អ្នក​ជំនាញ​និង​ពលរដ្ឋ​បារម្ភ​​ខ្លាច​​​បាត់​បង់​ពូជ​ឃ្មុំ

ក្រុម​អ្នក​ជំនាញ​ចិញ្ចឹម​ឃ្មុំ​និង​ពលរដ្ឋ​មួយ​ចំនួន​នៅ​សៀមរាប​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​ជួយ​ការពារ​ពូជ​ឃ្មុំ ព្រោះ​គេ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​បាត់​ពូជ​ដោយសារ​តែ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ និង​ការ​យក​កូន​ឃ្មុំ​ទៅ​ចម្អិន​ជា​អាហារ​ផង។

0:00 / 0:00

អ្នក​ជំនាញ​បរទេស​និង​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​នៅ​ខេត្ត​សៀមរាប ដែល​កំពុង​ប្រកប​របរ​​ចិញ្ចឹម​ឃ្មុំ បាន​និង​កំពុង​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​បាត់​បង់​ពូជ​ឃ្មុំ​ព្រៃ ដែល​មាន​សារសំខាន់​បំផុត​ចំពោះ​​មនុស្ស​និង​បរិស្ថាន​ធម្មជាតិ​ផង​នោះ ពីព្រោះ​បច្ចប្បន្ន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ពូជ​ឃ្មុំ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​ដាច់​ពូជ​ជា​បណ្តើរៗ ដែល​បណ្តាល​មក​ពី​ការ​កាប់​បំផ្លាញ​ព្រៃ និង​ការ​យក​កូន​ឃ្មុំ​ទៅ​ចម្អិន​ជា​អាហារ​ឲ្យ​ភ្ញៀវ​ទេសចរ​ទទួល​ទាន​ជាដើម។

នៅ​ឯ​ខេត្ត​សៀមរាប មាន​ជន​បរទេស​ខ្លះ​បាន​​កំពុង​ប្រឹង​ប្រែង​ក្នុង​សកម្មភាព​ជួយ​បង្រៀន​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តំបន់​មួយ​ចំនួន ឲ្យ​ចេះ​ថែ​រក្សា​​​​ចិញ្ចឹម​ឃ្មុំ​និង​ព្រួត ក៏​ប៉ុន្តែ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួក​គេ​គ្មាន​សង្ឈឹម ដោយសារ​អ្នក​ភូមិ​ខ្មែរ​តិច​តួច​ប៉ុណ្ណោះ​បាន​ចាប់​អារម្មណ៍​អំពី​ជំនាញ​ចិញ្ចឹម​ឃ្មុំ និង​បោះ​បង់​ចោល​ទៅ​វិញ​បន្ទាប់​ពី​ការ​ចិញ្ចឹម​មួយ​រយៈ​ពេល​ខ្លី​មក។

លោក ដានីញែល ចាំ (Daniel Jump) ជា​ជនជាតិ​អាមេរិកាំង​មួយ​រូប ដែល​ជំនាញ​ខាង​ចិញ្ចឹម​ឃ្មុំ​និង​ព្រួត បាន​មាន​ប្រសាសន៏​ថា លោក​បាន​មក​ប្រទេស​កម្ពុជា​​ចំនួន​ជាង​១០​ឆ្នាំ​មកហើយ ដោយ​លោក​បាន​ចាប់​ផ្តើម​​បង្រៀន​អ្នក​ភូមិ​ខ្មែរ​មួយ​ចំនួន​ឲ្យ​ចេះ​ចិញ្ចឹម​ឃ្មុំ។

បុរស​ជន​ជាតិ​អាមេរិកាំង​រូប​នេះ បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា ប្រទេស​កម្ពុជា​អាច​នឹង​បាត់​បង់​ពូជ​ឃ្មុំ​នៅ​ពេល​ខាង​មុខ ដោយសារ​តែ​គ្មាន​ការ​អភិរក្ស និង​ស្ទើរ​តែ​រៀង​រាល់​ថ្ងៃ​កូន​ឃ្មុំ​ជាច្រើន​​ត្រូវ​បាន​គេ​សម្លាប់​យក​ទៅ​ចម្អិន​ជា​អាហារ ជាពិ​សេស​នៅ​ខេត្ត​សៀមរាប លោក​បាន​សម្លឹង​ឃើញ​ឃ្មុំ​ជា​ច្រើន​ត្រូវ​បាន​គេ​យក​ពី​បឹង​ទន្លេ​សាប មក​លក់​ឲ្យ​ភោជនីយដ្ឋាន​ខ្លះ សម្រាប់​ធ្វើ​ម្ហូប​ឲ្យ​ភ្ញៀវ​ផង។

លោក ដានីញែល ចាំ មាន​ប្រសាសន៍​ដូច្នេះ ៖ «ខ្ញុំ​សួរ​អ្នក​ស្រុក​ធ្លាប់​ចិញ្ចឹម​ឃ្មុំ គេ​ប្រាប់​ខ្ញុំ​ថា ១៥-​២០​ឆ្នាំ​មុន​សំបូរ​ឃ្មុំ ឥឡូវ​អត់​សូវ​មាន បើ​សិនគេ​ហូប​កូន​គេ​ដុត​មេ ឆ្នាំ​នេះ ឆ្នាំ​ក្រោយ​បន្តិច​អស់។ នៅ​សៀមរាប​ឥឡូវ​គេ​លក់​កូន​ឃ្មុំ​ច្រើន អត់​ល្អ​ទេ ខ្ញុំ​ដឹង​ថា អ្នក​នៅ​ទន្លេសាប​គេ​បាន​លុយ​ខ្លះ​ពី​ការ​លក់​កូន​ឃ្មុំ ប៉ុន្តែ​លក់​កូន​ឃ្មុំ​អត់​ល្អ​ទេ បន្តិច​ទៀត​អស់​ឃ្មុំ។ ប្រសិន​បើ​អត់​មាន​ឃ្មុំ យើង​ស្លាប់ អត់​មាន​ម្ហូប អត់​មាន​អី​ទេ អត់​ទាំង​អស់ អត់​មាន​ផ្លែ​ឈើ បរិស្ថាន...»

នៅ​ឯ​ឃុំ​ត្បែង​​និង​ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយ​ស្រី ខេត្ត​សៀមរាប មាន​ប្រជាពលរដ្ឋ​ខ្លះ​បាន​ចាប់​ផ្តើម​ចិញ្ចឹម​ឃ្មុំ​និង​ព្រួត ដោយ​វា​អាច​រក​កម្រៃ​បាន​សមរម្យ​សម្រាប់​ជួយ​ដល់​ជីវភាព​គ្រួសារ ប៉ុន្តែ​ពួក​គេ​ព្រួយ​បារម្ភ​ថា ពូជ​ឃ្មុំ​ទាំង​នោះ​នឹង​ផុត​ពូជ​ទៅ ប្រសិន​បើ​គ្មាន​ការ​ជួយ​ការពារ​ពី​មន្ត្រី​រដ្ឋាភិបាល​ទេ។

លោក ពាង ឆុញ នៅ​ភូមិ​ត្បែង​ខាង​លិច ឃុំ​ត្បែង ស្រុក​បន្ទាយ​ស្រី បាន​មាន​ប្រសាសន៏​ថា លោក​បាន​ចេះ​វិធី​ចិញ្ចឹម​ឃ្មុំ​តាម​ព្រៃ​ធម្មជាតិ​ជា​យូរ​មក​ហើយ ដោយ​បាន​ផល​កម្រៃ​ពី​ការ​លក់​ទឹក​ឃ្មុំ​​គួរ​សម​ជួយ​ដល់​ជីវភាព​គ្រួសារ។

លោក ឆុញ បាន​មាន​ប្រសាសន៍​ទៀត​ថា កាល​ពី​អំឡុង​​ឆ្នាំ​១៩៨០ អ្នក​ភូមិ​របស់​គាត់​ចំនួន​ជាង​៦០​គ្រួសារ មាន​របរ​ចិញ្ចឹម​ឃ្មុំ​​តាម​ព្រៃ​ដើម្បី​យក​ទឹកឃ្មុំ​លក់ ប៉ុន្តែ​បច្ចុប្បន្ន​​​ចំនួន​អ្នក​ចិញ្ចឹម​ឃ្មុំ​ក្នុង​ភូមិ​របស់​លោក បាន​ថយចុះ​នៅ​សល់​​ប្រហែល​២៥​គ្រួសារ​តែប៉ុណ្ណោះ ដោយសារ​តែ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​អស់​ជា​ច្រើន និង​ពូជ​ឃ្មុំ​ព្រៃ​ក៏​បាត់​បង់​ជា​បន្ត​បន្ទាប់ ធ្វើ​ឲ្យ​អ្នក​ភូមិ​បាន​ចាប់​មុខ​របរ​ថ្មី​ដូច​ជា​ជាង​សំណង់​ជា​ដើម។

លោក ពាង ឆុញ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ថយ​ចុះ​នៅ​ត្រឹម​ឆ្នាំ​១៩៩៣ អស់​ឈើ​អស់​អី អត់​មាន​ផ្កា ឃ្មុំ​អត់​សូវ​មក។ ខ្ញុំ​ព្រួយ​បារម្ភ​ខ្លាច​តែ​អស់​ព្រៃ អស់​ឃ្មុំ​ផង។ សូម​ឲ្យ​អាជ្ញាធរ​ជួយ​ផ្សព្វផ្សាយ ឃើញ​បង្គង​ឃើញ​អី​ដាក់​ក្នុង​ភូមិ កុំ​ឲ្យ​លួច​យក»

ចំណែក​បុរស​ឈ្មោះ សឿន ប៊ុនសង នៅ​ភូមិ​ព្រះដាក់ ឃុំ​ព្រះដាក់ ស្រុក​បន្ទាយ​ស្រី បាន​មាន​ប្រសាសន៏​ថា គាត់​បាន​រៀន​ជំនាញ​ចិញ្ចឹម​ព្រួត​ពី​ជន​ជាតិ​អាមេរិកាំង និង​បាន​បំផុស​ឲ្យ​អ្នក​ភូមិ​របស់​លោក​​ចាប់​ផ្តើម​ចិញ្ចឹម​ក្នុង​ហឹប​ឈើ ដោយ​មួយ​រយៈ​កន្លង​មក​មាន​អ្នកភូមិ​ចំនួន​២៥​គ្រួសារ​បាន​ចិញ្ចឹម​ព្រួត ដោយ​អាច​រក​កម្រៃ​បាន​ពី​ទេសចរ​ជាតិ​និង​អន្តរជាតិ​ទៅ​មើល និង​ពេល​ខ្លះ​មាន​គេ​ទិញ​ព្រួត​មួយ​សម្បុក​តម្លៃ​២០​ដុលា្លរ​អាមេរិក​ដែរ។

ក៏​ប៉ុន្តែ​ទោះ​យ៉ាង​នេះ​ក៏​ដោយ ក៏​ពេល​បច្ចុប្បន្ន​អ្នក​ភូមិ​របស់​លោក រួម​ទាំង​គ្រួសារ​លោក​ផង បាន​បោះ​បង់​ចោល​ការ​ចិញ្ចឹម​ឃ្មុំ ព្រួត ដោយសារ​តែ​គ្មាន​មេ​ពូជ​គ្រប់គ្រាន់ គ្មាន​ផ្កា​ឈើ​ល្អ​ដើម្បី​ឲ្យ​បាន​ទឹក​ដម​ល្អ និង​គ្មាន​ពេល​វេលា​គ្រប់គ្រាន់​ក្នុង​ការ​ថែ​រក្សា​ផង​នោះ។

លោក សឿន ប៊ុនសង បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «កាល​មុន​ខ្ញុំ​មិន​ទាន់​នៅ​កន្លែង​នេះ​ទេ នៅ​ផ្ទះ​ម៉ែ​ខ្ញុំ​បង្កើត ខ្ញុំ​ចិញ្ចឹម​បាន​ជិត​២០​ហឹប។ វា​អត់​សូវ​ល្អ ព្រោះ​ទឹក​វា​ច្រើន​ជូរៗ យើង​អត់​មាន​ពេល​ទំនេរ​ច្រើន​សម្រាប់​មើល​វា យើង​រវល់»

អ្នក​ជំនាញ​ខាង​ចិញ្ចិម​ឃ្មុំ​បរទេស​ដែល​ខំ​ធ្វើ​ដំណើរ​មក​កម្ពុជា ដើម្បី​ដើរ​មើល​ឃ្មុំ​ព្រៃ បាន​និយាយ​ថា ឃ្មុំ​ព្រៃ​មាន​សារសំខាន់​បំផុត​សម្រាប់​ផ្តល់​ទឹក​ជា​អាហារ ហើយ​និង​ជួយ​ក្រេប​លម្អង​ផ្កា​ពី​មួយ​ទៅ​មួយ ដើម្បី​ឲ្យ​ដើម​ឈើ​មាន​ផ្លែ​ផ្កា និង​ឲ្យ​មាន​បរិស្ថាន​ធម្មជាតិ​ប្រសើរ សម្រាប់​ជួយ​ដល់​ជីវិត​មនុស្ស។

លោក អេនទ្រូវ៍ បៀរ (Andrew Beer) អ្នក​ជំនាញ​ខាង​ចិញ្ចឹម​ឃ្មុំ​មក​ពី​ប្រទេស​អង់គ្លេស បាន​មាន​ប្រសាសន៍​ថា ធម្មជាតិ​ប្រមាណ​៦០​ភាគរយ​នៅ​លើ​ផែន​ដី អាច​លូត​លាស់​និង​ផ្លែ​ផ្កា​ទៅ​បាន​ដោយសារ​តែ​សត្វ​ឃ្មុំ ដូច្នេះ​មិន​ត្រូវ​សម្លាប់​សត្វ​ឃ្មុំ​ទេ ប្រសិន​បើ​សត្វ​ឃ្មុំ​ស្លាប់​អស់​ពី​ផែន​ដី មនុស្ស​ក៏​នឹង​ស្លាប់​ដែរ។

អ្នក​ជំនាញ​ខាង​ចិញ្ចឹម​ឃ្មុំ​បរទេស​បាន​មាន​ប្រសាសន៍​ថា ដើម្បី​ការពារ​សត្វ​ឃ្មុំ​នៅ​ប្រទេស​កម្ពុជា គេ​គួរ​តែ​យក​តែ​ទឹក​ឃ្មុំ​តែប៉ុណ្ណោះ ដោយ​កុំ​សម្លាប់​កូន​ឃ្មុំ​យក​ទៅ​ធ្វើ​ជា​អាហារ។

ក្រុម​អ្នក​ជំនាញ​បរទេស​និង​ប្រជាពលរដ្ឋ​ខ្មែរ​ខ្លះ ដែល​ចិញ្ចឹម​ឃ្មុំ ចង់​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ខ្មែរ បាន​ចូល​រួម​ក្នុង​ជំនាញ​ចិញ្ចឹម​ឃ្មុំ និង​ការ​ថែ​រក្សា​ឃ្មុំ​ព្រៃ​កុំ​ឲ្យ​បាត់​បង់ ក៏ប៉ុន្តែ​មន្ត្រី​ខាង​កសិកម្ម​នៃ​ប្រទេស​កម្ពុជា បាន​និយាយ​ថា គេ​គ្មាន​ជំនាញ​ខាង​ចិញ្ចឹម​និង​ថែ​រក្សា​សត្វ​ឃ្មុំ​ទេ។

លោក មឿង សុនិត្យា អនុ​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ ខេត្ត​សៀមរាប បាន​មាន​ប្រសាសន៍​ថា មន្ត្រី​ផ្នែក​កសិកម្ម​មិន​អាច​ជួយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​លើ​ជំនាញ​ចិញ្ចឹម​និង​ការពារ​ឃ្មុំ​បាន​ទេ ដោយសារ​តែ​សាលា​កសិកម្ម​នៅ​ប្រទេស​កម្ពុជា ពុំ​មាន​ជំនាញ​ខាង​ចិញ្ចឹម​ឃ្មុំ​នៅ​ឡើយ។

លោក មឿង សុនិត្យា មាន​ប្រសាសន៍​ដូច្នេះ ៖ «ជំនាញ​កសិកម្ម​ពុំ​មាន​ខាង​ចិញ្ចឹម​ឃ្មុំ​ទេ មាន​ជួយ​ចិញ្ចឹម​សត្វ ជួយ​ធ្វើ​ស្រែ ចិញ្ចឹម​ក្រួច ជ្រូក មាន់ ត្រី​អី​អត់​បញ្ហា​ទេ ព្រោះ​មាន​សាលារៀន​ត្រឹមត្រូវ តែ​បើ​ឃ្មុំ​ខ្ញុំ​អត់​មាន​ជំនាញ​ដែរ អ៊ីចឹង​ខ្ញុំ​ផ្ដល់​អនុសាសន៍​អត់​បាន។ ខាង​រដ្ឋបាល​ព្រៃ​ឈើ បង​ទំនាក់​ទំនង​សួរ​មើល៍ ក្រែង​គេ​មាន​គម្រោង​អភិរក្ស​តាម​គម្រោង​អង្គការ​ណា​មួយ»

មន្ត្រី​កសិកម្ម​បាន​មាន​ប្រសាសន៍​ទៀត​ថា គេ​ចង់​ឲ្យ​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​នានា ដែល​មាន​លទ្ធភាព​គ្រប់​គ្រាន់​ក្នុង​ការ​បង្រៀន​ផ្នែក​ចិញ្ចឹម​ឃ្មុំ​​នេះ បាន​ចូល​មក​ជួយ​បង្ហាត់​បង្រៀន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ និង​ជួយ​ផ្នែក​ការពារ​ពូជ​ឃ្មុំ​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ។

អ្នក​ភូមិ​ខ្មែរ​ដែល​ចិញ្ចឹម​ឃ្មុំ​នៅ​ស្រុក​បន្ទាយ​ស្រី ខេត្ត​សៀមរាប បាន​និយាយ​ថា ទឹក​ឃ្មុំ​ធម្មជាតិ​របស់​ខ្មែរ​សុទ្ធ​ល្អ គឺ​គេ​អាច​រក​បាន​ក្នុង​សហគមន៍ ក្នុង​១​ឆ្នាំៗ​ប្រមាណ​ជាង​៧០០​លីត្រ និង​លក់​ទៅ​ឲ្យ​សណ្ឋាគារ​ខ្នាត​ផ្កាយ​៥​ជា​ច្រើន ក្នុង​តម្លៃ​១០​ដុល្លារ​អាមេរិក​ក្នុង​១​លីត្រ ហើយ​តម្រូវ​ការ​ទី​ផ្សារ​បច្ចុប្បន្ន គឺ​ធំធេង ដែល​ទឹក​ឃ្មុំ​នៅ​ប្រទេស​កម្ពុជា​មិន​មាន​គ្រប់គ្រាន់​ក្នុង​ការ​ផ្ដល់​ទៅ​ឲ្យ​ទីផ្សារ​នោះ​ទេ៕