រដ្ឋធម្មនុញ្ញដែលគេចាត់ទុកជាច្បាប់កំពូល ឬជាច្បាប់គ្រឹះ អនុម័តលើកទី១ ដោយសភាធម្មនុញ្ញនៅថ្ងៃ ២១ កញ្ញា ឆ្នាំ១៩៩៣ ក្រោមអធិបតីភាពប្រធានរដ្ឋសភា សម្តេច សឺន សាន។
ការកែប្រែជំពូក និងមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញអនុម័តដោយរដ្ឋសភា ក្រោមអធិបតីភាពប្រធានរដ្ឋសភា ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ នាថ្ងៃ ៤ មីនា ឆ្នាំ១៩៩៩។ តើរដ្ឋធម្មនុញ្ញខ្មែរ មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ក្នុងស្ថាប័នរដ្ឋនីមួយៗ គោរពប្រតិបត្តិត្រឹមត្រូវដូចចែងក្នុងច្បាប់កំពូលនេះ ឬទេ?
ប្រទេសកម្ពុជា មានរដ្ឋធម្មនុញ្ញសម្រាប់ជាច្បាប់បង្គោលជាច្រើនលើកនៅពេលណាមានការផ្លាស់ប្តូររបបគ្រប់គ្រងនគរ ចាប់តាំងពីរដ្ឋប្រហាររំលំរបបរាជានិយម ឆ្នាំ ១៩៧០ ដល់សម័យខ្មែរក្រហមបានជ័យជម្នះ ឆ្នាំ ១៩៧៥ ដល់សម័យកងទ័ពសាធារណរដ្ឋសង្គមនិយមយៀកណាម រំលំរបបខ្មែរក្រហម ហើយបង្កើតរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ឆ្នាំ ១៩៧៩ រួចរហូតមកដល់សម័យបោះឆ្នោតសកល ឆ្នាំ ១៩៩៣ ដែលបង្កើតរបបរាជាធិបតេយ្យអាស្រ័យធម្មនុញ្ញឡើងវិញ។
របបគ្រប់គ្រងនៅកម្ពុជា ទោះជាមាន ឬមិនមានស្តេចសោយរាជ្យក្តី របបសេរីក្តី របបរួមសម្បត្តិ ឬ កុម្មុយនិស្តផ្តាច់ការក្តី គេសង្កេតឃើញរដ្ឋធម្មនុញ្ញនៃរបបនីមួយៗ មានគោលចារឹក ឬគោលគំនិតចម្បងៗដូចគ្នា ពោលគឺ ការគោរពសិទ្ធិមនុស្សជាពលរដ្ឋ យកប្រជាពលរដ្ឋជាធំ គោរពប្រតិបត្តិតាមច្បាប់ទម្លាប់ បែងចែកអំណាចគ្រប់គ្រងដាច់ពីគ្នា មិនបំពាននាទីគ្នា ការពារអធិបតេយ្យ ឯករាជភាព និងគិតផលប្រយោជន៍ជាតិ មានដូចជាការការពារជីវិត សេរីភាព សម្បតិ្តទ្រព្យសាធារណៈជាដើម ។ល។ ឲ្យពលរដ្ឋកម្ពុជា។
តើមជ្ឈដ្ឋានខ្លះ ដែលរិះគន់របបគ្រប់គ្រងសព្វថ្ងៃ គេនិយាយរឿងមិនពិត រិះរកតែលេសដើម្បីគ្រាន់តែចង់សម្អុយកេរ្តិ៍ឈ្មោះរាជរដ្ឋាភិបាល ឬយ៉ាងណា?
លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស បានថ្លែងក្នុងកិច្ចប្រជុំមួយនៅរដ្ឋធានីវ៉ាស៊ីនតុន ស.រ.អា នាថ្ងៃទី ១០ ខែ មិថុនា កន្លងទៅថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមាននៅលើតែក្រដាសប៉ុណ្ណោះ។
លោក កឹម សុខា បានថ្លែងយ៉ាងដូច្នេះ ៖ «ប្រទេសកម្ពុជាបានបោះឆ្នោត ៤លើកហើយ ហើយឆ្នាំ ២០០៨ នេះ ជាលើកទី៤ ជាការបោះឆ្នោតមួយដែលពោរពេញទៅដោយការបន្លំ ល្បិចកលរបស់គណបក្សកាន់អំណាច ឆក់យករហូតទៅដល់ ៩០កៅអី។ គណបក្សប្រឆាំងមិនមានសមាជិកនៅក្នុងគណៈកម្មការសភាទេក្នុងអាណត្តិនេះ ខ្ញុំជឿថាប្រហែលក្នុងពិភពលោកគ្មានប្រទេសប្រជាធិបតេយ្យណា ដែលមិនឲ្យគណបក្សប្រឆាំងមានសមាជិកនៅក្នុងគណៈកម្មការសភានោះទេ សមាជិកសភា ទោះជាម្នាក់ក៏ដោយ គឺមានសិទ្ធិឡើងនិយាយបាន។ ស្ថានភាពបច្ចុប្បន្ននៅកម្ពុជានេះ រដ្ឋាភិបាលគឺគាបសង្កត់ទៅលើអ្នកសារព័ត៌មាន អ្នកនយោបាយ អង្គការក្រៅរដ្ឋាភិបាល និងប្រជាពលរដ្ឋមួយចំនួនទៀត ដែលរិះគន់រដ្ឋាភិបាល ដោយគេប្រើប្រាស់ប្រព័ន្ធតុលាការ ដោយយកច្បាប់បរិហារកេរ្ដិ៍ ឬក៏ច្បាប់ផ្សាយព័ត៌មានមិនពិត ដើម្បីចាប់ខ្លួន ឬចោទប្រកាន់មកលើអ្នករិះគន់រដ្ឋាភិបាល»។
ការស្រាវជ្រាវនៃគណៈកម្មការសិទ្ធិមនុស្សអាស៊ី បានរកកត់សម្គាល់ចំណុចមួយចំនួនចែងក្នុងរដ្ឋធម្មនុញ្ញខ្មែរ ដែលគេអាចមើលឃើញថា របបគ្រប់គ្រងសម័យណាក៏សរសេរអះអាងថា បម្រើផលប្រយោជន៍ជាតិដូចៗគ្នា។ រដ្ឋធម្មនុញ្ញពីឆ្នាំ ១៩៥៣ ដល់ឆ្នាំ ១៩៧០ ក្នុងសម័យសង្គមរាស្រ្តនិយម មាត្រា ១១៤ ចែងថា ក្រុមប្រឹក្សាជាន់ខ្ពស់តុលាការ ត្រូវគ្រប់គ្រងដោយច្បាប់ ត្រូវធានាឲ្យចៅក្រមមានវិន័យ និងឯករាជភាព។
រដ្ឋធម្មនុញ្ញពីឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៥ សម័យសាធារណរដ្ឋខ្មែរ បាវចនាចែងថា សេរីភាព សមភាព ភាតរភាព។ រដ្ឋធម្មនុញ្ញទ្រទ្រង់គោលគំនិតរបបគ្រប់គ្រងរបស់ប្រជាពលរដ្ឋ ដោយប្រជាពលរដ្ឋ និងដើម្បីប្រជាពលរដ្ឋ ហើយមាត្រា ៣ ចែងថា អំណាចទាំងអស់ផុសចេញពីប្រជាពលរដ្ឋ។ មាត្រា ៨០ ចែងថា យុត្តិធម៌ត្រូវចាត់ចែងឲ្យមានក្នុងនាមប្រជាពលរដ្ឋ ត្រូវមានភាពឯករាជ មិនលម្អៀង ដើម្បីការពារសិទ្ធិនិងសេរីភាពពលរដ្ឋ។
រដ្ឋធម្មនុញ្ញពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ សម័យកម្ពុជាប្រជាធិបតេយ្យ ឬខ្មែរក្រហម ចែងក្នុងមាត្រា១ ថា រដ្ឋកម្ពុជា ជារដ្ឋរបស់ប្រជាជន កម្មករ កសិករ និងពលករទាំងអស់។ មាត្រា៩ ចែងថា យុត្តិធម៌ត្រូវប្រព្រឹត្តទៅនៅក្នុងតុលាការប្រជាជន តំណាង និងការពារយុត្តិធម៌ឲ្យប្រជាជន ហើយនិងការពារសិទ្ធិតាមបែបប្រជាធិបតេយ្យ។
រដ្ឋធម្មនុញ្ញពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៩៣ សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា និងរដ្ឋកម្ពុជា មាត្រា ៧៩ ចែងថា ការវិនិច្ឆ័យប្រកបដោយគតិយុត្តិធម៌ និងការអនុវត្ត គឺដើម្បីការពារអំណាចរបស់ប្រជាជន និងភាពស្របច្បាប់តាមបែបប្រជាធិបតេយ្យ និងដើម្បីការពារទ្រព្យសម្បត្តិ សិទ្ធិសេរីភាព ជីវិត និងប្រយោជន៍របស់ពលរដ្ឋតាមផ្លូវច្បាប់។
រដ្ឋធម្មនុញ្ញប្រកាសនៅខែកញ្ញា ឆ្នាំ ១៩៩៣ ចែងអំពីការបែងចែកអំណាចគ្រប់គ្រង មិនលូកដៃចូលកិច្ចការគ្នាទៅវិញទៅមករវាងសាខាទាំង៣ គឺសាខានីតិបញ្ញត្តិ រដ្ឋសភា សាខានីតិប្រតិបត្តិ រាជរដ្ឋាភិបាល និងសាខាតុលាការនោះទេ។ មាត្រា ៧៦ ដល់ ១០៣ និយាយអំណាចសភាជាតិ មាត្រា ៩៩ ដល់ ១០៨ និយាយអំពីរដ្ឋាភិបាល មាត្រា ១០៩ ដល់ ១១៦ និយាយអំពីតុលាការ។ សិទ្ធិ ឬអំណាចដាច់ពីគ្នានេះ មានចែងក្នុងមាត្រា៥១។
ក្នុងបុព្វកថានៃរដ្ឋធម្មនុញ្ញបច្ចុប្បន្ន អ្នកសរសេរផ្តើមឡើងជាមួយនឹងពាក្យ យើងជាប្រជារាស្រ្តខ្មែរ រក្សាការពារទឹកដី អធិបតេយ្យ ផ្អែកលើប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស គោរពច្បាប់ ទទួលខុសត្រូវខ្ពស់ចំពោះវាសនា អនាគតជាតិ។
តើរឿងគោរពសិទ្ធិមនុស្ស រឿងគោរពច្បាប់ និងរឿងការពារផលប្រយោជន៍របស់ពលរដ្ឋ ប្រជាពលរដ្ឋខ្មែរមើលឃើញដូចម្តេច? តើមន្រ្តីដឹកនាំប្រទេសបានគោរពប្រតិបត្តិតាមច្បាប់កំពូល ហៅថារដ្ឋធម្មនុញ្ញកម្រិតណាហើយ?
បញ្ញវន្តខ្មែរនៅបរទេស ដែលគ្មានប្រយោជន៍ក្នុងស្រុកខ្មែរ បានសរសេរអត្ថបទជាច្រើនអំពីការប្រើអំណាចហួសព្រំដែន បំពានរដ្ឋធម្មនុញ្ញពីសំណាក់នាយករដ្ឋមន្រ្តី ប្រមុខរាជរដ្ឋាភិបាល។ ជំពូកទី៤ មាត្រា ៥១ ថ្មី នៃរដ្ឋធម្មនុញ្ញ ចែងថា អំណាចទាំងអស់ជារបស់ពលរដ្ឋ។
ប្រជាពលរដ្ឋប្រើអំណាចរបស់ខ្លួនតាមរយៈរដ្ឋសភា ពោលគឺតំណាងរាស្រ្ត។ មាត្រាដដែលចែងថា ប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសនានៃប្រទេសជាតិរបស់ខ្លួន។ មាត្រា ៥២ ជំពូកទី៤ ដែលនិយាយអំពីរបបនយោបាយ ចែងថា រាជរដ្ឋាភិបាលកម្ពុជាត្រូវការពារនីត្យានុកូលភាព ធានាសណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍បែបគំរាមដល់ក្រុមជំទាស់ក្នុងគណបក្សនយោបាយដទៃ បន្ទាប់ពីគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ដឹកនាំដោយលោក កឹម សុខា ចងសម្ព័ន្ធភាព ដែលយល់ថាមានបំណងផ្តួលគណបក្សប្រជាជនកម្ពុជា។
លោក ហ៊ុន សែន មានប្រសាសន៍ដូច្នេះ ៖ «អស់លោកសម្ព័ន្ធភាពអើយ! ខ្ញុំប្រាប់ទៅ មនុស្សក្នុងអស់លោកហ្នឹងមកខ្ញុំអស់ ១ភាគ៣ហើយ សម្ព័ន្ធភាពអស់លោកគង់តែនឹងបែកទេ។ ថ្ងៃណាដែលខ្ញុំចង់ឲ្យបែក ខ្ញុំធ្វើឲ្យបែក ខ្ញុំមិនខ្លាចសម្ព័ន្ធភាពអស់លោកទេ ហើយអស់លោកមិនចាំបាច់ប្រើពាក្យថាសម្ព័ន្ធភាពដើម្បីផ្ដួលគណបក្សប្រជាជនទេ មិនបាច់ចាំប្រើភាសាហ្នឹងទេ។ អស់លោកប្រឹងប្រែងទប់ខ្លួនឯងឲ្យនឹងទៅ ព្រោះក្រែងលោវាបែកទាំងខ្លួននោះ»៕
