យោងតាមនិយមន័យរបស់ខ្លួន វិទ្យុអាស៊ីសេរី គឺជាសាជីវកម្មឯកជនមិនរកប្រាក់កម្រៃ ដែលផ្សព្វផ្សាយដំណឹង និងព័ត៌មានជាភាសាជនជាតិដើមក្នុងតំបន់អាស៊ីខាងកើត ចំនួន ៩ភាសា ដូចជាភាសាខ្មែរ ចិន យៀកណាម លាវ ។ល។ ដល់អ្នកស្ដាប់ដែលមិនមានលទ្ធភាពទទួលបានការផ្សាយដំណឹងយ៉ាងពេញលេញឥតលម្អៀង ទាន់ពេលវេលានិងដោយឥតគិតថ្លៃ។ ដោយពិតទៅវិទ្យុអាស៊ីសេរីបានចាប់ផ្តើមផ្សាយលើកដំបូងពីទីក្រុងវ៉ាស៊ីនតោន ជាភាសាចិនកុកងឺ នៅខែកញ្ញា ឆ្នាំ១៩៩៦ គឺ១ឆ្នាំមុនវិទ្យុអាស៊ីសេរីផ្នែកភាសាខ្មែរចាប់កំណើត។
តើក្នុងរយៈពេល១២ឆ្នាំមកនេះ វិទ្យុអាស៊ីសេរីផ្នែកភាសាខ្មែរ បានទទួលការចាប់អារម្មណ៍យ៉ាងណាខ្លះពីប្រជាពលរដ្ឋខ្មែរមួយចំនួន ទាំងនៅក្នុងស្រុក ទាំងនៅបរទេស?
លោក គិម អូន មន្ត្រីនៃអង្គការកម្មវិធីស្បៀងពិភពលោក ប្រចាំនៅខេត្តសៀមរាប មានប្រសាសន៍ថា ៖ «វាទាន់ចិត្ត ហើយវាច្រើននិយាយការពិត ដែលគេគាំទ្រហ្នឹង»។
ចំពោះលោក ខៀវ បូរិន្ទ ប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍ការចិញ្ចឹមសត្វនិងកសិកម្ម លោកកត់សម្គាល់ថា ៖ «គិតថាព័ត៌មានវាឯករាជ្យ ហើយផ្ដល់ព័ត៌មានទាន់ពេលវេលាច្បាស់ៗ»។
លោក ចៀប គិមហ៊ាង អគ្គលេខាធិការសមាគមអ្នកនិពន្ធខ្មែរ នៅក្រុងប៉ារីស ប្រទេសបារាំង មានប្រសាសន៍ថា បើប្រៀបទៅនឹងបណ្តាញវិទ្យុក្នុងស្រុក វិទ្យុអាស៊ីសេរី មានសេរីភាពខាងការនិយាយស្តីច្រើនជាង ៖ «ខ្មែរយើងខ្វះការពិត វិទ្យុក្នុងស្រុកអាចមិនហ៊ាននិយាយនូវអ្វីដែលប៉ះពាល់ដល់សង្គម ឬប៉ះពាល់ដល់អ្នកកាន់អំណាច។ ខ្ញុំឃើញវិទ្យុអាស៊ីសេរី មានសេរីភាពច្រើនជាង ព្រោះយើងមានទំនៀមទម្លាប់ យើងស្គាល់របៀបរស់នៅស្រុកគេ យើងនិយាយដូចជាភាសារបស់យើង ភាសារបស់គេ»។
ក្នុងអំឡុងពេលនៃការផ្សាយ១២ឆ្នាំមកនេះ វិទ្យុអាស៊ីសេរីផ្នែកភាសាខ្មែរ បានពង្រឹងពង្រីក ព្រមទាំងដុសខាត់បច្ចេកទេស និងកម្មវិធីផ្សាយរបស់ខ្លួនជាបន្តបន្ទាប់ ដោយបានទទួលយកគំនិត សេចក្តីណែនាំ និងសំណើពីអ្នកស្តាប់ តាមការផ្តល់មតិដោយអ៊ីមែល និងសំបុត្រ និងតាមរយៈទូរស័ព្ទ មិនសូវខកខានឡើយ។
ក្រៅពីជូនព័ត៌មានពិតនិងទាន់ពេលវេលាដល់អ្នកស្តាប់របស់ខ្លួន ទាំងក្នុងប្រទេស ទាំងនៅប្រទេសនានា ដែលមានអាណិកជនកម្ពុជា រស់នៅគ្រប់ទ្វីបគ្រប់តំបន់ ហើយវិទ្យុអាស៊ីសេរី ក៏មានតួនាទីជាអ្នកស្វះស្វែង តាមជជីករកបញ្ហាសង្គមមកលាតត្រដាងក្នុងនាទីប្រចាំថ្ងៃ និងប្រចាំសប្តាហ៍របស់ខ្លួន ដូចជាតាមរយៈបទសម្ភាសន៍ជាមួយមន្ត្រីរដ្ឋាភិបាល នាទីអ្នកស្តាប់ប្រចាំសប្តាហ៍ ដែលមានការចូលរួមពីមន្ត្រីទទួលខុសត្រូវ និងប្រជាពលរដ្ឋជាទូទៅ សេចក្តីរាយការណ៍អំពីការបណ្តេញប្រជាពលរដ្ឋចេញពីផ្ទះសម្បែង ដើម្បីយកដីឲ្យក្រុមហ៊ុនអភិវឌ្ឍនៅបឹងកក់ ឬនៅភូមិសម្បុកចាប ក្រុងភ្នំពេញ ជម្លោះដីធ្លីរវាងក្រុមហ៊ុននិងប្រជាពលរដ្ឋតោកយ៉ាក និងជីវភាពយ៉ាប់យ៉ឺនរបស់អ្នកស្រុក អ្នកភូមិខ្លះនិងជនដែលត្រូវការជំនួយសង្គ្រោះ ក្នុងនោះរួមមានកុមារីដែលត្រូវបង្ខំចិត្តធ្វើពេស្យាកម្មលក់ខ្លួន ឬយុវនារី ជីតា ដែលឪពុកម្តាយកើតជំងឺអេដស៍នោះជាដើម។
កញ្ញា ជីតា បានថ្លែងតាមរយៈការផ្សាយរបស់វិទ្យុអាស៊ីសេរីដូច្នេះ ៖ «គេថាកូននេះម៉ែឈឺកើតអេដស៍ ហើយថាម៉ែវាបន្តិចទៀតងាប់ហើយ ហើយគេជេរទៀតថា មីកូនម៉ែកើតអេដស៍ គេនិយាយអ៊ីចឹងកាលពីខ្ញុំរៀនថ្នាក់ទី៥ ទី៦...»។
មិត្តអ្នកស្តាប់ម្នាក់ឈ្មោះ គ្រីយ៉ា អ្នកភូមិជ័យសេនា ក្នុងខេត្តកំពត ដែលមានជម្លោះដីធ្លីជាមួយនឹងក្រុមទាហាន បានថ្លែងអំណរគុណចំពោះវិទ្យុ ដោយបញ្ជាក់ថា បើគ្មានការផ្សាយពីវិទ្យុអាស៊ីសេរី ឲ្យគេបានដឹងបានឮអំពីរឿងជម្លោះដីរវាងទាហាន និងប្រជាជននៅទីនោះទេ ក៏នឹងមិនមានការយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះជាបណ្តើរៗនោះឡើយ ៖ «អាស៊ីសេរីផ្ដល់ព័ត៌មានដល់គ្រប់ស្ថាប័ន ដោយមានការពាក់ព័ន្ធប្រជាពលរដ្ឋយើងអ្នកក្រីក្រ ផ្ដល់ឲ្យដឹងដំណឹងថាអ្វីដែលធ្វើល្អ ហើយអ្វីដែលថាមិនល្អ ជាអំពើមួយដែលប្រព្រឹត្តទៅដោយបទល្មើស ពួកអ្នកមានអំណាចសង្កត់សង្កិនមកលើអ្នកក្រីក្រ អ្នកស្លូតត្រង់ វាជាលក្ខណៈមួយល្អណាស់។ ឧទាហរណ៍ដូចជានៅចំណុចអន្លង់ក្រោម ដែលពីមុនមកមិនទាន់បានដឹងខាងអាស៊ីសេរី ដល់ពេលមានរឿងកើតឡើង ដីចំណុចអន្លង់ក្រោម...»។
ទោះជាយ៉ាងនេះក៏ដោយ សេចក្តីរាយការណ៍របស់វិទ្យុអាស៊ីសេរី បានត្រូវអ្នកស្តាប់ខ្លះកត់សម្គាល់ថានៅមានភាពខ្វះចន្លោះខ្លះៗដែរ។
លោក ថន ចំរើន អ្នកគ្រប់គ្រងការនាំចូលសារធាតុគីមីនៃក្រុមហ៊ុនលៀង ហេងស្រេង ក្រុងភ្នំពេញ ស្នើឲ្យមានការផ្សាយព័ត៌មានផ្សេងៗគ្នាក្នុងកម្មវិធីផ្សាយទាំង២ពេលរបស់វិទ្យុអាស៊ីសេរី ៖ «អាស៊ីសេរីផ្សាយពីរដង ពេលយប់និងពេលព្រឹក ប៉ុន្តែព័ត៌មានពីរហ្នឹងវាជាន់គ្នា។ ឧបមាថាខ្ញុំស្ដាប់ពេលល្ងាចនិងពេលព្រឹកវាដូចគ្នា អាចខុសបន្តិចបន្តួច។ យើងចង់បានព័ត៌មានផ្សេងគ្នា ពេលព្រឹកនិងពេលយប់»។
លោក Sydney Liang (ស៊ីដនី លាង) នៃមជ្ឈមណ្ឌលសុខភាពសហគមន៍ឡូវែល រដ្ឋម៉ាសាឈូសេត ស្នើឲ្យវិទ្យុអាស៊ីសេរី ចុះផ្សាយអំពីឧទាហរណ៍នៃការធ្វើមុខរបរខ្នាតតូចនិងមធ្យមដែលបានទទួលជោគជ័យឲ្យបានច្រើន។
លោក ស៊ីដនី លាង សំណូមពរដូច្នេះ ៖ «ព័ត៌មានហ្នឹងវា overlap ច្រើន យើងអត់មានទាក់ទង profile ឬ success story ឬមួយក៏រឿងនៅតាមខេត្ត អ៊ីចឹងខ្ញុំជឿថាបើយើងផ្សាយប្រាប់គេឲ្យដឹងថា នេះជារឿងមួយដែលយើងយកទាក់ទង ដូចថាបើកជំនួញមួយនៅស្រុកខ្មែរ ដើម្បីឲ្យជោគជ័យត្រូវធ្វើម៉េច ហើយយកឧទាហរណ៍ ហើយយើងយករឿងហ្នឹងរយៈពេល ២ថ្ងៃ ឬមួយក៏៣ថ្ងៃជាប់គ្នា»។
ចំពោះសំំណួរពីមិត្តអ្នកស្តាប់ ដែលថាតើវិទ្យុនេះនឹងត្រូវបិទទ្វារទៅវិញទេ ព្រោះថាបើយោងតាមក្រមនៃបទបញ្ជាសហព័ន្ធ លេខ៦២០៨ ស្តីពីការបង្កើតវិទ្យុអាស៊ីសេរី វិទ្យុនេះត្រូវដាក់កំហិតថ្ងៃអស្តង្គត គឺត្រូវបិទទ្វារនៅថ្ងៃទី៣០ កញ្ញា ឆ្នាំ២០០៩ នេះ។
សូមជម្រាបថា ដោយសារតែមានការចាប់អារម្មណ៍យកចិត្តទុកដាក់ពីមិត្តអ្នកស្តាប់ខ្ពស់ មិនថាតាមរយៈវិទ្យុផ្សាយសំឡេងលើរលកធាតុអាកាស ឬតាមរយៈប្រព័ន្ធអ៊ិនថឹណិតនោះ ទើបគណៈកម្មការគ្រប់គ្រងការផ្សាយសំឡេងវិទ្យុ ទូរទស្សន៍សហរដ្ឋអាមេរិក បានសម្រេចបន្តសកម្មភាពវិទ្យុនេះ ដោយនឹងធ្វើការពិនិត្យថាគួរតែមានទៀត ឬត្រូវបិទមួយឆ្នាំម្តងៗ។
សម្រាប់លោក ស៊ីដនី ខ្មែរអាមេរិកាំងនៃក្រុងឡូវែល លោកមានប្រសាសន៍ថា ៖ «ខ្ញុំជឿថាត្រូវតែមានទៀត ព្រោះយើងឃើញថាបងប្អូនខ្មែរយើងគាត់ស្ដាប់ច្រើនណាស់នៅទីក្រុងឡូ ក៏ដូចនៅកន្លែងផ្សេង។ វាសំខាន់ណាស់ ខ្ញុំជឿថាត្រូវតែមានទៀត»៕
