ក្រុមអ្នកជំនាញចិញ្ចឹមឃ្មុំនិងពលរដ្ឋមួយចំនួននៅសៀមរាបអំពាវនាវឲ្យរដ្ឋាភិបាលជួយការពារពូជឃ្មុំ ព្រោះគេមានការព្រួយបារម្ភចំពោះការបាត់ពូជដោយសារតែការកាប់បំផ្លាញព្រៃឈើ និងការយកកូនឃ្មុំទៅចម្អិនជាអាហារផង។
១៣-តុលា-២០០៩: ឃ្មុំព្រៃដែលពលរដ្ឋចិញ្ចឹមនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។
អ្នកជំនាញបរទេសនិងប្រជាពលរដ្ឋខ្មែរមួយចំនួននៅខេត្តសៀមរាប ដែលកំពុងប្រកបរបរចិញ្ចឹមឃ្មុំ បាននិងកំពុងសម្ដែងការព្រួយបារម្ភចំពោះការបាត់បង់ពូជឃ្មុំព្រៃ ដែលមានសារសំខាន់បំផុតចំពោះមនុស្សនិងបរិស្ថានធម្មជាតិផងនោះ ពីព្រោះបច្ចប្បន្នត្រូវបានគេមើលឃើញថា ពូជឃ្មុំក្នុងប្រទេសកម្ពុជាកំពុងដាច់ពូជជាបណ្តើរៗ ដែលបណ្តាលមកពីការកាប់បំផ្លាញព្រៃ និងការយកកូនឃ្មុំទៅចម្អិនជាអាហារឲ្យភ្ញៀវទេសចរទទួលទានជាដើម។
នៅឯខេត្តសៀមរាប មានជនបរទេសខ្លះបានកំពុងប្រឹងប្រែងក្នុងសកម្មភាពជួយបង្រៀនប្រជាពលរដ្ឋខ្មែរនៅតំបន់មួយចំនួន ឲ្យចេះថែរក្សាចិញ្ចឹមឃ្មុំនិងព្រួត ក៏ប៉ុន្តែការខិតខំប្រឹងប្រែងរបស់ពួកគេគ្មានសង្ឈឹម ដោយសារអ្នកភូមិខ្មែរតិចតួចប៉ុណ្ណោះបានចាប់អារម្មណ៍អំពីជំនាញចិញ្ចឹមឃ្មុំ និងបោះបង់ចោលទៅវិញបន្ទាប់ពីការចិញ្ចឹមមួយរយៈពេលខ្លីមក។
លោក ដានីញែល ចាំ (Daniel Jump) ជាជនជាតិអាមេរិកាំងមួយរូប ដែលជំនាញខាងចិញ្ចឹមឃ្មុំនិងព្រួត បានមានប្រសាសន៏ថា លោកបានមកប្រទេសកម្ពុជាចំនួនជាង១០ឆ្នាំមកហើយ ដោយលោកបានចាប់ផ្តើមបង្រៀនអ្នកភូមិខ្មែរមួយចំនួនឲ្យចេះចិញ្ចឹមឃ្មុំ។
បុរសជនជាតិអាមេរិកាំងរូបនេះ បានសម្ដែងការព្រួយបារម្ភថា ប្រទេសកម្ពុជាអាចនឹងបាត់បង់ពូជឃ្មុំនៅពេលខាងមុខ ដោយសារតែគ្មានការអភិរក្ស និងស្ទើរតែរៀងរាល់ថ្ងៃកូនឃ្មុំជាច្រើនត្រូវបានគេសម្លាប់យកទៅចម្អិនជាអាហារ ជាពិសេសនៅខេត្តសៀមរាប លោកបានសម្លឹងឃើញឃ្មុំជាច្រើនត្រូវបានគេយកពីបឹងទន្លេសាប មកលក់ឲ្យភោជនីយដ្ឋានខ្លះ សម្រាប់ធ្វើម្ហូបឲ្យភ្ញៀវផង។
លោក ដានីញែល ចាំ មានប្រសាសន៍ដូច្នេះ ៖ «ខ្ញុំសួរអ្នកស្រុកធ្លាប់ចិញ្ចឹមឃ្មុំ គេប្រាប់ខ្ញុំថា ១៥-២០ឆ្នាំមុនសំបូរឃ្មុំ ឥឡូវអត់សូវមាន បើសិនគេហូបកូនគេដុតមេ ឆ្នាំនេះ ឆ្នាំក្រោយបន្តិចអស់។ នៅសៀមរាបឥឡូវគេលក់កូនឃ្មុំច្រើន អត់ល្អទេ ខ្ញុំដឹងថា អ្នកនៅទន្លេសាបគេបានលុយខ្លះពីការលក់កូនឃ្មុំ ប៉ុន្តែលក់កូនឃ្មុំអត់ល្អទេ បន្តិចទៀតអស់ឃ្មុំ។ ប្រសិនបើអត់មានឃ្មុំ យើងស្លាប់ អត់មានម្ហូប អត់មានអីទេ អត់ទាំងអស់ អត់មានផ្លែឈើ បរិស្ថាន...»។
នៅឯឃុំត្បែងនិងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប មានប្រជាពលរដ្ឋខ្លះបានចាប់ផ្តើមចិញ្ចឹមឃ្មុំនិងព្រួត ដោយវាអាចរកកម្រៃបានសមរម្យសម្រាប់ជួយដល់ជីវភាពគ្រួសារ ប៉ុន្តែពួកគេព្រួយបារម្ភថា ពូជឃ្មុំទាំងនោះនឹងផុតពូជទៅ ប្រសិនបើគ្មានការជួយការពារពីមន្ត្រីរដ្ឋាភិបាលទេ។
លោក ពាង ឆុញ នៅភូមិត្បែងខាងលិច ឃុំត្បែង ស្រុកបន្ទាយស្រី បានមានប្រសាសន៏ថា លោកបានចេះវិធីចិញ្ចឹមឃ្មុំតាមព្រៃធម្មជាតិជាយូរមកហើយ ដោយបានផលកម្រៃពីការលក់ទឹកឃ្មុំគួរសមជួយដល់ជីវភាពគ្រួសារ។
លោក ឆុញ បានមានប្រសាសន៍ទៀតថា កាលពីអំឡុងឆ្នាំ១៩៨០ អ្នកភូមិរបស់គាត់ចំនួនជាង៦០គ្រួសារ មានរបរចិញ្ចឹមឃ្មុំតាមព្រៃដើម្បីយកទឹកឃ្មុំលក់ ប៉ុន្តែបច្ចុប្បន្នចំនួនអ្នកចិញ្ចឹមឃ្មុំក្នុងភូមិរបស់លោក បានថយចុះនៅសល់ប្រហែល២៥គ្រួសារតែប៉ុណ្ណោះ ដោយសារតែការកាប់បំផ្លាញព្រៃឈើអស់ជាច្រើន និងពូជឃ្មុំព្រៃក៏បាត់បង់ជាបន្តបន្ទាប់ ធ្វើឲ្យអ្នកភូមិបានចាប់មុខរបរថ្មីដូចជាជាងសំណង់ជាដើម។
លោក ពាង ឆុញ មានប្រសាសន៍ដូច្នេះថា ៖ «ថយចុះនៅត្រឹមឆ្នាំ១៩៩៣ អស់ឈើអស់អី អត់មានផ្កា ឃ្មុំអត់សូវមក។ ខ្ញុំព្រួយបារម្ភខ្លាចតែអស់ព្រៃ អស់ឃ្មុំផង។ សូមឲ្យអាជ្ញាធរជួយផ្សព្វផ្សាយ ឃើញបង្គងឃើញអីដាក់ក្នុងភូមិ កុំឲ្យលួចយក»។
ចំណែកបុរសឈ្មោះ សឿន ប៊ុនសង នៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី បានមានប្រសាសន៏ថា គាត់បានរៀនជំនាញចិញ្ចឹមព្រួតពីជនជាតិអាមេរិកាំង និងបានបំផុសឲ្យអ្នកភូមិរបស់លោកចាប់ផ្តើមចិញ្ចឹមក្នុងហឹបឈើ ដោយមួយរយៈកន្លងមកមានអ្នកភូមិចំនួន២៥គ្រួសារបានចិញ្ចឹមព្រួត ដោយអាចរកកម្រៃបានពីទេសចរជាតិនិងអន្តរជាតិទៅមើល និងពេលខ្លះមានគេទិញព្រួតមួយសម្បុកតម្លៃ២០ដុលា្លរអាមេរិកដែរ។
ក៏ប៉ុន្តែទោះយ៉ាងនេះក៏ដោយ ក៏ពេលបច្ចុប្បន្នអ្នកភូមិរបស់លោក រួមទាំងគ្រួសារលោកផង បានបោះបង់ចោលការចិញ្ចឹមឃ្មុំ ព្រួត ដោយសារតែគ្មានមេពូជគ្រប់គ្រាន់ គ្មានផ្កាឈើល្អដើម្បីឲ្យបានទឹកដមល្អ និងគ្មានពេលវេលាគ្រប់គ្រាន់ក្នុងការថែរក្សាផងនោះ។
លោក សឿន ប៊ុនសង បានឲ្យដឹងដូច្នេះ ៖ «កាលមុនខ្ញុំមិនទាន់នៅកន្លែងនេះទេ នៅផ្ទះម៉ែខ្ញុំបង្កើត ខ្ញុំចិញ្ចឹមបានជិត២០ហឹប។ វាអត់សូវល្អ ព្រោះទឹកវាច្រើនជូរៗ យើងអត់មានពេលទំនេរច្រើនសម្រាប់មើលវា យើងរវល់»។
អ្នកជំនាញខាងចិញ្ចិមឃ្មុំបរទេសដែលខំធ្វើដំណើរមកកម្ពុជា ដើម្បីដើរមើលឃ្មុំព្រៃ បាននិយាយថា ឃ្មុំព្រៃមានសារសំខាន់បំផុតសម្រាប់ផ្តល់ទឹកជាអាហារ ហើយនិងជួយក្រេបលម្អងផ្កាពីមួយទៅមួយ ដើម្បីឲ្យដើមឈើមានផ្លែផ្កា និងឲ្យមានបរិស្ថានធម្មជាតិប្រសើរ សម្រាប់ជួយដល់ជីវិតមនុស្ស។
លោក អេនទ្រូវ៍ បៀរ (Andrew Beer) អ្នកជំនាញខាងចិញ្ចឹមឃ្មុំមកពីប្រទេសអង់គ្លេស បានមានប្រសាសន៍ថា ធម្មជាតិប្រមាណ៦០ភាគរយនៅលើផែនដី អាចលូតលាស់និងផ្លែផ្កាទៅបានដោយសារតែសត្វឃ្មុំ ដូច្នេះមិនត្រូវសម្លាប់សត្វឃ្មុំទេ ប្រសិនបើសត្វឃ្មុំស្លាប់អស់ពីផែនដី មនុស្សក៏នឹងស្លាប់ដែរ។
អ្នកជំនាញខាងចិញ្ចឹមឃ្មុំបរទេសបានមានប្រសាសន៍ថា ដើម្បីការពារសត្វឃ្មុំនៅប្រទេសកម្ពុជា គេគួរតែយកតែទឹកឃ្មុំតែប៉ុណ្ណោះ ដោយកុំសម្លាប់កូនឃ្មុំយកទៅធ្វើជាអាហារ។
ក្រុមអ្នកជំនាញបរទេសនិងប្រជាពលរដ្ឋខ្មែរខ្លះ ដែលចិញ្ចឹមឃ្មុំ ចង់ឲ្យមន្ត្រីរដ្ឋាភិបាលខ្មែរ បានចូលរួមក្នុងជំនាញចិញ្ចឹមឃ្មុំ និងការថែរក្សាឃ្មុំព្រៃកុំឲ្យបាត់បង់ ក៏ប៉ុន្តែមន្ត្រីខាងកសិកម្មនៃប្រទេសកម្ពុជា បាននិយាយថា គេគ្មានជំនាញខាងចិញ្ចឹមនិងថែរក្សាសត្វឃ្មុំទេ។
លោក មឿង សុនិត្យា អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តសៀមរាប បានមានប្រសាសន៍ថា មន្ត្រីផ្នែកកសិកម្មមិនអាចជួយដល់ប្រជាពលរដ្ឋខ្មែរលើជំនាញចិញ្ចឹមនិងការពារឃ្មុំបានទេ ដោយសារតែសាលាកសិកម្មនៅប្រទេសកម្ពុជា ពុំមានជំនាញខាងចិញ្ចឹមឃ្មុំនៅឡើយ។
លោក មឿង សុនិត្យា មានប្រសាសន៍ដូច្នេះ ៖ «ជំនាញកសិកម្មពុំមានខាងចិញ្ចឹមឃ្មុំទេ មានជួយចិញ្ចឹមសត្វ ជួយធ្វើស្រែ ចិញ្ចឹមក្រួច ជ្រូក មាន់ ត្រីអីអត់បញ្ហាទេ ព្រោះមានសាលារៀនត្រឹមត្រូវ តែបើឃ្មុំខ្ញុំអត់មានជំនាញដែរ អ៊ីចឹងខ្ញុំផ្ដល់អនុសាសន៍អត់បាន។ ខាងរដ្ឋបាលព្រៃឈើ បងទំនាក់ទំនងសួរមើល៍ ក្រែងគេមានគម្រោងអភិរក្សតាមគម្រោងអង្គការណាមួយ»។
មន្ត្រីកសិកម្មបានមានប្រសាសន៍ទៀតថា គេចង់ឲ្យអង្គការក្រៅរដ្ឋាភិបាលនានា ដែលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង្រៀនផ្នែកចិញ្ចឹមឃ្មុំនេះ បានចូលមកជួយបង្ហាត់បង្រៀនដល់ប្រជាពលរដ្ឋខ្មែរ និងជួយផ្នែកការពារពូជឃ្មុំនៅប្រទេសកម្ពុជាផងដែរ។
អ្នកភូមិខ្មែរដែលចិញ្ចឹមឃ្មុំនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប បាននិយាយថា ទឹកឃ្មុំធម្មជាតិរបស់ខ្មែរសុទ្ធល្អ គឺគេអាចរកបានក្នុងសហគមន៍ ក្នុង១ឆ្នាំៗប្រមាណជាង៧០០លីត្រ និងលក់ទៅឲ្យសណ្ឋាគារខ្នាតផ្កាយ៥ជាច្រើន ក្នុងតម្លៃ១០ដុល្លារអាមេរិកក្នុង១លីត្រ ហើយតម្រូវការទីផ្សារបច្ចុប្បន្ន គឺធំធេង ដែលទឹកឃ្មុំនៅប្រទេសកម្ពុជាមិនមានគ្រប់គ្រាន់ក្នុងការផ្ដល់ទៅឲ្យទីផ្សារនោះទេ៕
អង្គការសេដាក់គ្រោងនាំអង្ករសរីរាង្គទៅទីផ្សារអឺរ៉ុបនិងអាមេរិក
ផលដំណាំសណ្ដែកសៀងនៅរតនគិរីខូចខាតប្រមាណ៥០%
សង្គមស៊ីវិលអំពាវនាវឲ្យកសិករដាំស្រូវដោយប្រើប្រាស់ជីធម្មជាតិ
សារសំខាន់នៃការចិញ្ចឹមបង្កងក្នុងស្រែ
សមាគមរោងម៉ាស៊ីនកិនស្រូវខកខានក្នុងការនាំអង្ករចេញទៅហុងកុង
កសិករខ្មែរទៅទស្សនកិច្ចសិក្សានៅខេត្តសុរិន្ទរបស់ថៃ
ឧទាហរណ៍ក្នុងការអនុវត្តកសិកម្មលាយផ្សំក្នុងកសិដ្ឋានគ្រួសារ (ភាគ៣)
ឧទាហរណ៍ក្នុងការអនុវត្តកសិកម្មលាយផ្សំក្នុងកសិដ្ឋានគ្រួសារ (ភាគ២)
ឧទាហរណ៍ក្នុងការអនុវត្តកសិកម្មលាយផ្សំក្នុងកសិដ្ឋានគ្រួសារ (ភាគ១)
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
ខ្ញុំបាទសូមសួរអំពីកន្លែងដែលអាចទៅមើលការចញ្ចឹម របៀបធ្វើហឹប របៀបទុកដាក់ ការចិញ្ចឹមឃ្មុំតាមបែបធម្មជាតិ និងតាមវិធីថ្មី ដែលមានទីតាំងនៅក្បែរទីក្រុងភ្នុំពេញ។ <br>សូមអរគុណ
2009-10-20 21:36
មើលមតិទាំងអស់.