អ្នក​បឹង​កក់​បន្ត​តវ៉ា​ទាមទារ​សុំ​ឲ្យ​ដោះលែង​សកម្មជន​ដីធ្លី​២​នាក់

អ្នក​ភូមិ​បឹង​កក់ ដង្ហែ​ក្បួន​យក​ញត្តិ​ទៅ​ដាក់​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ដោះលែង​សកម្មជន​ដីធ្លី​ចំនួន​ពីរ​នាក់ ដែល​ត្រូវ​តុលាការ​ចាប់​ខ្លួន​ដាក់​គុក គឺ​អ្នកស្រី ទឹម សាក់មុន្នី និង​អ្នកស្រី យ៉ោម បុប្ផា និង​សុំ​ឲ្យ​ដោះស្រាយ​បញ្ហា​ដីធ្លី​ដែល​នៅ​មិន​ទាន់​ត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ ដោះស្រាយ​ឲ្យ​បាន​ត្រឹមត្រូវ​ជូន​ពួកគាត់។ ស្រប​ពេល​ដែល​អ្នក​ភូមិ​បឹង​កក់​នាំ​គ្នា​ដង្ហែ​ក្បួន​បាតុកម្ម​នេះ​ដែរ កង​កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​បាន​ដាក់​របាំង​ការពារ​មិន​ឲ្យ​អ្នក​ភូមិ​បឹងកក់ ចេញ​ពី​ភូមិ​ដើម្បី​ដង្ហែ​ក្បួន​នេះ​បាន​នោះ​ទេ។

សមត្ថកិច្ច​ដាក់​របាំង​រារាំង​មិន​ឲ្យ​អ្នក​បឹង​កក់ មិន​ឲ្យ​ចេញ​ពី​តំបន់​បឹង​កក់ ដើម្បី​យក​ញត្តិ​ទៅ​ដាក់​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។

អ្នក​បឹង​កក់ សំពះ​អង្វរ​សមត្ថកិច្ច​ឲ្យ​បើក​របាំង។

តំណាង​អ្នក​បឹង​កក់ អ្នកស្រី ទេព វន្នី ជជែក​ស្នើ​សុំ​សមត្ថកិច្ច​ឲ្យ​បើក​ផ្លូវ។

ក្រុម​អ្នក​បឹង​កក់ យក​ញត្តិ​មក​ដល់​ខាង​មុខ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។

អ្នក​បឹង​កក់ សំពះ​អង្វរ​ឲ្យ​មន្ត្រី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ចេញ​មក​ទទួល​យក​ញត្តិ​របស់​ពួក​គាត់។

មន្ត្រី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ចេញ​មក​ទទួល​អ្នក​បឹង​កក់។

អ្នក​បឹង​កក់ ត្រូវ​ទទួល​ឲ្យ​ចូល​ទៅ​ក្នុង​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។