ទំនាស់​ដី​ធ្លី​ធ្វើ​ឲ្យ​ជន​រងគ្រោះ​ក្លាយ​ជា​អ្នក​និពន្ធ​បទ​​ចម្រៀង

ប្រជា​ពលរដ្ឋ​នៅ​តំបន់​ដាច់​ស្រយាល ជា​ពិសេស​ជនជាតិ​ភាគ​តិច​ដែល​មាន​ការ​ឈឺចាប់​បាន​នាំ​គ្នា​តែង​ទំនុក​ច្រៀង និង​ច្រៀង​ដោយ​ខ្លួន​ឯង​ផ្ទាល់ ដើម្បី​ថ្លែង​រៀបរាប់​អំពី​ទុក្ខ​សោក​របស់​ពួក​គេ ដែល​បាន​រង​នូវ​ការ​បាត់បង់​ដី​ស្រែ​ចម្ការ និង​ផល​ដំណាំ។

0:00 / 0:00

«រាស្ត្រ​សូម​លន់តួ​អង្វរ​រដ្ឋា ដល់​ព្រះបិតា​មេត្តា​ជួយ​ទប់​អឺយ កុំ​ឲ្យ​អឺយ​គេ​កាប់ ទុក​ធ្វើ​ជា​ម្លប់ បើ​សិន​គេ​ឈប់ ខ្មែរ​បាន​ថ្កើងថ្កាន» ៖ នេះ​គឺ​ជា​សំនៀង​របស់​បុរស​ជនជាតិ​កួយ សម្ដែង​ពី​ការ​សោកស្ដាយ​ចំពោះ​ដី​ធ្លី និង​សម្បត្តិ​ធម្មជាតិ​ដែល​បាត់បង់។ ការ​ស្ដាយ​ស្រណោះ​នេះ​បាន​ជំរុញ​ឲ្យ​រូប​គាត់ និង​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ទៀត ដែល​ជា​ជនជាតិ​ភាគតិច​នៅ​តំបន់​ដាច់​ស្រយាល ក្លាយ​ជា​អ្នក​និពន្ធ​ទំនុក​ច្រៀង និង​ជា​អ្នក​ចម្រៀង​ដោយ​មិន​ដឹង​ខ្លួន។

លោក ខាន់ សាវឿន ជា​ជនជាតិ​កួយ​មក​ពី​ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង បាន​ថ្លែង​ថា លោក​មាន​ការ​ឈឺចាប់​ចំពោះ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ស្ទើរ​គ្មាន​សល់ ហើយ​លោក​ក៏​បាន​តែង​ជា​ចម្រៀង​មួយ​បទ​កាល​ពី​ឆ្នាំ​២០០១ ដែល​មាន​ចំណង​ជើង​ថា "កូន​សូម​អង្វរ​ព្រះបិតា" ៖ «ស្ដាយ​ច្បោះ​ស្រណោះ​ដី ស្ដាយ​ព្រៃ​ជម្រក​សត្វ ឥឡូវ​រត់​បាត់​អឺយ ទៅ​នៅ​អើយ​ស្រុក​គេ កាល​ពី​ដើម​ឡើយ​ខ្មែរ​មិន​ខ្វះ​អឺយ​ទេ តែ​កម្ម​វេរា ផ្លូវ​ខូង​រូង​ជា​ប្រឡាយ។ រាស្ត្រ​សូម​លន់តួ​អង្វរ​រដ្ឋា ដល់​ព្រះបិតា​មេត្តា​ជួយ​ទប់​អឺយ កុំ​ឲ្យ​អឺយ​គេ​កាប់ ទុក​ធ្វើ​ជា​ម្លប់ បើ​សិន​គេ​ឈប់ ខ្មែរ​បាន​ថ្កើងថ្កាន»

នារី​ជនជាតិ​ព្នង អាយុ ២៥​ឆ្នាំ មក​ពី​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រជ្រាដា ខេត្ត​មណ្ឌលគិរី គឺ​កញ្ញា ផាន ចាន់នី បាន​ស្រដី​ថា នាង​ខក​បំណង​ក្នុង​ការ​តវ៉ា​អំពី​បញ្ហា​ដី​ធ្លី និង​ព្រៃឈើ ហើយ​នាង​ក៏​បាន​គិត​ឃើញ​ទំនុក​ច្រៀង​ភ្លាម​ៗ​តែ​ម្ដង ៖ «តេតាវេវចិ! ខ្ញុំ​មិន​សប្បាយ​ចិត្ត​ទេ ថ្ងៃ​នេះ​ខ្ញុំ​ចង់​ជួប​សម្ដេច គេ​មិន​ឲ្យ​ខ្ញុំ​ជួប ខ្ញុំ​មិន​សប្បាយ​ចិត្ត​ទេ...»

ក្រោយ​ពេល​ច្រៀង​ចប់ កញ្ញា ផាន ចាន់នី បាន​ពន្យល់​ពី​អត្ថន័យ​នៃ​បទ​ចម្រៀង​របស់​នាង​យ៉ាង​ដូច្នេះ ៖ «ច្រៀង​មិញ តាម​ការ​ពិត​ខ្ញុំ​ចង់​យំ​ហើយ ព្រោះ​បទ​ហ្នឹង​ទៅ ម៉ូក​យ៉ាំង​ម៉ូក​យ៉ាំង មាន​ន័យ​ថា មិន​សប្បាយ​ចិត្ត​ក្នុង​ខ្លួន។ ចិត្ត​យើង​ថា យើង​ចង់​ជួប​គេ​ក៏​មិន​បាន​ជួប ហាក់​ដួច​ជា​យើង​ហ្នឹង​អត់​មាន​តម្លៃ​សោះ! នៅ​មុខ​បញ្ហា យើង​អ្នក​មាន​បញ្ហា​ហ្នឹង​ចង់​ជួប​ឪពុក ឲ្យ​ឪពុក​ជួយ​ក៏​មិន​បាន​ទៅ​ជួប​អ៊ីចឹង​ណា៎! ដូច​ជា​ក្នុង​អារម្មណ៍​ហ្នឹង បើ​ប្រៀបធៀប​នឹង​ឪពុក​ម្ដាយ​នៅ​ខាង​ក្រៅ ដូច​ថា​ឪពុក​ហ្នឹង​មិន​ងាក​មក​រក​កូន​សោះ! គាត់​បង្កើត​កូន​បាន ហើយ​ហាក់​ដូច​ជា​គាត់​ហ្នឹង​ចោល​កូន​គាត់​តែ​ម្ដង​អីចឹង ដូច​ចោល​ឈាម​ទាំង​ដុំ​អីចឹង​ណា៎!»

ស្ត្រី​ជនជាតិ​កួយ​មក​ស្រុក​ជ័យសែន ខេត្ត​ព្រះវិហារ អ្នកស្រី ភោគ ហុង បាន​ឲ្យ​ដឹង​ថា អ្នក​ស្រី​បាន​ដើរ​កាត់​ព្រៃ​ឡង់ និង​បាន​ឃើញ​ការ​កាប់​បំផ្លាញ​ព្រៃ​ធម្មជាតិ​ដ៏​ប្រណីត​នៅ​ទីនោះ។ អ្នកស្រី​មាន​ក្ដី​ស្រងោច​ចិត្ត ត្បិត​ឃើញ​គ្រោះ​មហន្តរាយ​នៃ​សម្បត្តិ​ធម្មជាតិ ហើយ​អ្នកស្រី​ក៏​បញ្ចេញ​ការ​រំជួល​ចិត្ត​នោះ​តាម​រយៈ​ទំនុក​ច្រៀង ដែល​អ្នកស្រី​បាន​តាក់តែង​ឡើង ៖ «ប្រសិន​អើយ​ឱ​អស់​ព្រៃ ប្រជា​ប្រុស​ស្រី​អឺយ​វេទនា​ឱ​ពេកពន់​អឺយ ប្រសិន​អើយ​ឱ​អស់​ព្រៃ ប្រជាប្រុសស្រី​អឺយ​វេទនា​ឱ​ពេកពន់​អឺយ ជួប​គ្រោះ​រាំងស្ងួត គ្រោះ​ទឹក​ឱ​ជំនន់ ជួប​គ្រោះ​រាំងស្ងួត គ្រោះ​ទឹក​ឱ​ជំនន់ គ្រោះ​ភ័យ​អាសន្ន តាម​មក​អឺយ​យាយី​អឺយ។ ឱ​ព្រួយ​អឺយ​ឱ​សែន​ព្រួយ ផែនដី​រញ្ជួយ​អឺយ​បាក់បែក​ឱ​ទ្រព្យ​ធន​អឺយ ឱ​ព្រួយ​អឺយ​ឱ​សែន​ព្រួយ ផែនដី​រញ្ជួយ​អឺយ​បាក់បែក​ឱ​ទ្រព្យ​ធន​អឺយ ជួប​គ្រោះ​រាំងស្ងួត គ្រោះ​ទឹក​ឱ​ជំនន់ ជួប​គ្រោះ​រាំងស្ងួត គ្រោះ​ទឹក​ឱ​ជំនន់ គ្រោះ​ភ័យ​អាសន្ន​មាន​គ្រប់​អើយ​រូបកាយ​អឺយ»

បុរស​មក​ពី​សហគមន៍​ឃុំ​ជីខលើ ស្រុក​ស្រែអំបិល ខេត្ត​កោះកុង លោក តេង កៅ បាន​សម្ដែង​ការ​ឈឺ​ចាប់​តាម​រយៈ​ចម្រៀង​មួយ​បទ​ដែរ ដែល​លោក​បាន​តែង​ដោយ​ខ្លួន​ឯង​កាល​ពី​ឆ្នាំ​២០០៦ ហើយ​លោក​បាន​បញ្ជាក់​បន្ថែម​ថា រូប​លោក​ព្រម​ទាំង​ប្រជា​ពលរដ្ឋ​ចំនួន ២៥២​គ្រួសារ​ក្នុង​ឃុំ​ជីខលើ កំពុង​មាន​ទុក្ខ​លំបាក ដោយសារ​ការ​វិនិយោគ​ចម្ការ​អំពៅ​របស់​ក្រុមហ៊ុន Koh Kong Sugar Industry Company Limited ដែល​ធ្វើ​បាន​ឲ្យ​ប្រជា​ពលរដ្ឋ​បាត់បង់​ដី​ស្រែ​ចម្ការ​របស់​ពួក​គាត់ ៖ «ជីវិត​កសិករ ចិញ្ចឹម​គោ​ក្របី​អឺយ តែ​ជន​ចង្រៃ​គេ​បាញ់​គេ​ចាប់ គេ​ជំរិត​យក​លុយ គេ​យក​តាម​ចិត្ត នេះ​គឺ​រឿង​ពិត​គ្មាន​បំផ្លើស​ឡើយ»

ក្រៅ​ពី​ការ​បង្ហាញ​នូវ​ទុក្ខ​លំបាក​របស់​ខ្លួន​តាម​រយៈ​បទ​ចម្រៀង ប្រជា​ពលរដ្ឋ​ដទៃ​ទៀត​ក្នុង​ចំណោម​អ្នក​តវ៉ា​ប្រមាណ ២០០​នាក់ ដែល​បាន​អះអាង​ថា មក​ពី​ខេត្ត​ក្រុង និង​សហគមន៍​ចំនួន ២៤ ក៏​បាន​សម្ដែង​តាម​រយៈ​វិធី​ផ្សេង​ដែរ រួម​ទាំង​ញត្តិ​ដែល​មាន​ស្នាម​មេ​ដៃ​ប្រជា​ពលរដ្ឋ​ជាង ៦​ម៉ឺន​នាក់ គាំទ្រ​អនុសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្ដីពី​វិធានការ​បង្ក្រាប​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ ខណៈ​ដែល​ពួក​គាត់​បាន​មក​ជួបជុំ​គ្នា​នៅ​សួន​មុខ​វត្ត​បទុមវតី កាល​ពី​ថ្ងៃ​ទី​១៥ មិថុនា ក្នុង​បំណង​ជួប​ផ្ទាល់​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី តែ​ត្រូវ​បាន​រារាំង​ដោយ​កង​កម្លាំង​អាជ្ញាធរ៕