អត្ថន័យ​នៃ​ការ​សាង​ផ្នួស​ក្នុង​ខែ​រ៉ាម៉ាឌន (ភាគ១)

ខែ​រ៉ាម៉ាឌន​ក្នុង​ជំនឿ​សាសនា​អ៊ិស្លាម​តម្រូវ​ឲ្យ​អ៊ិស្លាមិកជន ឬ​ហៅ​ថា​មូស្លីម តម​ចំណី​អាហារ ឬ​បួស​ចាប់​ពី​មុន​ពេល​ថ្ងៃ​រះ​រហូត​ដល់​ថ្ងៃ​លិច​ផុត​ទើប​អាច​ទទួល​ទាន​បាន។

0:00 / 0:00

ចាប់​ពី​ថ្ងៃ​២២ សីហា​នេះ សាសនិក​អ៊ិស្លាម​ប្រមាណ​១.៣០០​លាន​នាក់​ទូទាំង​សកលលោក​ផ្តើម​តម ពោល​គឺ​មិន​ទទួល​ទាន​អ្វី​ចូល​ក្នុង​ខ្លួន​ពេល​ថ្ងៃ រយៈ​ពេល​២៩​ថ្ងៃ ឬ ៣០ថ្ងៃ។

តើ​មាន​មូលហេតុ​និង​សារសំខាន់​ដូចម្តេច​ខ្លះ​បាន​ជា​អ្នក​កាន់​សាសនា​អ៊ិស្លាម​ខ្ជាប់ខ្ជួន​នាំ​គ្នា​កាន់​តំណម​ក្នុង​ខែ​ទី​៩ តាម​ច័ន្ទ​គតិ ក្នុង​ជំនឿ​មួយ​ដែល​មាន​សករាជ​១៤៣០​ឆ្នាំ​នោះ?

តើ​អ្នក​កាន់​ជំនឿ​អ៊ិស្លាម​ប្រតិបត្តិ​ដូច្នេះ​តាម​ប្រពៃណី​​ទំនៀម​ទម្លាប់​បរម​គ្រូ មូហាំម៉ាត់ (Muhammad) ណែនាំ ឬ​មួយ​គេ​គោរព​តាម​បទ​បញ្ជា​ព្រះ​អាទិទេព អល់ឡោះ (Allah) ជា​ម្ចាស់​លើ​ជីវិត​សត្វ​លោក​គ្រប់​ឋាន?

សូរ​សៀង​សូត្រ​ធម៌​លាន់​ឮ​រំពង​តាម​ព្រះវិហារ​ទាំង​យប់​ទាំង​ថ្ងៃ​ដោយ​អ្នក​កាន់​ជំនឿ​អ៊ិស្លាម​ខំ​ប្រឹង​បំពេញ​កាតព្វកិច្ច​ដើម្បី​បំពេញ​បំណង​ព្រះ​អាទិទេព អល់ឡោះ លើស​ពី​ខែ​ធម្មតា។ អ្នក​កាន់​ជំនឿ​អ៊ិស្លាម​ចាត់​ទុក​ខែ​រ៉ាម៉ាឌន ជា​ខែ​ដ៏​វិសេស​វិសាល​បំផុត​ក្នុង​ចំណោម​ខែ​ទាំង​១២។

អ៊ីស្លាមិក​ជន​ម្នាក់ៗ​ទន្ទឹង​រង់ចាំ​តែ​ខែ​នេះ​មក​ដល់ ហើយ​បួងសួង​បន់​ស្រន់​សុំ​ព្រះ​អាទិទេព គឺ​ព្រះ​អល់ឡោះ​ជា​ម្ចាស់ ឲ្យ​គេ​មាន​អាយុ​យឺន​យូរ​ដើម្បី​វិល​ជួប​ខែ​នេះ​វិញ​ក្នុង​មួយ​ឆ្នាំៗ។ គេ​នាំ​គ្នា​ប្រតិបត្តិ​តាម​គោល​ចារឹក​ទី​៤​ក្នុង​ជំនឿ​អ៊ិស្លាម ដែល​ព្រះ​អល់ឡោះ​បាន​កំណត់​ឲ្យ​បួស​ក្នុង​ខែ​រ៉ាម៉ាឌន​នេះ ដូច​ដែល​មាន​ចែង​ក្នុង​ព្រះ​គម្ពីរ អាល់កួរអាន។

អ្នក​កាន់​សាសនា​អ៊ិស្លាម​ចាត់​ទុក​គម្ពីរ កួរអាន ជា​មាត្រា ជា​បញ្ញត្តិ​ពី​ព្រះ​អាទិទេព​ជា​ម្ចាស់​ដែល​បង្កើត​លោក​ទាំង​ពួង បង្ហាញ​ដល់​បរម​គ្រូ មូហាំម៉ាត់ តាម​រយៈ​ស្តេច​ទេវតា​មាន​ឈ្មោះ​ថា ជីប្រ៊ីល (Jibril) ជា​ភាសា​អារ៉ាប់ ហ្គេប្រាអែល (Gabriel) ជា​ភាសា​អង់គ្លេស​ក្នុង​គ្រិស្ត​សាសនា។

តាម​ឯកសារ​សាសនា​អ៊ិស្លាម​ចង​ក្រង​និង​បក​ស្រាយ​ដោយ​សាសន​បណ្ឌិត​អ៊ិស្លាម​បញ្ញត្តិ​ព្រះ​អាទិទេព អល់ឡោះ បញ្ចុះ​មក​ឲ្យ​បរម​គ្រូ មូហាំម៉ាត់ គឺ​នាំ​មក​ម្តង​មួយ​ភាគៗ ឬ​មួយ​ចំណែក​អស់​រយៈ​ពេល​២៣​ឆ្នាំ ទើប​ចងក្រង​ជា​គម្ពីរ​មួយ​បាន​រហូត​ដល់​សព្វថ្ងៃ ដោយ​ឥត​មាន​ពាក្យ​ណា​មួយ​រលុប​ច្រឡំ​ឬ​ត្រូវ​គេ​កែ​ឡើយ។

ហាជី ស្ហាឡេស សាឡះ អតីត​និស្សិត​បរិញ្ញា​ទោ​ខាង​សាសនា​អ៊ិស្លាម​នៃ​សកល​វិទ្យាល័យ អាល់ម៉ាឌីណះ អាល់មូណាវ៉ារ៉ះ នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត បញ្ជាក់​អំពី​បទ​បញ្ញត្តិ​របស់​ព្រះ​អាទិទេព អល់ឡោះ ចំពោះ​ការ​តម​ក្នុង​ខែ​រ៉ាម៉ាឌន​ដូច្នេះ ៖ «តាម​ច្បាប់​ដែល​អល់ឡោះ​លោក​បាន​កំណត់​មក​ឲ្យ​សាសនិក​អ៊ិស្លាម​ទាំងអស់ បួស​មួយ​ខែ​នៅ​ក្នុង​មួយ​ឆ្នាំ គឺ​មាន​អត្ថ​ប្រយោជន៍​ច្រើន​ណាស់​នៅ​ក្នុង​លោកិយ​និង​នា​ថ្ងៃ​បរលោក។ តែ​ផល​ប្រយោជន៍​មួយចំនួន​ដែល​មនុស្ស​លោក​យើង​ពុំ​អាច​ស្វែងយល់​បាន​នូវ​អាថ៌កំបាំង​របស់​អល់ឡោះ ដែល​បាន​ដាក់​កំណត់​មក»

ព្រះ​គម្ពីរ អាល់កួរអាន បាន​បង្ហាញ​ដល់​បរមគ្រូ មូហាំម៉ាត់ នៅ​ក្នុង​ខែ​រ៉ាម៉ាឌន​នេះ​តែម្តង។ សាសនិក​អ៊ិស្លាម​ចាត់ទុក​បរម​គ្រូ មូហាំម៉ាត់ ជា​អ្នក​នាំ​សារ​ពី​ព្រះ​អល់ឡោះ​ជា​ម្ចាស់ ដល់​មនុស្ស​លោក​គ្រប់​ជាតិ​សាសន៍ គ្រប់​ជំនាន់​និង​គ្រប់​ទិស​ទី។ សាសនិក​អ៊ិស្លាម​ក្រាប​ថ្វាយ​បង្គំ​គោរព​បូជា​ព្រះ​អល់ឡោះ​ជា​ម្ចាស់ ជា​ព្រះ​អាទិទេព​ដ៏​មហា​សម្បើម​ស្កឹមស្កៃ គឺ​មិន​មែន​ថ្វាយ​បង្គំ​គោរព​បូជា​បរម​គ្រូ មូហាំម៉ាត់ ទេ។

បរម​គ្រូ មូហាំម៉ាត់ ប្រសូត​នៅ​គ្រិស្ត​សករាជ ៥៧០។ ក្នុង​ថ្ងៃ​ទេសនា​ចុង​ក្រោយ មុន​បរម​គ្រូ មូហាំម៉ាត់ ទទួល​មរណភាព​នា​គ្រិស្ត​សករាជ ៦៣២ លោក​បាន​រំឭក​ដាស់​តឿន​ផ្តែផ្តាំ​ដល់​សាសនិក​អ៊ិស្លាម​ដែល​យើង​សូម​ស្រង់​ដោយ​ត្រួសៗ​ថា ៖ "ឱ​មនុស្ស​ម្នា​ទាំង​ឡាយ ចូរ​អ្នក​ត្រង​ត្រាប់​ពាក្យ​ពេចន៍​របស់​ខ្ញុំ! ពួក​អ្នក​ទាំងអស់​គ្នា​ពិត​ជា​នឹង​វិល​ទៅ​ជួប​ព្រះ​ជា​ម្ចាស់​របស់​អ្នក​វិញ​ជាក់​ជា​មិន​ខាន​ឡើយ ហើយ​អល់ឡោះ​នឹង​វិនិច្ឆ័យ​ចំពោះ​អំពើ​អ្វី​អ្នក​ធ្លាប់​បាន​ធ្វើ​លើ​លោក​នេះ។ ចូរ​គោរព​បូជា​ព្រះ​អល់ឡោះ ថ្វាយ​បង្គំ​ប្រាំ​ដង​ក្នុង​ថ្ងៃ ចូរ​តម​អាហារ​ក្នុង​ខែ​រ៉ាម៉ាឌន ចូរ​បង់​ពន្ធដារ​ក្នុង​ផ្លូវ​ធម៌ ហៅ​ថា ហ្សាកាត់ លើ​សម្បត្តិ​ទ្រព្យ​របស់​អ្នក។ ចូរ​ទៅ​ធ្វើ​ហាជ បើ​អាច​ធ្វើ​ទៅ​បាន។ ចូរ​ចងចាំ​ថា ថ្ងៃ​ណា​មួយ​អ្នក​ពិត​ជា​នឹង​បង្ហាញ​ខ្លួន​ចំពោះ​មុខ​ព្រះ​អល់ឡោះ ហើយ​ត្រូវ​ឆ្លើយ​បំភ្លឺ​ចំពោះ​អំពើ​ដែល​អ្នក​បាន​ប្រព្រឹត្ត"។

តំណម​តាម​បញ្ជា​ព្រះ​អាទិទេព អល់ឡោះ ជា​ម្ចាស់ ត្រូវ​សាសនិក​ប្រតិបត្តិ​ប្រកាន់​ខ្ជាប់ខ្ជួន​តាំង​ពី​មុន​កំណើត​បរម​គ្រូ មូហាំម៉ាត់ ម្ល៉េះ ជា​ពិសេស​ក្នុង​ចំណោម​ជាតិ​សាសន៍ ហ្ស៊ីហ្វ ហើយ​និង​គ្រិស្ត​សាសនិក​ជន​ប្រកាន់​តាម​ប្រពៃណី​បុរាណ​កាល ដែល​ហៅ​ថា Orthodox Christian នៅ​ប្រទេស​ក្រិក នៅ​អឺរ៉ុប​ខាង​កើត​ជាដើម។

តាម​ការ​បញ្ជាក់​ពី​លោក​គ្រូ អ៊ីប្រាហ៊ីម អាដាំ អតីត​និស្សិត​នៃ​សកល​វិទ្យាល័យ អាល់ អាហ្សហ៊ើរ៍ (Al-Azhar) នៅ​ក្រុង​គែរ៍ ប្រទេស​អេហ្ស៊ីប នា​ទសវត្ស​១៩៦០ ថា តំណម​ព្រះ​អល់ឡោះ​បាន​បង្គាប់​ឲ្យ​មនុស្ស​ធ្វើ​ជា​យូរ​មក​ហើយ។

លោក​គ្រូ អ៊ីប្រាហ៊ីម អាដាំ បាន​ឲ្យ​ដឹង​ថា ៖ "អល់ឡោះ​ជា​ម្ចាស់​បាន​ដាក់​កាតព្វកិច្ច​មក​លើ​អ្នក​កាន់​សាសនា​អ៊ិស្លាម​ជំនាន់​នេះ មាន​ន័យ​ថា​ជំនាន់​អ៊ូម៉ាត់ មូហាំម៉ាត់ នេះ ក៏​ដូច​ជា​អល់ឡោះ​បាន​ដាក់​កាតព្វកិច្ច ការ​អំណត់​អត់​ធន់​នៅ​គ្រប់​ជំនាន់​ពី​មុនៗ​មក តាំង​ពី​ណា​ពី​យ៉ឡោះ​អាដាម រហូត​ដល់​មូហាំម៉ាត់​យើង"។

សាសនិក​អ៊ិស្លាម​រង់ចាំ​រាត្រី​មួយ​ក្នុង​ខែ​រ៉ាម៉ាឌន គឺ​រាត្រី​ថ្ងៃ​២៧ ហៅ​តាម​ភាសា​អារ៉ាប់​ថា Laylat-al Qadr ដែល​ជា​រាត្រី​មហិទ្ធិឫទ្ធិ ជា​រាត្រី​ព្រះ​អាទិទេព អល់ឡោះ បង្ហាញ​ព្រះ​គម្ពីរ កួរអាន និង​ជា​រាត្រី​ដែល​អ្វីៗ​ព្រះអង្គ​បាន​ក្រឹត្យ​កំណត់​ទុក​មុន​ជា​ស្រេច។

លោកគ្រូ អីប្រាហ៊ីម អាដាំ បញ្ជាក់​ថា រាត្រី​មួយ​នេះ​មាន​ន័យ​ស្មើ​នឹង​១០០០​ខែ ឬ​ជាង​៨៣​ឆ្នាំ ៖ "Laylat-al Qadr ជា​យប់​មួយ​ដ៏​វិសេស​វិសាល​បំផុត គ្មាន​យប់​ណា​ល្អ​ដូច​យប់​នោះ​ទេ ហើយ​យប់ Laylat-al Qadr នោះ មាន​តែ​នៅ​ក្នុង​ខែ​រ៉ាម៉ាឌន តែ​មួយ​គត់។ អល់ឡោះ​បាន​បញ្ជាក់​ថា នរណា​ហើយ​បាន​ធ្វើ អាម៉ាល់ អ៊ីហ្ពាដៈ ចំ​នឹង Laylat-al Qadr មួយ​យប់​នោះ គឺ​ស្មើ​នឹង​យើង​ធ្វើ​អាម៉ាល់ អ៊ីហ្ពាដៈ ចំនួន​១​ពាន់​ខែ បើ​គិត​ជា​ឆ្នាំ ៨៣​ឆ្នាំ​ជាង"។

ក្រៅ​ពី​ការ​តម​ចំណី​អាហារ​ឬ​បួស​តាម​បញ្ជា​ពី​ព្រះ​អល់ឡោះ បួស​ផ្តល់​ប្រយោជន៍​ដូចម្តេច​ខ្លះ​ខាង​ផ្លូវ​លោក​និង​ផ្លូវ​ធម៌?៕