លោក ពេជ្រ ទុំក្រវ៉ិល អ្នកស្រាវជ្រាវអំពីសិល្បៈខ្មែរ បានចាត់ទុកលោក ក្រម ង៉ុយ គឺជាអ្នកបា្រជ្ញខាងសំនួនវោហារ ដែលមានការយល់ដឹងទូលំទូលាយអំពីសង្គម ព្រមទាំងមានលក្ខណៈពិសេសមួយទៀត គឺការច្រៀងដោយមិនមានការព្រាងទុក។
លោក ពេជ្រ ទុំក្រវ៉ិល មានប្រសាសន៍ដូច្នេះ ៖ «ខ្ញុំយល់ថាតម្លៃនេះអត់សាបសូន្យទេ ខ្ញុំជឿថាកាលណានៅជីវិតខ្មែរ អ្វីដែលគាត់បានផ្ដែផ្ដាំទាំងអស់ហ្នឹង នឹងមានប្រយោជន៍នៃពាក្យខ្លះសម្រាប់ជីវិតរបស់ខ្លួន»។
ស្នាដៃរបស់លោក ក្រម ង៉ុយ ដែលបានគង់វង្សរហូតមកទល់នឹងសព្វថ្ងៃនេះ គឺដោយសារតែមានការយកចិត្តទុកដាក់ពីសំណាក់អ្នកស្រាវជ្រាវបរទេសនាពេលនោះ។
តាមរយៈឯកសារបណ្តាំ ក្រម ង៉ុយ ដែលបានប្រមូលចងក្រងព័ត៌មានដោយលោក យី ធន់ ហើយដែលត្រូវបានបោះពុម្ពផ្សាយដោយអង្គការសន្តិស្ម័គ្រចិត្តកម្ពុជា (អេស វី អេ) ភ្នំពេញ ក្នុងគ្រិស្តសករាជ ២០០៥ នៅត្រង់ទំព័រ១២៧ បានកត់ត្រាថា លោក សឺដេស បាននាំព្រះភិរម្យភាសាអ៊ូ ទៅជួបលោកស្រី ស៊ុយហ្សាន កាប៉ឺឡែស ដែលជានាយកវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យនៅភ្នំពេញ។
នៅឆ្នាំ១៩៣០ អ្នកស្រីនាយកសុំឲ្យអ្នកព្រះភិរម្យភាសាច្រៀងកំណាព្យរបស់គាត់ឡើងវិញទាំងអស់ បែបរង្វើលៗ ដើម្បីឲ្យអ្នកប្រាជ្ញនៅវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យកត់ត្រាទុក។
សូមបញ្ជាក់ផងដែរថា លោក ក្រម ង៉ុយ បានចាប់កំណើតឡើងនៅក្នុងពេលដែលប្រទេសកម្ពុជា ស្ថិតនៅក្រោមការត្រួតត្រារបស់បារាំង ហើយបើតាមរយៈឯកសារបណ្តាំ ក្រម ង៉ុយ ដែលបានរៀបរៀងដោយលោក យី ធន់ ដដែល នៅត្រង់ទំព័រ១២២ បានកត់ត្រាថា កាលពីនៅវ័យកុមារ លោកបានរៀនសូត្រនៅវត្តអង្គបឹងចក ភូមិបែកស្គរ ឃុំបែកចាន ក្នុងស្រុកកំណើតរបស់លោក ហើយក៏បានបួសជាសាមណេនៅក្នុងវត្តនោះដែរ។ ប៉ុន្មានឆ្នាំក្រោយមក លោកបានលាចាកសិក្ខាបទទៅបម្រើមាតាបិតា ហើយបានធ្វើជាស្មៀនរបស់ឪពុកលោក ក្នុងការដើរហូតពន្ធស្រូវអាជ្ញាហ្លួង។
លុះអាយុបាន ២១ឆ្នាំ លោកបានបំពេញឧបសម្បទាជាភិក្ខុ នៅក្នុងវត្តដដែល។ លោកបានគង់ក្នុងផ្នួសជាភិក្ខុបាន ៥ឆ្នាំ។
លោកភិរម្យ ង៉ុយ មានមាឌធំ ដុះក្បាលពោះ កាត់សក់ជ្រងខ្លី ទុកពុកមាត់ខាងលើ និយមស្លៀកសំពត់ចងក្បិន ពាក់អាវកត្រង់ ឡេវធំ ពាក់ស្បែកជើងផ្ទាត់ និងមួកសំបុក។ លោកតែងត្រូវបានប្រជាជនអញ្ជើញឲ្យទៅច្រៀង ឬទេសនា ក្នុងពេលមានបុណ្យទានពីភូមិមួយទៅភូមិមួយ ហើយក្នុងការច្រៀងក្តី ទេសនាក្តី លោកតែងលើកយកបញ្ហាជាបច្ចុប្បន្នភាពក្នុងពេលនោះមកធ្វើជាប្រធានបទ ដូចជាការប្រកបមុខរបររកស៊ី ធ្វើស្រែចម្ការ ការជ្រើសរើសគូស្រករជាដើម។
សំឡេង ក្រម ង៉ុយ ដែលនិយាយទាក់ទងទៅនឹងជីវភាពប្រជាជន ៖ "កុំយកគ្រាប់ត្នោតទៅដាំទៅដោតលើភ្លឺស្រែ..."។
កិត្តិស័ព្ទល្បីល្បាញខាងសំនួនវោហាររបស់កវី អ៊ូ នេះ បានឮខ្ចរខ្ចាយទៅដល់ព្រះមហាក្សត្រ។ ហ្លួងព្រះស៊ីសុវត្ថិ ពេញព្រះទ័យនឹងថ្វីមាត់របស់លោកណាស់ ទើបអនុញ្ញាតឲ្យលោកចូលបម្រើក្នុងក្រុមភ្លេងព្រះបរមរាជវាំង។
កិត្តិស័ព្ទរបស់អ្នកព្រះភិរម្យភាសាអ៊ូ មិនគ្រាន់តែល្បីរន្ទឺនៅក្នុងប្រទេសទេ ប៉ុន្តែបានសាយភាយទៅដល់ក្រៅប្រទេសថែមទៀតផង។ ស្តេចសៀមបានធ្វើរាជសារមកសុំអញ្ជើញអ្នកព្រះភិរម្យទៅច្រៀងថ្វាយឯក្រុងបាងកក។ នៅទីនោះ លោកទទួលបាននូវសេចក្តីរាប់អានពីសំណាក់ព្រះមហាក្សត្រ និងមន្រ្តីសៀម។ ស្តេចសៀម បានប្រទានងារជាភិរម្យភាសាផៃរ៉ោះលឿកឺន និងប្រទានឡេវអាវប្រាក់ឌួង ព្រមទាំងប្រាក់ និងវត្ថុផ្សេងៗទៀតជាច្រើន។
អ្នកភិរម្យភាសាអ៊ូ មានភរិយាឈ្មោះ អ៊ិន និងមានកូនចំនួន ៦នាក់។ លោកបានទទួលមរណភាពនៅថ្ងៃសុក្រ ៦កើត ខែមិគសិរ ពុទ្ធសករាជ២៤៧៩ គ្រិស្តសករាជ១៩៣៦ ក្នុងជន្មាយុ ៧១ឆ្នាំ។
សូមបញ្ជាក់ផងដែរថា ស្នាដៃរបស់លោក ក្រម ង៉ុយ មានច្រើន ប៉ុន្តែគេមិនបានកត់ត្រា ព្រោះកវីរូបនេះបានបង្កើតស្នាដៃដោយច្រៀងផ្ទាល់មាត់។ ស្នាដៃរបស់លោកដែលយើងរកឃើញរហូតដល់សព្វថ្ងៃមាន៥ គឺច្បាប់ល្បើកថ្មី ច្បាប់កេរកាលថ្មី សេចក្តីរំឭកដាស់តឿន ពាក្យកាព្យប្រដៅជនប្រុសស្រី និងបណ្តាំ ក្រម ង៉ុយ ជាដើម។
សាស្រ្តាចារ្យផ្នែកអក្សរសាស្រ្តខ្មែរនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក ពន់ ឆាយ បានពិនិត្យឃើញថា កេរដំណែលរបស់កវី ក្រម ង៉ុយ ដែលមានតម្លៃរហូតមកទល់នឹងពេលបច្ចុប្បន្ន គឺដោយសារតែស្នាដៃនោះមានគុណសម្បត្តិជាច្រើន។
លោកសាស្រ្តាចារ្យ ពន់ ឆាយ មានប្រសាសន៍ថា ៖ «ទី១ គឺតម្លៃអប់រំទាក់ទងនឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាជន។ ទី២ ឆ្លុះបញ្ចាំងអំពីតថភាពរបស់សង្គមខ្មែរនាសម័យអាណានិគមនិយមបារាំងហ្នឹង ទី៣ បង្ហាញអំពីកាលនោះគេប្រើនូវលក្ខណៈអក្សរសិល្ប៍ជាកំណាព្យកាព្យឃ្លោង»។
អនុបណ្ឌិតផ្នែកប្រវត្តិសាស្រ្តនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក សំបូរ ម៉ាណ្ណារ៉ា យល់ឃើញថា រហូតមកទល់នឹងពេលនេះ នៅមិនទាន់មានកវីណាមួយមានសមត្ថភាពប្រហាក់ប្រហែលនឹង លោក ក្រម ង៉ុយ ឡើយ ទោះបីជាពីមុនយើងមានបណ្ឌិត ម៉ឺន ម៉ៃ ព្រះរាជសម្ភារ ឬ ពញាតូ ដ៏ល្បាញល្បីក៏ដោយ។ ដោយសារតែស្នាដៃរបស់កវីរូបនេះមានតម្លៃជាទស្សនវិជ្ជាបែបសាកល និងត្រូវគ្រប់សម័យកាលទាំងអស់ ដែលជនជាតិនៅក្នុងលោកអាចយកទៅសិក្សារៀនសូត្រតាមបាន។
រូបសំណាកលោក ក្រម ង៉ុយ ត្រូវបានគេសាងសង់ឡើង ដាក់នៅលើសួនច្បារសាធារណៈមុខសណ្ឋាគារ កាំបូឌីយ៉ាណា ក្នុងរាជធានីភ្នំពេញ នាពេលថ្មីៗកន្លងមកនេះ។
សាស្រាចារ្យផ្នែកប្រវត្តិសាស្រ្ត លោក សំបូរ ម៉ាណ្ណារ៉ា និយាយថា ការកសាងនេះ វាមានតម្លៃជាប្រយោលមួយសម្រាប់អប់រំមនុស្សជំនាន់ក្រោយឲ្យកាន់តែមានការយល់ដឹងបន្ថែមទៀត។ លោកបន្ថែមថា លោកចង់ឲ្យរដ្ឋាភិបាលខ្មែរបញ្ចូលស្នាដៃរបស់កវី ក្រម ង៉ុយ ទៅជាសម្បត្តិមនុស្សលោក តាមរយៈអង្គការ UNESCO៕
