ទស្សនៈ​ជុំវិញ​ការ​បើក​ឲ្យ​ក្រុមហ៊ុន​ឯកជន​ចង​សម្ព័ន្ធ​ភាព​ជាមួយ​ទ័ព

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ​បាន​បញ្ចេញ​ទស្សនៈ​ចំពោះ​ការ​ដែល​រដ្ឋាភិបាល​កម្ពុជា​បើក​ឲ្យ​ស្ថាប័ន​រដ្ឋ​និង​ក្រុមហ៊ុន​ឯកជន​ចង​សម្ព័ន្ធភាព​ដោយ​ផ្ទាល់​ជាមួយ​វិស័យ​ការពារ​ប្រទេស។

0:00 / 0:00

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ឯកជន និង​ស្ថាប័ន​រដ្ឋ​ចង​សម្ព័ន្ធ​មេត្រី​ភាព​ជាមួយ​វិស័យ​ការពារ​ជាតិ​នោះ ថា​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិច្ចការ​យោធា និង​អាច​ជា​ប្រភព​នៃ​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។

អ្នក​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក លោក ចាន់ សុវ៉េត មាន​ប្រសាសន៍​ថា លោក​សូម​សរសើរ​ចំពោះ​កិច្ច​ខិត​ខំ​ប្រឹងប្រែង​របស់​លោក​នាយក​រដ្ឋមន្រ្តី​ក្នុង​ការ​ចង់​ឲ្យ​មាន​សាមគ្គី​ភាព​នេះ ប៉ុន្តែ​ការ​ចូលរួម​នោះ​គួរតែ​មាន​ការ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ល្អិតល្អន់​ជា​មុន ដោយ​លោក​ព្រួយ​បារម្ភ​ថា ក្រុមហ៊ុន​ដែល​មាន​លុយ​និង​មាន​អំណាច​ទាំង​នោះ​អាច​កេង​ចំណេញ​ពី​យោធា ហើយ​ប្រើប្រាស់​សម្រាប់​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន។

លោក ចាន់ សុវ៉េត បាន​បញ្ជាក់​ថា ៖ «បញ្ហា​សំខាន់​គឺ​យើង​គិត​ថា ទាល់​តែ​មាន​ការ​ចូលរួម​ហើយ​ពិនិត្យ​មើល ហើយ​ពិនិត្យ​ទាំង​អស់​គ្នា​ឲ្យ​មាន​តម្លាភាព។ កុំ​ឲ្យ​យក​លេស​អំពី​ការពារ​ជាតិ​ទៅ​បំផ្លិច​បំផ្លាញ​ព្រៃ​ឈើ ទៅ​រុក​រាន​ទន្រ្ទាន​យក​ដី ដណ្តើម​យក​ដី​របស់​ប្រជាពលរដ្ឋ​អី​អ៊ីចឹង​ជាដើម»

លោក ចាន់ សុវ៉េត មាន​ប្រសាសន៍​បន្ត​ថា លោក​នាយក​រដ្ឋមន្រ្តី​គួរតែ​អំពាវនាវ​ឲ្យ​មាន​សប្បុរស​ជន ឬ​ក្រុមហ៊ុន​នានា​ផ្តល់​ជា​មូលនិធិ ឬ​ជា​មធ្យោបាយ​ផ្សេងៗ​ដោយ​មិន​គិត​ពី​ការ​រកស៊ី​ហ៊ុន​គ្នា​នោះ វា​ការ​ប្រសើរ​ជាង។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​មន្រ្តី​សង្គម​ស៊ីវិល​នោះ ក្រុម​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា​និយាយ​ថា ការ​ចូលរួម​ឧបត្ថម្ភ​របស់​ក្រុមហ៊ុន​ឯកជន ស្ថាប័ន​ស៊ីវិល ជាមួយ​នឹង​វិស័យ​យោធា​ជា​សិល្បៈ​នៃ​ការ​ចែក​រំលែក ហើយ​ក៏​ជា​វប្បធម៌​និង​ប្រពៃណី​របស់​ខ្មែរ​ផងដែរ។

អ្នក​នាំ​ពាក្យ​នៃ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ការ​ជួយ​ទំនុក​បម្រុង​របស់​សប្បុរស​ជន​ដល់​កង​ទ័ព​គឺ​ធ្វើ​ឡើង​ដោយ​ស្ម័គ្រ​ចិត្ត និង​មិន​បាន​រង​ឥទ្ធិពល​អ្វី​ឡើយ។

លោក​បន្ថែម​ថា ប្រសិន​បើ​មាន​អ្នក​ប្រព្រឹត្ត​ល្មើស​ដោយសារ​អាង​ទៅ​លើ​ការ​ជួយ​ដល់​វិស័យ​កង​ទ័ព​មែន កម្ពុជា​មាន​ច្បាប់​គ្រប់គ្រាន់​ក្នុង​ការ​ដាក់​ទោស​ទណ្ឌ។

លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​ថា ៖ «យើង​ដឹង​ហើយ​មិន​មែន​បាន​សេចក្តី​ថា អ្នក​ហ្នឹង​មាន​គុណ​សក្ការៈ​ទៅ​លើ​កង​ទ័ព ហើយ​មិន​អាច​ប៉ះពាល់​អ្វី​បាន​នោះ គឺ​មិន​មែន​អ៊ីចឹង​ទេ!»

នៅ​ពេល​ចុះ​សួរ​សុខ​ទុក្ខ​កង​អង្គភាព​ចម្រុះ​យោធ​ភូមិភាគ​ទី​៥ ក្នុង​ស្រុក​សំឡូត ខេត្ត​បាត់ដំបង កាល​ពី​ខែ​កុម្ភៈ លោក​នាយក​រដ្ឋមន្រ្តី​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ឯកជន និង​ស្ថាប័ន​រដ្ឋ​ចង​សម្ព័ន្ធភាព​ជាមួយ​នឹង​កង​យោធា​ឲ្យ​កាន់​តែ​មាន​ភាព​ជិតស្និទ្ធ​ថែម​ទៀត។

លោក​នាយក​រដ្ឋមន្រ្តី​បាន​ថ្លែង​ថា ៖ «ដូច្នេះ​ហើយ​បាន​ជា​យើង​បាន​ខិតខំ​ចលនា​នៃ​ស្ថាប័ន​រដ្ឋ​ចង​សម្ព័ន្ធភាព​ជាមួយ​នឹង​កង​កម្លាំង​ប្រដាប់​អាវុធ ទាំង​កង​ទ័ព ជា​ពិសេស​គឺ​កង​ទ័ព ហើយ​រយៈពេល​ចុង​ក្រោយ​នេះ​យើង​ក៏​បាន​ធ្វើ​សម្ព័ន្ធភាព​រវាង​កង​ទ័ព​ជាមួយ​ស្ថាប័ន​រដ្ឋ និង​ក្រុមហ៊ុន​ឯកជន»

តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី លោក សុន ឆ័យ មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​លូក​ដៃ​របស់​វិស័យ​ឯកជន​និង​ស្ថាប័ន​រដ្ឋ​ចូល​ក្នុង​វិស័យ​កង​ទ័ព​នោះ ថា​អាច​ជា​ប្រភព​នៃ​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ឬ​អាច​ជា​ការ​កេង​យក​ផល​ប្រយោជន៍​ពី​ឥទ្ធិពល​របស់​កង​ទ័ព។

លោក សុន ឆ័យ បាន​អះអាង​ថា ៖ «បើ​គាត់​យក​លុយ​ផ្ទាល់​ខ្លួន​គាត់ យើង​សួរ​ថា គាត់​ធ្វើ​យ៉ាង​ម៉េច​បាន​លុយ​ផ្ទាល់​ខ្លួន​នោះ​ទៅ​ផ្តល់​ឲ្យ​ទ័ព? មិន​មាន​ន័យ​ថា គាត់​ត្រូវតែ​ប្រព្រឹត្ត​បទល្មើស​ផ្សេង​ទៀត ឬ​ក៏​ធ្វើ​អំពើ​មិន​ត្រឹមត្រូវ​ណា​មួយ ដូច​ជា​អំពើ​ពុក​រលួយ ឬ​ស្អី​មួយ​ដើម្បី​ឲ្យ​បាន​ថវិកា​នោះ​ទៅ​ឲ្យ។ ហើយ​វិស័យ​ឯកជន​ដូច​គ្នា​ដែរ គេ​មិន​អាច​យក​ប្រាក់​គេ​ទៅ​ជួយ​ដោយ​ទុក​ឲ្យ​គេ​បាត់បង់​ផល​ប្រយោជន៍​ទេ។ ដូច្នេះ​គេ​ត្រូវ​គិត​ពី​ការងារ​ម្យ៉ាង​ដែល​គេ​អាច​ធ្វើ​បាន ដូច​ជា​ការ​មិន​បង់​ពន្ធ​ដារ ដោយ​គេ​សំអាង​ថា គេ​បាន​ចំណាយ​ជា​ជំនួយ​ទៅ​លើ​កង​ទ័ព​ហើយ ឬ​ក៏​គេ​ប្រើប្រាស់​ឥទ្ធិពល​របស់​កង​ទ័ព​ដើម្បី​គេ​រក​ប្រាក់​ចំណូល​ណា​មួយ​ផ្សេង​ដែល​ជា​អំពើ​ខុស​ច្បាប់»

លោក​បន្ត​ថា លោក​នៅ​មិន​ទាន់​ឃើញ​មាន​ប្រទេស​ណា​មួយ​អនុវត្ត​ដូច​ប្រទេស​កម្ពុជា​នោះ​ឡើយ ហើយ​ថា ប្រទេស​ខ្លះ​រដ្ឋ​បាន​ជួយ​ទំនុក​បម្រុង​ដើម្បី​ប្រកប​របរ​កសិកម្ម ឬ​កសិ​ឧស្សាហកម្ម​នានា ដែល​អាច​ធ្វើ​ឲ្យ​វិស័យ​យោធា​នៃ​ប្រទេស​នោះ​អាច​រក​ចំណូល​ជួយ​ដល់​ស្ថាប័ន​របស់​គេ​បាន។

លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​ថា ៖ «នៅ​ប្រទេស​វៀតណាម​គេ​ធ្វើ​បាន​ខ្លះ​ដោយសារ​កង​ទ័ព​របស់​គេ​បង្កើត​ជា​ក្រុមហ៊ុន​រកស៊ី។ មាន​ក្រុមហ៊ុន​ខ្លះ​គេ​រកស៊ី​ខាង​ចម្ការ​កៅស៊ូ ក្រុមហ៊ុន​ខ្លះ​គេ​រកស៊ី​ខាង​ចម្ការ​កាហ្វេ ប៉ុន្តែ​ក៏​ក្រុមហ៊ុន​នោះ​ជា​ក្រុមហ៊ុន​ផ្នែក​នៃ​កង​ទ័ព​គេ។ រដ្ឋាភិបាល​ផ្ដល់​ធនធាន​ដើម្បី​ឲ្យ​កង​ទ័ព​ផ្នែក​នីមួយៗ​នោះ​រកស៊ី​វិស័យ​ផ្សេងៗ ដើម្បី​ជួយ​រក​ប្រាក់​បន្ថែម​ក្នុង​ការ​ផ្គត់ផ្គង់​ដល់​ទ័ព​របស់​គេ និង​គ្រួសារ​ទ័ព​របស់​គេ។ អា​ហ្នឹង​គឺ​ថា​មាន​លក្ខណៈ​ប្លែក​ពី​ប្រទេស​យើង ដែល​កង​ទ័ព​យើង​មិន​មាន​ផ្នែក​ណា​មួយ​ដែល​រកស៊ី​បែប​នោះ​ទេ»

ទាក់ទិន​នឹង​បញ្ហា​នេះ លោក ងួន ញិល តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន មណ្ឌល​ខេត្ត​កំពង់ធំ បាន​បកស្រាយ​តាម​ទូរស័ព្ទ​ថា ការ​អំពាវនាវ​របស់​លោក​នាយក​រដ្ឋមន្រ្តី​ឲ្យ​មាន​ក្រុមហ៊ុន​ឯកជន និង​ស្ថាប័ន​រដ្ឋ​ចង​សម្ព័ន្ធភាព​ជាមួយ​ស្ថាប័ន​ការពារ​ប្រទេស​នោះ គឺ​មិន​មែន​ជា​ការ​បង្ខិត​បង្ខំ ឬ​តម្រូវ​ឲ្យ​ចង​សម្ព័ន្ធ​ភាព​នោះ​ឡើយ។

លោក ងួន ញិល បាន​បញ្ជាក់​ថា ៖ «ការ​ដែល​ប្រកាស​នូវ​សម្ព័ន្ធភាព​ដើម្បី​លើក​ទឹក​ចិត្ត​កង​កម្លាំង​ប្រដាប់​អាវុធ​នេះ​ជា​រឿង​មួយ ការ​អំពាវនាវ​ទេ មិន​ដាក់​ជា​កម្រិត​ចេញ​ជា​ក្រឹត្យក្រម សារាចរ​អី​ទេ ប៉ុន្តែ​ថា​ជា​ទឹក​ចិត្ត​នៃ​ការ​ស្នេហា​ជាតិ និង​មាតុភូមិ​របស់​ប្រជាជន​កម្ពុជា​នៅ​ទូទាំង​ប្រទេស​នោះ វា​ធំធេង​ណាស់!»

ទីភ្នាក់ងារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​មិន​យល់​ស្រប​ចំពោះ​ការ​បើក​ផ្លូវ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ឯកជន​ចង​ចំណង​ទាក់ទង​ជាមួយ​កង​ទ័ព​នោះ​ទេ ហើយ​ថា ស្ថាប័ន​យោធា​គួរ​ប្រើប្រាស់​ថវិកា​ជាតិ​របស់​ខ្លួន​វិញ។

ក្រុមហ៊ុន​ឯកជន​ជា​ច្រើន​កំពុង​ខ្នះខ្នែង​ចូលរួម​ជាមួយ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ក្នុង​ការ​ឧបត្ថម្ភ​ជា​ថវិកា​និង​សម្ភារៈ​ដល់​កង​យោធពល​ខេមរ​ភូមិន្ទ។ ក្រុមហ៊ុន​ទាំង​នោះ​រួម​មាន 7NG ដែល​ធ្លាប់​មាន​បញ្ហា​ដី​ធ្លី​ជាមួយ​ប្រជាពលរដ្ឋ, ក្រុមហ៊ុន​ទូរស័ព្ទ Mobitel និង​ក្រុមហ៊ុន​ផ្សេងៗ​ជា​ច្រើន​ទៀត។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក ឈុំ សុជាតិ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​របស់​កម្ពុជា។

លោក ប្រេត អាដាមស៍ (Brad Adams) ដែល​ជា​នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch ដែល​មាន​ការិយាល័យ​កណ្តាល​ក្នុង​បុរី New York មាន​ប្រសាសន៍​ថា កិច្ចការ​ប្រឡូក​ប្រឡាក់​រវាង​ក្រុមហ៊ុន​ឯកជន​ជាមួយ​នឹង​វិស័យ​យោធា​ដូច្នេះ​អាច​ធ្វើ​ឲ្យ​យោធា​របស់​កម្ពុជា​កាន់​តែ​បាត់​បង់​នូវ​វិជ្ជាជីវៈ​និង​ការ​ទទួល​ខុស​ត្រូវ។

លោក ប្រេត អាដាមស៍ បាន​មាន​ប្រសាសន៍​ថា ៖ "កង​កម្លាំង​យោធា​គឺ​ជា​កង​កម្លាំង​សម្រាប់​បម្រើ​ផល​ប្រយោជន៍​ប្រជាជន​ក្នុង​ប្រទេស មិន​មែន​សម្រាប់​ក្រុមហ៊ុន​ឯកជន​ណា​មួយ​នោះ​ឡើយ។ ប្រសិន​បើ​កម្ពុជា​ចង់​បាន​យោធា​ខ្លួន​ដែល​មាន​ស្តង់ដារ​ខ្ពស់ ប្រកប​ដោយ​វិជ្ជាជីវៈ​នោះ រដ្ឋាភិបាល​មិន​ត្រូវ​ឲ្យ​ក្រុមហ៊ុន​ទាំង​ឡាយ​ចង​សម្ព័ន្ធភាព​ជាមួយ​យោធា​នោះ​ឡើយ។ ដូច្នេះ​បញ្ហា​នេះ​វា​កាន់តែ​ធ្វើ​ឲ្យ​យោធា​ខ្វះ​ការ​ទទួល​ខុស​ត្រូវ កាន់​តែ​រំលោភ​អំណាច និង​កាន់​តែ​មាន​គម្លាត​ពី​យោធា​និង​ប្រជាពលរដ្ឋ ដែល​ពួក​គេ​តម្រូវ​ឲ្យ​បម្រើ​ផល​ប្រយោជន៍​ដល់​ពលរដ្ឋ​នោះ។ ខ្ញុំ​គិត​ថា នេះ​គ្រាន់​តែ​ជា​ការ​រក​លុយ​សម្រាប់​លោក ហ៊ុន សែន តែ​ប៉ុណ្ណោះ"

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាតិ បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​អ្វី​ដែល​លោក​ហៅ​ថា ជា​គំនិត​ទុទ្ទិដ្ឋិនិយម​មក​លើ​កង​យោធពល​ខេមរ​ភូមិន្ទ​យ៉ាង​ដូច្នេះ ៖ «ខ្ញុំ​សូម​ជម្រាប​ថា កង​យោធពល​ខេមរ​ភូមិន្ទ​របស់​យើង​ហ្នឹង​លោក​មាន​វិន័យ មាន​ច្បាប់​ទម្លាប់​ដូច​ជា​ប្រជាពលរដ្ឋ​ទាំង​អស់​គ្នា​ដែរ។ ហើយ​ជា​ពិសេស​ទៀត នៅ​ក្នុង​សិក្ខាសាលា​ក្នុង​ពេល​ថ្មីៗ ថ្ងៃ​ទី​២៧ ២៨ ខែ​កន្លង​មក​នេះ សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន លោក​បាន​ដាក់​វិន័យ​តឹង​ណាស់​ចំពោះ​មេទ័​ព​ទាំង​អស់​ដែល​ចូលរួម​ជាង ៥០០​នាក់​ក្នុង​ការ​ប្រជុំ​នៅ​ក្រសួង​ការពារ​ជាតិ​ហ្នឹង។ លោក​បាន​មាន​ប្រសាសន៍​ហើយ​ថា ដាច់ខាត​មិន​ឲ្យ​ចូលរួម​ជាមួយ​ឈ្មួញ មិន​ឲ្យ​ធ្វើ​ខ្នង​ឲ្យ​ឈ្មួញ ឬ​មិន​ឲ្យ​ធ្វើ​អ្វី​ដែល​ខុស​ច្បាប់​ទេ ដូច​ជា​រាន​ព្រៃ ដូច​ជា​កាប់​ឈើ ដូច​ជា​នេសាទ​អី។ លោក​បាន​ដាក់​វិន័យ​តឹងរ៉ឹង​ណាស់»

កាល​ពី​ខែ​កុម្ភៈ​ក្នុង​អំឡុង​ចុះ​សួរ​សុខ​ទុក្ខ​កង​ទ័ព​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ លោក ហ៊ុន សែន បាន​ប្រកាស​ដាច់ខាត​មិន​ឲ្យ​កង​យោធា​ដែល​កំពុង​ការពារ​បូរណភាព​ទឹក​ដី​ឆ្លៀត​ឱកាស​កាប់​បំផ្លាញ​ព្រៃ​ឈើ និង​ឃុបឃិត​ជាមួយ​ឈ្មួញ​ខុស​ច្បាប់។

តែ​នៅ​ក្រោយ​ការ​ប្រកាស​នោះ​បន្តិច ក្រុម​អ្នក​ភូមិ​ដែល​រស់​នៅ​ក្នុង​តំបន់​ព្រៃ​ស្អាក​ជា​ព្រៃ​ជម្រក​សត្វ​របស់​ឧទ្យាន​ជាតិ​គូលែន ព្រំទេព្វ ស្ថិត​នៅ​តាម​ផ្លូវ​លេខ​៦៧ ពី​ខេត្ត​សៀមរាប​ទៅ​ខេត្ត​ឧត្តរមានជ័យ និយាយ​ថា ក្រុម​យោធា​និង​ពួក​ឈ្មួញ​កំពុង​ចូល​ដៃ​គ្នា​កាប់​បំផ្លាញ​ឈើ​ដែល​មាន​មុខ​កាត់​ពី ១​ម៉ែត្រ ទៅ​ជាង ១​ម៉ែត្រ​យ៉ាង​រេចរឹល ហើយ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​គេ​នៅ​មិន​ទាន់​ឃើញ​មាន​ចំណាត់ការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​បង្រ្កាប​សកម្មភាព​នោះ​នៅ​ឡើយ​ទេ៕