នៅឆ្នាំ ១៩៩៣ ក្រោយពីបានទទួលការគាំទ្រយ៉ាងលើសលប់ពីសំណាក់ប្រជាពលរដ្ឋខ្មែរ ក្នុងក្របខ័ណ្ឌនៃការបោះឆ្នោតសកល ដែលរៀបចំដោយអង្គការសហប្រជាជាតិ (UNTAC) សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ទ្រង់បានបញ្ចៀសគ្រោះមហន្តរាយជាតិ នៅពេលនោះរួមមាន៖
អបគមន៍ (ការបែងចែកទឹកដី)
សង្គ្រាមស៊ីវិលរវាងខ្មែរ និងខ្មែរ
ការវិលត្រឡប់មកកាន់អំណាចនៃរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម ប៉ុល ពត)។
ទន្ទឹមគ្នានេះដែរ សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ទ្រង់បាននាំមកវិញនូវ៖
របបរាជានិយម អាស្រ័យធម្មនុញ្ញ
សន្តិភាព
សេរីភាព របបប្រជាធិបតេយ្យសេរីពហុបក្ស
ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ
សិទ្ធិពេញលេញលើគ្រប់វិស័យ ដែលបានចារឹកក្នុងរដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩៣
បោះឆ្នោតជូនគណបក្ស នរោត្ដម រណឫទ្ធិ (គ.ន.រ) គឺបោះឆ្នោតថ្វាយសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ដើម្បីដោះស្រាយបញ្ហាឃុំសង្កាត់ តាមនយោបាយកណ្ដាល ដោយប្រមែប្រមូលកម្លាំងអ្នករាជានិយម អ្នកសីហនុនិយម អ្នកជាតិនិយម អ្នកស្នេហាជាតិ ដែលមានសក្ដានុពលទូទាំងប្រទេសកម្ពុជា ឱ្យក្លាយជាកម្លាំងជាតិពិតប្រាកដ ក្នុងបំណងរួមចំណែកជាមួយកម្លាំងជាតិ ដើម្បីអភិវឌ្ឍន៍ឃុំ សង្កាត់ ដោយសន្តិវិធី អហិង្សា និងអភិបាលកិច្ចល្អ ជាពិសេសអនុវត្តនូវគោលនយោបាយជាតិ ស្ដីពីការអភិវឌ្ឍន៍យុវជនកម្ពុជា ដែលគណៈរដ្ឋមន្ត្រីបានអនុម័ត ក្នុងសម័យប្រជុំពេញអង្គ នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០១១។
នៅពេលដែលគណបក្ស នរោត្ដម រណឫទ្ធិ ទទួលបាននូវការគាំទ្រពីមន្ត្រីរាជការ កម្មករ-កម្មការិនីរោងចក្រ និងស្ត្រី-បុរសកម្មករសំណង់ ស្ត្រី-បុរសចំណាកស្រុក ស្ត្រី-បុរសអាជីវករ អ្នករត់ម៉ូតូឌុប និស្សិត យុវជន-យុវនារី មេឃុំ-ចៅសង្កាត់-ក្រុមប្រឹក្សា គណបក្ស នរោត្ដម រណឫទ្ធិ ធានាផ្ដល់នូវសេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព និងប្រសិទ្ធភាព៖
ទី១៖ ផ្ដល់សេវាពាក់ព័ន្ធនឹងអត្រានុកូលដ្ឋាន លិខិតអនុញ្ញាតផ្សេងៗ ដោយឥតគិតថ្លៃ។
ទី២៖ អនុវត្តគោលនយោបាយវិសហមជ្ឈការ វិមជ្ឈការថ្នាក់ឃុំ-សង្កាត់ ដើម្បីពង្រឹងតម្លាភាព និងលុបបំបាត់អំពើពុករលួយ។
ទី៣៖ ពង្រឹងប្រព័ន្ធគ្រប់គ្រងបែងចែកប្រើប្រាស់ដីធ្លី ដោយអនុវត្តតាមរដ្ឋធម្មនុញ្ញ និងច្បាប់ភូមិបាល។ ការផ្ដល់នូវគោលនយោបាយក្នុងការផ្ដល់សំណងដល់ជនរងគ្រោះ ឱ្យបានសមរម្យ និងយុត្តិធម៌។
ទី៤៖ ផ្ដល់សិទ្ធិអាទិភាពដល់ការកាន់កាប់ដីធ្លី និងលំនៅឋាន ជូនប្រជាពលរដ្ឋខ្មែរ។
ទី៥៖ បំបាត់ជាដាច់ខាត នូវការរំលោភបំពានដីធ្លី និងលំនៅឋាន ពីសំណាក់អ្នកមានលុយ និងអ្នកមានអំណាច។
ទី៦៖ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ លូ ទឹកស្អាត អគ្គិសនី សុខាភិបាល ដោយបង្កើតបន្ថែមមណ្ឌលសុខភាព និងសេវាសុខាភិបាលដោយឥតគិតថ្លៃ។
ទី៧៖ រក្សាសណ្ដាប់ធ្នាប់សង្គម សុវត្ថិភាពភូមិ-ឃុំ-សង្កាត់ លុបបំបាត់ការជួញដូរគ្រឿងញៀន ពលកម្មកុមារ។
ចំពោះមន្ត្រីរាជការ៖ គណបក្ស នរោត្ដម រណឫទ្ធិ (គ.ន.រ) នឹងយកចិត្តទុកដាក់ ទី១ ដំឡើងប្រាក់បៀវត្ស ឱ្យមានតុល្យភាពជាមួយអតិផរណា។ ទី២ រៀបចំគណនេយ្យសោធននិវត្តន៍ និងផ្ដល់សេវាសុខភាពឱ្យសមស្របទៅនឹងជីវភាពប្រចាំថ្ងៃ។
ស្ដីពីកម្មករ-កម្មការិនីរោងចក្រ និងស្ត្រី-បុរសកម្មករសំណង់៖ គណបក្ស នរោត្ដម រណឫទ្ធិ (គ.ន.រ) ទី១ នឹងស្នើដំឡើងប្រាក់ខែឱ្យសក្ដិសមទៅនឹងកម្លាំងពលកម្ម។ ទី២ ស្ត្រីមានសិទ្ធិឈប់សម្រាកនៅពេលគាត់មានផ្ទៃពោះ ដោយមិនត្រូវបានបាត់បង់ប្រាក់បៀវត្សឡើយ។
ទាក់ទងនឹងស្ត្រី-បុរសចំណាកស្រុក៖ គណបក្ស នរោត្ដម រណឫទ្ធិ (គ.ន.រ) មានវិធានការ ទី១ ត្រួតពិនិត្យក្នុងការធ្វើលិខិតបញ្ជាក់ឱ្យពលករ-ពលការិនី ឱ្យចាកចេញទៅធ្វើការនៅក្រៅប្រទេស។ ទី២ អង្កេតតាមដានរាល់សកម្មភាពរបស់ក្រុមហ៊ុន ដែលនាំពលករ-ពលការិនី ឱ្យទៅធ្វើការនៅក្រៅប្រទេស ដែលស្ថិតនៅក្នុងឃុំសង្កាត់។ ទី៣ ជួយអន្តរាគមន៍ និងផ្ដល់សេវាចាំបាច់ដល់ពលករ-ពលការិនី ដែលរងគ្រោះនៅបរទេស តាមរយៈស្ថានទូតខ្មែរ និងក្រសួងពាក់ព័ន្ធ។ ទី៤ ទាក់ទាញវិនិយោគិន ឱ្យមកបង្កើតការងារក្នុងឃុំ-សង្កាត់ និងក្នុងប្រទេស ដើម្បីទប់ស្កាត់ការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការជួញដូរមនុស្ស។
ចំពោះស្ត្រី និងបុរសអាជីវករ៖ គណបក្ស នរោត្ដម រណឫទ្ធិ (គ.ន.រ) មានវិធានការ ទី១ ផ្ដល់ភាពងាយស្រួលលើវិស័យពាណិជ្ជកម្ម ដោយជំរុញឱ្យមានការគោរពច្បាប់ត្រឹមត្រូវ ចៀសវាងការកៀបសង្កត់មកលើអ្នកលក់ដូរតូចតាច។ ទី២ ពង្រឹងអនាម័យនៅក្នុងផ្សារ និងផ្ដល់សុវត្ថិភាពដល់អតិថិជន។ ទី៣ លុបបំបាត់ផាស៊ីជាស្ថាពរ។
ចំពោះអ្នករត់ម៉ូតូឌុប៖ គណបក្ស នរោត្ដម រណឫទ្ធិ (គ.ន.រ) មានគោលការណ៍ ទី១ បញ្ចុះតម្លៃប្រេងឥន្ធនៈ ដោយកាត់បន្ថយពន្ធនាំចូល និងចៀសវាងការនាំចូលប្រេងឥន្ធនៈដោយខុសច្បាប់។ ទី២ បន្ធូរបន្ថយការយកពន្ធទោចក្រយានយន្តប្រចាំឆ្នាំ។
រីឯនិស្សិត និងយុវជន-យុវនារី៖ គណបក្ស នរោត្ដម រណឫទ្ធិ (គ.ន.រ) យកចិត្តទុកដាក់ ទី១ បង្កើតការងារនៅក្នុងស្រុក។ ទី២ ផ្ដល់ឱកាសឱ្យមានការងារសមស្របតាមសមត្ថភាព។ ទី៣ ផ្ដល់លទ្ធភាព និងតួនាទីឱ្យនិស្សិត យុវជន-យុវនារី បានចូលរួមអភិវឌ្ឍនៅក្នុងប្រទេស។ ទី៤ ផ្ដល់ឱ្យទទួលបាននូវវគ្គបណ្ដុះបណ្ដាលសមត្ថភាព និងជំនាញស្របតាមតម្រូវការទីផ្សារ។
បើបោះឆ្នោតឱ្យគណបក្សដទៃ ជាពិសេសគណបក្សប្រឆាំង គឺពុំអាចដោះស្រាយបញ្ហាខាងលើនេះបានឡើយ។
ដូច្នេះ មានតែបោះឆ្នោតឱ្យគណបក្ស នរោត្ដម រណឫទ្ធិ (គ.ន.រ) ដើម្បីឱ្យក្រុមប្រឹក្សាឃុំ-សង្កាត់នៃគណបក្ស នរោត្ដម រណឫទ្ធិ និងគណបក្សមានលទ្ធភាពចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ ដោយយកកម្លាំងជាតិ (គ.ន.រ) បូកនឹងកម្លាំងជាតិ (គ.ប្រ) ក្នុងទិសដៅដោះស្រាយបញ្ហាឃុំ-សង្កាត់ ជូនជាតិ និងប្រជាពលរដ្ឋ ដែលជាម្ចាស់នៃប្រទេសឱ្យសង្គមមានយុត្តិធម៌ ប្រជាពលរដ្ឋរស់នៅដោយសុខដុមរមនា ជីវភាពចម្រើនធូរធារពិតប្រាកដលើទឹកដីមាតុភូមិកម្ពុជា ជាទីស្នេហានៃយើង៕
ព័ត៌មានបន្ថែមអំពីគោលនយោបាយរបស់គណបក្ស សូមចុច ត្រង់នេះដើម្បីអានបន្ថែម។
គោលនយោបាយលើកស្ទួយស្ថានភាពស្ត្រី សូមស្ដាប់សេចក្តីរាយការណ៍របស់អ្នកស្រី ម៉ៅ សុធានី៖
