ហេតុអ្វីបានជាប្រទេសជប៉ុន ដែលមានទំនាក់ទំនងល្អូកល្អឺនជាមួយកម្ពុជាដ៏យូរលង់មកហើយនោះ បែរជាមិនមានអ្នកវិនិយោគិនរបស់ខ្លួនមកវិនិយោគនៅក្នុងប្រទេសកម្ពុជា?
បើនិយាយអំពីជំនួយប្រទេសជប៉ុនដល់កម្ពុជា គឺច្រើនជាងប្រទេសផ្សេងៗ គឺមានទឹកប្រាក់ជាង ២.០០០លានដុល្លារអាមេរិកឯណោះ ដែលជំនួយនេះត្រូវបានប្រើលើការអនុវត្តកិច្ចសហប្រតិបត្តិការច្រើនវិស័យ ដូចជាជំនួយក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការបណ្តុះបណ្តាលធនធានមនុស្សនៅប្រទេសកម្ពុជាជាដើម។
បើគេពិនិត្យមើលតួលេខខាងជំនួញវិញឃើញថា ចំនួនទឹកប្រាក់នាំទំនិញចេញចូលរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន មានកម្រិតទាបជាងប្រាក់ជំនួយ គឺមានត្រឹមតែចំនួន២៥៥លានដុល្លារអាមេរិកប៉ុណ្ណោះគិតត្រឹមឆ្នាំ២.០០០ ហើយបើគេទូទាត់អំពីចំនួនទឹកប្រាក់ជំនួយរបស់ជប៉ុនចំនួន២.០០០លានដុល្លារទៅនឹងទឹកប្រាក់ជំនួញដែលមានចំនួន២៥៥លានដុល្លារ គឺពិតជាខុសគ្នាដូចមេឃនិងដី។
ចំនួនទឹកប្រាក់វិនិយោគនៃប្រទេសជប៉ុននៅកម្ពុជា រួមទាំងចំណាត់ថ្នាក់នៃការវិនិយោគរបស់ជប៉ុនមកកម្ពុជា គឺនៅទាបណាស់ប្រៀបធៀបទៅប្រទេសផ្សេងៗ សូម្បីតែប្រៀបធៀបជាមួយអ្នកវិយោគិនក្នុងស្រុកដែលជាជនជាតិខ្មែរក៏ខុសគ្នាឆ្ងាយណាស់ដែរ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ចម ប្រសិទ្ធ មានប្រសាសន៍ថា ៖ «ចំពោះបញ្ហាពាណិជ្ជកម្មវិញ ចំណាត់ថ្នាក់របស់ជប៉ុន បើសិនជាយើងនាំចេញទៅ ជប៉ុនគឺជាប្រទេសទី៥របស់កម្ពុជា បើចំពោះការនាំចូលមកវិញជប៉ុនចំណាត់ថ្នាក់ប្រហែលជាទី១០របស់យើង»។
របាយការណ៍របស់ការិយាល័យវិនិយោគកម្ពុជាបង្ហាញថា មានក្រុមហ៊ុនវិនិយោគជប៉ុនកំពុងវិនិយោគក្នុងស្រុកខ្មែរចំនួន៥៧ក្រុមហ៊ុនមកទល់ដើមឆ្នាំ២០១០នេះ ហើយជប៉ុនបាននាំចូលដូចជានាវា គ្រឿងចក្រ គ្រឿងយន្ត ម៉ាស៊ីនម៉ូតូនិងរថយន្តជាដើម។
លោក ចម ប្រសិទ្ធ ដែលជាទេសរដ្ឋមន្ត្រីដែរនោះថ្លែងថា រឿងដែលជប៉ុនមិនមកវិនិយោគនៅប្រទេសកម្ពុជារយៈពេលកន្លងមកនេះ គឺមានកត្តាសំខាន់ៗមួយចំនួន ដូជជាគោលការណ៍ពាណិជ្ជកម្មរបស់ជប៉ុន គឺទៅប្រទេសណាលក់ផលិតផលរបស់ខ្លួននៅប្រទេសនោះ ហើយចំពោះប្រទេសកម្ពុជា គឺជាប្រទេសក្រីក្រ មានប្រជាជនតិច ទីផ្សារតូច មិនមានសមត្ថភាពទិញទំនិញជប៉ុនដែលជាទំនិញឧស្សាហកម្មទំនើបៗថ្លៃៗបានដូចជាប្រទេសអ្នកមានធំៗនោះទេ។
ក៏ប៉ុន្តែលោកបណ្ឌិត សុខ ទូច អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យខ្មែរមានប្រសាសន៍ថា រឿងដែលជប៉ុនមិនមកវិនិយោគស្រុកខ្មែរនោះ គឺមិនដូចដែលលោករដ្ឋមន្រ្តីមានប្រសាសន៍នោះទេ គឺជប៉ុនមិនទាន់ទុកចិត្តបរិយាកាសសង្គមកម្ពុជាសព្វថ្ងៃ។
លោក សុខ ទូច មានប្រសាសន៍ថា ៖ «ជប៉ុនអត់ខុសពីអាមេរិកទេក្នុងជំនួយ។ ជប៉ុនជួយខ្មែរតែមិនចូលចិត្តរកស៊ីជាមួយខ្មែរ គឺមានករណី២សំខាន់។ ទី១ប្រព័ន្ធច្បាប់ ជប៉ុនទាមទារប្រព័ន្ធច្បាប់។ ដោយសារតែប្រព័ន្ធច្បាប់នៅប្រទេសកម្ពុជានៅមានកម្រិត ទី២គឺទាក់ទងទៅលើបញ្ហាធនធានមនុស្ស»។
ខុសពីលោករដ្ឋមន្ត្រី ចម ប្រសិទ្ធ លោក សុខ ទូច បានបញ្ជាក់ថា ប្រទេសកម្ពុជាតូចជាងវៀតណាមនិងប្រទេសថៃមែន តែទីផ្សារធំណាស់ ព្រោះថា ប្រជាជនកម្ពុជាចូលចិត្តប្រើប្រាស់របស់បរទេស ជាពិសេសរបស់របរមកពីប្រទេសជប៉ុន។ លោកថា ប្រជាជនខ្មែរសព្វថ្ងៃប្រើប្រាស់របស់បរទេសគ្រប់សព្វទាំងអស់ ដោយលើកជាឧទាហរណ៍ថា ក្នុងតួខ្លួនប្រជាពលរដ្ឋខ្មែរម្នាក់ប្រើប្រាស់របស់បរទេសសព្វគ្រប់ ទាំងពីសម្លៀកបំពាក់ក្នុងក្រៅ សម្ភារៈសង្ហារិម រួមទាំងគ្រឿងឧបភោគបរិភោគប្រចាំថ្ងៃជាដើម។
លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ដូច្នេះ ៖ «គ្មានស្អីដែលជារបស់ខ្មែរទេក្រៅពីដងខ្លួន ស្អីៗជារបស់បរទេសទាំងអស់។ អ៊ីចឹងទីផ្សារកម្ពុជាធំណាស់មិនមែនតូចទេ ហើយខ្មែរយើងប្រើសម្ភារៈក៏មិនចាញ់បរទេសប៉ុន្មានដែរ។ ខ្មែរយើងចូលចិត្តបង្ហាញខាងក្រៅ តែរឿងខាងក្នុងមិនជាសំខាន់ទេ អ៊ីចឹងមិនមែនជាទីផ្សារតូចទេ។ ដូចប្រទេសវៀតណាម ប្រទេសជិតខាងរបស់យើងហ្នឹង ឡានឡង់គ្រីស៊័រ ឬឡានតូយូតាកម្រិត២០១០ អត់ទាន់មានទេ ប៉ុន្តែខ្មែរយើងមានអស់ហើយ។ យើងឃើញហើយថា ឡានរបស់ជប៉ុនចូលមកស្រុកខ្មែរសឹងតែ៩០% បើកបរនៅលើផ្លូវកម្ពុជា ប៉ុន្តែអ្នកវិនិយោគហេតុអីក៏មិនមាន៩០% ដូចឡានដែរ? អាហ្នឹងដែលយើងត្រូវសួរសំណួរហ្នឹងចោទទៅវិញ»។
តែយ៉ាងណាក្តីមន្ត្រីសេដ្ឋកិច្ចជប៉ុនបានថ្លែងថា នៅពេលនេះគឺដល់ពេលសមល្មមចំពោះពាណិជ្ជករជប៉ុនចាប់ផ្តើមសម្លឹងមើលមកទីផ្សារកម្ពុជាហើយ។ ជាភស្តុតាងគឺកាលពីថ្ងៃទី១០ ខែមីនានេះ អង្គការសម្របសម្រួលពាណិជ្ជកម្មរបស់ជប៉ុនដ៏ធំមួយឈ្មោះ ចេត្រូ បានប្រកាសសម្ពោធការិយាល័យរបស់ខ្លួននៅក្នុងទីក្រុងភ្នំពេញ ក្នុងគោលបំណងជួយជំរុញទំនាក់ទំនងពាណិជ្ជកម្ម កម្ពុជា-ជប៉ុន ឲ្យមានសន្ទុះកាន់តែប្រសើរឡើង។
លោក យ៉ាស៊ូ ហាយ៉ាស៊ី ប្រធានអង្គការចេត្រូ បានថ្លែងក្នុងពិធីសម្ពោធអង្គការថ្មីនេះកាលពីថ្ងៃទី១១ មីនា ដូច្នេះថា ៖ "គឺដោយសារពីមុននោះប្រទេសកម្ពុជានិងប្រទេសនីមួយៗនៅដាច់ដោយឡែកពីគ្នា ប៉ុន្តែនៅពេលនេះតំបន់ទាំងមូលកំពុងរៀបចំតំបន់ទីផ្សារសេរីអាស៊ាន ដូច្នេះមិនមែនមានតែទីផ្សារកម្ពុជាទេ គឺគេសម្លឹងមើលលើទីផ្សាររបស់អាស៊ានទាំងមូល ដូច្នេះជប៉ុនក៏ចាប់ផ្តើមចាប់អារម្មណ៍យ៉ាងខ្លាំង ហើយប្រទេសកម្ពុជាស្ថិតនៅចំកណ្តាលប្រទេសអាស៊ាន។ អ៊ីចឹងជប៉ុនសង្ឃឹមថា ប្រទេសកម្ពុជា ជាចំណុចកំពូលក្នុងការនាំចេញនាំចូលក្នុងក្របខ័ណ្ឌអាស៊ាន ទៅក្រៅប្រទេសផ្សេងទៀត"។
ចេត្រូ ជាអង្គការមួយបង្កើតឡើងដោយរដ្ឋាភិបាលជប៉ុននៅឆ្នាំ១៩៥៨ ក្នុងគោលបំណងធំបំផុត គឺជំរុញការវិនិយោគនិងសហប្រតិបត្តិការសេដ្ឋកិច្ចបរទេសរបស់ជប៉ុនជាមួយប្រទេសជាដៃគូសេដ្ឋកិច្ច។
សកម្មភាពរបស់អង្គការចេត្រូនៅប្រទេសកម្ពុជា គឺផ្តោតលើវិស័យធំៗបី។ ទី១ជំរុញឲ្យមានវិនិយោគជប៉ុននៅកម្ពុជា ទី២ជំរុញការធ្វើពាណិជ្ជកម្ម និងទី៣អភិវឌ្ឃសហគ្រាសនាំចេញរបស់ប្រទេសកម្ពុជា។
ចេត្រូ មានការិយាល័យ៣៨ នៅប្រទេសជប៉ុន និងការិយាល័យ៧២ទៀតបើកនៅក្នុងប្រទេស៥៥នៅលើសកលលោក។ ចំពោះការិយាល័យនៅប្រទេសកម្ពុជា ចេត្រូនឹងផ្តល់ជូនអ្នកវិនិយោគិនជប៉ុនអំពីព័ត៌មានផ្សេងៗដែលទាក់ទងអត្ថប្រយោជន៍នៃការវិនិយោគនៅប្រទេសកម្ពុជា។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ចម ប្រសិទ្ធ បានឲ្យដឹងថា ប្រទេសជប៉ុនបានឲ្យប្រទេសកម្ពុជានាំទំនិញកសិផលចូលចំនួន១.៩៨៣មុខ និងទំនិញឧស្សាហកម្មចំនួន៦.៩៦៦មុខ ចូលប្រទេសជប៉ុនដោយមិនបាច់បង់ពន្ធ។
លោក ចម ប្រសិទ្ធ រំពឹងថា សេដ្ឋកិច្ចកម្ពុជានឹងមានសន្ទុះខ្លាំងក្រោយពេលអង្គការចេត្រូបើកការិយាល័យនៅទីក្រុងភ្នំពេញ ព្រោះអង្គការនេះមានទំនាក់ទំនងជាមួយក្រុមហ៊ុនជប៉ុនរាប់ម៉ឺនក្រុមហ៊ុនដែលអាចទាក់ទាញក្រុមហ៊ុនទាំងនោះមកវិនិយោគនៅប្រទេសកម្ពុជាបាននៅពេលអនាគត។
ប៉ុន្តែអ្នកវិភាគសេដ្ឋកិច្ចឯករាជ្យនៅតែមានជំនឿថា ដរាបណារដ្ឋាភិបាលកម្ពុជាមិនបង្កើតតុលាការពាណិជ្ជកម្មឯករាជ្យមួយ ដែលអ្នកវិនិយោគិនបរទេសទាមទារយូរមកហើយនោះទេ ហើយបើរដ្ឋាភិបាលមិនអាចបំបាត់អំពើពុករលួយដែលអ្នកសេដ្ឋកិច្ចទាំងនោះហៅថា "បញ្ហាការិយាធិបតេយ្យ" ឬពាក្យសាមញ្ញថា ការស៊ីសំណូកសូកប៉ានតាមការិយាល័យពីលើដល់ក្រោមនៅតាមក្រសួងនានានោះទេ អ្នកវិនិយោគិនបរទេសនៅតែញញើតញញើមមិនហ៊ានចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជាដដែល៕
