ព្រឹត្តិការណ៍​សំខាន់ៗ​នៃ​ទិវា​ប្រកាស​រដ្ឋ​ធម្មនុញ្ញ (ភាគ​២)

ព្រះរាជាណាចក្រ​កម្ពុជា​ផ្តើម​មាន​រដ្ឋធម្មនុញ្ញ​ថ្មី​បន្ទាប់​ពី​មាន​ការ​បោះ​ឆ្នោត​សកល​ឧបត្ថម្ភ​ដោយ​សហគមន៍​អន្តរជាតិ ហើយ​រៀបចំ​ចាត់​ចែង​ដោយ​អង្គការ​សហប្រជាជាតិ ហៅ​ថា អ៊ុនតាក់ កាល​ពី​ឆ្នាំ ១៩៩៣។

0:00 / 0:00

បណ្ឌិត ឡាវ ម៉ុងហៃ សាស្រ្តាចារ្យ​ផ្នែក​នីតិសាស្រ្ត​និង​សេដ្ឋសាស្រ្ត បាន​សរសេរ​អត្ថបទ​មួយ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ UPI Asia.com ថ្ងៃ ២៩ តុលា ឆ្នាំ​២០០៨ ដោយ​លើក​យក​ចំណុច​មួយ​ក្នុង​ចំណោម​ចំណុច​មួយចំនួន​ទៀត​ដែល​ថា​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បំពាន​រដ្ឋធម្មនុញ្ញ។

រឿង​ជម្លោះ​ជាមួយ​ថៃ​ទាក់ទង​រឿង​ប្រាសាទ​ព្រះវិហារ ប្រមុខ​រដ្ឋាភិបាល​ថ្លែង​នៅ​ថ្ងៃ ១៤ តុលា ឆ្នាំ​២០០៨ ដាក់​កំណត់​ឲ្យ​ថៃ​ដក​ទ័ព​ក្នុង​រយៈពេល​មួយ​ថ្ងៃ​ក្រោយ​ពី​ការ​ប្រកាស​នោះ ហើយ​បាន​បញ្ជា​ដល់​នាយ​ទាហាន​មេ​បញ្ជាការ​យោធា​ឲ្យ​ត្រៀម​នឹង​ការ​ផ្ទុះ​អាវុធ។ ថ្ងៃ ១៥ តុលា កង​ទ័ព​ទាំង​សងខាង​បាន​ប៉ះ​ទង្គិច​គ្នា​មួយ​រយៈ​ខ្លី​ដែល​បណ្តាល​ឲ្យ​មាន​ទាហាន​ស្លាប់​និង​របួស​មួយចំនួន។

តាម​ការ​បកស្រាយ​របស់​បណ្ឌិត ឡាវ ម៉ុងហៃ ការ​ព្រមាន​បែប​ប្រកាស​សង្រ្គាម​ដូច្នេះ មាន​តែ​ព្រះ​មហាក្សត្រ​ទេ​ដែល​មាន​សិទ្ធិ​និង​អំណាច​ប្រកាស​បាន យោង​តាម​ជំពូក​ទី​២ មាត្រា​៧ និង​មាត្រា​២៤ បន្ទាប់​ពី​សភា​ទាំង​ពីរ​បាន​យល់​ព្រម។

ចំពោះ​ខ្លឹមសារ​ចែង​ក្នុង​មាត្រា​នីមួយៗ​នៃ​រដ្ឋ​ធម្មនុញ្ញ សមាជិក​សភា​ទាំង​ពីរ​ពី​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស បកស្រាយ​អត្ថន័យ​ឬ​ឲ្យ​និយមន័យ​មិន​ដូច​គ្នា​ទេ ហើយ​គេ​សង្កេត​ឃើញ​ថា ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ​ច្រើន​តែ​ស្រប​តាម​គណបក្ស​កាន់​អំណាច ឬ​មួយ​មិន​ធ្វើ​សេចក្តី​ពន្យល់​បកស្រាយ​សម្រេច​តាម​អំណាច​ដែល​ស្ថាប័ន​នេះ​មាន​នោះ​ទេ។ ជំពូក​ទី​៧ មាត្រា​៨០ ចែង​ថា តំណាង​រាស្រ្ត​មាន​អភ័យ​ឯកសិទ្ធិ​សភា ហើយ​ថា​មិន​ត្រូវ​មាន​ទោសពៃរ៍​អ្វី​ក្នុង​ការ​បញ្ចេញ​មតិ​ក្នុង​ការ​បំពេញ​មុខងារ​របស់​ខ្លួន​សោះ​ឡើយ។

កាល​ពី​ថ្ងៃ​៥ សីហា​កន្លង​ទៅ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ព្រមាន​ក្រុម​អ្នក​រិះគន់​រដ្ឋាភិបាល​ដែល​លោក​ដឹកនាំ​ថា លោក​នឹង​ប្រើ​ច្បាប់​បើ​ប្រើ​ពាក្យ​ខុស ៖ «របប​នេះ​របប​រាជានិយម​អាស្រ័យ​ធម្មនុញ្ញ អ្នក​ជេរ​ទាំង​ឡាយ​ប្រយ័ត្ន​ជេរ​ខុសៗ របប​នេះ​ជា​របប​រាជានិយម​អាស្រ័យ​ធម្មនុញ្ញ និង​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស កុំ​ជេរ​របប​ផ្ដាច់ការ ប្រយ័ត្ន​ត្រូវ តែ​គេ​ដាក់​ផ្លូវ​ច្បាប់​ខ្លួន​ឯង​ថា​ហាម​ឃាត់​សិទ្ធិ​បញ្ចេញ​មតិ តែ​ឯង​បញ្ចេញ​មតិ​វា​ខុស»

ក្នុង​ក្តីក្តាំ​រវាង​លោក ហ៊ុន សែន និង​អ្នកស្រី មូរ សុខហួរ តំណាង​រាស្រ្ត​ពី​គណបក្ស​សមរង្ស៊ី អ្នកស្រី​បាន​សម្ដែង​ក្តី​សោកស្តាយ​ថា ៖ «អ្វី​ដែល​ជា​ការ​ពិត​ដែល​យើង​ត្រូវតែ​បន្ត​និយាយ​នោះ គឺ​បញ្ហា​ដែល​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​ដែល​ប្រព្រឹត្ត​ទៅ​នៃ​ការ​អនុវត្ត​គោលការណ៍​នយោបាយ​រដ្ឋាភិបាល ហើយ​និង​ការ​អនុវត្ត​ច្បាប់​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ក៏​ដូច​ជា​ច្បាប់​ដែល​រដ្ឋសភា ព្រឹទ្ធសភា នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​បាន​ចុះ​ហត្ថលេខា ដើម្បី​ច្បាប់​នោះ​ការពារ​ផល​ប្រយោជន៍​នៃ​ប្រជាពលរដ្ឋ ហើយ​ជា​ពិសេស​ការពារ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ។ ខ្ញុំ​ជា​តំណាងរាស្រ្ដ ពេល​ដែល​បាន​ទទួល​សន្លឹក​ឆ្នោត​ពី​ប្រជាពលរដ្ឋ​នោះ ហើយ​យើង​មាន​តួនាទី​របៀប​ណា យើង​មាន​កាតព្វកិច្ច​របៀប​ណា? ដូច្នេះ​ឈរ​លើ​គោលការណ៍​ប្រជាធិបតេយ្យ ហើយ​និង​សំឡេង​ដែល​យើង​ទទួល​បាន​ពី​រាស្រ្ដ​នោះ តំណាង​រាស្រ្ដ​ក្ដី ព្រឹទ្ធសភា​នៅ​សហរដ្ឋ​អាមេរិក​ក្ដី គេ​អត់​មាន​ងឿង​ឆ្ងល់​ទេ ហើយ​គេ​មិន​បាច់ចាំ​ឲ្យ​យើង​ជជែក​ច្រើន​ទេ គឺ​ថា​ចំពោះ​គេ​វិញ គឺ​ថា​មិន​គួរ​គប្បី​ឲ្យ​តំណាង​រាស្រ្ដ​ទទួល​រងគ្រោះ ដោយ​យក​តុលាការ​អយុត្តិធម៌ ហើយ​និង​គិត​តែ​ពី​រឿង​ចាប់ចង​និង​ដាក់​ពិន័យ​តំណាង​រាស្រ្ដ​របៀប​នេះ​ទេ»

ក្នុង​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃ​១៤ សីហា គណៈកម្មការ​សិទ្ធិ​មនុស្ស​អាស៊ី បាន​តាម​សង្កេត​ឃើញ​ថា រាជ​រដ្ឋាភិបាល​បាន​រំលោភ​មាត្រា​ជា​ច្រើន​ក្នុង​រដ្ឋធម្មនុញ្ញ​ទាក់ទង​នឹង​បញ្ហា​រៀបចំ​ប្រព័ន្ធ​តុលាការ​យុត្តិធម៌ ដោយ​វាង​ព្រះមហាក្សត្រ គឺ​មាត្រា ១៤, ៥១, ១២៨, ១៣៤, ១៣៥ និង ១៥០។ ជំពូក​ទី​១១ មាត្រា​១២៨ ចែង​ថា អំណាច​តុលាការ​ជា​អំណាច​ឯករាជ។

លោក មឿន តុលា ប្រធាន​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សហគមន៍ ថ្លែង​កាល​ពី​ថ្ងៃ​១១ កញ្ញា ថា សូម្បី​តែ​ក្រុមហ៊ុន​ឯកជន​ក៏​ហ៊ាន​បំពាន​រដ្ឋធម្មនុញ្ញ​ខ្មែរ​ដែរ ៖ «រដ្ឋាភិបាល​គាត់​ផ្អាក​មួយរយៈ​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​អនុម័ត​ទៅ​លើ​ការ​គ្រោង​ធ្វើ​វិសោធនកម្ម​មាត្រា​៦៧ និង​មាត្រា​៧៣ ដោយសារ​តែ​មាន​សំណូមពរ​ពី​ខាង​សហជីព​ក្នុង​ស្រុក​ផង សហជីព​ក្រៅ​ស្រុក​ផង ហើយ​ជា​ពិសេស​គឺ​ក្រុម​អ្នក​ទិញ​ហ្នឹង​ឯង។ វិនិយោគ​ទុន​នៅ​ស្រុក​ខ្មែរ​មាន​ចិន មាន​តៃវ៉ាន់ មាន​ហុងកុង និង​មាន​ខាង​ម៉ាឡេស៊ី។ សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​យើង គឺ​ផ្អែក​ធ្ងន់​ទៅ​លើ​វិស័យ​កាត់​ដេរ​នេះ បើ​សិន​ជា​យើង​បណ្ដោយ​ឲ្យ​ការ​ប្រើប្រាស់​កិច្ច​សន្យា​នេះ ធ្វើ​ឲ្យ​មាន​វិបាក​ផ្លូវ​ច្បាប់ ដល់​ច្បាប់​ការងារ​ផង ទៅ​ដល់​ច្បាប់​រដ្ឋធម្មនុញ្ញ​ផង ទៅ​ដល់ ILO Convention នោះ​ផង ទៅ​ដល់​សន្ធិសញ្ញា​អន្តរជាតិ»

ចំណែក​ឯ​បញ្ហា​ទាក់ទង​នឹង​ជីវភាព​ប្រជាពលរដ្ឋ​វិញ ជំពូក​ទី​៤ មាត្រា​៥២ ចែង​ថា រដ្ឋ​យក​ចិត្ត​ទុក​ដាក់​ជា​អាទិភាព​ចំពោះ​ជីវភាព​រស់នៅ​និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ។ ជំពូក​ទី​៣ មាត្រា​៣១​ដល់​៣២ និយាយ​អំពី​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ភាព​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់ ហើយ​មាន​សិទ្ធិ​រស់រាន​មាន​ជីវិត មាន​សេរីភាព និង​សន្តិសុខ​ផ្ទាល់​ខ្លួន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្វី​សរសេរ​ក្នុង​ឯកសារ​និង​អ្វី​អនុវត្ត​ជាក់ស្តែង​អាច​មិន​ដូច​គ្នា​ឡើយ។ ក្នុង​ការ​រួម​ចំណែក​ជួយ​ជាតិ ភរិយា​ប្រធានាធិបតី​អាមេរិកាំង​មួយ​រូប គឺ​ជំទាវ Eleanor Roosevelt (អិល្លែណ រុស្សែវែលថ៍) ដែល​បាន​ជួយ​ការងារ​លើក​កម្ពស់​ជីវភាព​ពលរដ្ឋ​ក្នុង​ទសវត្ស ១៩៣០ រំឭក​អំពី​មនុស្ស​លោក​ថា ជន​ណា​មាន​សតិ​ខ្ពស់​ទូលំ​ទូលាយ គេ​ពិភាក្សា​គ្នា​អំពី​គំនិត​ល្អៗ ជន​ណា​មាន​សតិ​មធ្យមៗ គេ​ពិភាក្សា​គ្នា​អំពី​ព្រឹត្តិការណ៍​ផ្សេងៗ ហើយ​ជន​ណា​មាន​សតិ​តូចៗ គេ​ពិភាក្សា​គ្នា​អំពី​មនុស្ស​ម្នា​ដូច​គ្នា៕