វិធីផលិតថាមពលអគ្គិសនីជីវម៉ាស់ពីការដុតដើមក្ទម្ពទេស ឬដើមក្រទុំថេតរបស់សហគមន៍អគ្គិសនីជនបទអន្លង់តាម៉ី ក្នុងឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង បាននិងកំពុងទាក់ទាញចំណាប់អារម្មណ៍ពីគ្រប់មជ្ឈដ្ឋាន។
មន្រ្តីអភិវឌ្ឍអាជីវកម្មនៃអង្គការ SME Cambodia លោក អ៊ុន រឿន បានមានប្រសាសន៍ថា ចាប់តាំងពីមានការផ្ដល់ចរន្តអគ្គិសនីពីគម្រោងនេះ លោកសង្កេតឃើញមានសកម្មភាពនិងអាជីវកម្មថ្មីៗបានដំណើរការ ជាពិសេសនៅក្នុងភូមិអន្លង់តាម៉ីតែម្ដង ដូចជាថ្នាក់បង្រៀនជំនាញកុំព្យូទ័រនិងភាសាបរទេស ព្រមទាំងហាងអ៊ុតសក់ជាដើម។
អ្នកប្រកបរបរលក់ដូរនៅក្នុងភូមិអន្លង់តាម៉ី អ្នកស្រី អ៊ឹម យ៉ាន បានថ្លែងថា ការលក់ដូររបស់អ្នកស្រីមានការរីកចម្រើន ៖ «កាលពីមិនទាន់មានភ្លើងអគ្គិសនី ខ្ញុំដាក់អាគុយ ម៉ោង៦ ម៉ោង៧ គឺខ្ញុំបិទហើយ ដល់មានភ្លើង ខ្ញុំនៅទាល់តែដល់ម៉ោង៩-១០ បានខ្ញុំបិទ ព្រោះអ្នកមកទិញចេះតែមករហូត»។
អ្នកភូមិអន្លង់តាម៉ី លោក អ៊ុន សារិ បានសំដែងនូវសេចក្ដីរីករាយ ព្រោះអគ្គិសនីពីគម្រោងនេះ បានជួលសម្រួលដល់ការរស់នៅរបស់ក្រុមគ្រួសារគាត់ច្រើន ដូចជាការជួយឲ្យក្រុមគ្រួសាររបស់លោកទទួលបាននូវព័ត៌មាន នាទីអប់រំ និង កម្មវិធីកម្សាន្តផ្សេងៗ ៖ «អ្នកមានទូរទស្សន៍ពណ៌ គ្នាប្រើអាគុយអត់កើតទេ។ អ៊ីចឹងចាំបាច់ត្រូវប្រើភ្លើងដើម្បីប្រើអាគូល័រអីអ៊ីចឹងទៅ ...ខារ៉ាអូខេអីអញ្ចឹងទៅ ...ហើយអាគុយដាក់ខារ៉ាអូខេអត់កើត។ ដូចមិត្តភ័ក្ត្រអីគេមកអ៊ីចឹង ក្ឌឺងក្រោមផ្ទះ»។
យោងតាមប្រសាសន៍របស់លោក រិន សីហា នាយកគ្រប់គ្រងក្រុមហ៊ុនថាមពលកកើតឡើងវិញ SME Renewable Energy Limitedបានឲ្យដឹងថា ផ្ដើមចេញពីគម្រោងកម្មវិធីផលិតថាមពលអគ្គិសនីជីវម៉ាស រហូតមកដល់ពេលនេះមានម៉ាស៊ីនដែលដំណើរការដោយថាមពលជីវម៉ាសពីការដុតអង្កាមចំនួន៣០គ្រឿងហើយនៅទូទាំងប្រទេសសម្រាប់សហគ្រាសផលិតកម្មផ្សេងៗរួមមានរោងចក្រកាត់ដេរ រោងម៉ាស៊ីនកិនស្រូវ និងឡឥដ្ឋ ហើយដែលកំពុងទទួលបាននូវការយកចិត្តទុកដាក់ និងការលើកទឹកចិត្តពីសំណាក់រដ្ឋាភិបាល ព្រមទាំងស្ថាប័ននានា។
ក្រៅពីការផ្ដល់ចរន្តអគ្គិសនីដល់ប្រជាពលរដ្ឋបានជាង៣០០គ្រួសារនៅក្នុងឃុំឈើទាលហើយនោះ គម្រោងកម្មវិធីផលិតថាមពលអគ្គិសនីជីវម៉ាសរបស់សហគមន៍អគ្គិសនីជនបទអន្លង់តាម៉ីនៅបានផ្ដល់ប្រភពចំណូលមួយផ្នែកទៀតដល់ប្រជាពលរដ្ឋពីការលក់ដើមក្ទម្ពទេស និងកាកសំណល់កសិកម្មមួយចំនួនរួមមានស្នូលពោតជាអាទិ៍៕
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
មើលមតិទាំងអស់.