ជារៀងរាល់ឆ្នាំ គេសង្កេតឃើញនិសិត្សខ្មែរបានចេញទៅសិក្សានៅសហរដ្ឋអាមេរិកជាច្រើននាក់ តាមរយៈការផ្តល់អាហារូបករណ៍ពីក្រសួងការបរទេសអាមេរិក ក្នុងកម្មវិធីផ្លាស់ប្តូរនិសិ្សតបរទេស ហៅថា អាហារូបករណ៍ Fulbright និងអាហារូបករណ៍ Hubert Humphrey។
កញ្ញា សួន រតនា និស្សិតដែលទទួលបានអាហារូបករណ៍ Fulbright ទៅរៀននៅអាមេរិក។
«ពេលបានដឹងពី(អាហារូបករណ៍) Fulbright ហើយ ទី១ ចង់ទៅរៀននៅស្រុកភាសាអង់គ្លេស ហើយស្រុកអាមេរិក គឺខ្ញុំចង់ទៅរៀនជាងគេ អ៊ីចឹងក៏ចាប់ផ្ដើមស្រាវជ្រាវពីអាហារូបករណ៍ហ្នឹងឲ្យកាន់តែច្រើន តែងតែចង់ដឹង អ្នកដែលជាប់អាហារូបករណ៍មុនៗ សួរនាំគេ»។ នេះជាការបញ្ជាក់ប្រាប់របស់យុវតី សួន រតនា ដែលជានិសិ្សតឆ្នើមមួយរូបក្នុងចំណោមនិសិ្សតខ្មែរពូកែជាច្រើននាក់ទៀត ដែលទើបតែបានប្រឡងជាប់អាហារូបករណ៍ក្នុងកមុ្មវិធី Fulbright របស់សហរដ្ឋអាមេរិក កាលពីពេលថ្មីៗកន្លងទៅនេះ ដើម្បីទៅបន្ដការសិក្សាយកថ្នាក់អនុបណ្ឌិតផ្នែកស្ថាបត្យកម្មទេសភាព នៅសកលវិទ្យាល័យ Oregon ក្នុងសហរដ្ឋអាមេរិក នាពេលឆាប់ៗខាងមុខនេះ។
មុននឹងឈានទៅដល់ការទទួលបានអាហារូបករណ៍ផ្នែកនេះ យុវនិស្សិត សួន រតនា បានឲ្យដឹងថា គឺនាងបានឆ្លងកាត់ការសិក្សាជាច្រើនឆ្នាំ ដោយខំប្រឹងប្រែងពុះពារឧបសគ្គគ្រប់បែបយ៉ាងដោយមិនខ្ជះខ្ជាយពេលវេលាឲ្យកន្លងទៅឥតប្រយោជន៍ទេ។
នាងបានបន្ដទៀតដោយរៀបរាប់ពីសាវតាររៀនសូត្ររបស់នាងចាប់ពីវ័យកុមារភាពថា នៅពេលដែលដឹងក្ដីក្នុងអាយុប្រមាណ ៦ឆ្នាំ ម្ដាយឪពុករបស់នាងបានឲ្យនាងទៅចូលរៀននៅឯសាលាបឋមសិក្សាមួយ នាខេត្តកំពង់ធំ ដែលជាទឹកដីកំណើតរបស់នាង។ នាងបានសិក្សានៅទីនោះត្រឹមថ្នាក់ទី៤ ហើយបន្ទាប់មកក៏បានផ្លាស់មករៀននៅទីក្រុងភ្នំពេញ។ មកដល់ភ្នំពេញការសិក្សាររបស់នាងក៏ចេះតែបន្ដឡើងថ្នាក់តាមលំដាប់លំដោយរហូតដល់បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំ២០០១។
យុវតី សួន រតនា បានបញ្ជាក់ទៀតថា ក្នុងរយៈពេលសិក្សានោះនាងជាសិស្សពូកែប្រចាំរាជធានីភ្នំពេញ ផ្នែកគណិតវិទ្យា ហើយនៅឆ្នាំដដែលនោះក៏បានបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យស្ថាបត្យកម្មនិងនគរូបនីយកម្មនៅភ្នំពេញ។ ការជ្រើសរើសយកមុខវិជ្ជានេះ ពីព្រោះនាងមានចំណង់ចំណូលចិត្តផង និងបានសម្លឹងឃើញមានទីផ្សារការងារផង។
យុវតី សួន រតនា បានបញ្ជាក់ដូច្នេះ ៖ «ពេលដំបូងអារម្មណ៍ខ្លួនឯងវាចង់ខ្លាំងជាងយើងមើលឃើញទីផ្សារការងារអី ប៉ុន្តែដល់ពេលចាប់ផ្ដើមចូលរៀនថ្នាក់ត្រៀមហ្នឹង ព្រោះគេរៀន ៦ឆ្នាំ គេមានត្រៀមមួយគេហៅប្រូប៉េដេទិក (ការសិក្សាត្រៀម) ហ្នឹង ក៏ចាប់ផ្ដើមមើលសួរសិស្សច្បងអីទៅ ឃើញគេចេញទៅ គេសម្បូរការងារជាងមហាវិទ្យាល័យផ្សេងៗ ហើយក៏ចាប់ផ្ដើមស្រលាញ់រហូតទៅ គិតថាជម្រើសរបស់ខ្លួនឯងពិតជាត្រឹមត្រូវហើយ អ៊ីចឹងបន្តទៀត»។
សួន រតនា បានបញ្ជាក់ប្រាប់ទៀតថា ការសិក្សាផ្នែកស្ថាបត្យកម្មនេះ ពីដំបូងឡើយគឺមានការពិបាកបន្ដិច ពីព្រោះក្នុងចំណោមសិស្សគឺមាននារីម្នាក់ឯង ដូច្នេះនាងទទួលអារម្មណ៍ថាហាក់ដូចជាមានការរើសអើងនៅក្នុងថ្នាក់ ប៉ុន្តែនាងនៅតែសម្រេចចិត្ដមុតមាំថានឹងរៀនឲ្យបានជាប់ចំណាត់ថ្នាក់ល្អលើមុខវិជ្ជានេះ។
សួន រតនា បានឲ្យដឹងដូច្នេះ ៖ «ម៉ោងដែលសំខាន់ជាងគេ គឺម៉ោង Workshop គឺខាងប្លង់ ហើយយើងបានពិន្ទុល្អរហូត តាំងពីថ្នាក់ត្រៀមរហូតដល់ថ្នាក់បញ្ចប់ហ្នឹង។ ហើយចាប់ពីឆ្នាំទី៣ មក ខ្ញុំក៏ចាប់ផ្ដើមធ្វើការងារ Part time បណ្ដើរ រៀនបណ្ដើររហូត គឺខាង guide architect ហើយធ្វើការជាមួយ architect ជនជាតិអង់គ្លេសម្នាក់ អ៊ីចឹងការងារហ្នឹងវាជួយឲ្យខ្ញុំចេះដឹងច្រើនដែរ»។
យុវនិស្សិតដដែលនេះបានប្រាប់ឲ្យដឹងទៀតថា នាងបានបញ្ចប់ថ្នាក់មហាវិទ្យាល័យស្ថាបត្យកម្មនិងនគរូបនីយកម្មនៅឆ្នាំ២០០៧ ហើយនៅក្នុងពេលនោះនាងក៏បានចាប់ផ្ដើមរកការងារធ្វើពេញម៉ោង ដែលការងារនោះទាក់ទងទៅនឹងមុខវិជ្ជាដែលនាងបានរៀនរួចមកហើយនោះ។ ជាដំបូងនាងបានចូលទៅធ្វើការងារនៅតាមក្រុមហ៊ុនសំណង់ឯកជន ហើយក្រោយមកដោយចង់ផ្លាស់ប្តូរបទពិសោធន៍ថ្មីទៀត នាងក៏បានស្ម័គ្រចិត្តទៅធ្វើការងារនៅសាលាក្រុងភ្នំពេញ ផ្នែកការិយាល័យរៀបចំប្លង់ដោយមិនទទួលប្រាក់ខែ។
នាងបានបន្តទៀតថា ៖ «បន្ទាប់ពីហ្នឹងមកខ្ញុំក៏បានប្ដូរការងារម្ដងទៀត ទៅធ្វើការរាល់ថ្ងៃនេះឲ្យ project របស់ស្ថានទូតបារាំង និងក្រសួងវប្បធម៌ហ្នឹង ខាងផ្នែកបេតិកភណ្ឌវិញ ព្រោះវាទាក់ទងនឹង Project គេរៀបចំ Master plan របស់ទីក្រុងភ្នំពេញ ឆ្នាំ២០១០»។
យុវនិស្សិត សួន រតនា បានប្រាប់ឲ្យដឹងទៀតថា ដោយចង់បន្ដយកជំនាញផ្នែកស្ថាបត្យកម្មនេះឲ្យបានច្បាស់លាស់ ទន្ទឹមនឹងការធ្វើការងារបណ្ដើរ នាងក៏បានព្យាយាមស្វះស្វែងស្រាវជ្រាវរកអាហារូបករណ៍បណ្ដើរនៅតាមស្ថាប័នក្រសួងនានា ព្រមទាំងអង្គការផ្សេងៗ ហើយនិងនៅតាមប្រព័ន្ធអ៊ិនថឹណិត នៅទីបំផុតនាងក៏បានទទួលអាហារូបករណ៍ក្នុងកម្មវិធី Fulbright របស់សហរដ្ឋអាមេរិក។
នាងបានប្រាប់ពីបទពិសោធន៍និងការស្វែងរកអាហារូបករណ៍នោះយ៉ាងដូច្នេះ ៖ «ពេលដឹងពីអាហារូបករណ៍ហ្នឹង ខ្ញុំត្រៀមខ្លួនហើយថា ទី១ ត្រូវខំប្រឹងភាសាឲ្យបានខ្លាំង ហើយទី២ គឺផ្នែកជំនាញយើងហ្នឹងឲ្យល្អ។ ដល់ពេលអ៊ីចឹងនាងខ្ញុំទាំងផ្នែកជំនាញនិងភាសាទៀត។ ហើយពេលរៀននៅ Architect ហ្នឹង ខ្ញុំបានអាហារូបករណ៍ទៅរៀនរយៈពេលខ្លីហ្នឹង ប្រទេសអឺរ៉ុប ទៅអាល្លឺម៉ង់ ២-៣ដងដែរ។ ខ្ញុំធ្វើការស្រាវជ្រាវច្រើន។ និយាយរួមការងារផ្នែក academic ហ្នឹង គឺយើងមានរហូត ហើយយើងទាក់ទងជាមួយសាលានៅក្រៅប្រទេស ដល់អ៊ីចឹងធ្វើឲ្យខ្លួនយើងមាន background គ្រប់គ្រាន់សម្រាប់ដាក់សុំអាហារូបករណ៍ហ្នឹង»។
និស្សិតនារីដដែលនេះបានបញ្ជាក់ទៀតថា ចំពោះអាហារូបករណ៍ Fulbright ដែលនាងបានទទួលទៅបន្ដការសិក្សាយកថ្នាក់អនុបណ្ឌិតផ្នែកស្ថាបត្យកម្មទេសភាព ឬ Landscape Architecture នៅសកលវិទ្យាល័យ Oregon នៃសហរដ្ឋអាមេរិកនោះ គឺអាចនឹងចាកចេញទៅនៅដើមខែសីហា ខាងមុខនេះ។
នាងបានបន្ថែមទៀតថា នាងបានត្រៀមនិងមានគំនិតរួចហើយថា នៅពេលទៅដល់គឺត្រូវតែប្រឹងប្រែងសិក្សាឲ្យខ្លាំងក្លា ព្រមទាំងរៀនធ្វើការទំនាក់ទំនងជាមួយនិស្សិតបរទេសនៅទីនោះ ដើម្បីប្ដូរយកជំនាញដ៏ល្អនិងពិតប្រាកដមួយ សម្រាប់អនាគតខ្លូនផ្ទាល់ផង ក៏ដូចជាការជួយកសាងធនធានមនុស្សសម្រាប់ប្រទេសជាតិផងដែរ។
លោក ចៅ សា មន្ដ្រីជំនួយការវប្បធម៌នៃស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានប្រាប់ឲ្យដឹងថា ស្ថានទូតតែងតែធ្វើការផ្សព្វផ្សាយកម្មវិធីនេះនៅរៀងរាល់ឆ្នាំនៅតាមសកលវិទ្យាល័យនានា នៅភ្នំពេញ និងនៅតាមខេត្ត ហើយនិងតាមប្រព័ន្ធអ៊ិនថឹណិតផងដែរ ដើម្បីផ្ដល់ដំណឹងដល់សិស្សនិស្សិតខ្មែរទាំងឡាយណាដែលមានបំណងប្រាថ្នាចង់បន្ដការសិក្សានៅសហរដ្ឋអាមេរិក។
លោក ចៅ សា បានប្រាប់ឲ្យដឹងដូច្នេះ ៖ «យើងអាចចូលវ៉ឹបសៃថ៍របស់ Fulbright program យើងដាក់ https://apply.embark.com/student/fulbright/international»។
មន្ត្រីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ធ្លាប់បានប្រាប់ផងដែរថា សហរដ្ឋអាមេរិកបានផ្តល់អាហារូបករណ៍ Fulbright ដល់សិស្សនិងនិស្សិតខ្មែរចំនួន ៤៦នាក់ ក្នុងឆ្នាំ២០០៩ នេះ ដែលមានរយៈពេលខុសៗគ្នា រួមមាននិស្សិតបន្តថ្នាក់អនុបណ្ឌិត មានរយៈពេលពីរឆ្នាំ និងនិស្សិតថ្នាក់បរិញ្ញាបត្ររយៈពេល ៥សប្តាហ៍ ដល់ ៩ខែ ដោយផ្អែកលើកម្មវិធីសិក្សានីមួយៗ៕
ប្រវត្តិតស៊ូរបស់ស្រ្ដីអ្នករត់រ៉ឺម៉កម៉ូតូ
ព្រះរាជជីវប្រវត្តិនិងបូជនីយកិច្ចរបស់ព្រះមហាវីរក្សត្រ
ប្រវត្តិបុរសម្នាក់ដែលរងគ្រោះដោយទឹកអាស៊ីត
ប្រវត្តិរបស់អតីតនាយករដ្ឋមន្រ្តីថៃថាក់ស៊ីន
បេសកកម្មនិងសកម្មភាពរបស់វិទ្យុអាស៊ីសេរីភាសាខ្មែរ
ស្នាដៃរបស់កវីខ្មែរ ក្រម ង៉ុយ (ភាគ២)
បទពិសោធន៍របស់អតីតនិស្សិតដែលបានអាហារូបករណ៍ទៅរៀននៅស.រ.អា
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
មើលមតិទាំងអស់.