កម្ពុជា​ត្រៀម​រៀបចំ​ពិធី​បុណ្យ​អុំ​ទូក

ព្រះរាជ​​ពិធី​បុណ្យ​អុំ​ទូក​នៅ​កម្ពុជា ដែល​ត្រូវ​ប្រារព្ធ​ធ្វើ​ឡើង​ក្នុង​មួយ​ឆ្នាំ​ម្ដង​នោះ នឹង​ប្រព្រឹត្ត​ទៅ​រយៈ​ពេល​បី​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ខាង​មុខ​នេះ។

0:00 / 0:00

លោក ជា សុខុម អគ្គលេខាធិការ​រៀបចំ​បុណ្យ​ជាតិ​និង​អន្តរជាតិ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ឲ្យ​ដឹង​ថា ក្នុង​ព្រះរាជ​​ពិធី​បុណ្យ​អុំ​ទូក​ឆ្នាំ​នេះ ចំនួន​ទូក​ដែល​គណៈកម្មាធិការ​រៀបចំ​បុណ្យ​ជាតិ​ទទួល​បាន​គិត​ត្រឹម​ថ្ងៃ​ទី​២០ ខែ​តុលា​នេះ មាន​ចំនួន​ត្រឹម​តែ​៣៨៤​ទូក​ប៉ុណ្ណោះ ប៉ុន្តែ​ចំនួន​នេះ​នឹង​មាន​ការ​កើន​ឡើង​បន្ត​ទៀត ព្រោះ​នៅ​មាន​ប្រជាពលរដ្ឋ​ដែល​ជា​កីឡាករ​អុំ​ទូក​នៅ​បន្ត​មក​ចុះ​ឈ្មោះ​នៅ​ឡើយ។

ដោយ​ឡែក​ចំនួន​ប្រទីប​ដែល​បាន​ចូល​រួម​ក្នុង​ពិធី​បុណ្យ​អុំ​ទូក​ឆ្នាំ​នេះ លោក ជា សុខុម បញ្ជាក់​ថា ក៏​មាន​ចំនួន​តិច​ជាង​ឆ្នាំ​កន្លង​ទៅ​ដែរ ដោយ​នៅ​ឆ្នាំ​នេះ​មាន​ប្រទីប​សរុប​ទាំង​អស់​តែ​ចំនួន​៩​ប៉ុណ្ណោះ។

លោក ជា សុខុម មាន​ប្រសាសន៍​ដូច្នេះ ៖ «កម្រិត​ទូក​ប្រៀប​ធៀប​នៅ​ឆ្នាំ​ទៅ ទូក​អាច​ថយ​ចុះ​ជាង​ឆ្នាំ​ទៅ។ ឆ្នាំ​ទៅ​យើង​ឡើង​បាន​ដល់​៤០០​ជាង តែ​ឆ្នាំ​នេះ​តាម​យើង​ធ្វើ​ការ​បូក​សរុប​ហើយ យើង​ទទួល​បាន​៣៨៤​ទូក។ ក្នុង​គោលការណ៍​យើង​បិទ​បញ្ជី​នៅ​ថ្ងៃ​១៥ ប៉ុន្តែ​ទូក​ចេះ​តែ​មក​ទៀត មាន​សំណូម​ពរ​សុំ យើង​ក៏​ចេះ​តែ​ដោះ​ស្រាយ​ជូន ដើម្បី​ធ្វើ​ម៉េច​ឲ្យ​បង​ប្អូន​បាន​មក​សប្បាយ​រីករាយ​នៅ​ក្នុង​ឱកាស​បុណ្យ​ហ្នឹង។ ប្រទីប​ឆ្នាំ​នេះ​ជា​ផ្លូវ​ការ​តែ​៧​ទេ ប៉ុន្តែ​ក្រសួង​ទេសចរណ៍​លោក​សុំ​មួយ ឡើង​៨ ឥឡូវ​សាលា​រាជធានី​ភ្នំពេញ លោក​សុំ​មួយ​ទៀត​ឡើង​ដល់​៩»

មន្ត្រី​គណៈកម្មាធិការ​បុណ្យ​ជាតិ​បន្ត​ឲ្យ​ដឹង​ទៀត​ថា ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​ឆ្នាំ​នេះ គឺ​ទឹក​ទន្លេ​មាន​ទំហំ​ធំ ប្រជាពលរដ្ឋ​អ្នក​ទស្សនា​មិន​អាច​អង្គុយ​មើល​ទូក​តាម​ច្រាំង​ទន្លេ​បាន​ដូច​ឆ្នាំ​មុន​ឡើយ។ ទឹក​មាន​ទំហំ​ធំ​នេះ គឺ​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​កីឡាករ​អុំ​ទូក​ផង​ដែរ។ ត្រង់​ចំណុច​នេះ លោក ជា សុខុម បាន​បញ្ជាក់​ថា អាជ្ញាធរ​បាន​រៀងចំ​ជា​ស្រេច កម្លាំង​និង​សម្ភារៈ ដូចជា​អូប័រ​ទុក​ជួយ​សង្គ្រោះ​ក្នុង​ឧបទ្ទវហេតុ​លិចលង់​ណា​មួយ ដែល​អាច​នឹង​កើត​មាន​ឡើង​ទៅ​លើ​កីឡាករ​អុំទូក។

លោក ជា សុខុម មាន​ប្រសាសន៍​បញ្ជាក់​ដូច្នេះ ៖ «សម្ដេច​ចៅហ្វា​វាំង​ប្រធាន ក៏​លោក​បាន​លើក​ឡើង​ពី​ពី​បញ្ហា​ការ​រៀបចំ​នៅ​ខាង​លើ ដូច​កន្លែង​ខ្លះ​មាន​ភោជនីយដ្ឋាន កន្លែង​កំពង់ផែ​អី​ហ្នឹង លោក​បាន​ប្រជុំ​ឯកភាព​ឲ្យ​រៀបចំ​មាន​រនាំង មាន​បាំង​អី​ដើម្បី​កុំ​ឲ្យ​ទឹក​ហូរ​កួច​ទូក​ចូល​ទៅ​ក្នុង​ដូច​ពី​ឆ្នាំ​មុនៗ​ទៀត ព្រោះ​ឆ្នាំ​មុនៗ​យើង​ពិនិត្យ​ឃើញ​ទូក​របស់​សិង្ហបុរី​ទូក​អី​លិច​ទៅ បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​កីឡាករ​ទៅ ហើយ​ឆ្នាំ​នេះ​ក៏​យើង​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​រក្សា​សន្តិសុខ ការពារ​ក្រែងលោ​មាន​ការ​លិច​ទូក​អី មាន​ផល​វិបាក​ដោយសារ​ទឹក​វា​ធំ អ៊ីចឹង​យើង​ក៏​មាន​បង្កើន​អូប័រ កាណូត​សង្រ្គោះ​ឲ្យ​បាន​ច្រើន ឲ្យ​ស្រប​តាម​កាលៈទេសៈ»

លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ច័ន្ទ (១៩ តុលា) នេះ បាន​កោះ​ប្រជុំ​ធ្វើការ​ណែនាំ​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដែន​ដី ក៏​ដូច​ជា​ខណ្ឌ​ដូនពេញ ធ្វើ​យ៉ាង​ណា​ត្រូវ​ហាមឃាត់​ការ​លក់​ដូរ​បែប​អនាធិបតេយ្យ ការ​ចត​ទូក កាណូត​ទេសចណ៍ ភោជនីយដ្ឋាន​បណ្តែត​ទឹក​នៅ​តាម​មាត់​ច្រាំង​ទន្លេ​ចាប់​ពី​មុខ​ព្រះបរម​រាជ​វាំង រហូត​ដល់​មុខ​ផ្សារ​ចាស់ និង​ត្រូវ​សម្អាត​ទីធ្លា​ឲ្យ​មាន​សោភណភាព​ឲ្យ​បាន​ស្អាត​មុន​បុណ្យ​អុំ​ទូក​ចូល​មក​ដល់។ លោក កែប ជុតិមា បញ្ជាក់​ថា ទូក កាណូត​ទាំងអស់​និង​អ្នក​លក់​ដូរ ត្រូវ​​ហាម​ឃាត់​មិន​ឲ្យ​ចូល ឬ​ចត​ជិត​ទីតាំង​ប្រារព្ធ​ពិធី​បុណ្យ​អុំ​ទូក​ឡើយ។

លោក សុខ សម្បត្តិ អភិបាល​ខណ្ឌ​ដូនពេញ មាន​ប្រសាសន៍​ថា បន្ទាប់​ពី​ទទួល​បាន​ការ​ណែនាំ​ពី​ប្រមុខ​រដ្ឋាភិបាល ក៏​ដូច​ជា​គណៈ​បញ្ជាការ​ឯកភាព​រាជធានី ក្នុង​ការ​រឹត​បន្តឹង​សន្តិសុខ​សុវត្ថិភាព​ដល់​ថ្នាក់​ដឹកនាំ ក៏​ដូច​ជា​ប្រជាពលរដ្ឋ ដែល​បាន​មក​ចូល​រួម​ក្នុង​ពិធី​បុណ្យ​អុំ​ទូក​នៅ​ឆ្នាំ​នេះ សាលា​ខណ្ឌ​ដូនពេញ បាន​ដាក់​ពង្រាយ​កន្លង​សមត្ថកិច្ច​ជំនាញ​ជាង​៣០០​នាក់ និង​មាន​ការ​សហការ​ពី​កម្លាំង​កង​អង្គរក្ស​និង​នគរបាល​នៃ​ស្នងការដ្ឋាន​ក្រុង​ភ្នំពេញ រួម​ជាមួយ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ដទៃ​ទៀត​សរុប​ទាំង​អស់​ជិត​៥.០០០​នាក់ ដោយ​បាន​ដាក់​ពង្រាយ​នៅ​គ្រប់​ផ្លូវ​ចេញ​ចូល​ឆ្ពោះ​ទៅ​កាន់​វេទិកា​បុណ្យ​អុំ​ទូក។

លោក សុខ សម្បត្តិ មាន​ប្រសាសន៍​ដូច្នេះ ៖ «ក្នុង​នោះ​គឺ​យើង​ប្រើ​ប្រាស់​កម្លាំង​សរុប​របស់​កងកម្លាំង​ទាំង​ពីរ​ប្រភេទ មាន​កម្លាំង​ប៉ូលិស​និង​មេ​បញ្ជាការ​របស់​ថ្នាក់​ខណ្ឌ​ហ្នឹង សរុប​ជាប់​ប្រហែល​ជា​៣០០​នាក់ ដើម្បី​រៀបចំ​ទៅ​តាម​គោលដៅ​នីមួយៗ ព្រមទាំង​មាន​ការ​ចូល​រួម​អន្តរាគមន៍​ពី​បណ្ដា​អង្គភាព​ពាក់ព័ន្ធ ដូចជា​អង្គភាព​អង្គរក្ស​ខាង​ការិយាល័យ​ព្រហ្មទណ្ឌ​របស់​ស្នងការ​រាជធានី​ភ្នំពេញ អ៊ីចឹង​បញ្ហា​នេះ​យើង​បាន​ធ្វើការ​ប្រជុំ​ពី​ម្សិលមិញ​ហើយ»

លោក សុខ សម្បត្តិ បន្ត​ថា នៅ​ក្នុង​ពិធី​បុណ្យ​អុំ​ទូក​ឆ្នាំ​នេះ អាជ្ញាធរ​ខណ្ឌ​ដូនពេញ បាន​ប្រមូល​ក្មេង​អនាថា​និង​អ្នក​សុំ​ទាន យក​ទៅ​រក្សា​ទុក​នៅ​មន្ទីរ​សង្គមកិច្ច ដោយ​បាន​ធ្វើ​ការ​ណែនាំ​ឲ្យ​ទៅ​ស្រុក​កំណើត និង​បណ្តុះ​បណ្តាល​ជំនាញ​ដល់​ពួកគេ។ លោក​អះអាង​ថា ការ​ប្រមូល​ក្មេង​អនាថា​និង​អ្នក​សុំ​ទាន មិន​ឲ្យ​ចូល​មក​ក្នុង​ពិធី​បុណ្យ​អុំ​ទូក​នេះ ប្រយោជន៍​ដើម្បី​រក្សា​សោភណភាព ក៏​ដូចជា​មុខ​មាត់​សង្គម​ជាតិ ខណៈ​ពិធី​បុណ្យ​មាន​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ចូល​រួម​ច្រើន។

លោក សុខ សម្បត្តិ បាន​បន្ត​ដូច្នេះ​ថា ៖ «យើង​ធ្វើ​ជា​អចិន្រ្តៃយ៍​កន្លង​មក​ហើយ មិន​ថា​តែ​មាន​បុណ្យ​ទាន​ទេ បញ្ហា​ជន​អនាថា​ក្ដី អ្នក​សុំ​ទាន​ក្ដី។ ជា​ការ​ពិត អត់​ហើយ​បាន​សុំ ប៉ុន្តែ​ទីតាំង​នេះ​គឺ​ទីតាំង​មួយ​ដែល​ខ្ញុំ​ត្រូវ​រៀបចំ​មូលដ្ឋាន ព្រោះ​ថា ជា​តំបន់​ទេសចរណ៍ ជាពិសេស​ភ្ញៀវ​អន្តរជាតិ​ដែល​បាន​មក​ទស្សនា​នៅ​មុខ​វាំង​នេះ អ៊ីចឹង​យើង​បណ្ដែត​បណ្ដោយ​ក៏​មិន​កើត​ដែរ យើង​ត្រូវ​តែ​ធ្វើការ​ប្រមូល​យក​គាត់​ទៅ​មន្ទីរ​សង្គមកិច្ច​ដើម្បី​ធ្វើ​សមាហរណកម្ម​បញ្ជូន​គាត់​ទៅ​ស្រុក​កំណើត​វិញ ឬ​ក៏​ជន​អនាថា​ដែល​មាន​ផ្ទះ​សម្បែង ត្រូវ​មាន​ការ​រក្សា​ចិញ្ចឹម​គាត់ ឬ​ក៏​ទំនុក​បម្រុង បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ខ្លីៗ»

លោក ចាន់ សុវ៉េត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក មាន​ប្រសាសន៍​ថា សមាគ​អាដហុក មិន​ជំទាស់​ទៅ​នឹង​ការ​ប្រមូល​ជន​អនាថា ឬ​អ្នក​សុំ​ទាន​មិន​ឲ្យ​ចូល​មក​ក្នុង​ពិធី​បុណ្យ​អុំ​ទូក​របស់​អាជ្ញាធរ​ខណ្ឌ​ដូនពេញ​នេះ​ឡើយ ព្រោះ​ថា ចំណាត់ការ​នេះ​ធ្វើ​ឡើង​ដើម្បី​លើក​មុខ​មាត់​ប្រទេស ក៏​ដូច​ជា​កិត្តិយស​សង្គម​ជាតិ​ទាំង​មូល។

លោក ចាន់ សុវ៉េត បញ្ជាក់​ឲ្យ​ដឹង​ដូច្នេះ ៖ «ធាតុពិត យើង​ឃើញ​ថា​នៅ​ស្រុក​យើង វា​មាន​អ្នក​សុំទាន​ខ្មែរ​នៅ​ក្នុង​ស្រុក​ក៏​មាន នៅ​ក្រៅ​ស្រុក​ក៏​មាន ហើយ​ដល់​ពេល​ពិធី​បុណ្យ​មួយៗ​កើត​ឡើង យើង​ថែ​រក្សា​បរិស្ថាន​ធម្មជាតិ ហើយ​ធ្វើ​យ៉ាង​ណា​ដើម្បី​លើក​ស្ទួយ​កិត្តិយស មុខ​មាត់ កិត្តិស័ព្ទ​ថ្នាក់​ដឹកនាំ​របស់​ប្រទេស​ផង​ដែរ ដូច្នេះ​ត្រូវ​តែ​មាន​ការ​កែ​សម្រួល​ខ្លះ។ ឧទាហរណ៍​ដូចជា​ប្រមូល​អ្នក​ដែល​អនាធិបតេយ្យ ជាពិសេស​ក្នុង​នោះ​ក៏​មាន​អ្នក​សុំទាន​ជា​ច្រើន​ដែរ គេ​អាច​នឹង​ប្រមូល​ទុក​មួយ​កន្លែង ឬ​ក៏​មិន​អនុញ្ញាត​ឲ្យ​ពួកគេ​ចូល​មក​តំបន់​ហ្នឹង​បាន»

ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក នឹង​ប្រព្រឹត្ត​ទៅ​រយៈ​ពេល​បី​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា។ ទូក​ដែល​បាន​ចូល​ប្រកួត​ប្រជែង​កាល​ពី​ឆ្នាំ​២០០៨ មាន​ចំនួន​៤២៤​ទូក និង​មាន​ប្រទីប​ចំនួន​២៣ ប៉ុន្តែ​ឆ្នាំ​២០០៩​នេះ ទាំង​ចំនួន​ទូក ក៏​ដូចជា​ប្រទីប គឺ​មាន​ការ​ថយ​ចុះ​ចំនួន។ មិន​តែ​ប៉ុណ្ណោះ​ពិធី​បុណ្យ​អុំ​ទូក​នៅ​ឆ្នាំ​នេះ គឺ​មិន​មាន​ទូក​ប្រកួត​ប្រជែង​ជា​លក្ខណៈ​អន្តរជាតិ ចូល​រួម​ដូច​ឆ្នាំ​មុន​ទៀត​ឡើយ៕