គណបក្ស​ខ្មែរ​ឈប់​ក្រ

គណបក្ស​ខ្មែរ​ឈប់​ក្រ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី ៤ ខែ​កក្កដា ឆ្នាំ២០០៧ ហើយ​បាន​ទទួល​សច្ចានុមតិ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃ​ទី ៥ ខែ​តុលា ឆ្នាំ​២០០៧។ បេក្ខជន​នាយករដ្ឋមន្ត្រី​នៃ​គណបក្ស​នេះ​គឺ លោក ក្រវ៉ាញ ដារ៉ន។

មូលដ្ឋាន​នៃ​គោលនយោបាយ៖

គោលការណ៍​កំពូល​នៃ​គណបក្ស​គឺ​បំបាត់​ភាព​ក្រីក្រ និង កសាង​ឡើង​វិញ​នូវ​ភ័ព្វវាសនា​ដ៏​ត្រឹម​ត្រូវ​ជូន​កម្ពុជា រួម​ទាំង​នាំ​មក​នូវ​ជីវិត​ថ្លៃថ្នូរ សុវត្ថិភាព យុត្តិធម៌ សន្តិភាព សមភាព និង​សិទ្ធិ​សេរីភាព ជូន​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប។ រាល់​កិច្ចការ​នឹង​ត្រូវ​បាន​អនុវត្ត​ដើម្បី​នាំ​ឱ្យ​យើង​ឈាន​ទៅ​ដល់​ទិសដៅ​ នោះ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។

ឥទ្ធិពល​នៃ​ភាព​ទុគ៌ត​កំពុង​យាយី​បំផ្លាញ​ជីវិត​មនុស្ស​នៅ​កម្ពុជា ដែល​គ្មាន​នរណា​អាច​ប្រកែក​បាន​ឡើយ។ ធនាគារ​អភិវឌ្ឍន៍​អាស៊ី កំពុង​តែ​រាយការណ៍​ថា ភាព​ក្រីក្រ​នៅ​តែ​បន្ត​ជា​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​នៅ​អាស៊ី។ ចន្លោះ​រវាង​អ្នកមាន និង​អ្នកក្រ​កាន់​តែ​រីក​ធំ​ទៅៗ គឺ​ជា​ភាព​អយុត្តិធម៌ និង​ជា​ការ​គំរាម​កំហែង​ដល់​ថិរភាព​សង្គម។

យើង​ដឹង​ហើយ​ថា ភាព​ក្រីក្រ​គឺ​ជា​ឫសកែវ​នៃ​បញ្ហា​សេដ្ឋកិច្ច​ក្នុង​សង្គម។ យើង​ក៏​ដឹង​ផង​ដែរ​នូវ​វិធី​សង្គ្រោះ​ពលរដ្ឋ​ឱ្យ​ចេញ​រួច​ពី​ភព​ក្រីក្រ​ នេះ។ យើង​គោរព​ពលរដ្ឋ​ក្រីក្រ​នូវ​ស្មារតី​ប្រឹងប្រែង​តស៊ូ ឆ្លាស់​ឆ្លៀត និង​ភាព​មោះមុត​ស្វិតស្វាញ​ចំពោះ​ការងារ​លំបាក​គ្រប់​បែប​យ៉ាង។ ដូច្នេះ យើង​នឹង​ប្រើ​គ្រប់​វិធានការណ៍​ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ក្រីក្រ​ទាំង​នោះ ឱ្យ​លោក​អាច​មាន​សមត្ថភាព​ឧបត្ថម្ភ​ក្រុម​គ្រួសារ​បាន ហើយ​អាច​រួម ចំណែក​នូវ​ចំណេះដឹង​និង​ទេពកោសល្យ​របស់​លោក​ជាមួយ​នឹង​សង្គម​វិញ។

គម្រោង​ប្រព្រឹត្តិកម្ម​ជា​ច្រើន​នៅ​ក្នុង​គោលនយោបាយ​នេះ គឺ​បាន​មក​ពី​ការ​ស្រាវជ្រាវ និង​អនុសាសន៍​ដែល​បាន​ផ្ដល់​ដោយ​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​​ដែល​ កំពុង​ប្រតិបត្តិការ​នៅ​កម្ពុជា។ ឯកសារ​នេះ​មាន​រួម​បញ្ចូល​នូវ​គំនិត​មួយ​ចំនួន​ដែល​ប្រធានាធិបតី​ សហរដ្ឋអាមេរិក លោក លីនដុន ចនសុន (Lyndon Johnson) បាន​បង្ហាញ​ជា​លើក​ដំបូង​នៅ​ឆ្នាំ ១៩៦៤ ក្នុង «សង្គ្រាម​ប្រឆាំង​ភាព​ក្រីក្រ» របស់​លោក។ គំនិត​សំខាន់​បំផុត​នៃ «សង្គ្រាម​ប្រឆាំង​ភាព​ក្រីក្រ» នេះ គឺ​គម្រោង​ផ្ដល់​ជំនួយ ជា​ប្រាក់​រយៈពេល​ខ្លី ជំនួយ​អាហារ និង​ជំនួយ​ផ្នែក​ពេទ្យ ដល់​ពលរដ្ឋ​ក្រីក្រ ទន្ទឹម​គ្នា​នឹង​ការ​ត្រៀម​ពលរដ្ឋ​ទាំង​នោះ​ឱ្យ​មាន​លទ្ធភាព​ឈាន​ទៅ​រក​ ការងារ​ថ្មី និង​ចេញ​ឱ្យ​រួច​ពី​ភព​ក្រីក្រ។

ការ​ការពារ​ដែនដី និង សិទ្ធិ​ចំពោះ​អចលនវត្ថុ

វិចារណកថា - ពលរដ្ឋ​កម្ពុជា​ភាគ​ច្រើន​ពឹង​ទៅ​លើ​ដីធ្លី​សម្រាប់​ប្រកប​អាជីវកម្ម។ ភាព​តាន​តឹង​ទៅ​លើ​ធនធាន​ដី កាន់​តែ​កើន​ឡើង ដោយ​សារ​ការ​ធ្វើ​សម្បទាន​ទន្ទ្រាន​ទៅ​លើ​ដី​ស្រែ​ចម្ការ​របស់​ពលរដ្ឋ ការ​បំប៉ោង​តម្លៃ​ដី និង​ការ​កើន​ឡើង​នៃ​ចំនួន​ពលរដ្ឋ។ រីឯ​ការ​បាត់​បង់​ព្រៃឈើ គឺ​ជា​កត្តា​ដែល​តម្រូវ​ចំណាប់​អារម្មណ៍​បន្ទាន់ ព្រោះ​វា​អាច​បង្ក​ឱ្យ​មាន​គ្រោះ​មហន្តរាយ​ធម្មជាតិ។
គណបក្ស​ខ្មែរ​ឈប់​ក្រ​នឹង៖

  • អប់រំ​អ្នក​ដែល​ជា​ម្ចាស់​ដី​ឱ្យ​យល់​ពី​សិទ្ធិ​របស់​ខ្លួន
  • រៀបចំ​ចាត់​ចែង​ឱ្យ​បាន​ច្បាស់​លាស់​នូវ​តំបន់​សម្រាប់​ចម្ការ​ដាំដុះ ដើម្បី​ចៀសវាង​កុំ​ឱ្យ​ប៉ះពាល់​ទៅ​លើ​តំបន់​ព្រៃឈើ​ដ៏​មាន​តម្លៃ
  • បង្កើត និង​អនុវត្ត​នូវ​ច្បាប់​ការពារ​ដីធ្លី និង​ការពារ​សិទ្ធិ​ចំពោះ​អចលនវត្ថុ
  • ផ្ដល់​ព័ត៌មាន​ជា​ចំហ​នូវ​គ្រប់​ដំណើរ​ការ​ធ្វើ​សម្បទាន​ដីធ្លី​របស់​រដ្ឋាភិបាល
  • ប្រតិបត្តិ​កម្មវិធី​ដាំ​ដើមឈើ ក្នុង​នាម​ថា​ពលរដ្ឋ​ម្នាក់​ដាំ​ឈើ​មួយ​ដើម
  • ធ្វើ​ប្រព្រឹត្តិកម្ម​បន្ទាន់​ដើម្បី​ផ្ទេរ​ដី​ដែល​អត់​ប្រើ​ការ​ដាក់​ចូល​រដ្ឋ ដើម្បី​ចែក​ជូន​ពលរដ្ឋ​វិញ
  • អនុវត្ត​ផែនការណ៍​ប្រមូល​ថាមពល​ពី​កម្ដៅ​ថ្ងៃ និង​កម្លាំង​ខ្យល់ (solar and wind power)

ព័ត៌មាន​បន្ថែម​អំពី​គោល​នយោបាយ​របស់​គណបក្ស សូម​ចុច​ ត្រង់​នេះ​ដើម្បី​អាន​បន្ថែម៕