ខណៈនេះមានការសិក្សាស្រាវជ្រាវមួយស្តីពីទំនាក់ទំនងស្នេហានិងផ្ល្វវភេទក្នុងចំណោមគូសង្សារនៅក្នុងថ្ងៃបុណ្យនេះ ដោយទីប្រឹក្សាឯករាជ្យ អនុបណ្ឌិត តុង សុប្រាជ្ញ។
«ខ្ញុំជាប់បាក់ឌុប ឆ្នាំ១៩៩២ ខ្ញុំរៀននៅវិទ្យាល័យ ខ្ញុំអត់ដែលឮពាក្យថា បុណ្យសង្សារ ឬបុណ្យនៃក្ដីស្រលាញ់នេះទេ ហើយខ្ញុំរៀនចប់នៅមហាវិទ្យាល័យភូមិន្ទភ្នំពេញហ្នឹង ចប់ឆ្នាំ ១៩៩៧ ក៏ខ្ញុំមិនដែលឮថ្ងៃបុណ្យសង្សារដែរ ប៉ុន្តែទើបតែដឹងប្រហែលជា ៦-៧ឆ្នាំចុងក្រោយហ្នឹងទេ ដែលយុវវ័យចាប់ផ្ដើមចេញក្រៅនៅថ្ងៃនោះ ហើយគេបានជូនកាដូ ផ្កា ឲ្យគ្នា ខ្ញុំក៏បានចាប់អារម្មណ៍ទៅលើថ្ងៃបុណ្យសង្សារហ្នឹងដែរ»។
នេះគឺសម្ដីរបស់លោក តុង សុប្រាជ្ញ អាយុ ៣៣ឆ្នាំ ដែលបានធ្វើការសិក្សាស្រាវជ្រាវអំពីថ្ងៃបុណ្យនៃក្តីស្រលាញ់ ឬ Valentine's Day ដែលយុវជនយុវនារីខ្មែរនិយមហៅថាថ្ងៃបុណ្យសង្សារនោះ។
ក្នុងមូលន័យនៃការសិក្សារបស់លោក តុង សុប្រាជ្ញ ទីប្រឹក្សាឯករាជ្យ និងជាអនុបណ្ឌិតពីសកលវិទ្យាល័យភូមិន្ទភ្នំពេញផ្នែកសុខភាពសាធារណៈ មានសរសេរអំពីគោលបំណងរបស់លោកក្នុងការស្រាវជ្រាវនេះ គឺស្វែងរកហេតុផលពិតជាក់ស្តែងទាក់ទងនឹងសេចក្តីស្នេហានិងទំនាក់ទំនងផ្លូវភេទក្នុងចំណោមគូសង្សារមួយចំនួននៅថ្ងៃបុណ្យសង្សារ និងដើម្បីដឹងឲ្យច្បាស់ពីទស្សនវិស័យរបស់យុវវ័យចំពោះឥរិយាបថឪពុកម្តាយពួកគេនៅថ្ងៃបុណ្យនៃក្តីស្រឡាញ់នេះ។
ប្រជាប្រិយភាពនៃថ្ងៃបុណ្យដែលមិនមែនជាបុណ្យជាតិ តែក៏កំពុងបានទទួលការនិយមច្រើនក្នុងចំណោមប្រុសស្រីវ័យជំទង់និងពេញការនៅកម្ពុជានាពេលបច្ចុប្បន្ន លោក តុង សុប្រាជ្ញ ពន្យល់ថាកើតមកពីជំនោរសេដ្ឋកិច្ចដែលឡើងខ្ពស់។
លោក តុង សុប្រាជ្ញ មានប្រសាសន៍ដូច្នេះថា ៖ «សេដ្ឋកិច្ចប៉ុន្មានឆ្នាំចុងក្រោយនេះគឺមានការរីកចម្រើនខ្លាំង ហើយជួនជាការរកស៊ីហ្នឹងគឺកើនខ្លាំងកាលពីប៉ុន្មានឆ្នាំកន្លងទៅហ្នឹង ហើយការផ្សព្វផ្សាយក៏ចេញខ្លាំងណាស់ដែរ អ៊ីចឹងធ្វើឲ្យយុវវ័យមានឱកាសក្នុងការចូលរួមក្នុងសកម្មភាព ក៏ដូចជាសេចក្ដីស្រាលាញ់របស់គេ ទើបពេលខ្លះក៏អាចឈានទៅដល់ការរួមភេទដែរ»។
ចំណុចដែលគួរឲ្យព្រួយបារម្ភ គឺការរកឃើញថា នៅថ្ងៃបុណ្យនៃក្តីស្រឡាញ់នេះមានការសង្កត់ធ្ងន់ ជាពិសេសទៅលើការរួមភេទរវាងយុវជនយុវនារី ច្រើនជាងស្រឡាញ់គ្នាជាទូទៅរវាងបុត្រធីតានិងមាតាបិតា រវាងសិស្សនិងគ្រូ រវាងបងប្អូន។ល។
ការស្រាវជ្រាវរបស់លោក តុង សុប្រាជ្ញ បង្ហាញថា ជាងពាក់កណ្តាលនៃយុវវ័យ សប្បាយចិត្តនឹងការមានទំនាក់ទំនងផ្លូវភេទនៅថ្ងៃបុណ្យសង្សារ ហើយមួយចំនួនបានបាត់បង់ភាពបរិសុទ្ធ ៖ «សម្រាប់មនុស្សប្រុស គាត់មានឱកាសក្នុងការជួបជាមួយនឹងមិត្តនារី ដែលគាត់អាចស្រលាញ់ និងអាចមានទំនោរផ្នែកខាងមនោសញ្ចេតនា ក៏ដូចជាទំនាក់ទំនងផ្លូវភេទដែរ ក្នុងពេលចុងក្រោយនេះ។ សម្រាប់យុវវ័យជាក្មេងៗវិញ គឺគាត់ពិបាកក្នុងការឆ្លើយប្រាប់យើងចេញពីបេះដូងដូចយុវជនណាស់ អ៊ីចឹងទេនៅពេលដែលយើងធ្វើការស្រាវជ្រាវស៊ីជម្រៅជាមួយមិត្តភក្ដិគាត់ហ្នឹង គឺគាត់បានឆ្លើយថាបានទៅលេងជាមួយសង្សារគាត់ សង្សារគាត់បានឲ្យអីគាត់ ហើយគាត់បានទៅលេងនៅកន្លែងដូចជាបាក់ខែង ដូចជានៅខារ៉ាអូខេ ដូចជានៅកន្លែងក្លឹបកម្សាន្តផ្សេងៗទៀត ជាមួយនឹងសង្សាររបស់គាត់ ហើយគាត់ក៏បានចូលរួមរួមភេទ ហើយពេលខ្លះគាត់ប្រាប់ថា គាត់រួមភេទលើកទី១ដែរនៅថ្ងៃហ្នុង»។
ទោះជាយ៉ាងនេះក្តី លោក សុប្រាជ្ញ បញ្ជាក់ថា យុវនារីនៅមានចំនួនតិចតួចបំផុតដែលត្រៀមខ្លួនថា នឹងរួមភេទជាមួយសង្សារក្នុងឱកាសបុណ្យនេះ ៖ «សម្រាប់យុវនារីដែលគ្មានគូសង្សារហ្នឹង គឺគាត់ឆ្លើយថា គាត់មិនអាចរួមភេទនៅថ្ងៃហ្នឹងទេ ចំណែកឯយុវនារីដែលមានគូសង្សារ មានតិចតួចបំផុតដែលគាត់នឹងអាចរួមភេទនៅថ្ងៃហ្នុង មានក្នុងចំណោមការសិក្សាហ្នឹង។ ហើយសម្រាប់យុវជនគឺឃើញមានភាគរយខ្ពស់បន្តិចដែរ»។
ដែលលោក តុង សុប្រាជ្ញ បារម្ភក្នុងបញ្ហានេះ គឺសុខភាពរបស់សមាជិកយុវវ័យ ដែលរួមមាន ការប្រថុយប្រថាននឹងជំងឺអេដស៍ និងការមានផ្ទៃពោះដោយមិនបានគ្រោងទុក។
ក្នុងការស្រាវជ្រាវរបស់លោកមានកត់សម្គាល់ថា ទោះបីជាក្នុងបទសម្ភាសន៍ ភាគច្រើនបាននិយាយថា ពួកគេប្រើប្រាស់ស្រោមអនាម័យដែលអាចបញ្ជាក់ថា ពួកគេមានការយល់ដឹងអំពីបញ្ហាសុខភាពផ្លូវភេទនិងសុខភាពបន្តពូជក៏ដោយ ក៏មានករណីបង្ខំខ្លះដែរ។ ទាំងនេះព្រោះថា ថ្វីបើនៅក្នុងសង្គមខ្មែរ ឪពុកម្តាយនៅក្បិតក្បៀតខ្លះៗនៅឡើយ តែខ្លះក៏នៅមានឱកាស។
លោក តុង សុប្រាជ្ញ មានប្រសាសន៍បន្ថែមដូច្នេះទៀតថា ៖ «ជាពិសេសយុវនារី ឪពុកម្ដាយខ្មែរយើងមានលក្ខណៈក្បិតក្បៀតបន្តិចដែរ ប៉ុន្តែនៅថ្ងៃហ្នឹង គឺគាត់មានឱកាស គាត់ឆក់យកឱកាសថ្ងៃនោះ ដែលគាត់អាចចេញក្រៅបាន ហើយគាត់មានជួបជាមួយយុវជនដែលគាត់មានទំនោរខាងផ្លូវភេទ ឬមួយក៏អាចទាក់ទងតាមរយៈផ្ដល់ជាកាដូមានតម្លៃ ដូចជាចិញ្ចៀន ខ្សែកអីអ៊ីចឹងទៅ គាត់អាចទាក់ទាញបាន ហើយគាត់ឆ្លៀតឱកាសហ្នឹងគាត់អាចរួមភេទបាន»។
លោកអនុបណ្ឌិតផ្នែកសុខភាពសាធារណៈ តឿនអំពីចំណុចដែលមិនគួរប្រតិបត្តិយ៉ាងដូច្នេះ ៖ «យុវជនជាច្រើនដែលគាត់គេងនៅផ្ទះសំណាក់ ហើយពេលខ្លះគាត់បើកទូរទស្សន៍ ហើយគាត់បង្ខំមិត្តស្រីរបស់គាត់ឲ្យមើលដើម្បីស្រើបស្រាលក្នុងការរួមភេទ អ៊ីចឹងទេអាហ្នឹងជាចំណុចដែលមិនល្អ ដែលគាត់ប្រើ គេហៅថា ទំនាក់ទំនងផ្លូវភេទដែលមិនមានការយល់ព្រម។ ទី២ទៀត ឧទាហរណ៍ដូចថាគាត់ប្រើប្រាស់មិនបានរក្សាភាពស្មោះត្រង់មិត្តសង្សារ ដែលជាក់ច្បាស់ថា សង្សារគាត់មិនអីទេ ស្អាត កូនអ្នកមាន ឬក៏នៅក្មេងអ៊ីចឹងប្រហែលជាអត់អីទេ មើលទៅរួមភេទទៅមិនបាច់ប្រើស្រោមអនាម័យ នេះជាចំណុចដែលមិនល្អ ដែលប្រសិនបើគាត់ធ្លាក់ខ្លួនទៅក្នុងការរួមភេទ»។
តាមការស្រាវជ្រាវ បញ្ហាបណ្តែតបណ្តោយកូនស្រីនៅរាត្រីបុណ្យ វ៉ាឡិនថាញន៍ ដែលអាចបណ្តាលឲ្យបាត់បង់ភាពបរិសុទ្ធរហូតដល់មានករណីខ្លះមានផ្ទៃពោះនិងមានបញ្ហាស្មុគស្មាញតាមមក កត្តាមួយសំខាន់ គឺបញ្ហាសេដ្ឋកិច្ច។
លោក តុង សុប្រាជ្ញា ថ្លែងដូច្នេះថា ៖ «តាមអង្កេតគឺឃើញថា ដោយសារភាពរីកចម្រើននៃសេដ្ឋកិច្ចនៅក្នុងស្រុកខ្មែរយើង ជាពិសេសអ្នកនៅក្រុងភ្នំពេញយើងមានការរីកចម្រើន អ្នកមានមួយចំនួនគឺផ្ដោតទៅលើការរកស៊ីខ្លាំង ដូច្នេះគាត់ចាកឆ្ងាយពីកូនចៅរបស់គាត់ កន្លែងចំណុចហ្នឹងមួយជាចំណុចសំខាន់ដែរ កូនគាត់ដែលធូរធារ អ៊ីចឹងទេជាឱកាសរបស់កូនដែលគាត់មិនបាននៅកៀកកូនគាត់ ដូចកាលពីជំនាន់ដើម ដូចកាលពីគាត់មិនទាន់ធូរធារ គាត់ផ្ដោតទៅលើកូនចៅ នៅពេលដែលគាត់ធូរធារទំនោរគាត់ហាក់បីដូចជាគាត់ទៅរកការរកស៊ី ឬមួយក៏ការសប្បាយរបស់គាត់ ឃ្លាតឆ្ងាយពីអ្វីដែលកូនគាត់ប្រព្រឹត្តបាន»។
លោក តុង សុប្រាជ្ញ ឲ្យដឹងថា ក្នុងការសាកសួរសមាជិកយុវវ័យដែលលោកសម្ភាសក្នុងកិច្ចសិក្សានេះស្ទើរតែ ១០០% មិនបានទទួលការអប់រំឬព័ត៌មានពីមាតាបិតាលើឱកាសនេះឡើយ ៖ «អ៊ីចឹងទេ ក្នុងការស្រាវជ្រាវនេះ ក៏ខ្ញុំផ្ដល់ជាអនុសាសន៍ដល់ឪពុកម្ដាយដែលគាត់ជួយមើលថែទាំកូន ជាពិសេសផ្ដល់ព័ត៌មានទាក់ទងទៅនឹងសុខភាពផ្លូវភេទ»។
លោក តុង សុប្រាជ្ញ មានប្រសាសន៍បញ្ចប់ថា ការស្រាវជ្រាវរបស់លោក ពុំមែនជាការទម្លាក់កំហុសទៅលើនរណាទាំងអស់ ៖ «គឺគ្រាន់តែអ្វីដែលជារបកគំហើញ ដែលអាចកើតមានឡើង ហើយយើងជួយទប់ស្កាត់ ឬមួយក៏យើងផ្ដល់ជាចំណេះដឹងទៅលើគាត់ ឲ្យគាត់មានសុវត្ថិភាព ហើយនិងមានការទទួលខុសត្រូវផ្នែកផ្លូវភេទរបស់យុវជន ក៏ដូចជាយុវនារីដែរ»៕
