កព្ចាប់ថវិកាចំនួន ១៥លានដុល្លារនោះស្ថិតក្នុងសេចក្ដីព្រាងច្បាប់លេខ HR 2737 ស្តីពីការការពារនិងទប់ស្កាត់ការជួញដូរកុមារ និងប្រើកុមារលើសកម្លាំងពលកម្ម ដែលជាការផ្តួចផ្តើមរបស់អង្គការទស្សនៈពិភពលោក និងពលរដ្ឋអាមេរិកាំងពីតាមបណ្តារដ្ឋនានាក្នុងសហរដ្ឋអាមេរិក។
លោកស្រី ហៃឌី អៀឌុយពុយ (Haidy Ear-Dupuy) ជានាយកខាងការតស៊ូមតិនិងទំនាក់ទំនងរបស់អង្គការទស្សនៈពិភពលោកប្រចាំប្រទេសកម្ពុជា មានប្រសាសន៍នៅក្នុងអំឡុងសន្និសីទជាតិស្តីពីទស្សនៈរបស់ស្រ្តីកាលពីថ្ងៃច័ន្ទក្នុងរដ្ឋ Virginia សហរដ្ឋអាមេរិកថា កញ្ចប់ថវិកានោះមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ស្ថាប័នអនុវត្តច្បាប់របស់កម្ពុជាក្នុងការប្រឆាំងអំពើអនាចារលើកុមារ, ការជួញដូរមនុស្ស និងអំពើទាសភាពលើកុមារ។
លោកស្រី ហៃឌី អៀឌុយពុយ បានបញ្ជាក់ថា ៖ «ច្បាប់ហ្នឹងយើងចង់ឲ្យសភាសហរដ្ឋអាមេរិកគាំទ្រ។ បើកាលណាគាត់ចេញច្បាប់ហ្នឹងមក គឺគាត់មានកពា្ចប់លុយមួយកញ្ចប់ដើម្បីសហការជាមួយបណ្តាប្រទេសតូចតាច ប្រទេសណាដែលចង់ប្រឆាំងអំពើជួញដូរ។ ឲ្យពួកគាត់មានថវិកាដើម្បីគាត់ធ្វើការងារតទៅទៀត។ ឥឡូវយើងឃើញមានជាង ១០ប្រទេសដែរ ប៉ុន្តែខ្ញុំអត់ទាន់មើលច្បាស់ថា តើមានប្រទេសណាខ្លះនៅក្នុងច្បាប់ហ្នឹង តែខ្ញុំដឹងថា ប្រទេសកម្ពុជាយើងមាននៅក្នុងច្បាប់ហ្នឹងដែរ។ ខ្ញុំជាអ្នកតស៊ូមតិម្នាក់មកពីប្រទេសកម្ពុជា ហើយខ្ញុំខិតខំយ៉ាងម៉េចឲ្យគេដឹងឮថា យើងត្រូវការថវិកាដើម្បីយើងពង្រឹងខាងហ្នឹងថែមទៀត»។
លោកស្រី ហៃឌី បានកត់សម្គាល់ថា ស្ថាប័ននគរបាលក្នុងប្រទេសកម្ពុជាមានការរីកចម្រើនជាងមុន តែស្ថាប័នតុលាការនៅមានកម្រិត។
លោកស្រី ហៃឌី បានមានប្រសាសន៍ថា ៖ «ខាងប៉ូលិសយើងបានសហការជាមួយគាត់ច្រើនឆ្នាំមកហើយ។ អង្គការទស្សនៈពិភពលោកជាមួយខាងប៉ូលិសខាងអំពើជួញដូរមនុស្សហ្នឹង គឺយើងឃើញសមត្ថភាពរបស់គាត់ខ្លាំងជាងមុន ពូកែជាងមុន ចេះដឹងជាងមុន ប៉ុន្តែយើងឃើញថា សមត្ថភាពនៅខាងក្រសួងយុត្តិធម៌នៅខ្វះខាតបន្តិចបន្តួច។ អ៊ីចឹងយើងខំប្រឹងប្រែងជាមួយសហរដ្ឋអាមេរិកដើម្បីឲ្យបានថវិកាផ្សេងៗទៀតដែលអាចឲ្យយើងបានសហការជាមួយក្រសួងយុត្តិធម៌ ហើយដើម្បីយើងអាចជួយពង្រឹងខាងក្រសួងយុត្តិធម៌ហ្នឹងឲ្យគាត់ជួយខ្នះខ្នែងថែមទៀត»។
កាលពីថ្ងៃអង្គារកន្លងទៅនេះ ក្រុមស្ត្រីអាមេរិកាំងជាង ៣០០នាក់ជាអ្នកគាំទ្រអង្គការទស្សនៈពិភពលោកដែលមកពីតាមបណ្តារដ្ឋនានាបាននាំគ្នាទៅជួបនឹងក្រុមសភាតំណាងរាស្រ្តក្នុងវិមាន Capitol នារដ្ឋធានី Washington ដើម្បីជំរុញឲ្យពួកគេអនុម័តលើសេចក្តីព្រាងច្បាប់ប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងអំពើទាសភាពនោះដែរ។
ទីប្រឹក្សាផ្នែកគោលនយោបាយ និងវិបត្តិកុមាររបស់អង្គការទស្សនៈពិភពលោកប្រចាំក្នុងទីក្រុង Washington លោក ជេស៊ី អ៊ីវេស (Jesse Eaves) មានប្រសាសន៍ថា សេចក្ដីព្រាងច្បាប់នោះមានសារៈសំខាន់ណាស់ដើម្បីឲ្យសហរដ្ឋអាមេរិកអាចធ្វើជាដៃគូជាមួយប្រទេសដទៃក្នុងការបំប៉នសមត្ថភាពលើការអនុវត្តច្បាប់ឲ្យកាន់តែមានប្រសិទ្ធភាព។ លោករំពឹងថា សេចក្ដីព្រាងច្បាប់នោះនឹងត្រូវអនុម័តនៅដំណាច់ឆ្នាំនេះ។
លោក ជេស៊ី អ៊ីវេស បានអះអាងថា ៖ «ប្រទេសមួយចំនួនខ្វះខាតការហ្វឹកហ្វឺន និងសមត្ថភាពក្នុងការអនុវត្តច្បាប់ ហើយអ្វីដែលសេចក្ដីព្រាងច្បាប់នេះមានសារៈសំខាន់នោះ គឺថាវានឹងធ្វើឲ្យមានភាពងាយស្រួលដល់សហរដ្ឋអាមេរិកក្នុងការធ្វើជាដៃគូជាមួយបណ្តាប្រទេសទាំងនោះ។ ដូច្នេះគេអាចទទួលបានការហ្វឹកហាត់ គេអាចទទួលបានធនធានផ្សេងៗ និងអ្វីៗដែលគេចង់បានដើម្បីធានាដល់និរន្តរភាពក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស»។
លោក ជេស៊ី អ៊ីវេស ថ្លែងថា កម្ពុជាមានប្រព័ន្ធច្បាប់ត្រឹមត្រូវហើយ តែលោកចង់ឃើញការដាក់ទោសទណ្ឌលើជនល្មើសពីការជួញដូរមនុស្សឲ្យកាន់តែមានរយៈពេលយូរថែមទៀត។
លោក ជេស៊ី អ៊ីវេស បានមានប្រសាសន៍ថា ៖ «យើងចង់ឃើញការដាក់ទោសលើជនល្មើសធ្វើឡើងថែមទៀត។ យើងចង់ឃើញការដាក់ទោសទណ្ឌឲ្យមានរយៈពេលយូរ ហើយយើងចង់ឃើញឲ្យបានច្បាស់ថា យុត្តិធម៌ត្រូវបានផ្តល់ដល់ប្រទេសជាតិ និងដល់ជនរងគ្រោះពីការជួញដូរ»។
អង្គការទស្សនៈពិភពលោកនៅកម្ពុជាបង្ហាញថា កុមារដែលត្រូវគេជួញដូរចំនួន ៥០%ស្ថិតក្រោមអាយុ ១៨ឆ្នាំ ជាកុមារក្រីក្រដែលរងការបោកបញ្ឆោតពីឈ្មួញក្នុងការធ្វើការរកកម្រៃបានច្រើនដើម្បីចិញ្ចឹមគ្រួសារ ហើយមួយចំនួនទៀតជាកុមាររត់ចេញពីផ្ទះ។
អង្គការទស្សនៈពិភពលោកក៏បានបង្ហាញផងដែរថា នៅជុំវិញពិភពលោកមានកុមារចំនួន ១លាន៨សែននាក់កំពុងធ្វើការជាទាសករផ្លូវភេទ កុមារចំនួន ១លាន២សែននាក់ត្រូវបានគេជួញដូររៀងរាល់ឆ្នាំដើម្បីធ្វើការជាទម្ងន់ ហើយកុមារក្រោមអាយុ ១៤ឆ្នាំ ប្រមាណ ២១៨លាននាក់ទៀតកំពុងធ្វើកម្មករ។
នៅក្នុងអំឡុងទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា លើកទី៩៩ កាលពីសប្តាហ៍កន្លងមកនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានយ៉ាងខ្លាំងថា នឹងមិនលើកលែងដល់អ្នករកស៊ី និងអ្នកនៅពីក្រោយខ្នងការជួញមនុស្ស។
លោកនាយករដ្ឋមន្ត្រីបានថ្លែងថា ៖ «ខ្ញុំសូមបញ្ជាក់សាជាថ្មី អ្នកដែលធ្វើអន្តរាគមន៍ទាំងឡាយ ទោះបីមានឋានៈប៉ុណ្ណាក៏ដោយ មិនអាចធ្វើអន្តរាគមន៍នៅលើបញ្ហាទាក់ទងនឹងការជួញដូរផ្លូវភេទនេះទេ ជួញដូរស្រ្តីនោះទេ ហើយអ្នកណាដែលទទួលនូវអន្តរាគមន៍នេះ អ្នកនោះនឹងត្រូវអស់បុណ្យស័ក្តិខ្លួនតែម្តង»។
លោកស្រី ហៃឌី បានសាទរចំពោះវិធានការរបស់លោកនាយករដ្ឋមន្ត្រី តែលោកស្រីបានសំណូមពរថា ជនល្មើសពីការជួញដូរផ្លូវភេទនិងការជួញដូរកុមារគួរដាក់ទោសឲ្យបានយូរជាងមុន៕
