ឥទ្ធិពល​នៃ​វិបត្តិ​សេដ្ឋកិច្ច​ធ្វើ​ឲ្យ​ស្ត្រី​ខ្មែរ​ជា​ច្រើន​បាត់​បង់​ការងារ​ធ្វើ

មន្រ្តី​រដ្ឋាភិបាល​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា បាន​ថ្លែង​ថា ដោយសារ​តែ​ឥទ្ធិពល​នៃ​វិបត្តិ​សេដ្ឋកិច្ច​ពិភព​លោក បាន​ធ្វើ​ឲ្យ​ស្ត្រី​ខ្មែរ​ជា​ច្រើន​នាក់​បាត់​បង់​ការងារ ដែល​ធ្វើ​ឲ្យ​មាន​ការ​លំបាក​ក្នុង​ជីវភាព​រស់​នៅ។

0:00 / 0:00

ជា​មួយ​គ្នា​នេះ​ដែរ សញ្ញា​នៃ​អ្នក​បម្រើ​សេវា​កម្សាន្ត​ជា​ស្ត្រី​ភេទ និង​បញ្ហា​ពេស្យាចារ​គឺ​មាន​កំណើន​គួរ​ឲ្យ​ព្រួយ​បារម្ភ។

ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា លោក ជា មុនី បាន​មាន​ប្រសាសន៍​ថា រហូត​មក​ទល់​ពេល​នេះ មាន​កម្មករ​រោងចក្រ​កាត់​ដេរ ដែល​ភាគ​ច្រើន​ជា​ស្រ្តី​នោះ បាន​បាត់​បង់​ការងារ​ច្រើន​ឡើងៗ មិន​មាន​ការ​ថយ​ចុះ​ឡើយ។

លោក ជា មុនី ថ្លែង​ដូច្នេះ​ថា ៖ «...​រហូត​ដល់​បច្ចុប្បន្ន​នេះ មាន​កម្មករ ៦៣.០០០​នាក់​ហើយ ដែល​បាត់​បង់​ការងារ។ ហើយ​ថ្មីៗ​នេះ​ទៀត​សោត យើង​ឃើញ​ថា រោងចក្រ​ដែល​ព្យួរ​ការងារ​នោះ បាន​បិទ​ជា​ស្ថាពរ​មាន​ចំនួន ៥​រោងចក្រ ហើយ ៥​រោងចក្រ​នេះ មាន​កម្មករ​ចំនួន​ជិត​មួយ​ម៉ឺន​នាក់»

រីឯ​លោក ជួន មុំថុល ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា​វិញ ក៏​បាន​មាន​ប្រសាសន៍​ដូច​គ្នា​នេះ​ដែរ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា ចំនួន​អ្នក​ដែល​បាត់​បង់​ការងារ​នោះ គឺ​មិន​មាន​ច្រើន​ដូច​ការ​ប្រកាស​របស់​លោក ជា មុនី ទេ ៖ «តាម​បញ្ជី​របស់​ខ្ញុំ ដែល​ខ្ញុំ​បាន​ទទួល​ពី​សមាជិក​មក​ហ្នឹង គឺ ៤៦.០០០​នាក់»

ប៉ុន្តែ​លោក ជួន មុំថុល យល់​ថា មាន​ស្រ្តី​ជា​ច្រើន​ដែល​បាត់​បង់​ការងារ​រោងចក្រ បាន​ទៅ​ធ្វើការ​នៅ​ក្នុង​កន្លែង​មាន​សេវា​កម្សាន្ត​មែន ៖ «អ្នក​ខ្លះ​ទៀត ក៏​ចូល​ទៅ​ធ្វើ​នៅ​កន្លែង​ភោជនីយ​ដ្ឋាន ឬ​ក៏​បៀរ​ហ្កាឌិន អ៊ីចឹង​ទៅ។ ហើយ​ខ្ញុំ​ធ្លាប់​បាន​ជួប​កូន​ចៅ​ខ្ញុំ​ហ្នឹង សមាជិក​របស់​ខ្ញុំ​ហ្នឹង អ្នក​ខ្លះ​ពេល​ដែល​ខ្ញុំ​ជួប​ហ្នឹង គេ​ថា​គេ​អត់​ទៅ​ស្រុក ហើយ​គេ​ត្រឡប់​មក​ធ្វើការ​នៅ​កន្លែង​ភោជនីយ​ដ្ឋាន​ហ្នឹង​វិញ ដោយសារ​គេ​យល់​ថា ភោជនីយ​ដ្ឋាន​ហ្នឹង​គេ​ឲ្យ​ប្រាក់​ខែ ៥០​ដុល្លារ ហើយ​គេ​អាច​បាន​ធីប​មួយ​ថ្ងៃ​៥​ដុល្លារ ១០​ដុល្លារ ញ៉ាំ​បាយ ៣​ពេល​ដោយ​អត់​អស់​លុយ គេង​អត់​អស់​លុយ ងូត​ទឹក​អត់​អស់​លុយ​អ៊ីចឹង​ទៅ ឃើញ​ថា វា​ល្អ​ប្រសើរ​ជាង​នៅ​វិស័យ​កាត់​ដេរ​ដែរ ហើយ​បើ​គេ​ត្រឡប់​ទៅ​ស្រុក​វិញ ក៏​វា​ហួស​ពេល​ធ្វើ​ស្រូវ​នៅ​ពេល​ហ្នុង»

លោកស្រី លឹម មុនី្ន ប្រធាន​កម្មវិធី​ស្រ្តី​របស់​សមាគម​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា អាដហុក បាន​មាន​ប្រសាសន៍​ថា តាម​ការ​ស្រាវជ្រាវ​ជា​ទូទៅ​ក្នុង​ចំណោម​ស្ត្រី​ក្មេងៗ ដែល​បាត់បង់​ការងារ​នៅ​តាម​រោងចក្រ គឺ​មិន​សូវ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ទេ ពួក​គេ​នៅ​ស្វែង​រក​ការងារ​នៅ​ក្នុង​ទី​ក្រុង ក៏​ដូចជា​ទី​ប្រជុំ​ជន​នានា ដែល​ពួក​គេ​មាន​ភាព​ស៊ាំ​ជាង​នៅ​ទី​ជន​បទ​នោះ។

លោកស្រី លឹម មុន្នី មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ដោយសារ​អង្គការ​ខ្ញុំ​មាន​ស្នាក់ការ​នៅ​គ្រប់​បណ្ដា​ខេត្ត​ក្រុង​ទាំង​អស់ យើង​បាន​ធ្វើការ​សាក​សួរ គេ​តែងតែ​ឆ្លើយ​ថា មិន​មាន​នារី​ដែល​គ្រប់​ចំនួន​ត្រឡប់​ទៅ​វិញ​ទេ អ៊ីចឹង​មាន​ន័យ​ថា គេ​នៅ​ប្រកប​របរ​នៅ​ភ្នំពេញ ឬ​ក៏​ទី​រួម​ខេត្ត​ធំៗ​ហ្នឹង។ ហើយ​ដោយសារ​ថា ពួក​គេ​គ្មាន​ចំណេះ​ដឹង គ្មាន​ជំនាញ​អ្វី​ធំ​ដុំ​ទេ ដូច្នេះ​ភាគ​ច្រើន គឺ​វា​អាច​រុញ​ច្រាន​ទៅ​រក​មុខ​របរ​ជា sex worker ហ្នឹង​ហើយ»

គួរ​បញ្ជាក់​ថា នៅ​ក្នុង​របាយការណ៍​មួយ​របស់​អង្គការ​សហ​ប្រជាជាតិ កាល​ពី​ចុង​ខែ​កក្កដា ឆ្នាំ​២០០៩​នេះ បាន​រក​ឃើញ​ថា ដោយសារ​តែ​ឥទ្ធិពល​នៃ​វិបត្តិ​សេដ្ឋកិច្ច​ពិភព​លោក​បាន​ធ្វើ​ឲ្យ​ស្ត្រី​ខ្មែរ​ជា​ច្រើន​នាក់​ធ្លាក់​ចូល​ទៅ​ក្នុង​របរ​រក​ស៊ី​ផ្លូវ​ភេទ និង​ធ្វើការ​កន្លែង​សេវា​កម្សាន្ត​នានា​ដែល​ងាយ​រង​គ្រោះ​ក្នុង​អំពើ​ជួញដូរ។

របាយការណ៍​បាន​និយាយ​ថា ជា​ទូទៅ​ស្តី្រ​អ្នក​បម្រើការ​ក្នុង​កន្លែង​ម៉ាស្សា ខារ៉ាអូខេ ប្រមាណ ៥៧​ភាគ​រយ គឺ​រក​ការងារ​ធ្វើ​ដោយ​ខ្លួន​ឯង និង​មាន​ស្រ្តី​រក​ស៊ី​ផ្លូវ​ភេទ​ផ្ទាល់​តែ​ម្តង ប្រមាណ ៨០​ភាគ​រយ គឺ​រក​ការងារ​នេះ​ដោយ​ខ្លួន​ឯង។

របាយការណ៍​របស់​អង្គការ​សហ​ប្រជាជាតិ​នោះ ក៏​បាន​រក​ឃើញ​ថា ស្រ្តី​អ្នក​បម្រើការ​នៅ​ក្នុង​សេវា​កម្សាន្ត​នានា មាន​ប្រមាណ ៥៨​ភាគ​រយ បាន​ចូល​ធ្វើការ​មុន​មាន​វិបត្តិ​សេដ្ឋកិច្ច ហើយ ៤២​ភាគ​រយ បាន​ចូល​ក្រោយ​ពី​ពេល​ដែល​មាន​វិបត្តិ​សេដ្ឋកិច្ច​ពិភព​លោក​នោះ។

លោកស្រី ច័ន្ទ សូរីយ៍ រដ្ឋ​លេខាធិការ​ក្រសួង​កិច្ចការ​នារី បាន​មាន​ប្រសាសន៍​ថា លោកស្រី​យល់​ស្រប​ថា មាន​កម្មការិនី​រោងចក្រ​កាត់​ដេរ​ដែល​បាន​បាត់​បង់​ការងារ ហើយ​ពេល​នេះ​បាន​ចូល​បម្រើ​ក្នុង​កន្លែង​សេវា​កម្សាន្ត ឬ​ប្រកប​មុខ​របរ​រក​ស៊ី​ផ្លូវ​ភេទ ប៉ុន្តែ​មិន​អាច​មាន​ចំនួន​ច្រើន ដូច​ក្នុង​របាយការណ៍​របស់​អង្គការ​សហ​ប្រជាជាតិ​នោះ​ឡើយ។

លោកស្រី ច័ន្ទ សូរីយ៍ ថ្លែង​យ៉ាង​ដូច្នេះ ៖ «ធ្វើ​តួលេខ​ស្ថិតិ យើង​ត្រូវ​ឲ្យ​ច្បាស់​លាស់ ធ្វើ​ម៉េច​ឲ្យ​សព្វ​គ្រប់។ យើង​មិន​អាច​ថា​ទៅ​ធ្វើ survey នៅ​កន្លែង​តូច​មួយ ហើយ​យក​មក​និយាយ​ជា​ទូទៅ​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ស្រ្តី​រក​ស៊ី​ផ្លូវ​ភេទ ក្រោយ​ពី​អត់​ការងារ​ធ្វើ​ហ្នឹង​បាន​ទេ»

យោង​តាម​ប្រសាសន៍​របស់​អនុ​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ លោក ទៀ ផល្លា បាន​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​២០០៧ អ្នក​រក​ស៊ី​ផ្លូវ​ភេទ​មាន​ចំនួន ១១.០០០​នាក់ ហើយ​នៅ​ឆ្នាំ​២០០៨ មាន​ចំនួន​ជិត ២០.០០០​នាក់ និង​រហូត​ដល់​ឆ្នាំ​២០០៩​នេះ មាន​ចំនួន​ជិត ៣០.០០០​នាក់។

ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា លោក ជា មុនី បាន​មាន​ប្រសាសន៍​ថា ដើម្បី​ដោះស្រាយ​បញ្ហា​អត់​ការងារ​ធ្វើ​សម្រាប់​ស្រ្តី​ខ្មែរ​និង​ដើម្បី​កាត់​បន្ថយ​កំណើន​ស្រ្តី​បម្រើការ​ក្នុង​កន្លែង​សេវា​កម្សាន្ត ឬ​ការ​ប្រកប​មុខ​របរ​ផ្លូវ​ភេទ​នោះ រដ្ឋាភិបាល​គួរ​តែ​បង្កើន​ជំនួយ​សម្រាប់​ការ​ប្រកប​របរ​កសិកម្ម និង​មាន​ការ​បណ្តុះ​បណ្តាល​ជំនាញ​សម្រាប់​ស្រ្តី​ឲ្យ​បាន​ច្រើន។

រីឯ​លោកស្រី លឹម មុនី្ន ប្រធាន​កម្មវិធី​ស្រ្តី​របស់​សមាគម​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា អាដហុក ក៏​មាន​ទស្សនៈ​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ​ថា ៖ «រដ្ឋាភិបាល​ត្រូវ​តែ​ដោះស្រាយ​បញ្ហា​ហេដ្ឋា​រចនា​សម្ព័ន្ធ ឧទាហរណ៍​ប្រព័ន្ធ​ទំនប់​ប្រព័ន្ធ​អី។ យើង​សង្កេត​ឃើញ​ថា ពេល​ដែល​យើង​ទៅ​តាម​ខេត្ត ជន​បទ​ដាច់​ស្រយាល មាន​សល់​ដី​សម្រាប់​ធ្វើ​កសិកម្ម​ច្រើន ក៏​ប៉ុន្តែ​ប្រព័ន្ធ​ទឹក​វា​អត់​មាន ភ្លើង​អត់​មាន»

ចំពោះ​បញ្ហា​នេះ លោកស្រី ច័ន្ទ សូរីយ៍ រដ្ឋ​លេខាធិការ​ក្រសួង​កិច្ចការ​នារី បាន​មាន​ប្រសាសន៍​ថា នៅ​ចំពោះ​មុខ​នេះ ដើម្បី​ដោះស្រាយ​បញ្ហា​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ក៏​បាន​ធ្វើ​ការងារ​ច្រើន​ជួយ​ដល់​ស្រ្តី​ខ្មែរ ហើយ​សម្រាប់​ក្រសួង​កិច្ចការ​នារី​របស់​លោកស្រី​វិញ គឺ​មាន​ជំនួយ​ខ្លះៗ​ដែរ។

លោកស្រី ច័ន្ទ សូរីយ៍ ថ្លែង​ដូច្នេះ​ថា ៖ «លើ​បញ្ហា​នេះ ក្រសួង​កិច្ចការ​នារី​យើង​មាន​មជ្ឈ​មណ្ឌល​សម្រាប់​ស្រ្តី មាន​មជ្ឈមណ្ឌល​ទាំង​អស់ ១១ នៅ​តាម​ខេត្ត។ នៅ​ក្នុង​មជ្ឈ​មណ្ឌល យើង​មាន​កម្មវិធី​បង្រៀន បង្ហាត់​បច្ចេក​ទេស​វិជ្ជាជីវៈ​ដល់​ស្រ្តី និង​អប់រំ​គេ​ពី​វិធី​បំនិន​ជីវិត។ យើង​ឲ្យ​គេ​យក​ផលិត​ផល​ដែល​មាន​នៅ​ក្នុង​ស្រុក​គេ ខេត្ត​គេ​ហ្នឹង យក​មក​ច្នៃ​ជា​វត្ថុ​ផ្សេងៗ ផលិត​ផល​ផ្សេងៗ​សម្រាប់​លក់ និង​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​ផង​ដែរ»

លោកស្រី ច័ន្ទ សូរីយ៍ បាន​បញ្ជាក់​ថា ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លទ្ធភាព​នៃ​ការ​ជួយ​ជ្រោម​ជ្រែង​ពី​រដ្ឋាភិបាល​នោះ មិន​អាច​គ្រប់​គ្រាន់​ទេ ដូច្នេះ​បញ្ហា​សំខាន់​គឺ​ស្រ្តី​ខ្មែរ​ទាំង​អស់​ត្រូវ​តែ​ខិតខំ​ប្រឹង​ប្រែង​ដោយ​ខ្លួន​ឯង ដែល​មិន​គួរ​នឹង​បណ្តែត​បណ្តោយ​ឲ្យ​ខ្លួន​ធ្លាក់​ក្នុង​ផល​អាក្រក់​នោះ​ឡើយ៕