កូនចៅមន្ត្រីរដ្ឋាភិបាលគ្រាក់ៗមួយចំនួនបានបញ្ចេញភាពហ៊ឺហាដ៏អស្ចារ្យរបស់ខ្លួនដោយសម្ញែងពីសម្ភារៈប្រាក់កាសសម្បូរបែបដូចជា ជិះឡានថ្លៃៗទំនើបៗ ពាក់គ្រឿងអលង្ការត្បូងពេជ្រមានតម្លៃ ទូរស័ព្ទដៃទាន់សម័យ និងមានឱកាសទៅរៀនសាលាល្អៗនៅបរទេស។
កាសែត Sydney Morning Herald
បានចុះផ្សាយនៅថ្ងៃទី១២ ធ្នូនេះថា ភាពហ៊ឺហានិងការរកស៊ីមានបានឆាប់រហ័សដូច្នេះមិនមែនធម្មតាទេ ប្រៀបធៀបស្ថានភាពសេដ្ឋកិច្ចប្រទេសកម្ពុជាដែលប្រជាជនភាគច្រើនក្រតោកយ៉ាកមានប្រាក់ចំណូលតិចជាងមួយដុល្លារក្នុងមួយថ្ងៃនោះ។
ព័ត៌មានដដែលបានសរសេរអំពីការបង្អួតបង្ហាញភាពអស្ចារ្យរបស់កូនអ្នកអន្ទ្រើសៗខ្មែរមួយចំនួននោះដោយដាក់ចំណងជើងថា "កូនចៅសេដ្ឋីមន្ត្រីខ្មែរ" ដែលសរសេរបែបបញ្ឆិតបញ្ឆៀងថា ទ្រព្យធនរបស់មន្ត្រីទាំងនោះបានមកដោយសារពុករលួយ និងរកស៊ីខុសច្បាប់ដោយបានចោទសួរថា តើប្រាក់កាសដ៏មហាសាលទាំងនោះបានមកពីណា?
កាសែត Sydney Morning Herald បានសម្ភាសជាមួយកូនលោកឧបនាយករដ្ឋមន្ត្រី, កូនលោកឧត្តមសេនីយ៍ និងកូនរដ្ឋមន្ត្រីទាំងនោះ ថា ពួកគេចូលបារចាយលុយមួយយប់អស់ជាង ២០០០ដុល្លារឥតស្តាយស្រណោះ ហើយពួកគេបានឆ្លើយថា ទ្រព្យសម្បត្តិដែលគេមានបាននោះដោយសារម្តាយគេពូកែរកស៊ី ហើយរដ្ឋមន្ត្រីខ្លះឆ្លើយថា ដោយសារប្រពន្ធគេពូកែរកស៊ី។
ជាចុងក្រោយទស្សនាវដ្ដីបានបញ្ឆិតបញ្ឆៀងដល់ប្រពន្ធមន្ត្រីខ្មែរខ្លះថា ទ្រព្យសម្បត្តិទាំងនោះគឺបានមកពីការប្រើអំណាចកេញប្រវ័ញ្ច ដូចជាកាប់ព្រៃឈើដោយបានដកស្រង់របាយការណ៍អង្គការការពារព្រៃឈើអន្តរជាតិ (Global Witness) ដែលរដ្ឋាភិបាលបានបណ្តេញចេញពីប្រទេសកម្ពុជាកន្លងមក។
ទាក់ទងទៅនឹងសំណួរទស្សនាវដ្ដីដែលថា ហេតុអ្វីបានជាមន្ត្រីរាជការក្លាយជាអ្នកមានស្តុកស្តម្ភអ្វីម៉្លេះបើប្រាក់ខែតិចម្លឹងៗ? លោក សុន ឆ័យ តំណាងរាស្ត្របក្សសមរង្ស៊ី បានឆ្លើយថា នោះដោយសារតែមកពីពុករលួយដែលមន្ត្រីទាំងនោះចេះកេងប្រវ័ញ្ចតាមជំនាញរៀងៗខ្លួន។
លោក សុន ឆ័យ មានប្រសាសន៍ថា ៖ «ដូចជាស៊ីឈ្មោះទាហានខ្មោចមានតែឈ្មោះអត់រូប អានេះបានផលមួយផ្នែកទៅ មួយផ្នែកទៀតតាមរយៈផ្តល់សម្លៀកបំពាក់ ឬក៏ឯកសណ្ឋាន អាហ្នឹងកាច់យកលុយមួយផ្នែកទៀតទៅ ខ្លះទៀតប្រព្រឹត្តផ្តេសផ្តាសនៅកន្លែងណាកាប់ឈើកន្លែងហ្នឹង ខ្លះកាងអីវ៉ាន់រត់ពន្ធអ៊ីចឹងទៅ!»។
លោក សុន ឆ័យ បានឲ្យដឹងអំពីអំពើពុករលួយផ្សេងទៀតថា ៖ «រឿងមួយទៀតដែលគួរឲ្យចុកចាប់មែនទែននោះគឺមានអ្នកខ្លះយកគ្រួសារគាត់ទៅនៅក្រសួង ខ្លះយកទាំងប្រពន្ធ ខ្លះយកទាំងកូនទៅកាន់ក្រសួងតែម្តង។ ដូចជាក្រសួងពាណិជ្ជកម្ម ហើយខ្លះទៀតយកប្រពន្ធគាត់បង្កើតក្រុមហ៊ុនមួយរកស៊ីតែម្តង ឧទាហរណ៍ដូចជាគាត់ជារដ្ឋមន្ត្រីខាងក្រសួងឧស្សាហកម្មអ៊ីចឹង គាត់ឲ្យប្រពន្ធគាត់ធ្វើក្រុមហ៊ុនមួយទៅ ហើយអ្នកណាចង់រកស៊ីវិស័យអគ្គិសនី ឬក៏វិស័យរោងចក្រអីទាក់ទងគាត់ទៅប្រពន្ធគាត់រត់ការជូន ដូច្នេះគាត់បានលុយច្រើនៗណាស់។ ចំណែកក្រសួងបរិស្ថានក៏ដូចគ្នាដែរ បើចង់បិទមាត់កុំឲ្យរករឿងអំពីផ្សែងពុលស្អីៗមានកូនក្មួយគេរត់ការ គឺជារបៀបរកលុយក្រៅអ៊ីចឹងទៅ!»។
ចំណែកលោក កឹម សុខា ក៏យល់ដូច្នេះដែរ លោកថ្លែងថា អំពើពុករលួយនៅស្រុកខ្មែរកើតមានឡើងជាប្រព័ន្ធ ហើយមន្ត្រីពុករលួយទាំងនោះនឹងមិនអាចមានទោសពៃរ៍អ្វីទេនៅពេលដែលច្បាប់ប្រឆាំងអំពើពុករលួយត្រូវអនុម័តនោះ។
លោក កឹម សុខា បានបញ្ជាក់ថា ៖ «យើងឃើញថានៅប្រទេសណា សង្គមណាក៏មានដែរពុករលួយ ប៉ុន្តែវាមិនមែនជាប្រព័ន្ធ វាជាចៃដន្យ។ ឧបមាថា អ្នកណាចំកន្លែងវាមានឱកាសវាស៊ីខ្លះអ៊ីចឹងទៅ តែអានេះវាស៊ីជាប្រព័ន្ធ មានន័យថា អ្នកបន្ទាប់ហ្នឹង បើមិនអាចរកលុយឲ្យថ្នាក់លើគាត់មិនបាននៅកន្លែងខ្លាញ់កន្លែងល្អបានទេ។ ខ្ញុំគ្រាន់តែលើកជាឧទាហរណ៍ គ្រាន់តែថ្នាក់ប៉ូលិសឈរយាមនៅប៉ុស្តិ៍ភ្លើងស្តុបអីល្មមៗហ្នឹងនៅតែរកលុយឲ្យមេគាត់អ៊ីចឹង យ៉ាងហោចក៏គេទារប៊ីយែទារអីនៅពេលជប់លៀង ពេលបុណ្យកូនគេ ឡើងផ្ទះអី គឺនាំគ្នារកលុយឲ្យមេហើយ»។
លោក ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា មានប្រសាសន៍ថា លោកទទួលស្គាល់ថា ក្នុងជួររដ្ឋាភិបាលមានអំពើពុករលួយខ្លះមែន តែនោះក៏ដោយសារតែប្រទេសកម្ពុជាទើបឆ្លងផុតពីសង្រ្គាមផង ហើយខ្វះបទពិសោធន៍ពីដំណាក់កាលផ្លាស់ប្តូរពីសេដ្ឋកិច្ចផែនការបែបកុម្មុយនីស្តមកសេដ្ឋកិច្ចបែបទីផ្សារសេរី។ ម្យ៉ាងវិញទៀតលោកមានប្រសាសន៍ដោយផ្អែកលើធម៌ព្រះថា ជាធម្មតាមនុស្សតែងតែមានចិត្តលោភលន់ អ្នកណាក៏ចង់មានចង់បាន សូម្បីតែបក្សប្រឆាំងក៏ពុករលួយដូចគ្នាដែរ បើសិនជាមានឱកាសនោះ។
តែយ៉ាងណាក្តី លោក ជាម យៀប បញ្ជាក់ថា មន្រ្តីមួយចំនួននឹងអាចប្រឈមមុខនឹងការចោទប្រកាន់ពីអំពើពុករលួយនៅពេលច្បាប់ប្រឆាំងពុករលួយចេញ។
លោក ជាម យៀប បន្ថែមថា ៖ «កាលណាព្រះរាជអាជ្ញាគេប្តឹង ប្រជាជនគេប្តឹង គឺថា ត្រូវតែជាប់ទោសទណ្ឌជាដាច់ខាត មិនអាចនៅក្រៅសំណាញ់ច្បាប់បានទេ នេះគឺខ្ញុំយល់ខ្លួនឯងណា!»។
ទាក់ទងទៅនឹងការសម្ញែងភាពហ៊ឺហារបស់កូនអ្នកធំខ្មែរនាសម័យនេះ ទស្សនាវដ្ដី ហ្គោធ វីឃិន បានបង្ហាញថា កូនចៅមន្ត្រីរដ្ឋាភិបាលដែលមានជីវិតហ៊ឺហាទាំងនោះទើបតែហ៊ានបង្ហាញមុខ និងហ៊ានបង្ហាញអំពីភាពមានបានអស្ចារ្យរបស់ខ្លួនឲ្យគេដឹងជាសាធារណៈក្នុងរយៈពេលតែពីរឬបីឆ្នាំចុងក្រោយនេះតែប៉ុណ្ណោះ ខុសពីពេលមុនដែលពួកគេព្យាយាមលាក់លាម។
កាសែតដដែលបានស្រង់សម្តីប្រភពអ្នកយកព័ត៌មានបរទេសម្នាក់នៅស្រុកខ្មែរថា "ទើបតែប៉ុន្មានឆ្នាំនេះតែប៉ុណ្ណោះដែលកូនអ្នកមានអ្នកធំខ្មែរទាំងនោះហ៊ានបង្អួតសម្ញែងទ្រព្យសម្បត្តិរបស់គ្រួសារគេពេញមុខដោយមិនខ្លាចរអែងអ្វីទាំងអស់"៕
