គណបក្ស​សញ្ជាតិ​កម្ពុជា

មាន​បាវចនា សញ្ជាតិ សាសនា អធិបតេយ្យ មាន​សញ្ញា ព្រះអាទិត្យ និង​ព្រះចន្ទ​ជួប​គ្នា។

អត្ថន័យ​នៃ​សញ្ញា​សំគាល់ គណបក្ស សញ្ជាតិ​កម្ពុជា៖

១. ព្រះអាទិត្យ និង​ព្រះចន្ទ​ជួប​គ្នា​តំណាង​ឱ្យ​ការ​រួបរួម​គ្រប់​ស្រទាប់​ប្រជារាស្ត្រ​ រស់នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​មិន ប្រកាន់​រើសអើង​និន្នាការ​នយោបាយ ជំនឿ សាសនា និង​ជាតិ​សាសន៍ ឱ្យ​តែ​អ្នក​ទាំងនោះ​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ច្បាប់ សញ្ជាតិ និង​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

២. ព្រះអាទិត្យ​ពណ៌​មាស និង​ព្រះចន្ទ​ពណ៌​ប្រាក់​តំណាង​ឱ្យ​លទ្ធិប្រជាធិបតេយ្យ សន្តិភាព និង​សហប្រតិបត្តិការ​របស់​សញ្ជាតិ​ខ្មែរ​គ្រប់​រូប​ដើម្បី​ការ​អភិវឌ្ឍ និង​ភាព​ថ្កុំថ្កើង​រុងរឿង។

គណបក្ស សញ្ជាតិ​កម្ពុជា មាន​គោលនយោបាយ៧ខ៖

១. ការ​បង្រួប​បង្រួម​ផ្សះផ្សា ​និង​ឯកភាព​ជាតិ។

២. ការពារ​អធិបតេយ្យភាព បូរណភាព​ទឹក​ដី។

៣. ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ។

៤. គោលការណ៍​វប្បធម៌​នីតិរដ្ឋ។

៥. ការ​អភិវឌ្ឍ​សេដ្ឋកិច្ច។

៦. គោលការណ៍​វប្បធម៌​សន្តិភាព សន្តិសុខ សុវត្ថិភាព​សង្គម។

៧. ការពារ​វប្បធម៌ និង​បរិស្ថាន​ធម្មជាតិ។

ដើម្បី​ជា​អត្ថប្រយោជន៍​ប្រទេស​ជាតិ គណបក្ស សញ្ជាតិ​កម្ពុជា ជានិច្ចកាល​បាន​ប្រកាន់​នូវ​ជំហរ​នយោបាយ​មិន​ងាក​រេ៣ខ៖

១. ត្រូវ​ប្រកាន់​ជំហរ​បង្រួប​បង្រួម ផ្សះផ្សា ឯកភាព​ជាតិ គោរព​សេរីភាព​សាសនា ដោយ​មិន​រើសអើង​ជំនឿ​សាសនា មិន​ប្រកាន់​និន្នាការ​នយោបាយ ជាតិ​សាសន៍ ឱ្យ​តែ​អ្នក​ទាំង​នោះ​ត្រូវ​បាន​ទទួល​ស្គាល់ ដោយ​ច្បាប់​សញ្ជាតិ និង​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

២. មិន​គិត​ពី​អតីត​កាល គិត​តែ​ពី​បច្ចុប្បន្ន និង​អនាគត យក​អតីត​កាល​ជា​បទពិសោធន៍ ទោះបី​អ្នក​ទាំង​អស់​នោះ​មាន​បាត​ដៃ​ប្រឡាក់​ឈាម ឬ​បាន​ប្រព្រឹត្ត​អំពើ​បែប​ណា​ក៏​ដោយ​ពី​អតីត​កាល មិន​រឹប​អូស​យក​ទ្រព្យសម្បត្តិ​បុគ្គល​ដែល​មាន​បាន​ក្នុង​អតីត​កាល ទោះបី​ទ្រព្យសម្បត្តិ​ទាំង​នោះ​មាន​ប្រភព​ពី​ណា​ក៏​ដោយ ដោះស្រាយ​បញ្ហា​តាម​សន្តិវិធី គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ លុប​ចោល​ទោស​ប្រហារ​ជីវិត ពង្រឹង​វប្បធម៌​នីតិរដ្ឋ។

៣. ជំរុញ និង​លើក​កម្ពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ និង​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ ហើយ​បាន​ចាត់​ទុក​ភាព​ក្រីក្រ​ជា​សត្រូវ ចំពោះ​មុខ​ដែល​ត្រូវ​តែ​ដោះស្រាយ​ជា​បន្ទាន់។ ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​ការពារ រួម​សុខ​រួម​ទុក្ខ ស្និទ្ធ​ស្នាល ស្រោច​ស្រង់ បម្រើ និង​ឧបត្ថម្ភ​ប្រជារាស្ត្រ។