រ៉ុង ឈុន ស្នើ​ឲ្យ ហ៊ីឡារី គ្លិនតុន ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​គោរព​សិទ្ធិ​មនុស្ស

មេដឹកនាំ​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន បាន​ស្នើ​ឲ្យ​លោកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​​​​សហរដ្ឋ​អាមេរិក ជួយ​ជំរុញ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​គោរព​សិទ្ធិ​មនុស្ស និង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​កម្ពុជា​​អនុវត្ត​មិន​ទាន់​​​បាន​ត្រឹមត្រូវ​នៅ​ឡើយ។
ដោយ ដែន អយុធ្យា
2010-10-30
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

លិខិត​កម្រាស់ ៣​ទំព័រ​របស់​សហភាព​សហជីព​កម្ពុជា ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៣០ ខែ​តុលា ផ្ញើ​ជូន​លោកស្រី ហ៊ីលឡារី គ្លិនតុន ក្នុង​ដំណើរ​​ទស្សនកិច្ច​មក​កម្ពុជា ជា​ប្រវត្តិសាស្ត្រ ចាប់​ពី​ថ្ងៃ​ទី​៣០ ខែ​តុលា ដល់​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា បាន​ស្នើ​ឲ្យ​លោកស្រី​រដ្ឋមន្ត្រី​ចាត់​​វិធានការ​ទៅ​​រាជ​រដ្ឋាភិបាល ឲ្យ​គោរព​ធម្មនុញ្ញ​សហប្រជាជាតិ កតិកា​សញ្ញា អនុ​សញ្ញា សន្ធិ​សញ្ញា​អន្តរជាតិ និង​ត្រូវ​គោរព​​រដ្ឋធម្មនុញ្ញ​កម្ពុជា ឲ្យ​បាន​ខ្ជាប់ខ្ជួន។

លិខិត​ដដែល​បាន​លើក​ឡើង​ពី​ករណី​រំលោភ​បំពាន​រដ្ឋធម្មនុញ្ញ​ស្ដី​អំពី​អធិបតេយ្យ និង​បូរណភាព​ទឹកដី​កម្ពុជា ក្នុង​មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ ដែល​បាន​ចែង​ថា បូរណភាព​ទឹក​ដី​កម្ពុជា មិន​អាច​រំលោភ​បាន​ក្នុង​ព្រំដែន​របស់​ខ្លួន ដែល​មាន​កំណត់​ក្នុង​ផែនទី​ខ្នាត ១/១០០.០០០ (មួយ​លើ​មួយ​រយ​ពាន់) ដែល​ទទួល​ស្គាល់​ជា​អន្តរជាតិ​នៅ​ចន្លោះ​ឆ្នាំ​១៩៦៣-​១៩៦៩។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ នៅ​ខែ​តុលា ឆ្នាំ​២០០៥ ក្រោម​ការ​​​​​​​​​ដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះ​សន្ធិសញ្ញា​កំណត់​ព្រំដែន​ជាមួយ​រដ្ឋាភិបាល​ប្រទេស​វៀតណាម ដោយ​ប្រើ​​​ប្រាស់​​ផែនទី​ខ្នាត ១/៥០.០០០ (មួយ​លើ​ហាសិប​ពាន់) ដើម្បី​កំណត់​ព្រំដែន​គោក​រវាង​ប្រទេស​ទាំង​ពីរ មាន​ខ្លឹមសារ​ផ្ទុយ​នឹង​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​កើត​ពី​ស្មារតី​នៃ​សន្និសីទ​ទីក្រុង​ប៉ារីស ស្ដីពី​កម្ពុជា ចុះ​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ ទៅ​វិញ ហើយ​សន្ធិសញ្ញា​នេះ បាន​ក្លាយ​ទៅ​ជា​ច្បាប់​ដែល​ប្រកាស​ឲ្យ​ប្រើប្រាស់​ដោយ​ព្រះមហាក្សត្រ​​ខ្មែរ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០០៥ ថែម​ទៀត។

ក្រៅ​ពី​នេះ នៅ​តាម​ព្រំដែន​កម្ពុជា-​ថៃ នា​តំបន់​ប្រាសាទ​ព្រះវិហារ​ក៏​មាន​ការ​រំលោភ​ឈ្លានពាន​ពី​កងទ័ព​ថៃ ចូល​មក​ក្នុង​បូរណភាព​ទឹក​ដី​កម្ពុជា មាន​រយៈ​ពេល​ជាង ២​ឆ្នាំ​ទៅ​ហើយ ដែល​រដ្ឋាភិបាល​ នៅ​មិន​ទាន់​ដោះស្រាយ​បាន​នៅ​ឡើយ។

បន្ថែម​លើ​លិខិត លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា ក៏​បាន​ស្នើ​ទៅ​លោកស្រី គ្លិនតុន ឲ្យ​ជួយ​ជំរុញ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​ទង្វើ​រំលោភ​បំពាន​ច្បាប់ ការ​រើសអើង​វប្បធម៌​និទណ្ឌភាព និង​ប្រព័ន្ធ​តុលាការ​មិន​ឯករាជ្យ ពុករលួយ ដែល​កំពុង​កើត​មាន​នៅ​ក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន។

លោក​សង្កត់​ធ្ងន់​ថា ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​សព្វថ្ងៃ គឺ​ជា​ឧបករណ៍​របស់​អ្នក​មាន​អំណាច និង​អ្នក​មាន​ទ្រព្យធន​ប៉ុណ្ណោះ ដោយ​​មន្ត្រី​ទាំង​អស់​នោះ​បាន​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​ធ្វើការ​គាប​សង្កត់​កសិករ​ទន់​ខ្សោយ មន្ត្រី​បក្ស​ប្រឆាំង ឬ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជាដើម។

លោក រ៉ុង ឈុន បន្ថែម​ដូច្នេះ ៖ «បោះ​បង្គោល​ព្រំដែន​ហ្នឹង​បន្ត​ទៅ​ទៀត ធ្វើ​ឲ្យ​ភាគី​កម្ពុជា​យើង​ខាត​បង់​ធ្ងន់ធ្ងរ ដោយសារ​តែ​ការ​រំលោភ​រដ្ឋធម្មនុញ្ញ»

លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​នៅ​ថ្ងៃ​ទី​៣០ ខែ​តុលា​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល មុន​នឹង​ចេញ​លិខិត ឬ​ថ្លែង​ការណ៍​អ្វី​មួយ​ទាក់ទង​ព្រំដែន​ក្ដី ឬ​បញ្ហា​ផ្សេងៗ សូម​​ឲ្យ​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់ បើ​មិន​ដូច្នេះ​ទេ ពួកគេ​នឹង​មាន​វាសនា​ដូច​លោក សម រង្ស៊ី មេដឹកនាំ​បក្ស​ប្រឆាំង ដែល​ត្រូវ​បាន​តុលាការ​ផ្ដន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ជាង ១០​ឆ្នាំ​ដូច្នេះ​ដែរ។

លោក វ៉ា គឹមហុង បន្ត​ថា ការ​បោះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា-​វៀតណាម មិនមែន​រដ្ឋាភិបាល​ល្ងង់ខ្លៅ​ទៅ​បោះ​បង្គោល​ឲ្យ​បាត់​បង់​​ទឹកដី​របស់​ខ្លួន​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ការ​បោះ​បង្គោល​ព្រំដែន​ ប្រយោជន៍​ដើម្បី​រក្សា​ទឹកដី​ឲ្យ​បាន​គង់វង្ស​ទៅ​វិញ​ទេ ព្រោះ​មាន​​​កំណត់​ព្រំដែន​បាន​​​ច្បាស់​លាស់។

លោក វ៉ា គឹមហុង មាន​ប្រសាសន៍​ទៀត​ថា ៖ «បាត់បង់​ត្រង់​ណា​ឲ្យ​ពន្យល់​ផង​មើល៍ ឲ្យ​ច្បាស់​ផង​មើល៍។ កុំ​ចេះ​តែ​និយាយ អា​និយាយ​វា​អត់​ពិបាក​ទេ គ្រាន់​តែ​​​ចោទ​ហ្នឹង​ណា!»។ 

មន្ត្រី​កិច្ចការ​សាធារណៈ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា រហូត​ដល់​ល្ងាច​ថ្ងៃ​ទី​៣០ ខែ​តុលា​នេះ ស្ថានទូត​នៅ​មិន​ទាន់​បាន​ទទួល​លិខិត​របស់​សហភាព​សហជីព​កម្ពុជា ផ្ញើ​ជូន​លោកស្រី ហ៊ីលឡារី គ្លិនតុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​​នៅ​ឡើយ​ទេ៕

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល