ថ្មីៗនេះអតីតសមាជិកខ្មែរក្រហមម្នាក់បាននិយាយថា មនុស្សដែលស្លាប់ច្រើនក្នុងរបបខ្មែរក្រហម គឺបណ្តាលមកពីទំនាស់ស្លាប់រស់រវាង ប៉ុល ពត និងមេដឹកនាំវៀតណាម។
អតីតមេគុកទួលស្លែងនៃរបបខ្មែរក្រហម កាំង ហ្កិចអ៊ាវ ហៅ ឌុច (រូបកណ្ដាល) បង្ហាញខ្លួននៅក្នុងសវនាការនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នាថ្ងៃទី១៧ កុម្ភៈ ២០០៩។
សមាជិកខ្មែរក្រហមម្នាក់បានថ្លែងថា ការអនុវត្តមហិច្ឆតាដ៏ធំមួយរបស់ហូជីមិញ ដែលប៉ុនប៉ងបញ្ចូលកម្ពុជា ទៅក្នុងអ្វីដែលហៅថាប្រទេសសហព័ន្ធឥណ្ឌូចិន គឺត្រូវ ប៉ុល ពត ជំទាស់ជាដាច់ខាត ហើយការប្រឆាំងគំនិតរបស់ហូជីមិញ នោះហើយ ដែលបណ្តាលឲ្យកើតមានសង្គ្រាមរវាងកម្ពុជា-វៀតណាម នៅអំឡុងឆ្នាំ១៩៧៨ និងនាំឲ្យមនុស្សស្លាប់ជាច្រើននាក់នៅគ្រានោះ។
នៅក្នុងសវនាការនាសប្តាហ៍នេះ អតីតមេគុកទួលស្លែង កាំង ហ្កេកអ៊ាវ ហៅ ឌុច បានបំភ្លឺថា មហិច្ឆតារបស់មេដឹកនាំបដិវត្តន៍វៀតណាម ហូជីមិញ ក្នុងការបង្កើតប្រទេសសហព័ន្ធឥណ្ឌូចិន ស្ថិតនៅក្រោមការដឹកនាំត្រួតត្រាដោយវៀតណាម នោះ ក៏ត្រូវបានយកទៅអនុវត្តដោយអ្នកដឹកនាំវៀតណាម ជំនាន់ក្រោយបន្តបន្ទាប់ទៀតដែរ ដូចជា ឡេ យន់ និង ផាំ វ៉ាន់ដុង ជាដើម។
ឌុច បានបំភ្លឺដូច្នេះ ៖ «ហូជីមិញ គាត់លើកទ្រឹស្ដីថា បុព្វហេតុតែមួយគឺតស៊ូវ៉ៃបារាំង ដូច្នេះត្រូវតែមានបក្សតែមួយដឹកនាំ គឺបក្សកុម្មុយនីស្ដឥណ្ឌូចិន។ បក្សតែមួយ កងទ័ពតែមួយ រដ្ឋាភិបាលតែមួយ ប្រទេសតែមួយ គឺសហព័ន្ធឥណ្ឌូចិន។ នេះហើយជាប្រភពនៃទំនាស់ស្លាប់រស់រ៉ាំរ៉ៃរវាង ឡេ យន់ និង ប៉ុល ពត។ សូមបញ្ជាក់ថា ឡេ យន់ គឺជាអគ្គលេខាធិការបក្សពលករវៀតណាម ដល់ក្រោយមកគេប្រែឈ្មោះជាបក្សកុម្មុយនីស្ដវៀតណាម»។
ឌុច ថ្លែងបន្តថា ឡេ យន់ ព្យាយាមឲ្យ ប៉ុល ពត ធ្វើតាមគំនិតនោះ ប៉ុន្តែ ប៉ុល ពត ប្រឹងជម្នះដើម្បីចង់បានឯករាជ្យពីកុម្មុយនីស្តវៀតណាម ទាំងទ្រឹស្តីមនោគមន៍វិជ្ជានិងអធិបតេយ្យជាតិ ៖ «ទំនាស់រវាង ឡេ យន់ ហើយនិង ប៉ុល ពត ជាទំនាស់ស្លាប់រស់ គឺទំនាស់រ៉ាំរ៉ៃ។ តាំងពីឆ្នាំ ១៩៥៤ មក ឡេ យន់ គាត់នៅតែតាំងខ្លួនគាត់ជាបិតានៃឥណ្ឌូចិន ដដែលហ្នឹង មាន ហ្សឺណែវ ក៏ដោយ ឡេ យន់ ហ្នឹងឲ្យ ប៉ុល ពត គោរពតាមខ្លួន»។
ឌុច ថ្លែងទៀតថា វៀតណាម មានវិធីសាស្ត្របីយ៉ាងក្នុងការជំរុញឲ្យ ប៉ុល ពត ធ្វើតាមគំនិតខ្លួន ហើយរឿងនេះ លោក ផាំ វ៉ាន់ដុង ជានាយករដ្ឋមន្ត្រីសាធារណរដ្ឋសង្គមនិយមវៀតណាម ក៏ចាំច្បាស់ផងដែរ។ ការថ្លែងរបស់ ឌុច ក៏ស្របគ្នានឹងការបកស្រាយរបស់លោក ណាយ៉ាន ចាន់ដា (Nayan Chanda) ជាអតីតអ្នកឆ្លើយឆ្លងព័ត៌មានឲ្យទស្សនាវដ្ដី Far Eastern Economic Review និងជាអ្នកជំនាញមកបំភ្លឺក្នុងសាលាក្តីខ្មែរក្រហមនោះដែរ។
ឌុច បានថ្លែងថា ៖ «ផាំ វ៉ាន់ដុង និយាយមាន៣។ គោលគំនិតទី១ ជំហានដំបូង បក្សកុម្មុយនីស្ដវៀតណាម គឺ ឡេ យន់ គេចង់អប់រំ ប៉ុល ពត ឲ្យងាកទៅតាមគេ បើសិនជាគេធ្វើមិនបានទេ គេឲ្យខ្មែរជាសមាជិកបក្សកុម្មុយនីស្តកម្ពុជា នេះ ទម្លាក់ ប៉ុល ពត។ ទី៣ បើសិនជាធ្វើមិនកើតតទៅទៀត គេនឹងវ៉ៃពីក្រៅ»។
អរិភាពរវាងមេដឹកនាំប្រទេសកម្ពុជា នាគ្រានោះ គឺ ប៉ុល ពត និងមេដឹកនាំវៀតណាម ឡេ យន់ បានបណ្តាលឲ្យសង្គ្រាមផ្ទុះឡើងជាបន្តបន្ទាប់ គឺចាប់តាំងពីថ្ងៃទី ១៧ មេសា ឆ្នាំ១៩៧៧ មក។
នៅក្នុងសុន្ទរកថាមួយក្នុងឆ្នាំ១៩៧៨ ប៉ុល ពត ថ្លែង ថា ៖ "យើងបានប្រយុទ្ធយ៉ាងសាហាវជាមួយវៀតណាម ដោយបង្ខំឲ្យវាចេញពីទឹកដីរបស់យើងនៅថ្ងៃទី ៦ ខែមករា ឆ្នាំ១៩៧៨។ យើងសម្លាប់និងធ្វើឲ្យរបួសទ័ពវៀតណាម ២ម៉ឺន៩ពាន់នាក់ និងប្រយុទ្ធជាមួយទ័ពវៀតណាម ៥កងពលទៀត"។
ក្រោយមកទៀតកងទ័ពវៀតណាម បានវាយប្រហារមកលើកម្ពុជា ជាលើកទី២ ដើម្បីគ្រប់គ្រងទឹកដីកម្ពុជា នៅខែមេសា ឆ្នាំ១៩៧៨ ដដែលនោះ។ ប៉ុល ពត ថ្លែង ថា ៖ "វៀតណាម បានត្រៀមកងទ័ពចំនួន ១១កងពល"។ ប៉ុន្តែវៀតណាមមិនទទួលបានជ័យជម្នះលើកម្ពុជា នៅគ្រានោះទេ។
ប៉ុល ពត បានរំឭកដល់កម្មាភិបាលនិងកងទ័ពរបស់ខ្លួននៅគ្រានោះ ដូចអ្វីដែល ឌុច ថ្លែងនៅក្នុងសវនាការដែរថា ៖ "ការវាយប្រហារដែលមានលក្ខណៈជាប្រព័ន្ធនិងការឈ្លានពាននោះ គឺក្នុងបំណងយុត្តិសាស្ត្រដាក់កម្ពុជា ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់វៀតណាម ក្នុងអ្វីដែលហៅថា សហព័ន្ធឥណ្ឌូចិន"។
នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ១៩៧៨ ប៉ុល ពត បានប្រកាសធ្វើសង្គ្រាមជាមួយវៀតណាម។ អ្នកស្រាវជ្រាវម្នាក់បានថ្លែងថា ការសម្រេចចិត្តធ្វើសង្គ្រាមនេះ គឺដោយសារតែ ប៉ុល ពត សង្ឃឹមលើប្រទេសចិនប្រជាមានិត ហើយកាលណោះ ចិន បានផ្តល់សម្ភារៈសឹកនិងយន្តហោះមកឲ្យខ្មែរក្រហមនោះផង។ អ្នកជំនាញការចិន ក៏បានជួយ ប៉ុល ពត កសាងព្រលានយន្តហោះមួយក្នុងខេត្តកំពង់ឆ្នាំង ផងដែរ។
នៅក្នុងសុន្ទរកថាដដែលនោះ ប៉ុល ពត ក៏បានថ្លែងទៀតថា ៖ "បើសិនជាយើងអាចប្រើមនុស្សម្នាក់ច្បាំងទល់នឹងមនុស្ស ៣០នាក់ យើងប្រាកដជាអាចយកឈ្នះបាន បើទោះបីជាការប្រយុទ្ធនេះ ប្រើរយៈពេល ៧០០ឆ្នាំ ឬច្រើនឆ្នាំជាងនេះក៏ដោយ។ ប្រជាជនយើងមួយចំនួនអាចប្រយុទ្ធម្នាក់ទល់នឹង ២០នាក់ ម្នាក់ទល់នឹង ៥០នាក់ ឬក៏ម្នាក់ទល់នឹង ១០០នាក់បាន"។
ប៉ុល ពត បានលើកទឹកចិត្តទៀតថា ៖ "ដូច្នេះយើងត្រូវតែអានពីប្រវត្តិសាស្ត្រនិងមានការទុកចិត្តលើខ្លួនឯងទាំងស្រុង ហើយយើងមិនត្រូវជឿលើការភូតកុហក និងការយល់ច្រឡំរបស់អ្នកដទៃដែលឆ្ងល់ថា យើងមានប្រជាជនតែ ៨លាននាក់នឹងអាចធ្វើឲ្យវៀតណាម ដែលមាន ៥០លាននាក់ចាញ់យ៉ាងដូចម្តេចនោះឡើយ?”។
យោងតាម ឌុច នៅពេលដែល ប៉ុល ពត ខឹងវៀតណាម នោះ ប៉ុល ពត បែរជាសម្លាប់ខ្មែរជាច្រើននាក់ទៅវិញ ៖ «ប៉ុល ពត ហើយនិង ឡេ យន់ គេទាស់គ្នាជាបុគ្គលគេពីរនាក់ ម្នាក់ៗមានបក្សរៀងខ្លួន មានកងទ័ពរៀងខ្លួន ដូច្នេះវាអន្តរាយ វាហូរឈាមមនុស្ស រាស្រ្ដតូចតាច»។
សង្គ្រាមរវាងកុម្មុយនីស្តវៀតណាមនិងកុម្មុយនីស្តខ្មែរក្រហម ត្រូវលោក ណាយ៉ាន ចាន់ថា ដែលជាអ្នកនិពន្ធសៀវភៅប្រវត្តិសាស្ត្រផងដែរ ចាត់ទុកថា វាជាជម្លោះរវាងបងប្អូនឯងដែលជាកុម្មុយនីស្តដូចគ្នានោះ។
ប៉ុន្តែ ឌុច ក៏ជំទាស់ចំពោះចំណុចនេះ ៖ «យើងខ្ញុំហើយនិងវៀតណាម មិនដែលមានទឹកដីរួមគ្នាទេ សូមបញ្ជាក់!»។
ទោះបីជាយ៉ាងណាក៏ដោយ ការព្យាយាមរបស់ ប៉ុល ពត ដើម្បីឯករាជ្យពីវៀតណាម គឺមិនអាចទៅរួចទេនៅគ្រានោះ។ របបខ្មែរក្រហមដែលដឹកនាំដោយ ប៉ុល ពត បានបរាជ័យទាំងស្រុងនៅខែមករា ឆ្នាំ១៩៧៩ ហើយកងទ័ពវៀតណាម និងអ្នកជំនាញការវៀតណាម បានបន្តស្ថិតនៅក្នុងប្រទេសកម្ពុជា រហូតដល់ឆ្នាំ១៩៨៩ ទើបដកទៅវិញ។
គេមិនដឹងថា កាលពី ៣០ឆ្នាំមុន ឌុច បានគិតដូចម្តេចចំពោះគំនិតដឹកនាំរបស់ ប៉ុល ពត នោះទេ ប៉ុន្តែពេលនេះ ឌុច បានថ្កោលទោស ប៉ុល ពត ៖ «ប៉ុល ពត ប្រើពាក្យថា ចង់ឈ្នះយួន ត្រូវបក្សស្អាត កងទ័ពស្អាត ប្រជាជនស្អាត។ ខ្ញុំនិយាយនេះមិនមែនអះអាងថា ប៉ុល ពត ស្នេហាជាតិដ៏មហាអស្ចារ្យទេ ប៉ុល ពត ជាឧក្រិដ្ឋករ បិតាឧក្រិដ្ឋករធំបំផុតរបស់កម្ពុជា ក្នុងនេះខ្មែរជាង ១លាននាក់ស្លាប់ដោយសារស្នាដៃ ប៉ុល ពត។ ក្នុងនេះ ស.២១ បាតដៃខ្ញុំប្រឡាក់ឈាមមនុស្ស ១២.៣៨០នាក់យ៉ាងតិច»។
អតីតអ្នកកាសែតម្នាក់ ហើយបច្ចុប្បន្នជារដ្ឋមន្ត្រីព័ត៌មាន គឺលោក ខៀវ កាញារីទ្ធ ថ្លែងដែរថា វិនាសកម្មរបស់កម្ពុជា នៅគ្រានោះ ដោយសារតែកំហុសផ្នែកនយោបាយនិងការសម្រេចចិត្តរបស់ ប៉ុល ពត។
ប៉ុល ពត បានស្លាប់តាំងពីឆ្នាំ១៩៩៨ ។ ពេលនេះនៅសល់តែសហការីនិងអ្នកដើរតាម ប៉ុល ពត ប៉ុណ្ណោះ ដែលត្រូវដាក់ឲ្យទទួលទោសចំពោះកំហុសទាំងនោះ ក្នុងនោះមាន ឌុច និងមេដឹកនាំខ្មែរក្រហមដទៃទៀត ដូចជា ខៀវ សំផន, នួន ជា, អៀង សារី និង អៀង ធីរីទ្ធ។ ចំណែកឯវៀតណាម ក៏បានផ្តល់ឯកសារជាភស្តុតាងក្នុងការជំនុំជម្រះក្តីក្រុមមេខ្មែរក្រហមទាំងនោះផងដែរ៕
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
មើលមតិទាំងអស់.