ម្ដង ហើយ​ខ្ញុំ​សរសើរ​ណាស់​ដែល​គាត់​មាន​កូន ហើយ​គាត់​ពូកែៗ​រក​ស៊ី ព្រោះ​មាន​កូន​អ្នក​ធំ​ខ្លះ គ្រឿង​ញៀន​គ្រឿង​អី​អ៊ីចឹង។ គាត់​អត់​ចូល​ចិត្ត​រក​ស៊ី​ទេ។ ប៉ុន្តែ​បើ​ខ្ញុំ​វិញ បើ​សិន​ជា​មាន​កូន​មាន​ក្រុមហ៊ុន​ច្រើន​រក​ស៊ី​អ៊ីចឹង ត្រូវ​ឲ្យ​កូន​លាលែង​ពី​អំណាច​រដ្ឋ ដើម្បី​កុំ​ឲ្យ​មាន​ទំនាស់​ផល​ប្រយោជន៍។ គាត់​អាច​មាន​សិទ្ធិ​រក ហើយ​កងទ័ព​ទៀត គឺ​មិន​អាច​រក​បាន​ទៀត។ កងទ័ព មន្ត្រី​រាជការ អ្នក​ធំ​អ្នក​តូច​ក៏ដោយ គេ​ឲ្យ​យើង​សម្រាក ដើម្បី​យក​កម្លាំង​ទៅ​ធ្វើ​ការ​ថ្ងៃ​ច័ន្ទ ថ្ងៃ​អង្គារ។ ថ្ងៃ​ត្រង់ ឬ​ក៏​យប់ គេ​ឲ្យ​យើង​សម្រាក ប៉ុន្តែ​រដ្ឋ​ត្រូវ​ធានា​ឲ្យ​មាន​ប្រាក់​គ្រប់គ្រាន់។

លោក យាង សុជាមេត្តា៖ លោក​បណ្ឌិត​លើក​ឡើង​អ៊ីចឹង ចុះ​ចំណែក​លោកស្រី ហ៊ុន ម៉ាណា គាត់​អត់​មាន​តួនាទី​ក្នុង​ស្ថាប័ន​រដ្ឋ​ទេ ហើយ​លោក ហ៊ុន ម៉ាណែត ជា​យោធា​មែន ប៉ុន្តែ​នៅ​ក្នុង​របាយការណ៍ គ្លបល វីនេស (Global Witness) ហ្នឹង គាត់​មាន​ដាក់​ថា គាត់​មាន​ពាក់ព័ន្ធ​ក្រុមហ៊ុន​ទេ តែ​ប្រពន្ធ​គាត់ ទី​១។ ទី​២ លោក ហ៊ុន ម៉ានី អ៊ីចឹង​ដែរ។ គាត់​ជា​តំណាង​រាស្ត្រ ប៉ុន្តែ​ប្រពន្ធ​គាត់​មាន Share (ភាគ​ហ៊ុន) មាន​អី​ខ្លះ​ក្នុង​ក្រុមហ៊ុន។ បើ​លោកស្រី ហ៊ុន ម៉ាណា តែ​ម្ដង គាត់​មិន​មែន​ជា​អ្នក​នយោបាយ មិន​កាន់​តួនាទី​ការងារ​រដ្ឋ​ទេ?

លោក​បណ្ឌិត កែម ឡី៖ កន្លែង​នេះ​ខ្ញុំ​លើក​ទឹក​ចិត្ត! ពីព្រោះ​របាយការណ៍​នេះ​ខ្ញុំ​បាន​អាន​តាំង​ពី​របាយការណ៍​ទី​១ ទី​២ ទី​៣។ ខ្ញុំ​អាន​លម្អិត​ណាស់។ រដ្ឋ​ត្រូវ​តែ​រៀបចំ​យន្តការ​មួយ​ដើម្បី​សិក្សា​លើ​របាយការណ៍​ហ្នឹង ថា​តើ​ចំណុច​ណា​ពិត? ចំណុច​ណា​មិន​ពិត? ដើម្បី​បញ្ជាក់​ឲ្យ​ដឹង​ថា កន្លែង​នេះ​ពិត កន្លែង​នេះ​មិន​ពិត ហើយ​កូន​គាត់​ខ្លះ​នៅ​ក្នុង​រដ្ឋ ខ្លះ​អត់​នៅ​ក្នុង​រដ្ឋ​ទេ អាច​មាន​សិទ្ធិ​រក​ស៊ី​បាន។ ប៉ុន្តែ​នៅ​ក្នុង​ការ​ដេញ​ថ្លៃ នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ពាណិជ្ជកម្ម ត្រូវ​ឲ្យ​ច្បាស់​ដើម្បី​ប្រាប់​ទៅ​ដល់​ប្រជាពលរដ្ឋ។

លោក​បណ្ឌិត មាស នី៖ ខ្ញុំ​គិត​ថា ក្នុង​កាលៈទេសៈ​បែប​នេះ សូម្បី​តែ​ក្រុម​ប្រឆាំង​អំពើ​ពុក​រលួយ ក៏​មាន​តួនាទី​សំខាន់​ណាស់​សម្រាប់​ស្ដារ​កិត្តិយស​គ្រួសារ​ត្រកូល ហ៊ុន គឺ​អាច​ធ្វើ​ការ​ស៊ើប​អង្កេត ដើម្បី​បង្ហាញ​ទៅ គ្លបល វីនេស (Global Witness) វិញ​ថា តើ​នៅ​ក្នុង​ជំនួញ​ទាំងអស់​ហ្នឹង​មាន​បញ្ហា​អី​កើត​ឡើង? ប៉ុន្តែ​សំខាន់​មាន​អី​ដែល​យើង​ជឿជាក់​ថា ក្រុម​ប្រឆាំង​អំពើ​ពុក​រលួយ មាន​ឯករាជ្យ​សម្រាប់​ធ្វើ​កិច្ចការ​ហ្នឹង។

លោក យាង សុជាមេត្តា៖ តែ​ស៊ើប​អង្កេត​ទាល់​តែ​មាន​អ្នក​ប្ដឹង?

លោក​បណ្ឌិត កែម ឡី៖ មិន​ចាំបាច់​មាន​អ្នក​ប្ដឹង​ទេ។ កាលណា​មាន​ព័ត៌មាន​ដែល​ប៉ះពាល់​ទៅ​ដល់​បុគ្គលិក​រដ្ឋ យើង​ត្រូវ​តែ​ស៊ើប​អង្កេត​ហើយ ដើម្បី​លាង​ខ្លួន ដូច​មាស​សុទ្ធ​មិន​ខ្លាច​ភ្លើង។ ប៉ុន្តែ​បើ​សិន​ជា​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ចង់​ធ្វើ​ការ​ស៊ើប​អង្កេត ខ្ញុំ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ចូលរួម​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល អង្គការ​តម្លាភាព ឬ​ប្រជាពលរដ្ឋ ឬ​ពី​ក្រុម​ឯករាជ្យ​ដែល​គេ​ចង់​ចូលរួម។ ដើម្បី​យើង​បញ្ជាក់​ច្បាស់​ថា អា​ហ្នឹង​វា​ស ឬ​ខ្មៅ។ បើ​មិន​អ៊ីចឹង​ទេ វា​នៅ​ស្រពេចស្រពិល លាង​មិន​ជ្រះ​ទេ ព្រោះ​អី​ពលរដ្ឋ​គាត់​ឆ្លាត​តើ! គាត់​ចេះ​ជាង​អ្នក​នយោបាយ​ច្រើន​ណាស់។ គាត់​រៀន​ពី​គ្រប់​ជ្រុង ព្រោះ​អ្នក​នយោបាយ​គាត់​អាង​គាត់​ចេះ ហើយ​គាត់​មិន​សូវ​រៀន​ទេ។ មួយ​ទៀត ខ្ញុំ​ឧទាហរណ៍​លេង​ទេ។ ខ្ញុំ​ធ្លាប់​មើល​រឿង​កុន បុរស​ម្នាក់​គាត់​ទៅ​ហាត់​ក្បួន ស្មាន​ថា​គាត់​ស្រាត​ទៅ​គេ​មើល​អត់​ឃើញ ហាត់​ក្បួន​បំបាំង ហើយ​ចេះ​តែ​ដើរ​ស្រាត​ឲ្យ​គេ​មើល​ទៅ។ ប៉ុន្តែ​ការ​ពិត​ឥឡូវ​នេះ យើង​មិន​អាច​ចេះ​តែ​បដិសេធ មិន​អាច​ចេះ​តែ​ឆ្លើយ​តប​យ៉ាង​លឿន មិន​មើល​របាយការណ៍​ឲ្យ​គ្រប់​ជ្រុងជ្រោយ គ្រប់​ចំណុច​ទេ ពីព្រោះ​របាយការណ៍​នីមួយៗ​សុទ្ធតែ​ជា​វិទ្យាសាស្ត្រ ហើយ​ស្តង់ដារ​ទៀត។

លោក យាង សុជាមេត្តា៖ ដូច្នេះ​ឃើញ​ថា អ្វី​ដែល​ជា​បញ្ហា ដូចជា​ប្រព័ន្ធ​នៃ​ការ​ត្រួត​ពិនិត្យ ឧទាហរណ៍​ថា​មាន​បញ្ហា តើ​ស្ថាប័ន​ណា​ហ៊ាន​ចេញ​មក​ដើម្បី​ស្រាវជ្រាវ​រក​ការ​ពិត? អ៊ីចឹង​ស្ដាប់​មើល​ទៅ បញ្ហា​ហ្នឹង​គឺ​ប្រព័ន្ធ​នៃ​ការ​ត្រួត​ពិនិត្យ​ទៅ​វិញ​ទេ។ បើ​សិន​ជា​គាត់​ជា​មេ​ដឹកនាំ​ក៏ដោយ ប៉ុន្តែ​គាត់​ធ្វើ​ម៉េច​រៀបចំ​ប្រព័ន្ធ​ដ៏​ល្អ អា​ហ្នឹង​អត់​មាន​បញ្ហា​អី​ទេ?

លោក​បណ្ឌិត កែម ឡី៖ កន្លែង​នេះ​យើង​មាន​ការ​សង្ស័យ​ចំពោះ​ឧកញ៉ា​មួយ​ចំនួន ដូចជា អ៊ឹង ម៉េងជឺ ថោង សារ៉ាត់ មាន​ការ​បាញ់​សម្លាប់ បិទ​សំណុំ​រឿង​ចោល ហើយ​ឧកញ៉ា​ថ្មីៗ​ខាង​អចលនទ្រព្យ​អី​នេះ។ កាលណា​មាន​ឧក្រិដ្ឋកម្ម​ទាក់ទង​បញ្ហា​អ៊ីចឹងៗ ភាគ​ច្រើន​ទាក់ទង​នឹង​ការ​ប្រកួត​ប្រជែង។ យើង​ត្រូវ​តែ​មើល​អា​ហ្នឹង។ ខ្ញុំ​មាន​មិត្តភ័ក្ដិ​នៅ​នាយកដ្ឋាន​ទំនាក់ទំនង​ផ្នែក​ឯកជន ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ គាត់​ថា​មួយ​ថ្ងៃៗ​ឈ្មោះ​គ្នា​ដោះស្រាយ​តែ​បញ្ហា។ កាល​មុន ឪ និង​ឪ ស្រួល​ដោះស្រាយ​ទេ។ ដល់​ពេល​កូន និង​កូន​មាន​បញ្ហា​ឈ្លោះ​គ្នា ពិបាក​ដោះ ស្មុគស្មាញ។ ហើយ​មួយ​ទៀត បើ​សិន​ជា​យើង​មាន​សេចក្ដី​ក្លាហាន​មែន​ទែន យើង​លើក​ទឹក​ចិត្ត​ឲ្យ​រដ្ឋាភិបាល ឬ​បុគ្គល​ខ្លួន​ឯង បើ​សិន​ជា​របាយការណ៍​ហ្នឹង​មិន​ពិត យើង​អាច​ប្ដឹង​ទៅ​រដ្ឋាភិបាល​អង់គ្លេស ព្រោះ គ្លបល វីនេស នៅ​អង់គ្លេស។ បើ​យើង​ស្អាតស្អំ​មែន យើង​ប្ដឹង ប្ដឹង​ថា​របាយការណ៍​ហ្នឹង​មិន​ពិត មិន​ត្រឹមត្រូវ​ទេ ហើយ​រដ្ឋាភិបាល​អង់គ្លេស ត្រូវ​តែ​ហៅ​មក​សាកសួរ មក​ស៊ើប​អង្កេត​ហើយ ប៉ុន្តែ​សំណួរ​សួរ​ថា តើ​យើង​មាន​សេចក្ដី​ក្លាហាន​ហ៊ាន​ទៅ​ប្ដឹង​ទេ? បើ​មិន​ហ៊ាន​ទៅ​ប្ដឹង ខ្ញុំ​លើក​ទឹក​ចិត្ត​ឲ្យ​សិក្សា​ស៊ី​ជម្រៅ ហើយ​បកស្រាយ​ជា​លក្ខណៈ​សាធារណៈ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ គ្រប់​ទម្រង់។ ខ្ញុំ​ជឿ​ថា វា​ចំណេញ​ភ្លាម ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ហ្នឹង​ត​ទៅ​ទៀត។

ខ្ញុំ​លើក​ចំណុច​មួយ​ដែល​សំខាន់ ហើយ​យើង​ទាំងអស់​គ្នា​គួរ​ដឹង ជា​ទ្រឹស្ដី ការ​សិក្សា​ជាច្រើន​បាន​បញ្ជាក់​ថា មនុស្ស​យើង​មាន​ការ​លោភលន់។ កាលណា​យើង​ឡើង​កាន់​អំណាច យើង​កំណាញ់​ទៀត យើង​លោភលន់​ណាស់ យើង​ទ្រព្យ​សម្បត្តិ ធនធាន​ធម្មជាតិ ធនធាន​រដ្ឋ​ទាំងអស់ យើង​ចង់​តែ​យក​មក​ម្នាក់​ឯង។ អ៊ីចឹង​ដើម្បី​ធ្វើ​ម៉េច​កុំ​ឲ្យ​មនុស្ស​ហ្នឹង​លោភលន់ គឺ​ត្រូវ​ការ​ឲ្យ​មាន​តុលាការ​ឯករាជ្យ។ បើ​អ្នក​ឯង​លោភលន់​ខុស​ពី​ច្បាប់ យើង​ត្រូវ​តែ​ធ្វើ​ការ​ស៊ើប​អង្កេត​ចោទ​ប្រកាន់។ អ៊ីចឹង​ហើយ​បាន​គេ​ត្រូវ​មាន​សភា ពីព្រោះ​អ្នក​កាន់​រដ្ឋាភិបាល​ជា​អ្នក​សម្រេច អ្នក​រក​ស៊ី គេ​ឲ្យ​មាន​សភា​ដើម្បី​តាម​ដាន​រដ្ឋាភិបាល​ដើម្បី​ទប់ស្កាត់​ភាព​លោភលន់​របស់​មនុស្ស​ហ្នឹង។ គេ​ត្រូវ​មាន​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ ត្រូវ​ប្រកាស​ទ្រព្យ​សម្បត្តិ​ជា​ចំហ ជា​លក្ខណៈ​គ្រួសារ ហើយ​មាន​ការ​ស៊ើប​អង្កេត បើ​សិន​ទ្រព្យ​សម្បត្តិ​កើន​ខុស​ពី​ធម្មតា ដើម្បី​ទប់ស្កាត់​មនុស្ស​ដែល​លោភលន់។ ភាគ​ច្រើន​មនុស្ស​ណា​ដូច​មនុស្ស​ណា​ដែរ លោភលន់ ប៉ុន្តែ​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​លោភលន់ ឲ្យ​មាន​តម្លាភាព ទាល់​តែ​មាន​យន្តការ​តុល្យភាព​អំណាច ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មនុស្ស​លោភលន់។ បើ​មិន​អ៊ីចឹង​ទេ នៅ​ពេល​មនុស្ស​មាន​អំណាច​កាន់​តែ​ខ្លាំង គឺ​នឹង​យក​អំណាច​ហ្នឹង​មក​ធ្វើ​ជា​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ឯង​គ្រប់ៗ​គ្នា​ហ្នឹង។

យើង​ឃើញ​មេ​ដឹកនាំ​មួយ​ចំនួន​នៅ​អារ៉ាប់ មួយ​ចំនួន​នៅ​អាស៊ី ក៏​អ៊ីចឹង​ដែរ។ អ៊ីចឹង​ហើយ​បាន​ចិន វៀតណាម អី​មិន​មាន​នរណា​ឈរ​លើ​ច្បាប់​ទេ។ កាលណា​ពុក​រលួយ ដូច ប៉ូស៊ីឡាយ អី ជាប់​ពន្ធនាគារ​តែ​ម្ដង ហើយ​រដ្ឋមន្ត្រី​នៅ​វៀតណាម អី​ជាប់​ពន្ធនាគារ​តែ​ម្ដង។ គេ​មិន​ចង់​ឲ្យ​ប្រព័ន្ធ​មួយ​ខូច​ដោយសារ​អ្នក​មាន​អំណាច​នោះ​ទេ។ កន្លែង​នេះ​ដែល​អង្គការ API តែង​តែ​ទាមទារ​ឲ្យ​មាន​ច្បាប់​ស្ដី​អំពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ពីព្រោះ​រដ្ឋ​មួយ នាយក​រដ្ឋមន្ត្រី ប្រធានាធិបតី​ដែល​ចង់​ឲ្យ​មាន​តម្លាភាព ហើយ​ចង់​ឲ្យ​ស្រួល​ខ្លួន ខ្លួន​មិន​សូវ​មាន​បញ្ហា ធ្វើ​ម៉េច​លើក​ទឹក​ចិត្ត​ពលរដ្ឋ​ឲ្យ​សកម្ម ធ្វើ​ម៉េច​ឲ្យ​គាត់​អាច​ទទួល​ព័ត៌មាន​បាន។ មាន​ក្រុមហ៊ុន​ប៉ុន្មាន មាន​វិនិយោគ​ប៉ុន្មាន ធ្វើ​ម៉េច​ឲ្យ​គាត់​ដឹង​គ្រប់​ជ្រុង​ជ្រោយ ដើម្បី​ឲ្យ​មាន​តម្លាភាព។ កាលណា​កើន​ទ្រព្យ​សម្បត្តិ​បន្តិច សង្ស័យ​បន្តិច ប្រជាជន​អាច​ប្ដឹង​បាន​ហើយ។ អ៊ីចឹង​បើ​រដ្ឋាភិបាល ឬ​អ្នក​ដឹកនាំ​ឆ្លាត ធ្វើ​ម៉េច​ឲ្យ​ពលរដ្ឋ​មាន​ការ​ចូលរួម​យ៉ាង​សកម្ម។ អា​ហ្នឹង​គឺ​ជួយ​កែប្រែ​ស្រុក​ទេស​យើង​បាន កាត់​បន្ថយ​អំពើ​ពុក​រលួយ កាត់​បន្ថយ​ការ​លោភលន់ កាត់​បន្ថយ​ការ​រំលោភ​អំណាច​បន្ត​ទៅ​ទៀត។

អ្នក​ហៅ​ចូល​ឈ្មោះ ទ្រី ម៉ៅ ពី​ភ្នំពេញ៖ តើ​ការ​ចេញ​របាយការណ៍​របស់ គ្លបល វីនេស នេះ គឺ​ដើម្បី​ធ្វើ​ឲ្យ​បរិយាកាស​នយោបាយ​ពុល ហើយ​មាន​បំណង​ធ្វើ​ឲ្យ​ពលរដ្ឋ​ខឹង ហើយ​ស្អប់​រដ្ឋាភិបាល ហើយ​ជា​ចេតនា​ជួយ​ឃោសនា​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ អាច​ជាប់​ឆ្នោត​នៅ​ឆ្នាំ​ក្រោយៗ​ទេ? ហើយ​របាយការណ៍​នេះ​ដែរ អាច​ជា​សន្លឹក​បៀ​មួយ​ដើម្បី​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ហេតុផល​ដើម្បី​ចរចា​ជាមួយ​រដ្ឋាភិបាល​ឬ​ទេ? សំណួរ​ទី​៣ ខ្ញុំ​ចេះ​តែ​ឆ្ងល់​ថា ភាគ​ច្រើន​នៃ​ការ​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី គាត់​ច្រើន​តែ​វាយ​ប្រហារ​មក​លើ​រដ្ឋាភិបាល ហើយ​ការពារ​សង្គម​ស៊ីវិល ឬ​បក្ស​ប្រឆាំង...

លោក​បណ្ឌិត កែម ឡី៖ សំណួរ​ល្អ! របាយការណ៍​របៀប​នេះ បើ​សិន​ជា​រដ្ឋាភិបាល​មិន​មាន​ការ​ឆ្លើយ​តប​សមស្រប អាច​ជា​សន្លឹក​បៀ​ដែល​គណបក្ស​ប្រឆាំង​អាច​ទទួល​បាន​ប្រជាប្រិយភាព។ ប៉ុន្តែ​បើ​សិន​ជា​រដ្ឋាភិបាល​សិក្សា​ស្រាវជ្រាវ កែ​តម្រូវ​កុំ​ឲ្យ​មាន​ទំនាស់​ផល​ប្រយោជន៍ នោះ​វា​ជា​សន្លឹក​បៀ​របស់​គណបក្ស​កាន់​អំណាច។ កាលណា​កែ​ឲ្យ​ស្ថាប័ន​ហ្នឹង​ល្អ អត់​មាន​អំពើ​ពុក​រលួយ អត់​មាន​ទំនាស់​ផល​ប្រយោជន៍ ហើយ​ច្បាស់លាស់ នរណា​រក​ស៊ី​ដឹង​រក​ស៊ី។ នរណា​ធ្វើ​ការ​ដឹង​ធ្វើ​ការ។ នោះ​រដ្ឋាភិបាល​ចំណេញ​ប្រជាប្រិយភាព។ អា​ហ្នឹង​ត្រូវ​តែ​ទទួល​ស្គាល់។ ដូច​ទំនាស់​ដីធ្លី​អ៊ីចឹង បើ​សិន​យើង​ទុក​ឲ្យ​រ៉ាំរ៉ៃ វា​ចំណេញ​ដល់​បក្ស​ប្រឆាំង តែ​បើ​យើង​ព្យាយាម​ដោះស្រាយ ប្រជាជន​សប្បាយ​ចិត្ត ចំណេញ​ដល់​គណបក្ស​កាន់​អំណាច ហើយ​គណបក្ស​កាន់​អំណាច​ទទួល​បាន​ដំណោះស្រាយ​ជូន​ពលរដ្ឋ ទទួល​ប្រិយភាព​ពី​ពលរដ្ឋ។ អា​ហ្នឹង​ហើយ​គឺ​ជា​ការ​ប្រកួត​ប្រជែង​ខាង​ផ្នែក​នយោបាយ។

មួយ​ទៀត បើ​សិន​យល់​ថា វិទ្យុ​អាស៊ីសេរី វីអូអេ អី​លម្អៀង ខ្ញុំ​សំណូមពរ​ដែរ រដ្ឋាភិបាល អ្នក​ជំនាញៗ អ្នក​ខ្លាំងៗ​ហ្នឹង​មក​ឆ្លើយ ឬ​អញ្ជើញ NGO ដែល​ធ្លាប់​ឆ្លើយ​អ៊ីចឹង​ទៅ​ទូរទស្សន៍ ហើយ​យើង​សួរ​ដេញដោល​អ៊ីចឹង​ដូច​គ្នា​ទៅ អញ្ជើញ​បក្ស​ប្រឆាំង​ទៅ​ទូរទស្សន៍​ម្នាក់​ឯង គាប​ពីរ​នាក់ ហើយ​សួរ​ដេញដោល​ទៅ វា​ចំណេញ ព្រោះ​វា​បាន​ព័ត៌មាន​ទៅ​ដល់​ពលរដ្ឋ ប៉ុន្តែ​យើង​មិន​សូវ​ចូលរួម​ប្រកួត​ទេ​មើល​ទៅ! កាល​ពី​២០០៧ ចេញ​ម្ដង បោះឆ្នោត​២០០៨ បោះឆ្នោត​ហើយ ២០០៨ ក៏​ចេញ​ដែរ ២០០៩ Country for sale។ ហើយ​មួយ​ទៀត ចេញ​ពេល​នេះ​មិន​មែន​ជិត​បោះ​ឆ្នោត​ទេ នៅ​សល់ ២​ឆ្នាំ​ទៀត​ឯណោះ។ អ៊ីចឹង​ខ្ញុំ​គិត​ថា របាយការណ៍​នេះ គោល​បំណង​ជួយ​រដ្ឋាភិបាល​សម្បើម​ណាស់ នៅ​ពេល​ដែល​រដ្ឋាភិបាល​សិក្សា​ហើយ​យក​ទៅ​ឆ្លើយ​តប តាំង​ពី​របាយការណ៍​លើក​ទី​១ ឯណោះ ឆ្នាំ​២០០៧។ ខ្ញុំ​ឧទាហរណ៍​មួយ​ទៀត​ថា អាវ​យើង​រហែក ហើយ​គេ​ប្រាប់​ថា អាវ​រហែក​ហើយ យើង​មិន​ព្រម​ដេរ ចេះ​តែ​ពាក់​ទៅ មនុស្ស​នៅ​ក្នុង​ផ្សារ​ហ្នឹង​ឃើញ​រហូត​ទៅ។ ប៉ុន្តែ​បើ​យើង​ដេរ​ឲ្យ​ជិត ដើរ​ទៅ​គេ​លែង​ឃើញ​ហើយ។ អ៊ីចឹង​ចំណេញ ឬ​ខាត? ដោយសារ​តែ​យើង​មិន​ចង់​កែប្រែ​ប៉ុណ្ណឹង​ទេ។

លោក យាង សុជាមេត្តា៖ ប៉ុន្មាន​ថ្ងៃ​មុន​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើក​ឡើង​ថា នរណា​ក៏ដោយ​ឲ្យ​តែ​ធ្វើ​ឲ្យ​គ្រួសារ​គាត់​មិន​បាន​សុខ គាត់​មិន​ឲ្យ​អ្នក​ហ្នុង​សុខ​ដូច​គ្នា?

លោក​បណ្ឌិត កែម ឡី៖ ប៉ុន្តែ​រឿង​នេះ បើ​ចង់​ប្ដឹង ទាល់​តែ​ប្ដឹង​ក្រសួង​ពាណិជ្ជកម្ម ពីព្រោះ​អា​នេះ​គាត់​យក​ចេញ​ពី​ការ​ចុះ​បញ្ជី​សាជីវកម្ម​របស់​ក្រសួង​ពាណិជ្ជកម្ម ហ្នឹង អា​អត់​ចុះ​បញ្ជី​ផ្សេងៗ​ទៀត គាត់​មិន​ដាក់​ចូល​ផង...

សំណួរ​អ្នក​ស្ដាប់​ឈ្មោះ ផានី៖ រឿង​មុខ​របរ​ជំនួញ​របស់​គ្រួសារ​អ្នក​ដឹកនាំ​ស្រុក​ខ្មែរ​យើង ប្រជាជន​ស្រុក​ស្រែ​ស្រុក​ចម្ការ​ក៏​គេ​ដឹង​ដែរ គ្រាន់​តែ​គ្នា​មិន​ចេះ​និយាយ។ គេ​ដឹង កុំ​ប្រកែក​ថា​មិន​ពិត។ អរគុណ គ្លបល វីនេស ដែល​ចេញ​របាយការណ៍​ហ្នឹង​មក បើ​ឲ្យ​ខ្ញុំ​និយាយ ក៏​មិន​ដឹង​ក្បាល​កន្ទុយ​ឯ​ណា​ដែរ។ ប្រជាជន​នៅ​ខេត្ត​ឧត្តរមានជ័យ ផ្លូវ​ជាតិ​លេខ​៥ នរណា​ក៏​ដឹង​ថា​ឡាន​ដែល​ដឹក​គោ​ធំៗ វែងៗ ស៊ីផ្លេ​ខ្លាំងៗ បើក​លឿនៗ ទាំង​ខ្ញុំ​ទាំង​គេ ឲ្យ​តែ​ឃើញ​ឡាន​ហ្នឹង​ឈប់​ហើយ អត់​ហ៊ាន​ទៅ​ក្បែរ​ទេ ព្រោះ​គេ​ប្រាប់​ថា ឡាន​ហ្នឹង​សុខ​ចិត្ត​បុក​មនុស្ស​ឲ្យ​ងាប់ គេ​មិន​ឲ្យ​ងាប់​គោ​គេ​ទេ ព្រោះ​សែ​គេ​ធំ​ណាស់ ដល់​អ៊ីចឹង​ប្រជាជន​ម្នាក់ៗ​នរណា​ក៏​ខ្លាច​ឡាន​ដឹក​គោ​ហ្នុង​ដែរ។ នេះ​ជា​ឧទាហរណ៍។ ខ្ញុំ​មាន​សំណួរ​មួយ​ថា តើ​លោក​វាគ្មិន​ទាំង​ពីរ​ថា តើ​មុន​នឹង​មាន​របាយការណ៍​ហ្នឹង​ចេញ​មក លោក​ដែល​ទទួល​បាន​ព័ត៌មាន​ពី​ការ​រក​ស៊ី​របស់​គ្រួសារ​អ្នក​ដឹកនាំ​ខ្មែរ​ហ្នឹង​ទេ? ឬ​ក្រោយ​ចេញ​របាយការណ៍​ហ្នឹង​ហើយ​បាន​យើង​និយាយ គេ​ចោទ​ថា​យើង​នាំ​គ្នា​បន្ទរ?

លោក​បណ្ឌិត កែម ឡី៖ តាម​ពិត​យើង​តាមដាន​សកម្មភាព។ យើង​តាមដាន​ស្ថានការណ៍​សង្គម​រាល់​ថ្ងៃ។ មិន​មាន​អី​លាក់​កំបាំង​ទេ រឿង​ហាង សូម្បី​ភោជនដ្ឋាន​ដែល​ខ្ញុំ​ទៅ​ហូប​រាល់​ថ្ងៃ ខ្ញុំ​សួរ​ថា ឥឡូវ​លក់​ដាច់​ទេ​ស្រាបៀ នៅ​ពេល​ដែល​គេ​ចាប់​ហើយ​ពិន័យ​ឲ្យ​កក់​លុយ ១​ពាន់​ដុល្លារ​អី​អ៊ីចឹង? គាត់​ថា តាំង​ពី​ចាប់​ផ្ដើម​ធ្វើ​អ៊ីចឹង​មក លក់​លែង​ដាច់​ហើយ។ ចុះ​បើ​លក់​លែង​ដាច់​ធ្វើ​ម៉េច? គាត់​ថា ទេ! តែ​នេះ​គាត់​ដោះស្រាយ​លែង​ផាក​អា​ផ្លុំ​អាល់កុល​ហ្នឹង​ហើយ។ អ៊ីចឹង​នៅ​ពេល​ដែល​យើង​ចាប់​ផ្ដើម​អនុវត្ត​ច្បាប់ ហើយ​រក​ស៊ី​ផង ទំនាស់​ផល​ប្រយោជន៍​ចេញ​មក​តែ​ម្ដង អា​ហ្នឹង​ហើយ​ដែល​សង្គម​យើង​ធ្វើ​ឲ្យ​ទន់​ទៅៗ។ ខ្ញុំ​មើល​ឃើញ​ថា មិន​ចាំ​បាច់​តែ​ខ្ញុំ​អ្នក​តាមដាន​ស្ថានការណ៍​សង្គម​ទេ មន្ត្រី​រាជការ ទាហាន ពលរដ្ឋ​ហ្នឹង​មើល​ឃើញ​រាល់​ថ្ងៃ។ ហើយ​ក្រុមហ៊ុន​ទាំងអស់​នេះ​នៅ​លើ​គោក ដើរ​តាម​ថ្នល់​ក៏​ឃើញ​ដែរ៕

វេទិកាអ្នកស្ដាប់៖ តើ​សែស្រឡាយ​មេដឹកនាំ​មាន​សិទ្ធិ​ធ្វើ​ជំនួញ​ឬ​ទេ?

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

សេងជរ

ពី តាខ្មៅ

យើងជាប្រជាពលរដ្ឋខ្មែរមានសំណាងណាស់ដែលមានអ្នកវិភាគនរយោបាយហ៊ានរិះគន់ចំៗ ស៊ូលះបង់ជីវិតខ្លួន ។ ហើយយើងក៏មានសំណាងខ្លះដែរ ដែលមានប្រព័ន្ធផ្សព្វផ្សាយពត៌មានឯករាជ្យដូចជាវិទ្យុអាស៊ីសេរីខ្មែរដូច្នេះ។

Jul 11, 2016 08:40 PM

អ្នក​អាន​អនាមិក

9th July 2016 is the last voice of Mr.Kem Ley. Cambodian people lost another HERO. RIP Mr.Kem Ley 10th July 2016.

Jul 10, 2016 10:29 AM

អ្នក​អាន​អនាមិក

People already pissed off at the CPP long before Global Witness reports. People have been living under this corrupt and abusive government for over 30 years. Do you think they are happy? Every time people point out the government flaws, the CPP turn around throw and people in jail as we seen the last few months.

Jul 09, 2016 11:48 AM

អ្នក​អាន​អនាមិក

There is no law forbids anyone of having business as long as it operates within the law in an honest manner. The Hun family and associates always operate outside the law. I know this and many people know this.

The Hun family thinks they have power so they do whatever they wanted. They are arrogant piece of crap!!

Jul 09, 2016 11:07 AM

ភវវរ្ម័ន

ពី បាវិត ស្វាយ​រៀង

សាធារណជន​ ជាតិនិងអន្ដរជាតិ​ស្គាល់​​ច្បាស់​ណាស់​ថា​អង្គការ​​ឃ្លាំ​មើល​ពិភពលោក គ្លបល វីនេស (Global Witness)ជា​​អង្គការ​ឯករាជ្យ​មិន​មែន​ជា​បក្ស​នយោបាយ​មិន​មែន​ជា​ស្ថាប័ន បម្រើ​ឲ្យ​បក្ស​នយោបាយណា​១ ឡើយ ។ គ្លបល វីនេស​ ធ្វើ​កិច្ចការ​ជាច្រើន​​ដើម្បី​រក្សា​បរិស្ថាន​ពិភព​លោក​ ប្រឆាំង​ការ​​​បង្ក​វិនាស​កម្ម​ផ្សេង​ៗ ប្រឆាំង​អំពើ ​អយុត្តិធម៌​សង្គម​សេដ្ឋកិច្ច​ ការ​បំពាន​សិទ្ធិមនុស្ស ​។ ​អង្គការ​ឃ្លាំ​មើល​ពិភពលោក គ្លបល វីនេស (Global Witness) បាន​រក​ឃើញ​សកម្មភាព​បង្ក​វិនាស​កម្ម​ព្រៃ​ឈើ​នៅ កម្ពុជា​មុនពេលដែល​​ព្រៃ​ឡង់​ត្រូវ​វិនាស​ និង​ព្រៃ​ឈើ​ប្រទេស​កម្ពុជា​នៅសល់​ច្រើន​ជាង​បច្ចុប្បន្ន តែរដ្ឋាភិបាល​ហ៊ុនសែនបែរ​ជា​​បណ្ដេញអង្គការ​​គ្លបល វីនេស​ចេញ​ពី​ប្រទេសកម្ពុជា គឺ​ឆ្លើយតប​ដោយប្រទូសរ៉ាយ ចោទ​ គ្លបល វីនេស​ ថា​ធ្វើ​របាយការណ៍​មិន​ពិត​ មាន​ចេតនា​មួល​បង្កាច់​​រដ្ឋាភិបាលហ៊ុនសែន​​​​ ។ ពេលនេះ​​ព្រៃ​ឈើ​ប្រទេស​កម្ពុជា​វិនាស​ហិនហោច​អស់​ អ្នកការ​ពារ​បរិស្ថាន​សកម្មជន​ការពារ​ព្រៃ​ឈើ​ត្រូវ​គេបាញ់សម្លាប់ ចាប់ដាក់គុក ...នេះឬរបាយការណ៍មិនពិត​មួល​បង្កាច់ តើ​នេះ​ជា​​របប​​នៃ​ការគ្រប់គ្រង​​ដោយស្ថាប័ន​ជាតិ១​​ ឬជា​ការគ្រប់គ្រង​ដោយ​​បក្ខពួក​ចោរប្លន់ជាតិមាតុភូមិខ្មែរ​???​

Jul 09, 2016 04:01 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល