ជីវប្រវត្តិ​សង្ខេប​របស់​ឧត្ដមសេនីយ៍ ហុក ឡងឌី (ភាគ១)

អគ្គ​ស្នងការ​នគរបាល​ជាតិ​នៃ​ក្រសួង​មហាផ្ទៃ លោក​ឧត្ដមសេនីយ៍ ហុក ឡងឌី បាន​ទទួល​មរណភាព​កាលពី​យប់​ថ្ងៃ​អាទិត្យ ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០០៨​កន្លង​ទៅ​ថ្មីៗ​នេះ ក្នុង​ជន្មាយុ​៥១​ឆ្នាំ ដោយសារ​ឧប្បត្តិហេតុ​ធ្លាក់​ឧទ្ធម្ភាគចក្រ​នៅ​ឯ​ខេត្ត​ស្វាយរៀង។
ដោយ ជា មករា
2008-11-17
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ហុក​ឡងឌី
អគ្គស្នងការ​នគរបាល​ជាតិ លោក​ឧត្តមសេនីយ៍​ឯក ហុក ឡងឌី។
AFP File

លោក​ឧត្ដមសេនីយ៍ ហុក ឡងឌី មាន​ភរិយា​ឈ្មោះ ម៉ែន ភក្ដី មាន​កូន​ចំនួន​៥​នាក់ ប្រុស​បី ស្រី​ពីរ។

បើ​តាម​វចនានុក្រម​ប្រវត្តិសាស្ត្រ​កម្ពុជា​ដែល​សរសេរ​ដោយ លោក Justin Cornfield និង Laura Summers និង​យោង​តាម​ការផ្សាយ​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា លោក ហុក ឡងឌី កើត​នៅ​ឆ្នាំ​កុរ ត្រូវ​នឹង​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​១៩៥៧ នៅ​ទីរួមខេត្ត​ស្វាយរៀង មាន​ខ្សែ​ស្រឡាយ​វៀតណាម ជា​កូន​ក្នុង​គ្រួសារ​យោធា​មួយ មាន​ឪពុក​ឈ្មោះ ហុក ណាំ ម្ដាយ​ឈ្មោះ មុំ អូន។

លោក​ឧត្ដមសេនីយ៍ ហុក ឡងឌី មាន​បង​ប្អូន​បង្កើត​៣​នាក់ ហើយ​លោក​ជា​កូន​ទី​២។ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ឬ​របប​ខ្មែរ​ក្រហម លោក ហុក ឡងឌី រស់នៅ​ភូមិ​តាពៅ ឃុំ​បាវិត ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង។ នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​១៩៧៧ លោក ហុក ឡងឌី បាន​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​វៀតណាម ហើយ​នៅ​ថ្ងៃ​ទី​២ មីនា ឆ្នាំ​១៩៧៨ បាន​ចូលរួម​ក្នុង​កង​ស៊ើបអង្កេត​នៃ​កងទ័ព​រំដោះ​ជាតិ​រណសិរ្ស​សាមគ្គី​សង្រ្គោះ​ជាតិ​កម្ពុជា។ ក្រោយ​ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩ នៅ​ពេល​ដែល​កងទ័ព​វៀតណាម​ចូល​មក​ក្នុង​ទឹក​ដី​ខ្មែរ ហើយ​ផ្ដួល​រំលំ​របប​ខ្មែរ​ក្រហម​នោះ លោក ហុក ឡងឌី ត្រូវ​បាន​តំឡើង​ឋានៈ​ជា​បន្ត​បន្ទាប់។

លោក ហុក ឡងឌី ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​ចាត់តាំង​ខេត្ត​ស្វាយរៀង និង​បាន​ក្លាយ​ជា​ប្រធាន​គណៈកម្មាធិការ​ប្រជាជន​បដិវត្តន៍​ខេត្ត​ស្វាយរៀង នៅ​ឆ្នាំ​១៩៨៧។ នៅ​ឆ្នាំ​១៩៩០ លោក ហុក ឡងឌី ត្រូវ​បាន​តែងតាំង​ជា​អនុ​លេខា​បក្ស និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ក្រុង​ភ្នំពេញ។

នៅ​ខែ​មករា ឆ្នាំ​១៩៩៤ លោក ហុក ឡងឌី ត្រូវ​បាន​តែងតាំង​ជា​អភិបាល​ខេត្ត​ស្វាយរៀង ហើយ​នៅ​ខែ​កញ្ញា ឆ្នាំ​១៩៩៤ លោក​បាន​ទទួល​ភារកិច្ច​ជា​អគ្គ​ស្នងការ​នគរបាល​ជាតិ​រហូត​មក​ទល់​ពេល​ដែល​លោក​ទទួល​មរណភាព។

នៅ​ខែ​មករា ឆ្នាំ​១៩៩៧ លោក ហុក ឡងឌី ត្រូវ​បាន​មហា​សន្និបាត​វិសាមញ្ញ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​សម្រេច​បោះ​ឆ្នោត​ជ្រើស​តាំង​ជា​សមាជិក​គណៈកម្មាធិការ​កណ្ដាល​និង​ក្លាយ​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ឆ្នាំ​២០០១។

នៅ​ក្នុង​ឆ្នាំ​២០០៦ សហរដ្ឋ​អាមេរិក​បាន​បដិសេធ​មិន​ព្រម​ផ្ដល់​ទិដ្ឋាការ​ដល់​លោក ហុក ឡងឌី ដើម្បី​ចូលរួម​ក្នុង​សន្និសីទ​ដោយសារ​តែ​មាន​ការចោទ​ថា លោក ហុក ឡងឌី មាន​ការពាក់ព័ន្ធ​ទៅ​នឹង​ការជួញដូរ​មនុស្ស។ ប៉ុន្តែ​នៅ​ឆ្នាំ​២០០៦​ដដែល លោក ហុក ឡងឌី បាន​ទទួល​មេដាយ​ពី​ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ​របស់​សហរដ្ឋ​អាមេរិក (FBI) ក្នុង​ការខិតខំ​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម។ នៅ​ឆ្នាំ​២០០៧ លោក ហុក ឡងឌី បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ស្ដីពី​ការប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម​ដែល​បាន​រៀបចំ​នៅ​រដ្ឋធានី Washington សហរដ្ឋ​អាមេរិក។

លោក​ឧត្ដមសេនីយ៍ ហុក ឡងឌី ធ្វើ​ជា​អគ្គ​ស្នងការ​នគរបាល​ជាតិ​ចំនួន​១៤​ឆ្នាំ ហើយ​ជា​សមាជិក​ជាន់ខ្ពស់​បំផុត​ក្នុង​លំដាប់​លេខ​រៀង​ទី​២០ ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​មាន​សម្ព័ន្ធភាព​យ៉ាង​ជិត​ស្និទ្ធ​​បំផុត​ជាមួយ​នឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

នៅ​ឆ្នាំ​២០០២ កូន​ស្រី​របស់​លោក ហុក ឡងឌី ឈ្មោះ ហុក ជិនដាវី បាន​រៀបការ​ជាមួយ​នឹង​កូន​ប្រុស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឈ្មោះ ហ៊ុន ម៉ានិត ដែល​បាន​ធ្វើ​ឲ្យ​ចំណង​មិត្តភាព​រវាង​លោក ហុក ឡងឌី និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាន់តែ​រឹង​មាំ​ថែម​ទៀត។

ទាក់ទង​នឹង​ការចោទ​ប្រកាន់​ថា លោក ហុក ឡងឌី មាន​សែស្រឡាយ​វៀតណាម​នោះ សមាជិក​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្ដាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប បាន​ឲ្យ​ដឹង​ថា លោក ហុក ឡងឌី មិន​មែន​ជាប់​សែ​ស្រឡាយ​វៀតណាម​ទាំង​ស្រុង​នោះ​ឡើយ ហើយ​ថា ការចោទ​ប្រកាន់​នោះ​បាន​ធ្វើ​ឡើង​ក៏​ដោយសារ​តែ​លោក ហុក ឡងឌី បាន​កើត​នៅ​ទឹក​ដី​ជាប់​ព្រំ​ប្រទល់​វៀតណាម ហើយ​ចេះ​និយាយ​ភាសា​វៀតណាម​ថែម​ទៀត​ផង។ លោក​បាន​បន្ត​ថា លោក ហុក ឡងឌី ធ្លាប់​បាន​មក​សិក្សា​នៅ​ឯ​វិទ្យាល័យ​សុរិយោវង្ស ក្នុង​ខេត្ត​ស្វាយរៀង​នោះ​ផងដែរ។

លោក ជាម យៀប បាន​មាន​ប្រសាសន៍​ថា ៖ «ដូច​ជា​ឯកឧត្ដម ហុក ឡងឌី មិន​មែន​ជា​សែស្រឡាយ​យួន​ពិត​ប្រាកដ​ទាំង​ស្រុង​នោះ​ទេ។ ខ្ញុំ​មិន​បាន​ដឹង​ប្រវត្តិ​គាត់​ផ្ទាល់ គាត់​នៅ​ខាង​ស្វាយរៀង ខ្ញុំ​នៅ​ខាង​ព្រៃវែង ហើយ​ដូច​ជា​ឯកឧត្ដម ហុក ឡងឌី គាត់​នៅ​ស្វាយរៀង​តាំងពី​តូចៗ គាត់​នៅ​បាវិត​ផង ជិត​ព្រំ​ប្រទល់​ដែន អ៊ីចឹង​គេ​ងាយ​ចោទ​ប្រកាន់​ថា គាត់​ជា​វៀតណាម​អី​គ្រប់​បែប​យ៉ាង ប៉ុន្តែ​តាម​ការ​ពិត​យើង​ឃើញ​ថា គាត់​មក​រៀន​នៅ​វិទ្យាល័យ​សុរិយាវង្ស​នៅ​ស្វាយរៀង រហូត​មក​ដូច​ជា​គាត់​នៅ​បាវិត​ហ្នឹង គាត់​ចេះ​វៀតណាម​ស្ទាត់ ចេះ​ទាំង​អក្សរ​វៀតណាម​អី ព្រោះ​បាវិត​ឈាន​មួយ​ជំហាន​ទៅ​ដល់​ព្រំដែន​វៀតណាម អ៊ីចឹង​ទេ​វៀតណាម​ក៏​មាន​ចេះ​ខ្មែរ​ដែរ​នៅ​ហ្នុង​នោះ»

លោក ជាម យៀប បាន​សម្ដែង​ការសោកស្ដាយ​ចំពោះ​មរណភាព​របស់​លោក ហុក ឡងឌី ហើយ​ថា លោក ហុក ឡងឌី បាន​បន្សល់​ស្នាដៃ​ជា​ច្រើន​សម្រាប់​ប្រទេស​ជាតិ រួម​មាន​ការរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់ និង​ស្ថិរភាព​ក្នុង​សង្គម​កម្ពុជា។

លោក ជាម យៀប បាន​ឲ្យ​ដឹង​ថា ៖ «ក្នុង​នោះ​ស្នាដៃ​របស់​លោក​ជា​បន្ត​បន្ទាប់ គឺ​ទាល់តែ​មាន​ស្នាដៃ​បាន​អាច​ឡើង​ឋានៈ ឡើង​តួនាទី​ហ្នឹង​បាន ទន្ទឹម​នេះ​ការដឹកនាំ​ផ្នែក​ខាង​នគរបាល​ជាតិ សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម គឺ​ថា​បាន​ល្អ​ប្រសើរ​នៅ​ទូទាំង​ប្រទេស​ដែល​គួរ​កោត​ស្ញប់ស្ញែង​កន្លង​មក។ ទន្ទឹម​នេះ​លោក​បាន​ធ្វើ​ទំនាក់​ទំនង​ជាមួយ​នឹង​នគរបាល​អន្តរជាតិ​បរទេស​បាន​យ៉ាង​ល្អ​ប្រសើរ​ដែល​ធ្វើ​ជា​គំរូ​ជា​មេរៀន​ល្អ​សម្រាប់​នាយ​នគរបាល​ជាតិ​របស់​យើង​ជំនាន់​ក្រោយ​ដែល​ធ្វើ​បន្ត​ពី​លោក​ត​ទៅ​ទៀត»

ទោះ​ជា​យ៉ាង​ណា កាសែត The Guardian របស់​ប្រទេស​អង់គ្លេស ធ្លាប់​បាន​សេរសេរ​ថា នៅ​ក្នុង​ព្រឹត្តិការណ៍​នៃ​ការដណ្ដើម​អំណាច​គ្នា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នា​ឆ្នាំ​១៩៩៧ លោក ហុក ឡងឌី បាន​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ប្រតិបត្តិការ​សម្លាប់​ក្រៅ​រង្វង់​ច្បាប់​ទៅ​លើ​មន្ត្រី​រាជា​និយម រួម​មាន​មន្ត្រី​មក​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ហូ សុខ ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ឯ​ក្រសួង​មហាផ្ទៃ ហើយ​ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​នគរបាល​នៅ​ទី​នោះ។

អតីត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ហេង ពៅ ក៏​ធ្លាប់​បាន​បង្ហើប​បញ្ហា​សម្លាប់​មនុស្ស​នេះ​ដែរ​បន្ទាប់ពី​លោក​មាន​ជម្លោះ​បែក​បាក់​គ្នា​ជាមួយ​នឹង​លោក ហុក ឡងឌី៕