នៅក្នុងដំណើរទស្សនកិច្ចក្នុងសប្តាហ៍កន្លងទៅ មេដឹកនាំជាន់ខ្ពស់មួយរូបដែលជាប្រធានគណៈកម្មាធិការជាតិនៃសភាពិគ្រោះយោបល់នយោបាយនៃប្រជាជនចិន លោក ជា ឈីងលីន បានធ្វើកិច្ចចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីជាមួយនឹងមន្ត្រីជាន់ខ្ពស់ខ្មែរ ដោយបានសន្យាផ្តល់ជំនួយជាច្រើនទៀតដល់រដ្ឋាភិបាលក្រុងភ្នំពេញ។
នៅក្នុងការជួបជាមួយមេដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា លោក ជា ស៊ីម កាលពីថ្ងៃព្រហស្បតិ៍ (ទី៤ ធ្នូ ២០០៨) មន្ត្រីជាន់ខ្ពស់ចិនបានសន្យាថា នឹងជួយជំរុញកម្ពុជាឲ្យបានសម្រេចលើកិច្ចការអភិវឌ្ឍន៍ប្រទេសនោះទៀតផង។
មន្ត្រីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ បានថ្លែងនៅក្រោយមន្ត្រីជាន់ខ្ពស់ចិន លោក ជា ឈីនលីង បានជួបជាមួយនឹងលោកនាយករដ្ឋមន្ត្រីខ្មែរ ហ៊ុន សែន កាលពីថ្ងៃពុធកន្លងមក យ៉ាងដូច្នេះថា ៖ «ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរបស់កម្ពុជា-ចិននេះ គឺបានឡើងដល់ដំណាក់កាលថ្មីមួយទៀត។ ក្នុងនោះទី១ គឺការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងសេដ្ឋកិច្ចរវាងប្រទេសទាំង២ ក្នុងលក្ខណៈដែលមានប្រយោជន៍ទាំងសងខាង។ ទិសដៅរបស់ចិនគឺមានបំណងចង់ជំរុញកំណើនទំនាក់ទំនងសេដ្ឋកិច្ចកម្ពុជា-ចិននេះឲ្យបានដល់ ១ពាន់លានដុល្លារនៅឆ្នាំ២០១០ ឬមុនឆ្នាំ២០១០នេះ។ ហើយទន្ទឹមនឹងនេះដែរ ក៏សុំឲ្យភាគីកម្ពុជាគាំទ្រការវិនិយោគ គាំទ្រសហគ្រាសរបស់ចិននៅក្នុងប្រទេសកម្ពុជានេះ»។
បើគិតតាំងពីដើមឆ្នាំនេះមក ជំនួយរបស់ចិនដែលបានផ្តល់មកកម្ពុជា ត្រូវគេឃើញថា បានកើនយ៉ាងសន្ធឹកសន្ធាប់។
កាលពីដើមខែកុម្ភៈឆ្នាំនេះ ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក យ៉ាង ជីឆឺ ប្រទេសចិនបានសន្យាផ្តល់ជំនួយ ៥៥លានដុល្លារអាមេរិកដល់កម្ពុជា និងយល់ព្រមជួយបណ្តាក់ទុនលើការធ្វើវិស័យអគ្គិសនីចំនួន ១.០០០លានដុល្លារអាមេរិកថែមទៀត។
នៅក្នុងពេលនោះទៀត ចិនបានសន្យាថា នឹងមិនយកពន្ធដល់ការនាំទំនិញកម្ពុជាចំនួនជាង ៤០០មុខ ទៅលក់ក្នុងទីផ្សារចិននោះផងដែរ។
នៅឆ្នាំ២០០៧ កម្ពុជាបានទទួលប្រាក់ជំនួយពីប្រទេសចិនចំនួន ៦៨៩លានដុល្លារ និងចិនបានសន្យាថា នឹងឲ្យប្រាក់ខ្ចីដល់កម្ពុជា ចំនួន១ពាន់លានដុល្លារថែមទៀតសម្រាប់ឆ្នាំ២០០៨។
ការជួយដ៏សន្ធឹកសន្ធាប់របស់ចិននេះ ត្រូវគេមើលឃើញថា មានកម្រិតលើសលុបជាងកម្ពុជាបានទទួលកិច្ចឧបត្ថម្ភពីប្រទេសដទៃ ក្នុងនោះបើនិយាយពីសហរដ្ឋអាមេរិកវិញ គឺនៅឆ្នាំ២០០៧ មានតែចំនួន ៥៥លានដុល្លារតែប៉ុណ្ណោះ ហើយជំនួយអាមេរិកនោះ ភាគច្រើន ត្រូវបានបែងចែកតាមរយៈក្រុមអង្គការក្រៅរដ្ឋាភិបាលនោះទៀត។
នៅខែតុលាឆ្នាំ២០០៨ នៅគ្រាដែលនាយករដ្ឋមន្ត្រីចិន លោក វិន ជាបាវ បានជួបជាមួយនឹងនាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប នាក្រុងប៉េកាំង លោកនាយករដ្ឋមន្ត្រីចិន បានសន្យាជួយកម្ពុជានូវទឹកប្រាក់កម្ចីចំនួន ២៨០លានដុល្លារអាមេរិកនោះថែមទៀត។
មន្ត្រីអ្នកនាំពាក្យរដ្ឋាភិបាល បានថ្លែងថា ប្រាក់សន្យាជំនួយនោះត្រូវបានប្រកាសក្នុងសប្តាហ៍នេះទៀត ក្នុងដំណើរទស្សនកិច្ចរបស់លោក ជា ឈីងលីន នោះ ៖ «ឯកឧត្ដម ជា ឈីងលីន ក៏បានប្រកាសបន្ថែមអំពីប្រាក់កម្ចីចំនួន ២០០លានដុល្លារដែលឯកឧត្ដម វិន ជាបាវ បានប្រកាសជូនសម្ដេចនៅក្នុងពេលកិច្ចប្រជុំរវាងអាស៊ានចិន នៅប្រទេសចិនកន្លងមកនេះ គឺភាគីចិនបានជូនដំណឹងនៅពេលមកដល់ក្នុងពេលទស្សនកិច្ចនេះ គឺចិនបានផ្ដល់ជំនួយឥតសំណងចំនួន ៥០លានយន់ ហើយនិងជំនួយឥតការប្រាក់ចំនួន ៥០លានយន់បន្ថែមទៀត។ ទន្ទឹមនឹងនោះដែរ ភាគីចិនបានមានបំណងចង់ឲ្យប្រទេសកម្ពុជាជួយជំរុញអំពីកិច្ចសហប្រតិបត្តិការកម្ពុជា-ចិននៅលើការរុករកប្រេងកាត ហើយនិងរ៉ែដែក»។
មន្ត្រីអ្នកនាំពាក្យរដ្ឋាភិបាល លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍បញ្ជាក់បន្ថែមចំពោះការជួយនានាឯទៀតរបស់ចិនដែលបានលាតត្រដាងតាមរយៈដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់ចិន លោក ជា ឈីងលីន នោះ យ៉ាងដូច្នេះ ៖ «ឯកឧត្ដមបានមានសំណូមពរអំពីការបង្កើនកិច្ចសហប្រតិបត្តិការរវាងយុវជននៃប្រទេសទាំងពីរ ដោយឯកឧត្ដមបានដកពិសោធន៍ថា ៥០ឆ្នាំមុន គឺអ្នកជំនាន់មុនបានបង្កើតជាកិច្ចទំនាក់ទំនងការទូត សហប្រតិបត្តិការល្អ ហើយឥឡូវនេះទៀតក៏មានទំនាក់ទំនងល្អ ដូច្នេះឯកឧត្ដមចង់បន្តកិច្ចសហប្រតិបត្តិការរវាងចិនកម្ពុជានេះ បន្តទៅទៀត...»។
នៅចំពោះមុខនឹងព្រឹត្តិការណ៍ថ្មីៗទាក់ទងនឹងជំនួយនោះដែរ មន្ត្រីគណបក្សសមរង្ស៊ី បានថ្លែងថា ចំណងមិត្តភាពជាមួយនឹងការទទួលជំនួយពីបណ្តាប្រទេសនានាគឺជាសកម្មភាពដែលរដ្ឋាភិបាលខ្មែរត្រូវអនុវត្តនិងបំពេញនោះហើយ ប៉ុន្តែលោកស្នើថា រដ្ឋាភិបាលខ្មែរគប្បីពិចារណាចំពោះភាពចំណេញនិងខាត នៅចំពោះមុខនោះផង។
អ្នកតំណាងរាស្ត្រ សុន ឆ័យ នៃគណបក្សសមរង្ស៊ី បានថ្លែងថា ចំពោះការជួយពីប្រទេសចិន លោកយល់ថា ជំនួយនោះហាក់ដូចជាមានការចង់យកកេងចំណេញទៅលើខ្មែរទាំងវិស័យនយោបាយនិងវិស័យសេដ្ឋកិច្ច។
លោក សុន ឆ័យ ថ្លែងដូច្នេះថា ៖ «ពេលដែលយើងលំបាក យើងត្រូវការមានការវិនិយោគ ក៏ប៉ុន្តែយើងត្រូវពិចារណាខាតចំណេញផងដែរ បើសិនណាជាក្នុងរយៈពេលវែងយើងជំពាក់ចិនរុំក ហើយចិនទារយកប្រេងកាត ទារយកធនធានធម្មជាតិយើង ឈើអីៗនេះ ហើយធ្វើឲ្យយើងរើមិនរួចពីភាពក្រីក្រអស់ហ្នឹង ដោយសារជំពាក់គេ ហើយនិងមានឥទ្ធិពល កាលណាយើងជំពាក់គេ គឺឥទ្ធិពលនយោបាយ ធ្វើឲ្យយើងបាត់បង់ឯករាជ្យ ដូច្នេះយើងមិនត្រូវបណ្ដោយខ្លួនទេ...»។
ទំនាក់ទំនងរវាងកម្ពុជានិងចិនមិនមែនទើបតែមានថ្មីៗនេះទេ។ បើផ្អែកតាមវ៉ឹបសាយថ៍របស់ក្រសួងការបរទេសចិននៅក្រុងប៉េកាំង បានសរសេរថា ទំនាក់ទំនងរវាងចិននិងកម្ពុជាមានតាំងពីឆ្នាំ១៩៥៨មក។
ទំនាក់ទំនងរវាងកម្ពុជានិងចិន កាលពីមុន មានសភាពគ្រោតគ្រាតខ្លាំងរវាងគ្នានិងគ្នាដោយសារតែអតីតកាលរដ្ឋាភិបាលក្រុងប៉េកាំងបានជាប់ពាក់ព័ន្ធជាមួយនឹងក្រុមខ្មែរក្រហមប៉ុលពតនោះមក។
ប៉ុន្តែទំនាក់ទំនងរវាងចិននិងរដ្ឋាភិបាលលោក ហ៊ុន សែន បានត្រឡប់ទៅរកភាពល្អឡើងវិញគឺនៅក្រោយដែលក្រុងប៉េកាំងអាចមានឱកាសបង្ហាញទឹកចិត្តគាំទ្រចំពោះកម្ពុជាគឺនៅចំពេលដែលរដ្ឋាភិបាលលោក ហ៊ុន សែន កំពុងតែរងការគាបសង្កត់និងរងការរិះគន់ជាខ្លាំងពីសហគមន៍អន្តរជាតិដោយសារតែព្រឹត្តិការណ៍បង្ហូរឈាមថ្ងៃទី៥- ៦ កក្កដា ឆ្នាំ១៩៩៧កន្លងមក៕
