និស្សិត​ខ្មែរ​ទទួល​បាន​ការ​សរសើរ​នៅ​សកល​វិទ្យាល័យ​អាមេរិក

ហោ សុខ​ណាក់ គឺ​ជា​និស្សិត​ខ្មែរ​លើក​ដំបូង​បង្អស់​ក្នុង​ចំណោម​និស្សិត​ខ្មែរ ១០៤​នាក់ ដែល​បាន​ទទួល​អាហារូបករណ៍ Fulbright មក​សិក្សា​ក្នុង​សហរដ្ឋ​អាមេរិក​ក្នុង​មុខ​វិជ្ជា​ផ្នែក​សារ​គមនាគមន៍​សាធារណៈ។

0:00 / 0:00

នៅ​ក្នុង​ចំណោម​និស្សិត​បរទេស​នានា​ប្រមាណ​ជា ៤៥​នាក់ ដែល​ទទួល​អាហារូបករណ៍​មក​រៀន​នៅ​ក្នុង American University ហោ សុខ​ណាក់ បាន​ក្លាយ​ជា​សិស្ស​គំរូ​និង​ឆ្នើម​លើស​គេ។

នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​មុខ​របរ​រក​ស៊ី​ជំនួញ​បណ្តាក់​ទុន​ក្នុង​ពិភពលោក ស្រប​ពេល​នឹង​សេដ្ឋកិច្ច​កំពុង​តែ​មាន​ដំណើរ​ការ​លំបាក តម្រូវការ​នូវ​មុខ​វិជ្ជា​សារ​គមនាគមន៍​សាធារណៈ (Public Communication) គឺ​ជា​ជំនាញ​មួយ​ដែល​គេ​មើល​ឃើញ​ថា​មាន​សារ​ប្រយោជន៍​ជា​ខ្លាំង។

នៅ​កម្ពុជា​អ្នក​ដែល​បាន​ទៅ​បរទេស​ដើម្បី​សិក្សា​ជំនាញ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា មិន​មាន​ច្រើន​ប៉ុន្មាន​ទេ ហើយ​បើ​និយាយ​ដោយ​ឡែក​ចំពោះ​និស្សិត​ខ្មែរ​ដែល​បាន​ទទួល​អាហារូបករណ៍ Fulbright ទៅ​សិក្សា​ផ្នែក Public Communicationនៅ​ក្នុង​សហរដ្ឋ​អាមេរិក នា​ប្រមាណ​ជាង ១០​ឆ្នាំ ចុង​ក្រោយ​នេះ មាន​តែ​និស្សិត​ខ្មែរ​ឈ្មោះ ហោ សុខណាក់ តែ​ម្នាក់​ប៉ុណ្ណោះ។

ហោ សុខណាក់ អាយុ ២៥​ឆ្នាំ នឹង​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត ឬ​បរិញ្ញា​ទោ​ផ្នែក​សារ​គមនាគមន៍​សាធារណៈ នៅ​ចុង​ខែ​មិថុនា​នេះ ក្រោយ​កម្មវិធី​សិក្សា​មមា​ញឹក ចំនួន​មួយ​ឆ្នាំ​ក្នុង​សកល​វិទ្យាល័យ American University ក្នុង​រដ្ឋធានី​វ៉ាស្ហ៊ិនតោន ឌី​ស៊ី។

និស្សិត ហោ សុខ​ណាក់ ដែល​បញ្ចប់​ការ​សិក្សា​នៅ​សាលា​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​សារ​គមនាគមន៍​នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ គឺ​ជា​និស្សិត​ខ្មែរ​តែ​ម្នាក់​គត់ ដែល​បាន​សិក្សា​ផ្នែក​សារ​គមនាគមន៍​សាធារណៈ​ជាមួយ​នឹង​និស្សិត​បរទេស ប្រមាណ ៤៥​នាក់ ដែល​មក​ពី​ប្រទេស​អឺរ៉ុប អាហ្វ្រិក អាស៊ី និង​មជ្ឈិម​បូព៌ា។

លោកស្រី​សាស្ត្រាចារ្យ Maria Ivancin នៃ​សកល​វិទ្យាល័យ American University បាន​មាន​ប្រសាសន៍​ផ្តល់​ចំណាប់​អារម្មណ៍​ថា និស្សិត​ខ្មែរ​ម្នាក់​នេះ គឺ​ជា​និស្សិត​ដែល​រៀន​ពូកែ​និង​បាន​ទទួល​ការ​កោត​សរសើរ​យ៉ាង​ក្រៃ​លែង ៖ «គាត់​គឺ​ជា​សិស្ស​ដ៏​អស្ចារ្យ និង​ជា​សិស្ស​ដ៏​ឆ្នើម​ម្នាក់​ក្នុង​ចំណោម​សិស្ស​ពូកែ​នានា។ យើង​មាន​មោទនភាព​ណាស់​ក្នុង​ការ​មាន​និស្សិត​ខ្មែរ​រៀន​ពូកែ​ដូច ហោ សុខ​ណាក់ បាន​មក​សិក្សា​នៅ​ក្នុង​សកល​វិទ្យាល័យ​នេះ។ បើ​តាម​ខ្ញុំ​ដឹង មិន​មែន​តែ​ខ្ញុំ​មួយ​ទេ ដែល​ចាត់​ទុក ហោ សុខ​ណាក់ ជា​សិស្ស​ល្អ​និង​រៀន​ពូកែ សូម្បី​តែ​សិស្ស​ឯ​ទៀត ដែល​រៀន​ជាមួយ ក៏​តែង​តែ​និយាយ​សរសើរ​អំពី ហោ សុខ​ណាក់ នោះ ផង​ដែរ»

និស្សិត ហោ សុខ​ណាក់ បាន​ថ្លែង​ថា ដោយសារ​តែ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​លោក លោក​ត្រូវ​បាន​គេ​ជ្រើស​ជា​អ្នក​តំណាង​សិស្ស សម្រាប់​ឲ្យ​ទៅ​និយាយ​ផ្លាស់​ប្តូរ​យោបល់​និង​បង្ហាញ​បទ​ពិសោធន៍​នានា​ដែល​ទាក់ទង​នឹង​វិស័យ​សារ​គមនាគមន៍​សាធារណៈ។

ហោ សុខ​ណាក់ បាន​ថ្លែង​ថា ក្នុង​រយៈពេល​មួយ​ឆ្នាំ​ដែល​លោក​បាន​សិក្សា​នេះ​ទៀត លោក​បាន​ទទួល​ពាន​រង្វាន់​ចំនួន​២​ដង និង​បាន​ទទួល​ប័ណ្ណ​សរសើរ​ជា​ច្រើន​ពី​នាយក​សាលា និង​លើស​ពី​នេះ លោក​បាន​ទទួល​ប្រាក់​រង្វាន់​ជាង ១.០០០​ដុល្លារ​ថែម​ទៀត ដែល​បន្ថែម​ទៅ​លើ​ប្រាក់​ឧបត្ថម្ភ​ពី​អាហារូបករណ៍ Fulbright។

និស្សិត ហោ សុខ​ណាក់ ថ្លែង​យ៉ាង​ដូច្នេះ ៖ «ខ្ញុំ​គិត​ថា ជោគ​ជ័យ​ដែល​ខ្ញុំ​បាន​ទទួល​ក្នុង​ការ​សិក្សា​របស់​ខ្ញុំ​ក្នុង​ប្រទេស​អាមេរិក​ក្នុង​រយៈពេល ១​ឆ្នាំ​នេះ ទី​១ គឺ​បាន​មក​ពី​ការ​ខិតខំ​ប្រឹង​ប្រែង​ផ្ទាល់​របស់​ខ្លួន​ខ្ញុំ​តែ​ម្ដង។ ទី​២ គឺ​បាន​មក​ពី​ការ​ជួយ​ជ្រោមជ្រែង​របស់​ឪពុក​ម្ដាយ​របស់​ខ្ញុំ ជា​ពិសេស​ម្ដាយ​របស់​ខ្ញុំ គាត់​តែង​តែ​លើក​ទឹក​ចិត្ត​ឲ្យ​ខ្ញុំ​ខំ​រៀន តែង​តែ​ផ្ដល់​ជា​កម្លាំង​ចិត្ត ក៏​ដូច​ជា​ថវិកា កាល​ពី​មុន បើ​សិន​ជា​គ្មាន​ការ​ជួយ​ផ្គត់ផ្គង់​គ្រប់​គ្រាន់​ពី​សំណាក់​ឪពុក​ម្ដាយ​របស់​ខ្ញុំ​ផ្ទាល់​ទេ ខ្ញុំ​គិត​ថា ខ្ញុំ​អាច​មាន​ការ​លំបាក​ក្នុង​ការ​រៀន​ឲ្យ​បាន​ពូកែ»

មុខ​វិជ្ជា​សារ​គមនាគមន៍​សាធារណៈ ត្រូវ​គេ​ចាត់​ទុក​ថា ជា​មុខ​វិជ្ជា​មួយ​ដែល​ពង្រឹង​គោលដៅ​ផ្នែក​ជំនាញ​ទំនាក់​ទំនង ជួយ​ឲ្យ​មនុស្ស​ពូកែ​ខាង​ពន្យល់​និង​សរសេរ ចេះ​ទាក់ទាញ​មនុស្ស​គ្រប់​ស្រទាប់ មិន​ថា​មនុស្ស​នោះ​មាន​វប្បធម៌ ឬ​អក្សរ​សាស្ត្រ​ផ្សេងៗ​ពី​គ្នា​នោះ​ឡើយ។

និស្សិត ហោ សុខ​ណាក់ បាន​ថ្លែង​អំពី​សារ​សំខាន់​នៃ​មុខ​វិជ្ជា​សារ​គមនាគមន៍​សាធារណៈ​ដែល​លោក​បាន​ខិតខំ​សិក្សា​យ៉ាង​នេះ​ថា ៖ «មុខ​វិជ្ជា​ដែល​ខ្ញុំ​កំពុង​សិក្សា​នេះ Public Communication។ ជំនាញ​នេះ​គឺ​ជា​ជំនាញ​ដ៏​កម្រ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង គឺ​យើង​ខ្វះ​ខាត​ធនធាន​មនុស្ស​ខាង​ហ្នឹង​ជា​ច្រើន ពីព្រោះ​នៅ​តាម​អង្គការ​ក្ដី នៅ​ក្នុង​សង្គម​ស៊ីវិល​ក្ដី ក៏​ដូច​ជា​នៅ​ក្នុង​រដ្ឋាភិបាល គឺ​យើង​តែង​តែ​មាន​ផ្នែក​មួយ​ដែល​ទាក់ទង​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ ជាមួយ​អ្នក​ផ្ដល់​ជំនួយ តើ​យើង​ធ្វើ​ម៉េច​ឲ្យ​គេ​នៅ​តែ​ផ្ដល់​ជំនួយ​ដល់​ស្រុក​យើង​ទៀត តើ​យើង​ត្រូវ​ទំនាក់​ទំនង​ជាមួយ​ពួក​គេ​របៀប​ណា? បើ​និយាយ​ឲ្យ​ចំ គឺ​ជំនាញ​របស់​ខ្ញុំ​នេះ គឺ​នៅ​ចំ​ក្រសួង​ទំនាក់​ទំនង​អន្តរជាតិ»

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​នៃ​ប្រទេស​កម្ពុជា លោក ខៀវ កាញារីទ្ធ បាន​ថ្លែង​ថា លោក​មាន​មោទនភាព​ណាស់​ចំពោះ​ការ​ដែល​មាន​និស្សិត​ខ្មែរ​បាន​ទទួល​ការ​សិក្សា​ពិត​ប្រាកដ​នូវ​មុខ​វិជ្ជា​សារ​គមនាគមន៍​សាធារណៈ​នេះ។

លោក​បាន​ថ្លែង​ថា កន្លង​មក មាន​អ្នក​សិក្សា​ខ្លះ​មិន​បាន​មើល​ឃើញ​ថា មុខ​វិជ្ជា​សារ​គមនាគមន៍​សាធារណៈ​មាន​ប្រយោជន៍​ដល់​សង្គម​នោះ​ទេ។ លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា តាម​ពិត មុខ​ជំនាញ​ផ្នែក​សារ​គមនាគមន៍​សាធារណៈ គឺ​ជា​ផ្នែក​មួយ​ដែល​នឹង​ជួយ​កម្ពុជា​ក្នុង​ស្ថានភាព​ពង្រឹង​វិស័យ​នយោបាយ ទេសចរន៍ ក៏​ដូច​ជា​ផ្នែក​ផលិត​ផល​កម្ពុជា ដែល​កំពុង​តែ​ធ្វើការ​ប្រកួត​ប្រជែង​នៅ​ក្នុង​ទីផ្សារ​ពិភព​លោក​នោះ​ផង​ដែរ។

លោក ខៀវ កាញារីទ្ធ បាន​មាន​ប្រសាសន៍​បង្ហាញ​ក្តី​សង្ឃឹម​ថា កម្ពុជា​នា​អនាគត នឹង​អាច​មាន​និស្សិត​ផ្សេងៗ​ដទៃ​ទៀត ទទួល​ការ​បណ្តុះ​បណ្តាល​វិស័យ​សារ​គមនាគមន៍​សាធារណៈ​នេះ ៖ «នេះ​គឺ​ជា​ជំហាន​ដំបូង​ដែល​បន្តិច​ទៀត នៅ​ពេល​ដែល​សង្គម​កាន់​តែ​វិវឌ្ឍ នៅ​ពេល​ដែល​បច្ចេកវិទ្យា​ព័ត៌មាន​កាន់​តែ​ខ្លាំង​ក្លា ពេល​ហ្នឹង គេ​នឹង​ឃើញ​ពី​សារ​សំខាន់​ហ្នឹង​ហើយ»

កម្ពុជា​បាន​ទទួល​អាហារូបករណ៍ Fulbright ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក តាំង​ពី​ឆ្នាំ​១៩៩៤​មក។ រហូត​មក​ទល់​នឹង​ពេល​នេះ មាន​និស្សិត​ខ្មែរ​ចំនួន ១០៤​នាក់​ហើយ រួមទាំង​និស្សិត ហោ សុខណាក់ ផង ដែល​បាន​មក​សិក្សា​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នេះ តាមរយៈ​អាហារូបករណ៍ Fulbright។

និស្សិត​ខ្មែរ ហោ សុខណាក់ ត្រូវ​មិត្ត​រួម​ថ្នាក់ នៅ​ក្នុង American Universityបាន​ចាត់​ទុក​ថា ជា​មនុស្ស​មាន​ការ​យល់​ដឹង​ខ្ពស់​និង​ជា​មនុស្ស​គំរូ​សម្រាប់​អ្នក​ឯ​ទៀត។

និស្សិត​ម្នាក់​ពី​ទ្វីប​អាហ្វ្រិក កញ្ញា Agnes Biribonwa បាន​ថ្លែង​សរសើរ​ចំពោះ​និស្សិត​ខ្មែរ​រូប​នេះ ៖ «ហោ សុខ​ណាក់ គឺ​ជា​សិស្ស​មួយ​ឆ្លាត​និង​វាងវៃ នៅ​ពេល​ធ្វើ​កិច្ចការ​ណា​មួយ គេ​តែង​សង្កេត​ឃើញ​ថា សុខ​ណាក់ តែង​តែ​បញ្ចប់​កិច្ចការ​បាន​ល្អ​និង​ហើយ​មុន​គេ​នោះ​ជានិច្ច។ គាត់​គឺ​ជា​មនុស្ស​ដែល​មាន​សមត្ថភាព​ខុស​ពី​មនុស្ស​ធម្មតា។ សុខ​ណាក់ នឹង​ក្លាយ​ជា​គំរូ​ល្អ​មួយ​សម្រាប់​ក្រុម​និស្សិត​ខ្មែរ​ទូទៅ»

និស្សិត ហោ សុខ​ណាក់ នឹង​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញ ក្រោយ​ការ​បញ្ចប់​កម្មវិធី​សិក្សា​នៅ​ចុង​ខែ​មិថុនា។ និស្សិត​ខ្មែរ​ដ៏​ឆ្នើម​ប្រចាំ American University នេះ បាន​សន្យា​ថា នឹង​វិល​មក​រៀន​យក​ថ្នាក់​បណ្ឌិត​វិញ នា​អនាគត​ដ៏​ខ្លី។ និស្សិត ហោ សុខ​ណាក់ គឺ​មាន​ដើម​កំណើត​នៅ​ភូមិ​ក្រួស ឃុំ​សំរោង ស្រុក​ពញាឮ ខេត្ត​កណ្តាល៕