រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន មានប្រសាសន៍ថា កាលពីឆ្នាំទៅ ភ្ញៀវសរុបដែលចូលមកលេងក្នុងប្រទេសកម្ពុជា មានប្រហែល ១,៦លាននាក់ ប៉ុន្តែវាបានកើនឡើងមកដល់ ១,៨លាននាក់ហើយ ក្នុងរយៈពេល ៩ខែចុងក្រោយនៃឆ្នាំ២០១០នេះ។
ភ្ញៀវទេសចរណ៍វៀតណាម ដែលមានចំនួនប្រហែល ៣០ម៉ឺននាក់ បាននាំមុខគេក្នុងចំណោមភ្ញៀវទេសចរណ៍បរទេសទាំងអស់នៅក្នុងឆ្នាំនេះ ហើយបន្ទាប់មកមានភ្ញៀវកូរ៉េ ចិន និងភ្ញៀវអូស្រ្តាលី ផងដែរ។
លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថោង ខុន បញ្ជាក់អំពីមូលហេតុនៃកំណើនភ្ញៀវទេសចរណ៍ដូច្នេះ ៖ «និយាយឲ្យខ្លីទៅ យើងមានគោលដៅទេសចរណ៍សម្រាប់ទស្សនាធំៗច្រើន។ មានអង្គរវត្ត មានតំបន់ឆ្នេរ មានតំបន់អេកូទេសចរណ៍ មានទីក្រុងភ្នំពេញ។ តំបន់អេកូទេសចរណ៍មានភូមិឋាន មានទាំងភូមិភាគនិរតី ហើយសព្វថ្ងៃហ្នឹង គឺសុទ្ធតែទៅទស្សនាបានទាំងអស់។ អ្នកណាចង់មើលអង្គរ មើលអង្គរទៅ អ្នកណាចង់មើលផ្សោតមើលផ្សោតទៅ ហើយអ្នកចង់ទៅមើលព្រៃកោងកាង ទៅមើលកោះកុង ក៏ទៅមើលទៅ ហើយពិសេសទៅទៀត យើងមានប្រព័ន្ធផ្លូវថ្នល់បានស្រួល ហើយសន្តិសុខធានាបានល្អ។ ទី២ គឺដោយសារសេដ្ឋកិច្ចងើបឡើងវិញ ពិសេសនៅអាស៊ី»។
ប្រភពដដែលបានឲ្យដឹងទៀតថា កំណើននៃភ្ញៀវទេសចរណ៍ដែលធ្វើដំណើរតាមជើងយន្តហោះមានការកើនឡើងទាំងនៅទីក្រុងភ្នំពេញ និងនៅសៀមរាប។
ក្នុងរយៈពេល ៩ខែចុងក្រោយនេះ ការធ្វើដំណើរតាមយន្តហោះ តាមរយៈអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទទួលបានភ្ញៀវជាង ៤សែននាក់ គឺមានការកើនឡើងចំនួន ១១% នៃឆ្នាំចាស់ ហើយតាមរយៈអាកាសយានដ្ឋានអន្តរជាតិសៀមរាបវិញ ទទួលបានភ្ញៀវជិត ៥សែននាក់ គឺមានការកើនឡើងចំនួន ១៧% នៃឆ្នាំចាស់។
ភ្ញៀវទេសចរណ៍ចំនួន ៥០% បានចូលទៅទស្សនាតំបន់ប្រាង្គប្រាសាទអង្គរ ហើយសល់ពីនោះបានចូលទៅកម្សាន្តនៅតំបន់ឆ្នេរ តំបន់ធម្មជាតិព្រៃភ្នំនៃភាគឦសានប្រទស តំបន់ព្រៃកោងកាង និងចូលមកទីក្រុងភ្នំពេញ។
របាយការណ៍ស្ដីអំពីកំណើនភ្ញៀវទេសចរណ៍ បាននិយាយអំពីកំណើនសេដ្ឋកិច្ច ដោយសារតែកំណើនភ្ញៀវទេសចរណ៍ផងដែរ។ ប្រភពដដែលបានបញ្ជាក់អំពីចំណូលដែលបានមកពីវិស័យទេសចរណ៍មានចំនួនចន្លោះពី ១០ ទៅ ១២% នៃផលទុនសរុបក្នុងស្រុកនៅក្នុងប្រទេសកម្ពុជា ដែលមានចំនួនប្រហែល ១១ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។
ជាមួយគ្នានឹងការកើនឡើងនៃចំនួនភ្ញៀវទេសចរណ៍នេះ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វ៉ន ពៅ បានរិះគន់ថា កំណើនភ្ញៀវមានមែន ប៉ុន្តែវាមិនបានធ្លាក់ចូលទៅក្នុងចំណូលរដ្ឋទាំងស្រុង និងហោប៉ៅរបស់ប្រជាពលរដ្ឋច្រើនឡើយ ដោយសារតែក្រុមហ៊ុនយន្តហោះ ក្រុមហ៊ុនរថយន្ត ក្រុមហ៊ុនវិនិយោគ សណ្ឋាគារ និងកន្លែងកម្សាន្តធំៗ សុទ្ធតែជារបស់ក្រុមហ៊ុនបរទេស។
លោក វ៉ន ពៅ អះអាងថា ជីវភាពរបស់ប្រជាពលរដ្ឋរកស៊ីវិស័យទេសចរណ៍ មិនមានការរីកចម្រើនធូរធារឡើយ បើទោះបីជាកំណើនភ្ញៀវទេសចរណ៍នោះកើនឡើងក៏ដោយ ៖ «កើនឡើងមានតែភ្ញៀវកូរ៉េ ភ្ញៀវវៀតណាម ភ្ញៀវចិន ហើយអាពួកអស់ហ្នឹងគេមិនមែនជិះរ៉ឺម៉កទេសចរណ៍ទេ គេមកគេជិះរថយន្តក្រុមហ៊ុនរបស់គេ គឺជនជាតិគេដដែលហ្នឹង ដូច្នេះរឿងហ្នឹងលុយមិនបានធ្លាក់មកលើខ្មែរទេ។ ពួកហ្នឹងគេមកលេងស្រុកខ្មែរ ប៉ុន្តែទម្លាក់លុយមកស្រុកខ្មែរតែមកលើអាជ្ញាធរអប្សរា លុយទិញសំបុត្រ ប៉ុន្តែលុយសម្រាប់ប្រជាពលរដ្ឋតូចតាចមានការកើនឡើងស្អី។ បើវៀតណាមមក រថយន្តក៏របស់វៀតណាម បើកូរ៉េមក រថយន្តរបស់កូរ៉េ ផ្ទះសំណាក់ក៏កូរ៉េ ស្អីក៏កូរ៉េ ខ្មែរវាអត់»។
អ្នករត់រ៉ឺម៉កម៉ូតូកង់បីសម្រាប់ដឹកភ្ញៀវទេសចរណ៍នៅសៀមរាបវិញ ឈ្មោះ លី កិត្យា ថ្ងូរថា ឆ្នាំនេះកាន់តែពិបាករកជាងឆ្នាំមុនៗទៅទៀត ដោយសារតែមិនសូវសំបូរភ្ញៀវទេសចរណ៍អឺរ៉ុប ៖ «អ្នករត់រ៉ឺម៉កកាន់តែកើនឡើង។ អ្នកខ្លះឈប់ពីការងារនៅតាមសណ្ឋាគារ ហើយបានមករត់រ៉ឺម៉ក ដូច្នេះអ្នករត់កើនឡើង ឯភ្ញៀវវិញមកផ្នែករាយវិញគឺភាគតិច»។
អ្នករត់ម៉ូតូរ៉ឺម៉កម្នាក់ទៀតបន្ថែម ៖ «ភ្ញៀវអឺរ៉ុប ភ្ញៀវរាយបានទៅទន្លេតទៅអី ទៅម៉ាស្សាទៅអី បើភ្ញៀវទួរ (ភ្ញៀវរបស់ក្រុមហ៊ុនទេសចរណ៍) អត់បានអីទេ ជិះតែឡាន»។
រីឯអ្នកគ្រប់គ្រងនៅសណ្ឋាគារអប្សរាខេត្តសៀមរាបវិញ អ្នកស្រី ចាន់ ឌី បញ្ជាក់ស្រដៀងគ្នាដែរថា ភ្ញៀវនៅសណ្ឋាគាររបស់អ្នកស្រីមានការកើនឡើង តែមិនសូវបានចំណូលប៉ុន្មានទេ ៖ «មានចំណូលដែរ ប៉ុន្តែមិនសូវច្រើនទេ ពីព្រោះភ្ញៀវគេមិនសូវចាយដែរ»។
អ្នកតំណាងរាស្ត្រគណបក្សប្រឆាំង សម រង្ស៊ី លោក សុន ឆ័យ ជឿថា ចំណូលដែលបានមកពីភ្ញៀវទេសចរណ៍អាស៊ី ទាបជាងចំណូលដែលបានពីភ្ញៀវទេសចរណ៍ពីអឺរ៉ុប ដោយសារតែការចំណាយក្នុងដំណើរកម្សាន្តរបស់ភ្ញៀវអាស៊ី ភាគច្រើនបានធ្លាក់ទៅលើក្រុមហ៊ុនរបស់ពួកគេទាំងអស់វិញ ដូចជាតម្លៃយន្តហោះ រថយន្តដឹកអ្នកទេសចរណ៍ ភោជនីយដ្ឋាន និងសណ្ឋាគារជាដើម។
លោកបន្តថា ចំណូលរបស់រដ្ឋ ក៏ដូចជាចំណូលប្រចាំថ្ងៃរបស់ពលរដ្ឋឡើងខ្ពស់ ដោយសារតែវិស័យទេសចរណ៍ ល្គឹកណាវិស័យទេសចរណ៍របស់ខ្មែរបានចាប់យកនូវចំនួនដ៏ច្រើនលើសលប់នៃទេសចរណ៍អឺរ៉ុប។
របាយការណ៍របស់ក្រសួងទេសចរណ៍ដដែលបានឲ្យដឹងថា ចំនួនទេសចរណ៍ដែលចូលមកកម្សាន្តនៅក្នុងប្រទេសកម្ពុជា មានចំនួន ៧០% មកពីតំបន់អាស៊ីប៉ាស៊ីហ្វិក ២០% មកពីតំបន់អឺរ៉ុប និង ១០% មកពីអាមេរិក។
ក្រសួងទេសចរណ៍បានរំពឹងថា ចំនួនភ្ញៀវទេសចរណ៍នឹងកើនឡើងដល់ ២,៤លាននាក់ នៅចុងឆ្នាំ២០១០នេះ៕

