គោលនយោបាយ ៩ខ៖
១. ការបង្រួបបង្រួម និងផ្សះផ្សាជាតិ (ចៀសវាងសង្គ្រាមសម្លាប់ខ្មែរ និងខ្មែរ ដែលនាំឱ្យដល់បរទេសឈ្លានពាន)។
២. ការពារសិទ្ធិ និងលទ្ធិប្រជាធិបតេយ្យ (ខ្មែរគ្រប់រូប ទាំងខ្មែរលើ និងខ្មែរក្រោម និងខ្មែរកណ្ដាល ត្រូវធានាសិទ្ធិស្មើគ្នាស្របតាមច្បាប់ ដោយឈរលើមតិរាស្ត្រជាធំ)។
៣. ការពារអធិបតេយ្យភាព បូរណភាពទឹកដី (ប្រឆាំងដាច់ខាតការទន្ទ្រានលេបទឹកដីទាំងថ្មី ទាំងចាស់ពីបរទេស)។
៤. ដោះស្រាយបញ្ហាជនអន្តោប្រវេសន្ត (សព្វថ្ងៃយួននៅខុសច្បាប់រាប់លាននាក់ ដណ្ដើមការងារខ្មែរ)។
៥. កម្ចាត់អំពើពុករលួយ (ការកេងប្រវ័ញ្ចគ្រប់រូបភាពពីជនផ្ដាច់ការលើប្រជារាស្ត្រ និងប្រជាជាតិ ត្រូវតែកម្ចាត់)។
៦. ត្រូវឱ្យមានយុត្តិធម៌សង្គម (ប្រពៃណីអយុត្តិធម៌ត្រូវតែកម្ចាត់)។
៧. ការពារវប្បធម៌ និងបរិស្ថានធម្មជាតិ (ការបំផ្លិចបំផ្លាញទាំងឡាយ ត្រូវតែបញ្ឈប់)។
៨. គោលការណ៍រៀបចំដីធ្លី (គណបក្សចលនាប្រជាធិបតេយ្យនឹងស្រោចស្រង់ បម្រើ និងឧបត្ថម្ភលើផលប្រយោជន៍ជីវភាពរស់នៅ ទ្រព្យសម្បត្តិ និងកម្មសិទ្ធិ ដូចជាដីធ្លី និងសិទ្ធិរស់នៅរបស់ប្រជារាស្ត្រ)។
៩. កំណែទម្រង់រដ្ឋបាលសាធារណៈ និងការធានាអោយអព្យាក្រឹតភាព (ប្រព័ន្ធរដ្ឋបាលសព្វថ្ងៃគ្មានគោលការណ៍ច្បាស់លាស់ បង្កការលំបាកដល់ប្រជារាស្ត្រតូចតាច និងវិនិយោគទុនសុចរិត ពោលគឺប្រព័ន្ធរដ្ឋបាលនេះ ប្រព្រឹត្តអំពើពុករលួយ និងអសមត្ថភាព)។
គោលនយោបាយជាយុទ្ធសាស្ត្រជាអាទិភាព ៥ ចំណុចរបស់គណបក្ស៖
១. គាំទ្ររបបរាជានិយមគ្រប់កាលៈទេសៈ ព្រោះរបបរាជានិយមជាបង្គោលចារិកយ៉ាងរឹងមាំ និងមានកិត្យានុភាពគ្របដណ្ដប់ក្នុងតំបន់ និងសកលលោក។
២. បញ្ហាជនអន្តោប្រវេសន្តខុសច្បាប់ ដែលជាដើមហេតុធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គម ប្រពៃណី ការងារ ប្រជារាស្ត្រ និងឈានទៅដល់ការបាត់បង់ប្រទេសជាតិ ដូច្នេះត្រូវដោះស្រាយតាមច្បាប់ជាមូលដ្ឋាន។
៣. ដោះស្រាយបញ្ហាជម្លោះព្រំដែន ដោយទាមទារដីខ្មែរ ដែលបាត់បង់ទាំងចាស់ ទាំងថ្មីមកវិញ។
៤. កម្ចាត់ជនផ្ដាច់ការ ជនពុករលួយ និងអយុត្តិធម៌សង្គម អោយមានប្រសិទ្ធភាពតាមផ្លូវច្បាប់។
៥. លើកស្ទួយជីវភាពប្រជារាស្ត្រ ជាកាតព្វកិច្ចចាំបាច់ ធ្វើយ៉ាងណាអោយប្រជារាស្ត្រខ្មែរ មានជីវភាពធូរធារ ទទួលបាននូវការថែរក្សាសុខភាពពេញលេញ ការអប់រំត្រូវតែយកចិត្តទុកដាក់អោយបានកម្រិតខ្ពស់ និងវិស័យកសាងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានជនបទ ជាអាទិភាព៕
