ភ្នែកទាំងពីរងងឹត ពាក់វ៉ែនតាខ្មៅដើម្បីបិទបាំងផ្ទៃមុខ ដែលយើងបានឃើញត្រឹមតែស្បែកខ្ជឹបជាប់គ្នា ច្រមុះដាច់មួយកំណាត់ លលាដ៍ក្បាលពណ៌ស ដោយមានសក់ដុះមួយកំណាត់ផ្នែកខាងក្រោយ មើលទៅគួរឲ្យខ្លាច មនុស្សមិនដូចមនុស្ស លោក សោម ប៊ុនណារិទ្ធិ កំពុងរាវដេញព្យាណូម្នាក់ឯងនៅក្នុងបន្ទប់នៃស្នាក់ការអង្គការជួយជនរងគ្រោះដោយទឹកអាស៊ីត។
លោក សោម ប៊ុនណារិទ្ធិ បានរំឭកហេតុការណ៍អំពីអតីតកាលដែលបង្កឲ្យរងគ្រោះថា នៅក្នុងឆ្នាំ២០០៥ លោកធ្វើការនៅក្រុមហ៊ុនឯកជនមួយ មានតួទាទីជាប្រធានផ្នែកលក់ ប្រចាំការនៅខែត្រពោធិ៍សាត់។ ការងាររបស់គាត់ជានិច្ចកាល គឺជួបភ្ញៀវរាល់ថ្ងៃដើម្បីឲ្យមានអតិថិជនច្រើន ហើយការជួបភ្ញៀវ គឺជួបនៅតាមភោជនីយដ្ឋានជាដើម។ ក្រោយមកលោកក៏មានទំនាក់ទំនងនឹងស្ត្រីបម្រើការតាមហាងនោះជាលក្ខណៈមិត្តស្រីតែប៉ុណ្ណោះ ក៏ប៉ុន្តែក៏មិនមានទំនាក់ទំនងស្អិតរមួតនោះដែរ ពេលនោះភរិយារបស់លោកចាប់ផ្តើមប្រចណ្ឌ និងរករឿងលោកកាន់តែខ្លាំងឡើងៗ។
លោក សោម ប៊ុនណារិទ្ធិ បានបញ្ជាក់ប្រាប់អំពីព្រឹត្តិការណ៍ដ៏រន្ធត់ ដែលកើតមានឡើងពីការជះទឹកអាស៊ីតរបស់ប្រពន្ធលោកមកលើរូបលោកដូច្នេះ ៖ «ពីរថ្ងៃមុនខ្ញុំផ្ញើឯកសារនៅប្រពន្ធខ្ញុំ។ ខ្ញុំថា ឯងឲ្យឯកសារខ្ញុំមក ខ្ញុំយករៀបចំឲ្យគេ។ គេថា ឯកសារដុតចោលហើយ តែខ្ញុំអត់ជឿ ខ្ញុំក៏ទុកកាបូបនៅខាងក្រោមហ្នឹង ហើយប្រពន្ធខ្ញុំទារសោម៉ូតូ ខ្ញុំក៏ឲ្យម៉ូតូទៅ ទុកកាបូបនៅក្រោម ខ្ញុំឡើងនៅលើ ក្រែងឯកសារនៅលើ។ ដើររកឯកសារអត់ឃើញ ប្រពន្ធខ្ញុំនៅខាងក្រោមមិនបានជះទឹកអាស៊ីតមកលើខ្ញុំទេ ចាក់លើកាបូបខ្ញុំ ឆេះអស់ហើយ ហើយគាត់ឡើងទៅលើ»។
លោក សោម ប៊ុនណារិទ្ធិ បន្តទៀតថា ៖ «នៅពេលហ្នឹងប្រពន្ធខ្ញុំចេះតែជេរខ្ញុំ ខ្ញុំខ្មាសគេពេក ខ្ញុំទៅលើសម្ងំមួយសន្ទុះ ខ្ញុំក៏ចេញមកសួរថា ឯងឯកសារខំធ្វើមួយខែៗចង់ងាប់ ខោកក្បាលមួយក្រញរឥឡូវ លប្រពន្ធ។ ប្រពន្ធខ្ញុំមុខឡើងមាំ ដល់ពេលខ្ញុំចេះតែរកនឹក រួចដើរទៅក្នុងម្ដងទៀត ចេញមកក្រៅ ប្រពន្ធខ្ញុំហៅ គាត់លាក់អាស៊ីតយូរមកហើយ គាត់ដាច់ចិត្តច្របាច់ ហៅខ្ញុំងាកទៅគាត់ច្របាច់មកតែម្ដង ដាក់ក្នុងដបទឹកសុទ្ធច្រកថង់ខ្មៅ។ ខ្ញុំថា អូ!ទឹកអាស៊ីដហើយ ខ្ញុំរត់ទៅស្ទឹង បាន៤០ម៉ែត្រភ្នែកខ្ញុំស្រវាំងហើយ ខ្ញុំមើលឡានកាត់ផ្លូវថ្នល់ ខ្ញុំព្យាយាមទៅ ហើយកូនខ្ញុំចេះតែស្រែក ប៉ាលោតទឹកទៅៗ។ កូនខ្ញុំក៏ត្រូវ ប្អូនថ្លៃខ្ញុំក៏ត្រូវ ប្រពន្ធក៏ត្រូវដែរ»។
ប៊ុនណារិទ្ធិ មានកូនបីនាក់ក្នុងបន្ទុក បាននិយាយបន្តទៀតថា អ្វីៗសម្រាប់រូបលោកមានការផ្លាស់ប្តូរ ដែលខុសគ្នាដូចមេឃនិងដីបើប្រៀបធៀបទៅនឹងការរស់នៅក្នុងរយៈពេល៤ឆ្នាំមកនេះ ក្រោយពេលដែលលោកបានទទួលរងនូវទឹកអាស៊ីត។
លោកបានបញ្ជាក់ថា កាលពីមុនលោករកចំណូលបានច្រើនសម្រាប់ផ្គត់ផ្គង់គ្រួសារ គឺក្នុងមួយខែបានប្រាក់បៀវត្សរ៍ជិត៥០០ដុល្លារ មានឡានជិះ មានថវិកាគ្រប់គ្រាន់ឲ្យកូនទៅសិក្សា ប៉ុន្តែបច្ចុប្បន្នក្លាយទៅជាជនពិការភ្នែកមួយរូប កាយសម្បទាមិនរឹងមាំ និងជាមនុស្សដែលមានការរើសអើងនៃការភ័យខ្លាចពីសាធារណជន ដែលគេមិនហ៊ានមើលមុខនិងរាងកាយរបស់លោកទៅវិញ ដោយសារតែភរិយារបស់លោកស្រលាញ់លោកជ្រុលពេក។
លោក សោម ប៊ុនណារិទ្ធិ មានប្រសាសន៍ដូច្នេះ ៖ «បញ្ហាស្នេហាត្រីកោណ ឬក៏រឿងអីផ្សេងៗ គួរពិចារណាឲ្យបានច្បាស់លាស់ ព្រោះអាស៊ីត កាលណាជះទៅហើយវាបំផ្លាញអស់ហើយអ្វីៗ មិនអាចយកមកវិញបានទេ អ៊ីចឹងគិតពិចារណាឲ្យបានវែងឆ្ងាយ យើងកុំចងកម្មចងពៀរវេរានឹងគ្នា មនុស្សតែងជួបតែងព្រាត់ជារឿងធម្មតា»។
ក្រោយពីការជះទឹកអាស៊ីត ដែលធ្វើឡើងដោយប្រពន្ធគាត់ផ្ទាល់ ដែលបង្កឲ្យផ្ទៃមុខទាំងមូលចាប់ត្រឹមក ខ្ទេចទាំងស្រុង និងត្រចៀកទាំងសងខាងក៏រួញបិទជិតរន្ធ ត្រជៀកខាងស្តាំស្តាប់មិនឮ ដៃម្ខាងក៏រួញជាប់ មិនអាចធ្វើចលនាបត់បែនបាន កាលពីភ្លាមៗនោះ។ លោក សោម ប៊ុនណារិទ្ធិ បានរៀបរាប់ទៀតថា ការឈឺចាប់មិនអាចពណ៌នាបានទេ មានតែខ្លួនលោកនិងអ្នកបានរងគ្រោះដូចលោកទេ ទើបដឹងពីទំហំនៃការឈឺចាប់នេះ។
លោក សោម ប៊ុនណារិទ្ធិ បានរៀបរាប់ដូច្នេះ ៖ «កាំភ្លើងបាញ់ភ្លាមបើងាប់គឺងាប់តែម្ដង បើអាស៊ីត ងងឹតដូចខ្ញុំវេទនាមួយជីវិត។ ខ្ញុំសុខចិត្តឲ្យគេបាញ់វិញ ធ្លុះតែមួយកន្លែងទេ ព្យាបាលអាហ្នឹងបាន បើស្លាប់ក៏ស្រួលជាង ងងឹតអ៊ីចឹងវេទនាណាស់»។
លោកថ្លែងទៀតថា ភ្លាមៗនោះសមត្ថកិច្ចខែត្រពោធិ៍សាត់ បានចាប់ខ្លួនប្រពន្ធលោកដាក់ពន្ធនាគារ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមក លោកបានដឹងពីរឿងនេះ គឺនៅខណៈដែលលោកកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ លោកក៏ឲ្យបងប្រុសរបស់លោកទៅដោះប្រពន្ធលោកចេញពីពន្ធនាគារវិញ ដែលគិតពីកូនទាំងបីគ្មានអ្នកថែរក្សា ហើយលោកក៏បានចំណាយលុយអស់៦០០ដុល្លារឲ្យតុលាការ ជាថ្នូរនឹងការដោះលែងប្រពន្ធ។
បួនឆ្នាំកន្លងផុតទៅ ប្រពន្ធរបស់លោកបានមករស់នៅជាមួយលោក នៅមជ្ឈមណ្ឌលអង្គការជួយសង្គ្រោះជនរងគ្រោះដោយទឹកអាស៊ីត ក្នុងរាជធានីភ្នំពេញ ដោយអង្គការនេះកំពុងបណ្តុះបណ្តាលគាត់ឲ្យធ្វើជាសិល្បករវិញ។
លោក សោម ប៊ុនណារិទ្ធិ បានឲ្យដឹងដូច្នេះ ៖ «ងងឹតអ៊ីចឹងយើងពិបាកលេងណាស់ មិនដូចគេភ្លឺទេ ទាល់តែព្យាយាម ចិត្តធ្ងន់ណាស់ ទាល់តែប្រើអារម្មណ៍ ហើយខួរក្បាលចាំណាស់ បានលេងកើត»។
ប៊ុនណារិទ្ធិ អង្គុយនិយាយបណ្តើរ ដោយដេញព្យាណូ ហាក់ដូចជាអារម្មណ៍ធម្មតាមកវិញ លែងរំឭកពីអតីតកាលរបស់លោក ដោយអភ័យទោសគ្រប់យ៉ាងឲ្យប្រពន្ធរបស់គាត់ ក្រោយពីប្រពន្ធរបស់គាត់និយាយត្រឹមតែថា សោកស្តាយប៉ុណ្ណោះ។
ក្រោយពីលោកបានរងគ្រោះនេះមក ស្ថានភាពគ្រួសារបានធ្លាក់ចុះ ជួបប្រទះនឹងរឿងសព្វបែបយ៉ាង ដែលគ្មានលុយឲ្យកូនទៅរៀននិងបញ្ហាផ្សេងៗទៀត។
លោកបញ្ជាក់ដូច្នេះ ៖ «កូនខ្ញុំសួរថា វិធីរកលុយតើរកដោយវិធីណា? ខ្ញុំថា លុយកន្លែងណាក៏មានដែរ តែយើងទេដែលគ្មានសមត្ថភាពនឹងយកវា។ អ្នកខ្លះយកដោយការលំបាក អ្នកខ្លះយកដោយស្រួល ហ្នឹងទៅលើសមត្ថភាពគេ។ អ៊ីចឹងសួរខ្ញុំ ខ្ញុំមិនដឹងមានវិធីឆ្លើយយ៉ាងម៉េចទេ ខ្ញុំងងឹតទៅហើយ បើដូចខ្ញុំមុន វិធីរកលុយខ្ញុំមានហើយ»។
បើតាមការអះអាងពីមន្ត្រីគ្រប់គ្រងនៃអង្គការជួយសង្រ្គោះជនរងគ្រោះដោយទឹកអាស៊ីដ លោក ពិន តំណាង បានឲ្យដឹងថា សព្វថ្ងៃលោក សោម ប៊ុនណារិទ្ធិ កំពុងតែរៀននិងចាប់អាជីពថ្មីមួយ គឺការដេញព្យាណូនិងច្រៀង ដែលហាត់រៀននៅសមាគមស៊ិន ស៊ីសាមុត រីឯភរិយារបស់គាត់ធ្វើការនៅក្នុងអង្គការរបស់លោកជាអ្នកចម្អិនម្ហូប។
មន្ត្រីស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានសម្ដែងសេចក្តីសោកស្តាយ ដោយសារតែរឿងប្រចែប្រចណ្ឌតូចតាច ដែលនាំឲ្យក្រុមគ្រួសារជួបនូវសោកនាដកម្ម។
លោក សោម ប៊ុនណារិទ្ធិ ជាមនុស្សដែលពោរពេញដោយស្មារតីរឹងមាំនិងអធ្យាស្រ័យ កំពុងតែប្រយុទ្ធនឹងខ្សែជីវិតថ្មីរបស់គាត់ ដោយលោកចង់ធ្វើជាអ្នកមានអាជីពដេញព្យាណូនិងច្រៀង សម្រាប់មុខរបរចិញ្ចឹមជីវិតនិងគ្រួសារនៅថ្ងៃអនាគត។
មុខរបរថ្មីនេះមានការលំបាកយ៉ាងខ្លាំងសម្រាប់លោក ដោយសារតែមិនធ្លាប់ចេះសោះពីមុនមក ហើយលោកកំពុងតែបារម្ភអំពីទីផ្សារនៃការងារនេះ ដោយត្រូវប្រឹងប្រែងយ៉ាងខ្លាំងនៅគ្រាដែលលោកធ្លាក់ខ្លួនជាជនពិការដោយសារអាស៊ីត៕
