មានរបាយការណ៍ជាច្រើនបានកត់ត្រាប្រវត្តិសំខាន់ៗនៃអតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ ថា លោកបានកើតនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៤៩ នៅស្រុកសានកំផែង ខេត្តឈៀងម៉ៃ ភាគខាងជើងប្រទេសថៃ។
លោក ថាក់ស៊ី បានរៀបការជាមួយលោកស្រី ភុចាម៉ាន ដាម៉ាភុង (Pojaman Damapong) នៅឆ្នាំ១៩៨០ ហើយមានកូនប្រុសម្នាក់និងស្រីពីរនាក់។ លោក ថាក់ស៊ីន និងភរិយារបស់លោកបានលែងលះគ្នាកាលពីឆ្នាំ២០០៨ កន្លងទៅ។
លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ បានចាប់ផ្តើមអាជីពដំបូងជាមន្ត្រីប៉ូលិសមួយរូបនៅឆ្នាំ១៩៧៣។ នៅឆ្នាំ១៩៨៧ លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ បានលាលែងពីអង្គភាពប៉ូលិសជាតិ។
ក្រោយការលាលែងពីកងប៉ូលិសនៅឆ្នាំ១៩៨៧ លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ បានចាប់ផ្តើមមុខជំនួញផ្ទាល់ខ្លួនដោយបើកក្រុមហ៊ុនកុំព្យូទ័រនិងទូរស័ព្ទឈ្មោះថា Shinawatra Computer and Communication Company Limited.។
លោក ថាក់ស៊ីន ជាសេដ្ឋីមានប្រាក់ច្រើនជាងគេបំផុតម្នាក់ក្នុងចំណោមសេដ្ឋីមួយចំនួនរបស់ប្រទេសថៃ ដែលលោករកស៊ីជោគជ័យខាងវិស័យកុំព្យូទ័រនិងទូរស័ព្ទ។
នៅឆ្នាំ១៩៩៤ ដល់ ១៩៩៥ លោក ថាក់ស៊ីន ត្រូវបានព្រះមហាក្សត្សតែងតាំងជារដ្ឋមន្រ្តីក្រសួងការបរទេសនៃព្រះរាជាណាចក្រថៃ។ ឆ្នាំ១៩៩៥ លោក ថាក់ស៊ីន ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្រ្តីក្នុងសម័យលោក ឆាវ៉ាលីត យុងឆៃយុត (Chavalit Yongchaiyudh) ជានាយករដ្ឋមន្រ្តី។ នៅឆ្នាំ១៩៩៨ លោក ថាក់ស៊ីន បានបង្កើតបក្សនយោបាយមួយឈ្មោះថា "ថៃរ៉័កថៃ" ឬប្រែថា "ថៃស្រឡាញ់ថៃ"។
នៅក្នុងសង្គមថៃ លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ ត្រូវបានគេកត់ត្រាថា លោកមានតួនាទីជាច្រើនក្នុងការងារសង្គម មានជាអាទិខាងវិស័យអបរំ។ លោក ថាក់ស៊ីន បានផ្តួចផ្តើមបង្កើតមូលនិធិសម្រាប់កម្មវិធីអប់រំមួយឈ្មោះថា មូលនិធិថៃខំ (THAICOM) ដើម្បីជំរុញឲ្យក្មេងៗនៅតាមតំបន់ដាច់ស្រយ៉ាលបានបន្តការសិក្សាដល់ថ្នាក់វិទ្យាល័យ។
ទាក់ទងនឹងការអប់រំនេះ សាស្ត្រាចារ្យចូលនិវត្តន៍មួយរូប គឺលោកបណ្ឌិត សម្ភោធ សែនភុន ប្រសើរសិរិ ដែលជាអតីតមន្ត្រីអង្គការយូណេស្កូ (UNESCO) មួយរូប បានថ្លែងឲ្យដឹងដូច្នេះ ៖ «ជំនាន់លោក ថាក់ស៊ីន ហ្នឹង គាត់មានគម្រោងថានឹងដាក់កុំព្យូទ័រយូរដៃ (Computer laptop) ឲ្យសិស្សមួយមានមួយ មានកុំព្យូទ័រយូរដៃហ្នឹង។ គ្រាន់តែគិតទេ មិនទាន់បានធ្វើទេ ត្រូវរដ្ឋប្រហារគាត់មុនទៅ»។
នៅឆ្នាំ១៩៩៨ លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ ជាប្រធានសមាគមប្រជាជនភាគឦសាននៃប្រទេសថៃ។ លោកបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រី ហើយកាន់អំណាចពេញមួយអាណត្តិ ចាប់តាំងពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៥។
នៅក្នុងការបោះឆ្នោតសម្រាប់អាណត្តិថ្មី កាលពីឆ្នាំ២០០៥ ដោយមានអ្នកគាំទ្រភាគច្រើនពីប្រជាជននៅភាគខាងជើងនិងភាគ.ឦសានប្រទេសថៃ លោក ថាក់ស៊ីន បានទទួលសំឡេងឆ្នោតគាំទ្រច្រើនលើសលប់បំផុតក្នុងប្រវត្តិសាស្ត្រថៃ ដែលនាំឲ្យលោកដឹកនាំរដ្ឋាភិបាលផ្តាច់មុខ។
នៅក្នុងការដឹកនាំរដ្ឋាភិបាលផ្តាច់មុខដោយបក្សនយោបាយរបស់លោក ថាក់ស៊ីន ត្រូវបានលោកបណ្ឌិត សម្ភោធ សែនភុន ប្រសើរសិរិ បានកត់សម្គាល់ដូច្នេះ ៖ «មកពីគាត់បានភាគច្រើននៅរដ្ឋសភាហ្នឹងឯង បានគាត់ធ្វើពេញលេញបាន ព្រោះគាត់មិនមែនរដ្ឋបាលចម្រុះទេ ពេលគាត់ធ្វើហ្នឹង គឺបក្សគាត់តែម្តង។ អត់ដែលចាញ់ឆ្នោតក្នុងសភា។ ប៉ុន្តែខ្លះក៏គេចោទថា ពេលដែលគាត់បានច្រើនពេកទៅ គាត់មិនសូវបានទៅប្រជុំសភា ព្រោះឃើញថា កូនចៅច្រើនហើយ ខ្លួនមិនសូវទៅប្រជុំ មិនសូវទៅសភា ធ្វើឲ្យបក្សប្រឆាំងគេខឹងដែរ»។
នៅក្នុងអំឡុងពេលកាន់អំណាចជានាយរដ្ឋមន្ត្រីរបស់លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ ត្រូវបានគេកត់សម្គាល់ថា លោកទទួលបានការគាំទ្រច្រើនលើសលប់ពីតាមបណ្តាខេត្ត ព្រោះតែលោកបានកែទម្រង់រដ្ឋបាលខ្លះៗ និងផ្តោតការយកចិត្តទុកខ្លាំងទៅលើការលើកស្ទួយជីវភាពប្រជាជនក្រីក្រនៅតាមជនបទ ទាំងវិស័យសុខាភិបាលនិងអភិវឌ្ឍន៍ជនបទ។
លោកបណ្ឌិត សម្ភោធ សែនភុន ប្រសើរសិរិ បានកត់សម្គាល់សកម្មភាពខ្លះៗរបស់លោក ថាក់ស៊ីន ដូច្នេះ ៖ «មួយគឺថា ដាក់ទុនរដ្ឋទៅតាមភូមិ មួយភូមិមួយលានបាតអ៊ីចឹង ឲ្យរាស្រ្តខ្ចីយកទៅរកស៊ីតូចតាច។ ទីពីរបន្ថយថ្លៃចូលពេទ្យចូលអី មន្ទីរពេទ្យតាមខេត្តតាមស្រុក។ ពីដើមរាស្ត្រត្រូវបង់ថ្លៃថ្នាំ ថ្លៃជួលពេទ្យ ដល់ពេលគាត់ឡើងមក គឺជួបម្តងយកថ្លៃតែ៣០បាតទេ ឈឺអីក៏ដោយ។ ពេទ្យរដ្ឋ។ អ៊ីចឹងរាស្រ្តគ្នាក្រីក្រ គ្នាសប្បាយចិត្តដែរ។ មួយទៀត រឿងថវិកាជាតិទៅតាមឃុំ គណៈកម្មការឃុំអីហ្នឹង អាហ្នឹងរឿងអភិវឌ្ឍន៍ធ្វើផ្លូវថ្នល់ ធ្វើទំនប់ទឹកគ្រប់ឃុំទៅ»។
បន្ទាប់ពីកាន់អំណាចក្នុងអាណត្តិថ្មីបានរយៈពេលជាង១ឆ្នាំ លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ ត្រូវបានទម្លាក់ពីអំណាចតាមរយៈរដ្ឋប្រហារយោធាមិនបង្ហូរឈាមមួយ កាលពីខែកញ្ញា ឆ្នាំ២០០៦ ក្នុងពេលដែលលោកបំពេញបេសកកម្មនៅក្រៅប្រទេស។
ក្រោយការធ្លាក់ពីអំណាច លោក ថាក់ស៊ីន ត្រូវតុលាការថៃចោទប្រកាន់អំពីកំហុសជាច្រើន ហើយក្នុងនោះតុលាការបានកាត់ទោសលោកកំបាំងមុខពីបទទំនាស់ផលប្រយោជន៍។
រដ្ឋាភិបាលលោក ថាក់ស៊ីន ឈីនណាវ៉ាត្រ បានរងនូវការចោទប្រកាន់ជាច្រើនទៀត ដូចជាថា មានអំពើពុករលួយ ផ្តាច់ការ ក្បត់ជាតិ ការធ្វើសកម្មភាពក្រៅការទូត និងការបំបិទសេរីភាពសារព័ត៌មាន។
លោក ថាក់ស៊ីន ត្រូវបានចោទថា បានគេចពន្ធនិងបានលក់ទ្រព្យសម្បត្តិជាតិទៅឲ្យអ្នកវិនិយោគបរទេស។ អង្គការឯករាជ្យនានា រួមទាំងអង្គការលើកលែងទោសអន្តរជាតិផង បានរិះគន់លើការរំលោភសិទ្ធិមនុស្សរបស់លោក ថាក់ស៊ីន ក្នុងពេលដែលលោកជានាយករដ្ឋមន្រ្តី។
នៅពេលចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនៅឆ្នាំ២០០១ លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ និងគ្រួសារបានប្រកាសនូវទ្រព្យសម្បត្តិផ្ទាល់ខ្លួនចំនួនជាង១៥ពាន់លានបាត។ រហូតមកដល់ថ្ងៃនេះ នៅមិនទាន់មានការវិនិច្ឆ័យផ្លូវច្បាប់ណាមួយអំពីទ្រព្យសម្បត្តិរបស់លោកនៅឡើយទេ។
នៅខែតុលា ឆ្នាំ២០០៨ លោក ថាក់ស៊ីន ត្រូវតុលាការកំពូលរកឃើញថា លោកមានកំហុសក្នុងទំនាស់ផលប្រយោជន៍ ហើយផ្តន្ទាទោសដាក់គុករយៈពេលពីរឆ្នាំ។ ចាប់តាំងពីពេលនោះមក លោក ថាក់ស៊ីន សុំសិទ្ធិជ្រកកោននៅប្រទេសអង់គ្លេស។
បន្ទាប់ពីលោក ថាក់ស៊ីន បានទទួលការតែតាំងជាទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាទីប្រឹក្សាសេដ្ឋកិច្ចរបស់រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០០៩ រដ្ឋាភិបាលលោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) បានស្វែងការបញ្ជូនខ្លួនលោក ថាក់ស៊ីន ទៅប្រទេសថៃវិញ ក៏ប៉ុន្តែសំណើរបស់រដ្ឋាភិបាលលោក អាភីស៊ិត ត្រូវរដ្ឋាភិបាលកម្ពុជាបដិសេធ៕
