កិច្ចប្រជុំទាំងនោះរួមមាន កិច្ចប្រជុំកំពូលក្រុមប្រឹក្សាធុរកិច្ចអាស៊ាន កិច្ចប្រជុំអាស៊ាន-ចិន កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន កិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េ កិច្ចប្រជុំកំពូលអាស៊ានបូក៣ មានចិន ជប៉ុន និង កូរ៉េ។ កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក កិច្ចសន្ទនាអាស៊ានជាសាកល កិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងពិធីប្រកាសការចរចាភាពជាដៃគូគ្រប់ជ្រុងជ្រោយនៅក្នុងតំបន់។
លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី២១នេះ មានដូចជា ការចុះហត្ថលេខា និងអនុម័តលើសេចក្ដីថ្លែងការណ៍ស្ដីពីសិទ្ធិមនុស្សអាស៊ាន អនុម័តលើការបង្កើតមជ្ឈមណ្ឌលកម្ចាត់មីនអាស៊ាន ការគាំទ្រចំពោះការរំសាយកម្មវិធីអាវុធនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ ដោយសន្តិវិធី ជាពិសេសជំរុញឲ្យចាប់ផ្ដើមចរចា ៦ភាគីឡើងវិញ។
របៀបវារៈដ៏រសើប និងក្តៅគគុកមួយទៀត ដែលមិនបានដោះស្រាយនោះ គឺវិធីសាស្រ្តក្នុងការដោះស្រាយជម្លោះសមុទ្រចិនខាងត្បូង។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននេះ នៅមានការមិនចុះសម្រុងគ្នានៅឡើយអំពីថា តើត្រូវដោះស្រាយបញ្ហានេះជាទ្វេភាគីរវាងប្រទេសដែលពាក់ព័ន្ធក្នុងជម្លោះ ឬត្រូវដោះស្រាយក្នុងកម្រិតអន្តរជាតិ?
ប្រទេសហ្វីលីពីន បានធ្វើសន្និសីទកាសែតភ្លាមៗ បន្ទាប់ពីពិធីបិទកិច្ចប្រជុំកំពូលអាស៊ាន កាលពីយប់ថ្ងៃទី២០ វិច្ឆិកា ប្រតិកម្មបង្ហាញពីការមិនពេញចិត្តចំពោះប្រធានកិច្ចប្រជុំអាស៊ាន គឺរដ្ឋាភិបាលកម្ពុជា ដែលបានប្រកាសថា ប្រមុខប្រទេសអាស៊ានទាំងដប់បានព្រមព្រៀងគ្នាជាឯកច្ឆន្ទ មិនដាក់ជម្លោះនៅសមុទ្រចិនខាងត្បូងជាបញ្ហាអន្តរជាតិ។
ប្រធានាធិបតីហ្វីលីពីន ប្រកាសថា ហ្វីលីពីនមិនបានយល់ព្រមដូច្នេះទេ គឺនៅតែចង់យកបញ្ហានេះទៅដោះស្រាយក្នុងក្របខ័ណ្ឌអន្តរជាតិ។ ប្រទេស៤ ដែលមានជម្លោះដែនសមុទ្រជាមួយចិន គឺមានប្រទេសវៀតណាម ប្រ៊ុយណេ ម៉ាឡេស៊ី និងប្រទេសហ្វីលីពីន។
សូមស្ដាប់នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី អំពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី១ ដែលមានលោកសាស្ត្រាចារ្យ បណ្ឌិត សុខ ទូច អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ និងសាស្ត្រាចារ្យនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (ផ្នែកទំនាក់ទំនងអន្តរជាតិ) លោក ឡេង ធារិទ្ធ ចូលរួមពិភាក្សាលើប្រធានបទនេះ។
អ្នកសម្របសម្រួល៖ លោក ទីន ហ្សាការីយ៉ា
ស្ដាប់ផ្ទាល់៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
