មតិខ្លះយល់ថាយ៉ាងនេះ មតិខ្លះយល់ថាយ៉ាងនោះ ដែលការវាយតម្លៃនោះ បានធ្វើឲ្យសាធារណមតិជាច្រើនវិលវល់ ហើយដាក់សំណួរថា តើហេតុអ្វីបានជាមានការយល់ឃើញប្លែកៗពីគ្នាចំពោះរឿង ដែលកើតឡើងនៅក្នុងប្រទេសតែមួយដែលគេបានឃើញគ្រប់ៗគ្នាដែរនោះ?
អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក John Negroponte ក្នុងដំណើរទស្សនកិច្ចរបស់លោក កាលពីពាក់កណ្តាលខែកញ្ញាទៅកាន់ប្រទេសកម្ពុជា លោកបានមានប្រសាសន៍សរសើរចំពោះការគោរពសិទ្ធិមនុស្ស និងបានសរសើរចំពោះដំណើរការរៀបចំបោះឆ្នោត ដែលការសរសើរនោះបានខុសគ្នានឹងអ្វីដែលមានការលើកឡើងដោយមន្ត្រីសិទ្ធិមនុស្សអ.ស.ប.។
អតីតសាស្ត្រាចារ្យខ្មែរម្នាក់នៃសកលវិទ្យាល័យ ហ្គាម សហរដ្ឋអាមេរិក បណ្ឌិត អាប់ឌុលហ្គាហ្វា ពាងម៉េត បានសរសេរថា អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក John Negroponte ក្រោយដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសកម្ពុជារួចមក លោកក៏បានប្រាប់ក្រុមសភាពាណិជ្ជកម្មអាមេរិកនៅក្នុងក្រុងហុងកុងថា ដោយសារតែកម្ពុជាធ្វើកិច្ចការពង្រឹងលទ្ធិប្រជាធិបតេយ្យ បានដុសខាត់ការងារសុខភាពសាធារណៈ និងបង្កើនការគោរពសិទ្ធិមនុស្ស កម្ពុជានឹងអាចទទួលការគាំទ្រពីសហរដ្ឋអាមេរិកបាន។
បណ្ឌិត ហ្គាហ្វា ដែលធ្លាប់បានបង្រៀនមុខវិជ្ជាវិទ្យាសាស្ត្រនយោបាយចំនួន ១៣ឆ្នាំមកហើយ នៅឯសកលវិទ្យាល័យហ្គាម បានសរសេរទៀតថា អនុរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកក្នុងដំណើរនាខែកញ្ញាទៅកាន់កម្ពុជានោះ នៅជាមួយនឹងការបង្ហាញការពេញចិត្តគាំទ្រលើការគោរពសិទ្ធិមនុស្សនិងដំណើរការលទ្ធិប្រជាធិបតេយ្យ សហរដ្ឋអាមេរិកក៏បានលាតត្រដាងនូវគម្រោងដែលចង់ផ្តល់ជំនួយចំនួន ១លាន ៨សែនដុល្លារក្នុងការជួយលើដំណើរការកាត់ទោសពួកអតីតមេដឹកនាំខ្មែរក្រហមថែមទៀត។
រំឭកប្រសាសន៍នាពេលនោះផងដែរ លោក Negroponte នៅគ្រាថ្លែងចាប់អារម្មណ៍ជុំវិញស្ថានការណ៍បោះឆ្នោតសកលនៅកម្ពុជាកន្លងមក លោកបានប្រៀបធៀបថា មានការធ្លាក់ចុះនូវអំពើហិង្សានៅកម្ពុជា បើប្រៀបនឹងការបោះឆ្នោតនានាកន្លងមក។
លោក John Negroponte ថ្លែងដូច្នេះថា ៖ «នៅក្នុងខែកក្កដា កម្ពុជាបានរៀបចំការបោះឆ្នោតលើកទី៤របស់ខ្លួន។ កម្ពុជាមានការបោះឆ្នោតតាំងពីឆ្នាំ១៩៩៣ ឆ្នាំ១៩៩៨ និងឆ្នាំ២០០៣ ហើយឥឡូវឆ្នាំ២០០៨។ ការបោះឆ្នោតនៃប្រទេសដែលធ្លាប់មានប្រវត្តិពោរពេញទៅដោយភាពលំបាកបែបនេះ បានបង្ហាញថា មានលក្ខណៈវិជ្ជមានហើយ។ ការបោះឆ្នោតពីមួយដំណាក់កាលទៅមួយដំណាក់កាល ត្រូវគេកត់សម្គាល់ថា អំពើហិង្សាកាន់តែធ្លាក់ចុះ ហើយភាពកាន់តែល្អ កាន់តែកើតមានឡើង នៅក្នុងប្រទេសកម្ពុជានេះ។ ដូច្នេះសហរដ្ឋអាមេរិកស្វាគមន៍ចំពោះរឿងនេះ ហើយយើងយល់ថា វាជាប្រផ្នូលមួយដ៏ល្អសម្រាប់អនាគតប្រជាធិបតេយ្យក្នុងប្រទេស»។
ទោះជាយ៉ាងណាក្តី មន្ត្រីអាមេរិកបានបញ្ជាក់ថា ទោះបីជាទំនាក់ទំនងសហរដ្ឋអាមេរិកនិងកម្ពុជាបានឈានដល់កម្រិតខ្ពស់នោះក្តី ក៏សហរដ្ឋអាមេរិកនៅមានកិច្ចការជាច្រើនដែលនឹងត្រូវធ្វើចំពោះកម្ពុជាផងទៀតដែរ គឺសហរដ្ឋអាមេរិកនឹងប្រឹងប្រែងធ្វើការជាមួយរាជរដ្ឋាភិបាលខ្មែរដើម្បីពង្រឹងការគោរពច្បាប់និងកត្តាសេដ្ឋកិច្ច។
ប្រសាសន៍ចាប់អារម្មណ៍របស់អនុរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកគឺមានលក្ខណៈខុសគ្នាពីការមើលឃើញរបស់មន្ត្រីអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស។
នៅថ្ងៃទី២៣ កញ្ញា នៅគ្រាដែលក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប. កំពុងធ្វើសម័យប្រជុំលើកទី៩របស់ខ្លួននៅក្នុងក្រុងហ្សឺណែវ មន្ត្រីបេសកជនលោក យ៉ាស្ហ ហ្កាយ ដែលជាតំណាងពិសេសរបស់អគ្គលេខាធិការ អ.ស.ប. បានបញ្ចេញសុន្ទរកថាមួយថ្កោលទោសចំពោះករណីគោរពសិទ្ធិមនុស្សនិងការបោះឆ្នោត ខែកក្កដា ឆ្នាំ២០០៨។
សេចក្តីរាយការណ៍របស់លោក យ៉ាស្ហ ហ្កាយ បានសរសេរថា មានភាពខ្វះខាតខ្លាំងណាស់ក្នុងដំណើរការបោះឆ្នោតខែកក្កដា ២០០៨។ ការខ្វះខាតនោះ មានកើតឡើងចំពោះច្បាប់បោះឆ្នោតនិងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
លោក យ៉ាស្ហ ហ្កាយ បានសរសេរទៀតថា លោកបានស្នើទៅរាជរដ្ឋាភិបាលកម្ពុជានិងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សូមឲ្យដកចេញចំពោះចំណុចខ្វះខាតទាំងនោះ ហើយលោកថា ភាពមិនអើពើចំពោះសេចក្តីស្នើរបស់លោកនោះហើយ បានញ៉ាំងឲ្យមានភាពមិនប្រក្រតីនិងការសង្ស័យចំពោះភាពស្របច្បាប់នៃដំណើរការបោះឆ្នោតនោះ។
លោក យ៉ាស្ហ ហ្កាយ សរសេរទៀតថា បញ្ហាសិទ្ធិមនុស្សក៏នៅតែមានការរំលោភ ចំណែកឯវិស័យផ្សេងទៀត លោកមើលឃើញថា មានការរីកចម្រើននោះតិចតួចណាស់។
លោកបានបញ្ជាក់បន្ថែមនៅក្នុងសេចក្តីរាយការណ៍នៅពេលនោះទៀតថា លោកមិនអាចមើលឃើញថា កម្ពុជានឹងអាចផ្លាស់ប្តូរឲ្យទៅកាន់ភាពប្រសើរបាននោះទេ។
អតីតសាស្ត្រាចារ្យនៃសកលវិទ្យាល័យ ហ្គាម បណ្ឌិត អាប់ឌុលហ្គាហ្វា ពាងម៉េត បានដាក់សំណួរចម្ងល់ចំពោះការពិត ពីព្រោះប្រសាសន៍ដែលបានលើកឡើងដោយអនុរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកក្តី និងប្រសាសន៍ដែលបានលើកឡើងដោយមន្ត្រីសិទ្ធិមនុស្សអ.ស.ប.ក្តី គឺមិនមែនកើតឡើងផ្សេងពីគ្នាឯណាក្រៅពីកម្ពុជាតែមួយនោះឡើយ។
នៅក្នុងអត្ថបទមួយរបស់បណ្ឌិត ហ្គាហ្វា ដែលទើបបានចេញផ្សាយដើមខែតុលានេះ នៅតាមប្រព័ន្ធផ្សាយព័ត៌មានមួយពីកោះហ្គាម សហរដ្ឋអាមេរិក លោកបានសរសេរអំពីរឿងដែលទាក់ទងនឹងទស្សនៈមើលឃើញផ្សេងអំពីគ្នានោះថា កម្ពុជាទទួលបានកិច្ចគាំទ្រព្រោះតែរឿងប្រេង មិនមែនដោយសារតែរឿងសិទ្ធិមនុស្សនោះទេ។
បើតាមទស្សនៈរបស់មន្ត្រីស្រាវជ្រាវជាន់ខ្ពស់នៃគណៈកម្មការសិទ្ធិមនុស្សអាស៊ី លោកបណ្ឌិត ឡៅ ម៉ុងហៃ លោកបានមានប្រសាសន៍បង្ហាញការយល់ឃើញថា ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចនិងនយោបាយកំពុងតែបំបែរអារម្មណ៍និងការទាក់ទាញរបស់ប្រទេសធំៗ ចំពោះហេតុការណ៍សិទ្ធិមនុស្សកើតមាននៅក្នុងប្រទេសកម្ពុជា។
លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ដូច្នេះថា ៖ «សព្វថ្ងៃនេះ គឺមានទំនោរទៅរកផលប្រយោជន៍ខាងសេដ្ឋកិច្ច ពាណិជ្ជកម្មច្រើនជាងមុនៗ។ ប្រេងកាតជាការទាក់ទាញមួយ សម្រាប់ឲ្យមានការគាំទ្រពីសំណាក់ប្រទេសឯទៀតៗ ដែលត្រូវការប្រេងកាតនេះ។ សម្រាប់សហរដ្ឋអាមេរិក គឺនយោបាយប្រឆាំងនឹងភេរវកម្ម ដែលរដ្ឋាភិបាល ហ៊ុន សែន បានអនុវត្ត»។
បណ្ឌិត ឡៅ ម៉ុងហៃ បានថ្លែងថា ដោយសារតែកម្ពុជាមានផលប្រយោជន៍ច្រើនចំពោះសហរដ្ឋអាមេរិកនោះហើយ ទើបមន្ត្រីអាមេរិកមិនហ៊ានលើកនិយាយច្រើនអំពីកត្តារំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជានោះឡើយ៕
