-បញ្ហាសុខភាព –បញ្ហាគ្រប់គ្រងដីធ្លី -បញ្ហាការងារ -បញ្ហាបៀវត្សទាំងមន្ត្រីរាជការ និងឯកជន -បញ្ហាសន្តិសុខ និងសុវត្ថិភាព –បញ្ហាសិក្សាធិការជាតិ -បញ្ហាគ្រឿងញៀន –បញ្ហាសេដ្ឋកិច្ច (អតិផរណាទំនិញ) -បញ្ហាស្ត្រី និងកុមារ –បញ្ហាជនអន្តោប្រវេសន៍ -បញ្ហាយុត្តិធម៌។
១. ការគ្រប់គ្រងដីធ្លី៖
ទាមទារសម្របសម្រួលជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីដោះស្រាយកែតម្រូវ និងពិនិត្យដោះស្រាយបញ្ហាដីធ្លី ជូនប្រជាពលរដ្ឋក្រីក្រ ដែលត្រូវបានរឹបអូស ឬរំលោភបំពានដីធ្លី ផ្ទះសម្បែងរបស់គាត់ ពីសំណាក់ជនខិលខូចមួយចំនួន ដោយតម្រូវអោយមានការសងទូទាត់ក្នុងតម្លៃសមរម្យ ដើម្បីផ្លាស់ទីលំនៅថ្មី អោយមានប្លង់គ្រប់គ្រងទ្រព្យសម្បត្តិដីធ្លីជូនប្រជាពលរដ្ឋក្រីក្រ។
២. ការអភិវឌ្ឍន៍តាមមូលដ្ឋាន៖
កសិកម្មជាកត្តាសំខាន់បំផុតសម្រាប់ប្រទេសកម្ពុជា និងទៅតាមមូលដ្ឋាន ដោយមានប្រជាពលរដ្ឋខ្មែរ ៧៣% ជាកសិករ ដីកសិកម្មទាំងអស់ត្រូវតែមានការដាំដុះអោយមានគ្រប់រដូវលើដីដែល ទំនេរ ត្រូវដកហូតប្រគល់ជូនកសិករដែលគ្មានដីដាំដុះ និងសង់លំនៅឋាន បង្កើតប្រព័ន្ធធារាសាស្ត្រអោយលឿនបំផុតជូនប្រជាពលរដ្ឋ ទំនប់ ប្រឡាយ លូទឹក ចែកចាយទឹកចូលដល់ប្រព័ន្ធជនបទ ស្រុកស្រែ ចម្ការ និងតំបន់ដែលគ្មានទឹកសម្រាប់ប្រើប្រាស់។
៣. ទីផ្សារសម្រាប់ផលិតកសិកម្ម៖
បង្កើតវិនិយោគទុនក្នុងប្រទេស និងក្រៅប្រទេស ការពារមិនអោយមានការគាបសង្កត់យកលុយពីអ្នកវិនិយោគទុន ដោយនីតិវិធីច្បាប់។ រដ្ឋាភិបាលត្រូវបន្ថយពន្ធដារ និងតម្លៃក្នុងការបើកក្រុមហ៊ុន និងមុខរបរទាំងអស់ ដើម្បីបង្កើតការងារតាមរោងចក្រអោយបាន ៥០% នៃការងារទាំងអស់។ រដ្ឋាភិបាលនឹងជួយរកទីផ្សារ និងផ្ដល់មធ្យោបាយ ជួយសម្រួលរាល់បញ្ហាទាំងអស់របស់អ្នកវិនិយោគទុន។
៤. លទ្ធិប្រជាធិបតេយ្យនៅតាមមូលដ្ឋាន៖
ប្រគល់សិទ្ធិអំណាចបរិបូរណ៍ បញ្ចេញមតិសេរីតាមបែបប្រជាធិបតេយ្យ ដែលមានចែងក្នុង រដ្ឋធម្មនុញ្ញ និងសេចក្ដីថ្លែងការណ៍ជាសកលពីសិទ្ធិមនុស្ស។ ដោយគ្រាន់តែជូនដំណឹងដល់អាជ្ញាធរពាក់ព័ន្ធ បើកសិទ្ធិសេរីភាពក្នុងការសរសេរ ផ្សាយព័ត៌មានតាមវិទ្យុ ទូរទស្សន៍ និងសារព័ត៌មានដោយសេរី និងបើកអោយឯកជនមានសិទ្ធិកាន់កាប់ស្ថានីយវិទ្យុ និងទូរទស្សន៍។
៥. ទីផ្សារការងារ៖
លុបបំបាត់ការធ្វើចំណាកស្រុកទៅក្រៅប្រទេស ដោយបង្កើតសហគ្រាស រោងចក្រ ដើម្បីអោយ ប្រជាពលរដ្ឋមានការងារធ្វើនៅក្នុងប្រទេសរបស់ខ្លួន ពង្រឹងវិស័យអប់រំ ដែលជាគ្រឹះនៃការផ្ដល់ បៀវត្សគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋគ្រប់មូលដ្ឋានទូទាំងប្រទេស៕
