ពលរដ្ឋ​នៅ​បឹងកក់​​បារម្ភ​បន្ទាប់​ពី​ផ្ទះ​ខ្លះ​រលំ​​ដោយសារ​ការ​បូម​ខ្សាច់

ប្រជាពលរដ្ឋ​នៅ​តំបន់​បឹង​កក់​កំពុង​សម្ដែង​ការ​ព្រួយ​បារម្ភ​បន្ថែម​ទៀត បន្ទាប់​ពី​ផ្ទះ​មួយ​ចំនួន​នៅ​លើ​ផ្ទៃ​បឹង​នេះ​ត្រូវ​បាន​ដួល​រលំ​ជា​បន្ត​បន្ទាប់ ដោយសារ​តែ​ការ​បូម​ខ្សាច់​បញ្ចូល​បឹង ហើយ​មក​ទល់​ពេលប​ច្ចុប្បន្ន​មិន​ទាន់​មាន​ដំណោះ​ស្រាយ។

0:00 / 0:00

អ្នកស្រី សយ កូលាប ជា​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់​បឹង​កក់​នេះ បាន​អះ​អាង​ថា ផ្ទះ​អ្នកស្រី​បាន​ទ្រេត​ចូល​ទៅ​ក្នុង​ទឹក​មួយ​ចំហៀង​ហើយ រួម​ទាំង​ផ្ទះ​ពីរ​ទៀត​របស់​អ្នក​ជិត​ខាង​ក៏​ទ្រេត​ដែរ​កាល​ពី​សប្តាហ៍​មុន ធ្វើ​ឲ្យ​ពួកគាត់​ទាំង​បី​គ្រួសារ​គ្មាន​ទី​ជម្រក​ស្នាក់​នៅ។

អ្នកស្រី សយ កូលាប ឲ្យ​ដឹង​ដូច្នេះ ៖ «ហេតុអី​ក៏​រលំ​ហើយ​អត់​មាន​នរណា​មក​សួរ​សោះ​បង​ឯង​មើល៍ អត់​មាន​ក្រុមហ៊ុន​មក​ក្បែរ​សោះ។ មិន​មែន​មិន​ដឹង​ទេ មើល​ទៅ​ឃើញ​គ្នា​ទេ​តើ!»

អ្នកស្រី សយ កូលាប បាន​បន្ត​ថា អ្នកស្រី​និង​ប្រជាពលរដ្ឋ​ក៏​នាំ​គ្នា​ប្រាប់​ទៅ​ក្រុមហ៊ុន​ស៊ូកាគូ ហើយ​តំណាង​ក្រុមហ៊ុន​ឲ្យ​តម្លៃ​តែ ២.០០០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​ផ្ទះ​ដែល​បាន​ដួល​រលំ​មួយ តែ​អ្នកស្រី និង​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​មិន​អាច​ទទួល​យក​បាន ដូច្នេះ​សូម​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ។

អ្នកស្រី សយ កូលាប បាន​ឲ្យ​ដឹង​បន្ត​ដូច្នេះ ៖ «អត់​មក​ដោះស្រាយ​ឲ្យ​ប្រជាជន​ទេ បាន​អី​ក៏​គាត់​គិត​ថា ឥឡូវ​បូម យើង​ធ្វើ​អ៊ីចឹង ដោះស្រាយ​ប្រជាជន​ឲ្យ​ចេញ​ផុត​ទៅ យើង​ចង់​ធ្វើ​អី​ក៏​ធ្វើ​ចុះ តែ​អត់​គិត​អ៊ីចឹង​ទេ​គិត​តែ​ប្រឹង​បូមៗ។ ចុះ​បើ​សិន​ជា​លិច​លង់​ផ្ទះ ដូច​ផ្ទះ​ខ្ញុំ​អ៊ីចឹង តើ​ក្រុមហ៊ុន​ដោះស្រាយ ឬ​អត់?»

បឹង​កក់​៣០៥b
ផ្ទះ​ប្រជាពលរដ្ឋ​ដែល​សាង​សង់​នៅ​លើ​បឹង​កក់ រូប​ថត​ថ្ងៃ​ទី ១ សីហា ២០០៩។ (RFA Photo)

អ្នកស្រី កែវ ម៉ាឡៃ រស់​នៅ​ក្នុង​ភូមិ​៤ បាន​សម្ដែង​ថា ផ្ទះ​របស់​គាត់​ត្រូវ​បាន​ដួល​រលំ ៣​ខែ​មក​ហើយ ប៉ុន្តែ​ទាំង​ក្រុមហ៊ុន​ស៊ូកាគូ និង​អាជ្ញាធរ​មិន​ទាន់​ដោះស្រាយ​ឲ្យ​គាត់​នៅ​ឡើយ​ទេ។ សព្វ​ថ្ងៃ​គាត់ និង​កូន​ពីរ​នាក់​បាន​ជួល​ផ្ទះ​អ្នក​ជិត​ខា​ង​ស្នាក់​នៅ។

អ្នកស្រី កែវ ម៉ាឡៃ បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ដូច្នេះ ៖ «បញ្ហា​ម្ហូប​អាហារ​អត់​មាន​ទេ លំបាក​ណាស់ លំបាក​ត្រង់​ហ្នឹង​ខ្លាំង​មែន​ទែន។ រាល់​ថ្ងៃ​ខ្ញុំ​ដើរ​ញ៉ាំ​តែ​នឹង​គេ​ទេ បាន​លុយ​ទៅ​ធ្វើ​ការ​បោក​ខោ​អាវ​ឲ្យ​គេ​ហ្នឹង បាន​តែ​ថ្លៃ​ជួល​ផ្ទះ​ហ្នឹង​ឯង។ ពិបាក​ខ្លាំង​ណាស់​តែ​មិន​ដឹង​ទៅ​និយាយ​ប្រាប់​នរណា គេ​អត់​ដឹង​ទេ ពិបាក​ណាស់»

ចំណែក​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិ​២២ អ្នកស្រី បេ ផារុំ និង​ប្រជាពលរដ្ឋ​ជា​ច្រើន​អ្នក​ផ្សេង​ទៀត បាន​អះអាង​ថា ដី​ខ្សាច់​ដែល​ក្រុមហ៊ុន​ស៊ូកាគូ បាន​បូម​បញ្ចូល​ក្នុង​បឹង​កក់​នេះ ឥឡូវ​បឹង​នេះ​ចាប់​ផ្តើម​គោក​ជិតៗ​ផ្ទះ​ពួក​គាត់​ហើយ ហើយ​បាន​ធ្វើ​ឲ្យ​ពួក​គាត់​មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​ផ្ទះ​បាក់​សង្កត់​គាត់​នៅ​ពេល​យប់។

ឆ្លើយ​តប​នឹង​ការ​ព្រួយ​បារម្ភ​របស់​ប្រជាពលរដ្ឋ​ខាង​លើ អ្នកស្រី អិន សាថន ចៅ​សង្កាត់​រង​នៃ​សង្កាត់​ស្រះចក មាន​ប្រសាសន៍​ថា ផ្ទះ​ពលរដ្ឋ​ដែល​បាក់​នោះ​ជា​រឿង​របស់​ក្រុមហ៊ុន​ស៊ូកាគូ ជា​អ្នក​ដោះស្រាយ ហើយ​ប្រជាពលរដ្ឋ​គួរ​តែ​ទៅ​រក​ក្រុម​ហ៊ុន​នោះ​ដើ​ម្បី​រក​ដំណោះ​ស្រាយ។ អ្នកស្រី​បន្ត​ថា ទាំង​ក្រុមហ៊ុន និង​អាជ្ញាធរ​បាន​ព្យាយាម​បញ្ចៀស​ការ​បូម​ខ្សាច់​បញ្ចូល​បឹង​នោះ​ឲ្យ​ឆ្ងាយ​ពី​ផ្ទះ​ប្រជាពលរដ្ឋ​ហើយ។

អ្នកស្រី អិន សាថន មាន​ប្រសាសន៍​ដូច្នេះ ៖ «ម្យ៉ាង​ទៀត ការ​ដែល​យើង​បូម​ខ្សាច់​នេះ គឺ​យើង​បញ្ចៀស​មក​កណ្ដាល យើង​មិន​មាន​បំណង​មួយ​ថា​យើង​បូម​ទៅ​ដើម្បី​បំបាក់​ផ្ទះ​ប្រជាពលរដ្ឋ​ក៏​មិន​មែន​ដែរ»

កញ្ញា ស រចនា ជា​មន្ត្រី​ស៊ើប​អង្កេត​របស់​អង្គការ​មួយ ហៅ​ថា​ក្រុម​ការងារ​ពិសេស​សិទ្ធិ​មាន​លំនៅ​ឋាន បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ខ្លាច​មាន​ការ​បាក់​ស្រុត​ផ្ទះ​បន្ត​ទៀត ហើយ​ថា​ការ​បាក់​ស្រុត​ផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹង​កក់​កន្លង​មក​នេះ ជា​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល។

កញ្ញា ស រចនា បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ដូច្នេះ ៖ «បើង​យោង​ទៅ​តាម​ផ្លូវ​ច្បាប់​វិញ ការ​ដែល​ធ្វើ​ឲ្យ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​រលំ​បាក់​អ៊ីចឹង គឺ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​ឯកជន​របស់​ប្រជាពលរដ្ឋ...។ ហើយ​បើ​សិន​ជា​មាន​ការ​ខូចខាត​អ៊ីចឹង គឺ​ប្រជាពលរដ្ឋ​គាត់​អាច​ស្វែង​រក​ការ​គាំពារ​ពី​ច្បាប់​បាន គឺ​គាត់​អាច​ដាក់​ពាក្យ​បណ្ដឹង​ដើម្បី​សុំ​ឲ្យ​មាន​ការ​ដោះស្រាយ ឬ​ក៏​ជួស​ជុល​សំណង់​ខូច​ខាត​»

សូម​ជម្រាប​ថា រហូត​មក​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹង​កក់​បាន​នាំ​គ្នា​តវ៉ា​ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ គឺ​សូម​ឲ្យ​ផ្អាក​ការបូម​ខ្សាច់​បញ្ចូល​បឹង និង​ទាមទារ​យក​សំណង​តាម​តម្លៃ​ទីផ្សារ​ជា​ថ្នូរ​នឹង​ការចាក ចេញ ហើយ​ក៏​ធ្លាប់​បាន​ប្តឹង​ទៅ​តុលាការ​ក្រុង​ភ្នំពេញ និង​ទៅ​ឧទ្ធរណ៍​ផងដែរ ប៉ុន្តែ​រហូត​មក​ដល់​ថ្ងៃ​នេះ​មិន​បាន​ទទួល​លទ្ធផល​អ្វី​ទាំងអស់។

ចំណែក​ឯ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដែល​បាន​ដួល​រលំ​ទាំង​អស់​មាន​ចំនួន ៥​ខ្នង រួច​មក​ហើយ ហើយ​មាន​ប្រជាពលរដ្ឋ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន​រយៈ​ពេល​ពីរ​ថ្ងៃ ហើយ​ត្រូវ​ពិន័យ​ជា​ប្រាក់​ចំនួន ៥​លាន​រៀល ដោយសារ​ប្រជាពលរដ្ឋ​រូប​នេះ​សរសេរ​អក្សរ​នៅ​តាម​ជញ្ជាំង​ផ្ទះ​របស់​គាត់ ដោយ​មាន​អត្ថន័យ​ជា​ខ្លឹមសារ​ជា​អាទិ៍​បី​ចំណុច គឺ​ប្រឆាំង​គោល​នយោបាយ​ផ្តាច់​ការ ប្រជាពលរដ្ឋ​រង​គ្រោះ​ព្រោះ​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ថោកទាប។

ទោះ​ជា​យ៉ាង​ណា តំណាង​ក្រុមហ៊ុន​ស៊ូកាគូ លោក ឡៅ វណ្ណ បាន​បង្ហាញ​​តាម​កញ្ចក់​ទូរទស្សន៍​បាយ័ន កាល​ពី​ពេល​ថ្មីៗ​នេះ​ថា មាន​ប្រជាពលរដ្ឋ​ជាង ៧០% ហើយ បាន​ទទួល​យក​លុយ និង​ផ្ទះ​ក្នុង​ការ​ចាក​ចេញ​តាម​គោល​នយោបាយ​របស់​សាលា​ក្រុង​ភ្នំពេញ ហើយ​ក្រុមហ៊ុន​នៅតែ​បន្ត​ការ​ផ្តល់​ជម្រើស​នេះ​ជូន​ប្រជា​ពល​រដ្ឋ​ដដែល។

អ្នកស្រី អិន សាថន ចៅ​សង្កាត់​រង​នៃ​សង្កាត់​ស្រះចក បាន​បញ្ជាក់​ដែរ​ថា ប្រជាពលរដ្ឋ​នៅ​តំបន់​បឹង​កក់ បាន​មក​ចុះ​ឈ្មោះ​ទទួល​យក​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ទាំង​បី គឺ​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង យក​លុយ ៨.០០០​ដុល្លារ និង​ផ្ទះ​មួយ​ល្វែង​ថែម​លុយ ២​លាន​រៀល​ទៀត ជា​សំណង​នឹង​ការ​ចាក​ចេញ​នោះ មាន​ចំនួន​ច្រើន​ហើយ ប៉ុន្តែ​មិន​ទាន់​មាន​តួលេខ​ច្បាស់​លាស់​នៅ​ឡើយ​ទេ។

អ្នកស្រី អិន សាថន បាន​បញ្ជាក់​ដូច្នេះ ៖ «យើង​បាន​យក​ចិត្ត​ទុក​ដាក់​ដែរ​តើ​ចំពោះ​បញ្ហា​ហ្នឹង មិន​មែន​ថា​យើង​ព្រងើយ​កន្តើយ​ទេ។ ឥឡូវ​នេះ គឺ​យើង​បាន​ស្រង់​ស្ថិតិ​ចំនួន​អ្នក​ដែល​បាន​ស្ម័គ្រ​ចិត្ត​បន្តៗ​ទៀត ថា​មាន​ប៉ុន្មាន​យើង​នឹង​រៀបចំ​ដោះ​ស្រាយ​បន្ត​ទៅ​ទៀត មិន​មែន​ថា​យើង​ព្រងើយ​កន្តើយ​ចំពោះ​ប្រជាពលរដ្ឋ​ទេ។ អ្នក​ដែល​យល់​ព្រម​តាម​គោល​នយោបាយ​ហ្នឹង គឺ​គេ​ស្ម័គ្រ​ចិត្ត​ច្រើន​ជាង​អ្នក​ដែល​មិន​ទាន់​ស្ម័គ្រ»

សូម​ជម្រាប​ដែរ​ថា តាម​ឯកសារ​រដ្ឋាភិបាល​កម្ពុជា បាន​ជួល​បឹង​កក់​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​មួយ ឈ្មោះ​ស៊ូកាគូ ក្នុង​តម្លៃ​ជាង ៧៩​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក សម្រាប់​រយៈ​ពេល​ដំបូង ៩៩​ឆ្នាំ។ ថ្លៃ​ឈ្នួល​នេះ​បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ក្នុង​ការ​ដោះស្រាយ​គោល​នយោបាយ​ជូន​ប្រជាពលរដ្ឋ​ប្រមាណ ៤.២៥២​គ្រួសារ ហើយ​ភាគី​ក្រុមហ៊ុន​នឹង​ទទួល​បាន​ទីតាំង​បឹង​កក់​ចំនួន ១៣៣​ហិកតារ​មក​គ្រប់គ្រង គឺ​បន្ទាប់​ពី​ភាគី​សាលា​ក្រុង​ភ្នំពេញ បាន​ដោះស្រាយ​បញ្ហា​ដី​រួច​ទាំង​ស្រុង។

ការ​អនុញ្ញាត​នេះ​ត្រូវ​បាន​ក្រុម​សិទ្ធិ​មនុស្ស​សម្ដែង​ថា បាន​រំលោភ​លើ​ច្បាប់​ភូមិបាល​ឆ្នាំ​២០០១ ដែល​ថា​ការ​ប្រគល់​បឹង​ដែល​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​ទៅ​ឲ្យ​ឯកជន គឺ​មិន​ត្រូវ​​ហួស​ពី ១៥​ឆ្នាំ​ឡើយ៕